023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ សន្ដតិកម្ម

2020-04-22 14:05:05

(ភ្នំពេញ)៖ ជាទូទៅមនុស្សម្នាក់ៗនៅពេលរស់រានមានជីវិត គឺពិតណាស់បានខិតខំប្រឹងប្រែងក្នុងការស្វែងរកនូវទ្រព្យសម្បត្ដិ មាស ប្រាក់ ដីធ្លី ផ្ទះសម្បែងជាដើម ហើយទទឹមនឹងនោះ ក៏មាននូវទ្រព្យអកម្មមួយចំនួនដូចជាបំណុល ជាអាទិ៍ផងដែរ។

ហើយនៅពេលដែលបុគ្គលនោះបានទទួលមរណៈភាព (ស្លាប់) ទៅ ទ្រព្យសម្បត្ដិ និងបំណុលទាំងនោះ ត្រូវធ្លាក់ទៅញាតិរបស់គាត់ ហើយសាច់ញាតិនឹងយកទៅធ្វើការចាត់ចែង និងបែងចែកគ្នា ដែលការចាត់ចែងទ្រព្យសម្បត្ដិរបស់ជនដែលបានស្លាប់ទៅនេះ ហៅថា «សន្ដតិកម្ម» ។ ហេតុដូចនេះ ដើម្បីឱ្យបានជ្រាបច្បាស់ថា តើការធ្វើសន្ដតិកម្មបែបណាទើបត្រឹមត្រូវ និងមានអានុភាពតាមផ្លូវច្បាប់នោះ?

នៅក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ “សន្ដតិកម្ម” មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានយល់ដឹងដូចខាងក្រោម៖

យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា សន្ដតិកម្មចាប់ផ្ដើមដោយមរណៈភាពរបស់មតកជន (បុគ្គលដែលបានស្លាប់) សន្ដតិកម្មត្រូវធ្វើឡើងដោយផ្អែកតាមច្បាប់ ឬតាមឆន្ទៈរបស់មតកជន ។ ទីកន្លែងដែលត្រូវធ្វើសន្ដតិកម្ម គឺត្រូវចាប់ផ្ដើមនៅលំនៅរបស់មតកជន នាពេលទទួលមរណៈភាព ។

ការចាប់ផ្ដើមសន្ដតិកម្ម នាំឱ្យមានអានុភាពនូវការទទួលបន្ដនូវមត៌ក សិទ្ធិលើទ្រព្យសម្បត្ដិ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗទៀតពីមតកជន ។ មត៌ក គឺជាទ្រព្យសម្បត្ដិជាកេរ្ដ៍ទាំងឡាយ ដែលបុគ្គលម្នាក់ (មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់ ។

បុគ្គលដែលត្រូវទទួលបន្ដនូវមត៌ក ហៅថា សន្ដតិជន ជាជនដែលត្រូវទទួលបន្ដនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្ដតិកម្ម ។ សន្ដតិជនត្រូវទទួលបន្ដនូវសិទ្ធិ និងកាតព្វកិច្ចទាំងអស់ ដែលស្ថិតនៅក្រោមទ្រព្យសម្បត្ដិរបស់មតកជន ចាប់ពីពេលដែលចាប់ផ្ដើមសន្ដតិកម្ម លើកលែងតែសិទ្ធិ និងករណីកិច្ចផ្ដាច់មុខរបស់មតកជន ។

ក្នុងនោះសន្ដតិជន ក៏មានសិទ្ធិក្នុងការបោះបង់នូវមត៌កនោះចោលផងដែរ ទៅតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់ដោយច្បាប់ ។ តាមច្បាប់បើក្នុងករណីដែលគ្មានសន្ដតិជន និងជនដែលមាននិស្ស័យពិសេសនោះទេ មត៌កទាំងអស់ត្រូវក្លាយទៅជាទ្រព្យសម្បត្ដិរបស់រដ្ឋ ។

១៖ សន្ដតិជន

មិនមែនគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចក្លាចជាសន្ដតិជននោះទេ យោងតាមច្បាប់ដើម្បីអាចមានលក្ខណៈសម្បតិ្ដជាសន្ដតិជនបានត្រូវតែជាជនមានជីវិតរស់នៅនាពេលចាប់ផ្ដើមសន្ដតិកម្ម ក្រៅពីអភ័ព្វបុគ្គល និងបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ឬជាទារកក្នុងគ៌ភ ប្រសិនបើទារកនោះមានជីវិតនៅពេលកើតមកនៅពេលក្រោយ ។

