023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ ការកំណត់វិធីបែងចែកទ្រព្យរួមដោយតុលាការ

2021-08-02 09:17:52

(ភ្នំពេញ)៖ នៅពេលដែលមានបណ្តឹងលែងលះដាក់មកតុលាការ ហើយមានការទាមទារបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធ ដោយសារភាគីប្តីប្រពន្ធមិនអាចពិភាក្សាបែងចែកគ្នាបាន ទើបតម្រូវឱ្យមានការបែងចែកដោយតុលាការ ជាអាទិ៍។ ដូច្នេះដើម្បីបែងចែកទ្រព្យរួមទាំងនោះបាន តើតុលាការត្រូវបែងចែកទ្រព្យទាំងនោះដោយវិធីណា?

ដើម្បីឲ្យយល់កាន់តែច្បាស់អំពីការបែងចែកទ្រព្យខាងលើ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់វិធីបែងចែកទ្រព្យរួមដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

ទ្រព្យសម្បត្តិរួមទាំងនោះ នៅពេលដាក់មកតុលាការ តុលាការត្រូវវាយតម្លៃទ្រព្យរួមទាំងនោះ ឱ្យទៅជាចំនួនទឹកប្រាក់ដើម្បីងាយស្រួល ធ្វើការគណនា។ ការវាយតម្លៃទ្រព្យរួម ទៅជាចំនួនទឹកប្រាក់ មិនមែនយកទ្រព្យរួមនោះទៅលក់នោះទេ គឺជាមធ្យោបាយមួយដែលមានភាពជាក់លាក់ ក្នុងការធ្វើជាមូលដ្ឋានបែងចែកទ្រព្យរួមតែប៉ុណ្ណោះ។

មួយវិញទៀតតុលាការត្រូវកំណត់សិទ្ធិលើចំណែកនៃទ្រព្យរួមដែលប្រពន្ធ ឬប្តីត្រូវមាន។ បន្ទាប់ពីតុលាការ កំណត់សិទ្ធិនៃចំណែកលើទ្រព្យ និងបានវាយតម្លៃទ្រព្យរួមរួចហើយ ដើម្បីឱ្យខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់របស់សាលក្រម អាចអនុវត្តជាលក្ខណៈសត្យានុម័តបាន ទាមទារឱ្យតុលាការកំណត់អំពីវិធីបែងចែកទ្រព្យរួម។ ដោយតុលាការអាចបែងចែកតាមរូបរាងដើមនៃវត្ថុ ឬបំលែងពីទ្រព្យរួមទៅជាកម្មសិទ្ធិអវិភាគ ឬលក់តាមផ្លូវតុលាការប្តូរជាប្រាក់ ឬបង្គាប់ឱ្យផ្ទេរចំណែក ដោយបង់ប្រាក់សំណងនៃចំណែក ឬដោះដូរទ្រព្យទាំងនោះសម្រាប់ភាគីប្តីប្រពន្ធ។

ការកំណត់វិធីបែងចែកទ្រព្យនេះ គឺអាស្រ័យលើស្ថានភាពនៃទ្រព្យនីមួយៗជាក់លាក់ ដែលភាគីបានស្នើសុំបែងចែក។ ប៉ុន្តែរបៀបនៃការបែងចែក ឬការកំណត់វិធីបែងចែក ផ្អែកលើតុលាការដោយតុលាការអាចបែងចែកទ្រព្យរួម ដូចជា (i)ដី L1 ត្រូវបានបែងចែកតាមរូបដើមនៃវត្ថុ (ii) L2 ត្រូវបានបំប្លែងពីទ្រព្យរួមទៅជាកម្មសិទ្ធិអវិភាគ (iii) L3 ត្រូវបានលក់តាមផ្លូវតុលាការប្តូរជាប្រាក់ (iv) L4 ត្រូវបានបង្គាប់ឱ្យផ្ទេរចំណែក ដោយបង់ប្រាក់សំណងនៃចំណែក ឬ (v) បែងចែកតាមវិធីដោះដូរ ដោយ L5 ជាកម្មសិទ្ធិរបស់ប្តី ចំណែកដី L6 ជាកម្មសិទ្ធិរបស់ប្រពន្ធ ជាអាទិ៍។