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា សន្ដតិជន រួមមានដូចជា សហព័ទ្ធ (ប្ដី ឬប្រពន្ធ) ជា សន្ដតិជនជានិច្ច, កូន គឺជាសន្ដតិជនលំដាប់ទី១, បុព្វញាតិផ្ទាល់ (ឪពុកម្ដាយ) ជាសន្ដតិជនលំដាប់ទី២, បងប្អូនបង្កើត ជាសន្ដតិជនលំដាប់ទី៣ ។ ចំពោះការកំណត់អំពីលំដាប់នៃសន្ដតិជននេះ គឺដើម្បីថា បើក្នុងករណីដែលគ្មានសន្ដតិជនលំដាប់ទី១ ទេ គឺសន្ដតិជនលំដាប់បន្ដបន្ទាប់ និងត្រូវទទួលបាននូវចំណែកមត៌កនោះ ។

សន្ដតិជនជំនួស គឺជាសន្ដតិជនដែលទទួលស្នងចំពោះបុគ្គលដែលត្រូវបានជាសន្ដតិជន ក៏ប៉ុន្ដែ បានទទួលមរណភាពមុនពេលចាប់ផ្ដើមសន្ដតិ កម្ម ឬជាអភ័ព្វបុគ្គល ឬជាបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ជាអាទិ៍ ហើយបច្ឆាញាតិផ្ទាល់ របស់សន្ដតិជនត្រូវក្លាយជាសន្ដតិជនជំនួស ។ ហើយក្នុងករណីដែលគ្មានសន្ដតិជននោះទេ គឺជនដែលមាននិស្ស័យពិសេស ជាបុគ្គលដែលមិនមែនជាសន្ដតិជនតែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គលដែលបានខិតខំមើលព្យាបាលមតកជន ជាអាទិ៍។

២៖ ប្រភេទនៃសន្ដតិកម្ម

ជាទូទៅគោលការណ៍សន្ដតិកម្ម មានចំនួន ០២ (ពីរ) គឺ គោលការណ៍ជម្រះបញ្ជី និងគោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ ។ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាន់យកគោល​ការណ៍​សន្ដតិក​ម្មដោយស្វ័យ ​ប្រវត្ដិមក​អនុវត្ដ ។ នៅក្នុងនោះ គោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ គឺជាគោលការណ៍មួយដែលសន្ដតិជនត្រូវទទួលដោយស្វ័យប្រវត្ដិនូវសិទ្ធិ និងករណីកិច្ចទាំងអស់ នៅពេលដែលមតកជនទទួលមរណៈភាព ។ យោងតាមច្បាប់កម្ពុជា នីតិវិធីធ្វើសន្ដតិកម្មត្រូវបានបែងចែកជា ០២ (ពីរ) គឺ ការធ្វើសន្ដតិកម្មតាមច្បាប់ និងការធ្វើសន្ដតិកម្មតាមតកសាសន៍ (តាមបណ្ដាំ) ។

ក. សន្ដតិកម្មតាមច្បាប់

នៅក្នុងករណីដែលមតកជនបានទទួលមរណភាព ដោយពុំមានធ្វើមតកសាសន៍ (គ្មានបណ្ដាំ) ឬក៏ករណីដែលមតកសាសន៍ត្រូវបានមោឃភាព ឬលុបចោល នោះការបែងចែកមត៌កត្រូវប្រើវិធីសន្ដតិកម្មតាមច្បាប់ ។ ច្បាប់កម្ពុជា បានកំណត់ទុកជាមុននូវវិធីនៃការបែងចែកមត៌ត ដូចជាការកំណត់នូវចំណែកមត៌ក វិធីក្នុងការសម្រួលចំណែកមត៌ក កំណត់ពីជនដែលត្រូវបានទទួលមត៌ក កំណត់ពីចំណែកមត៌កត្រូវទទួលបានរបស់សន្ដតិជននីមួយៗ និងព្រមទាំងរបៀបនៃការបែងចែកមត៌ក ជាអាទិ៍ ។

ជាក់ស្ដែងច្បាប់បានកំណត់ថា សហព័ទ្ធត្រូវបានចំណែកមត៌ក ១/២ ឬ ១/៣, កូនត្រូវបានចំណែក ១/២, ឪពុកម្ដាយ ត្រូវបានចំណែក ២/៣ ឬ ១/២ នៃមត៌ករបស់មតកជន ជាអាទិ៍ ដូចនេះនៅពេលធ្វើការបែងចែក គេត្រូវតែបែងចែកតាមចំនួននៃចំណែកដែលបានកំណត់នៅក្នុងច្បាប់នេះ ។

ខ. សន្ដតិកម្មតាមមតកសាសន៍ ឬបណ្ដាំ

ដោយហេតុថាច្បាប់កម្ពុជា គោរពនូវគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ដូចនេះច្បាប់ទទួលស្គាល់នូវឆន្ទៈរបស់មតក​ជននៅពេ​លដែ​លខ្លួន​នៅរស់ក្នុ​ងការចាត់ចែងដោ​យសេរីនូ​វទ្រព្យសម្ប​ត្ដិរបស់ខ្លួ​ន ។ មានន័យថានៅពេលដែលនៅរស់មតកជន មានបំណងចាត់ចែងទ្រព្យរបស់ខ្លួនតាមបែបណានោះ ក្រោយពេលដែលគាត់ទទួលមរណភាពទៅ ឆន្ទៈនោះត្រូវបានគេគោរព និងយកមកអនុវត្ដតាម ។

តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការសម្ដែងឆន្ទៈរបស់មតកជនមានអានុភាព ច្បាប់ក៏បានកំណត់ផងដែរ ពីទម្រង់ និងបែបបទក្នុងការសម្ដែងឆន្ទៈទាំងនោះ ក៏ដូចជាវិធីនៃការបែងចែកទ្រព្យមត៌ក នោះផងដែរ ។ មតកសាសន៍ គឺជាលិខិតបណ្ដាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសម្ដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែង (អច្ច័យទាន) ទ្រព្យសម្បត្ដិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីខ្លួនទទួលមរណភាព ។ អច្ច័យទាន គឺជាការធ្វើប្រទានកម្ម នូវទ្រព្យសម្បត្ដិរបស់មតកជន តាមរយៈមតកសាសន៍ ។ ជាទូទៅខ្លឹមសារនៃមតកសាសន៍ គឺកំណត់អំពីចំណែកមត៌ក កំណត់ពីវិធីបែងចែកមត៌ក អនុប្បទាន និងកំណត់ពីអ្នកប្រតិបត្ដិមតកសាសន៍ជាដើម ។

ចំពោះ​មត​កសា​សន៍​ទម្រង់ដែលមានកំណត់នៅក្នុងច្បាប់មានដូចជា, មតកសាសន៍ដោយលិខិតយថាភូត, មតកសាសន៍ដោយលិខិតសម្ងាត់, មតកសាសន៍ដោយលិខិតឯកជន, មតកសាសន៍នៃជនស្ថិតក្រោយរបបអាណាព្យាបាលទូទៅ, មតកសាសន៍នៃជនដែលកំពុងជួបគ្រោះថ្នាក់ដល់ជីវិត, មតកសាសន៍របស់ជនដែលជាប់ឃុំឃាំង, មតកសាសន៍របស់ជនដែលមិនអាចនិយាយបាន និងទម្រង់មតកសាសន៍របស់បុគ្គលដែលមានសញ្ជាតិខ្មែរដែលរស់នៅបរទេស ជាអាទិ៍ ។ នៅក្នុងរណីដែលមតកសាសន៍ ត្រូវបានធ្វើឡើង ខុសនឹងម្រង់ដែលមានកំណត់ខាងលើនេះ គឺមិនមានអានុភាពតាមផ្លូវច្បាប់ឡើយ ។

សរុបមក សន្ដតិកម្ម គឺជាប្រព័ន្ធនៃការបែងចែកទ្រព្យសម្បត្ដិមួយ ដែលត្រូវបានធានាដោយច្បាប់ ក្នុងគោលបំណងការពារនូវសិទ្ធិនិង​ផលប្រយោជន៍រ​បស់ជ​នដែ​លពា​ក់ព័ន្ធនឹងបុ​គ្គលដែលបា​នទទួល​មរណៈភាព ជាពិសេសទៅលើទ្រព្យសម្បត្ដិរបស់ជននោះ រួមមានទាំងទ្រព្យសកម្ម និងអកម្ម ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11