ក្នុងករណី តុលាការកំណត់វិធីបែងចែកទ្រព្យតាមរូបរាងដើមនៃវត្ថុ លុះត្រាតែ៖

* មិនខូចទ្រង់ទ្រាយទ្រព្យ មិនធ្លាក់តម្លៃទ្រព្យ
* ទ្រព្យនោះអាចប្រើប្រាស់ជាប្រក្រតី តាមលក្ខណៈនៃទ្រព្យ
* ប្រសិនបើទ្រព្យនោះជាប្រភេទទ្រព្យកំពុងមានចរន្តផលិតកម្ម ដូចជា មានដំណាំកសិ ឧស្សាហកម្ម ជាអាទិ៍ ហើយការបែងចែកតាមរូបដើមនៃវត្ថុ អាចបន្ថយផលិតកម្ម ឬ ប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម ជាអាទិ៍ មិនគប្បីបែងចែកនោះទេ
* ទ្រព្យនោះមានរូបរាងសមស្របតាមស្ថានភាពជាក់ស្តែង
* ទ្រព្យនោះមិនជាប់បន្ទុកនៃការរឹបអូស ឬហ៊ីប៉ូតែក ជាអាទិ៍។

ក្នុងករណី តុលាការកំណត់វិធីបែងចែកទ្រព្យតាមរយៈលទ្ធកម្មចំណែក ដោយបង់សំណង៖

* ប្រសិនបើទ្រព្យនោះជាប្រភេទទ្រព្យកំពុងមានចរន្តផលិតកម្ម ដូចជា មានដំណាំកសិ ឧស្សាហកម្មជាអាទិ៍ ហើយភាគីណាម្ខាងមានជំនាញ និងឆន្ទៈបន្តការងារបែបនោះ
* ភាគីណាម្ខាងមានឧបនិស្ស័យ ឬស្ថានភាពជាក់ស្តែងជាមួយនឹងទ្រព្យនោះ ដូចជា ទ្រព្យនោះជាផ្ទះកំពុងស្នាក់នៅ និងប្រកបអាជីវកម្ម ដោយភាគីណាម្ខាង ជាអាទិ៍
* ប្រសិនបើទ្រព្យនោះជាប់ទាក់ទងដោយផ្ទាល់នឹងទ្រព្យផ្សេងទៀតដែលបានបែងចែកឱ្យទៅភាគីណាម្ខាង
* ទ្រព្យនោះមិនមែនជាទ្រព្យដែលមានតម្លៃប្រែប្រួលលឿន។

ក្នុងករណី តុលាការកំណត់វិធីបែងចែកទ្រព្យតាមការលក់ដោយបង្ខំប្តូរជាប្រាក់៖

ⓐ ទ្រព្យនោះមិនមែនជាទ្រព្យដែលមានតម្លៃប្រែប្រួលលឿន
ⓑ ទ្រព្យនោះមិនជាប់បន្ទុកហ៊ីប៉ូតែក ឬការរឹបអូស ជាអាទិ៍
ⓒ ទ្រព្យនោះគ្មានភាគីណាមួយចង់បាន ឬមិនមានលទ្ធភាពធ្វើលទ្ធកម្មនៃចំណែក
ⓓ គ្មានជម្រើសអ្វីដែលល្អជាងនេះ។

ក្នុងករណី តុលាការកំណត់វិធីបែងចែកទ្រព្យតាមរយៈការបំប្លែងជាកម្មសិទ្ធិអវិភាគ៖

ⓐ ទ្រព្យនោះជាទ្រព្យដែលមានតម្លៃប្រែប្រួលលឿន
ⓑ ទ្រព្យនោះជាប់បន្ទុកហ៊ីប៉ូតែក ឬបន្ទុកនៃការរឹបអូស ជាអាទិ៍
ⓒ ទ្រព្យនោះគ្មានភាគីណាមួយចង់បាន ឬមិនមានលទ្ធភាពធ្វើលទ្ធកម្មនៃចំណែក
ⓓ គ្មានជម្រើសអ្វីដែលល្អជាងនេះ។

ក្នុងករណី តុលាការកំណត់វិធីបែងចែកទ្រព្យតាមរយៈការដោះដូរ៖

ⓐ ទ្រព្យរួមទាំងនោះ បើដោះដូរ គឺមានប្រយោជន៍ដល់គូភាគីទាំងសងខាង
ⓑ វិធីដោះដូរ មានប្រសិទ្ធភាពក្នុងការបញ្ចប់វិវាទ
ⓒ វិធីដោះដូរ ធ្វើឱ្យមានភាពងាយស្រួល និងឆាប់រហ័សក្នុងការអនុវត្តជាក់ស្តែង
ⓓ គ្មានជម្រើសអ្វីដែលល្អជាងនេះ៕


រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11