023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ ការដោះលែងដោយមានលក្ខខណ្ឌ

2021-09-21 22:08:46

(ភ្នំពេញ)៖ ជាគោលការណ៍នៃការអនុវត្ដទោសព្រហ្មទណ្ឌ លើជនដែលបានប្រព្រឹត្តបទល្មើសក្រោយពីស្ថាប័នតុលាការ បានប្រកាសពីការផ្តន្ទាទោសដាក់ពន្ធនាគារ ទណ្ឌិតត្រូវបានដាក់ឱ្យអនុវត្ដឱ្យបានគ្រប់ចំនួននូវទោសដាក់ពន្ធនាគាររបស់ខ្លួន ទើបអាចត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញបាន។ ក៏ប៉ុន្ដែ ដោយឈរលើគោលការណ៍ នៃការអនុគ្រោះផ្នែកសិទ្ធិមនុស្ស ព្រះរាជាណាចក្រកម្ពុជាបានបង្កើតឱ្យមាននូវប្រព័ន្ធមួយ ដែលអាចឱ្យមានការដោះលែងទណ្ឌិតមុនថិរវេលាបាន ដោយទណ្ឌិតត្រូវបំពេញឱ្យបានគ្រប់នូវលក្ខខណ្ឌមួយចំនួនដែលកំណត់ដោយច្បាប់ ហៅថា «ការដោះលែងដោយមានលក្ខខណ្ឌ»។

 

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើមានលក្ខខណ្ឌអ្វីខ្លះដែលអាចដោះលែងទណ្ឌិតឱ្យមានសិទ្ធិសេរីភាពវិញបាន? តើទណ្ឌិត ត្រូវបំពេញបែបបទអ្វីខ្លះ?

ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការដោះលែងដោយមានលក្ខខណ្ឌ» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទណ្ឌិតអាចត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់នៃការអនុវត្ដទោស ដោយត្រូវគោរពនូវលក្ខខណ្ឌ ០២ ដូចខាងក្រោម៖

១៖ លក្ខខណ្ឌទាក់ទងនឹងកិរិយាមារយាទ៖ ទណ្ឌិតត្រូវបង្ហាញឱ្យឃើញថាខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ជូនខ្លួនទៅក្នុងសង្គមវិញបាន។ មានន័យថា ទណ្ឌិតត្រូវធ្វើសកម្មភាពផ្សេងៗជាអាទិ៍ ការរាងចាល ការដឹងកំហុស ការសម្ដែងឆន្ទៈសោកស្ដាយចំពោះអំពើរបស់ខ្លួន ជាដើមដែលឱ្យគេមើលឃើញថាខ្លួនពិតជាមានឆន្ទៈ និងលក្ខណៈគ្រប់គ្រាន់អាចចេញពីពន្ធនាគារដោយការដឹងកំហុស ចេះកែប្រែខ្លួនឡើងវិញ។

២៖ លក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលត្រូវបានទទួលរួចរាល់ហើយ៖ ការដោះលែងដោយមានលក្ខខណ្ឌ អាចត្រូវផ្ដល់ឱ្យដល់ទណ្ឌិតដែលបានទទួលរងទោសដាក់ពន្ធនាគារបានត្រឹមកម្រិតមួយចំនួនដូចជា៖
* ក. ចំនួនពាក់កណ្ដាលនៃទោសប្រសិនបើទោសនោះតិចជាង ឬស្មើ ១ឆ្នាំ
* ខ. ចំនួនពីរភាគបី នៃទោសក្នុងករណីផ្សេងទៀត
* គ.ទណ្ឌិតដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត អាចទទួលការដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះទទួលទោសជាប់ពន្ធនាគារយ៉ាងតិចបំផុត២០ (ម្ភៃ) ឆ្នាំរួចមកហើយ។

ចំពោះនីតិវិធីនៃការសម្រេចដោះលែងដោយមានលក្ខខណ្ឌនេះត្រូវសម្រេច និងផ្ដល់ឱ្យដោយប្រធានសាលាដំបូងនៃទីកន្លែងឃុំខ្លួនដោយត្រូវឆ្លងកាត់នីតិវិធីដូចជា៖

* ប្រធានសាលាដំបូង ត្រូវបញ្ជូនទៅគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌនូវសំណុំឯកសាររួមមានជាអាទិ៍ នូវពាក្យសុំ, សាលក្រម ឬសាលដីកាផ្តន្ទាទោស, សាលក្រម ឬសាលដីកា(មួយ ឬច្រើន), ព្រឹត្តិបត្រលេខ១ នៃបញ្ជីថ្កោលទោស, យោបល់ព្រះរាជអាជ្ញា និងគ្រប់លិខិតទាំងអស់ដែលមានប្រយោជន៍ ដើម្បីពិនិត្យ និងផ្ដល់យោបល់។ គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌរួមមាន៖ សមាជិក២ (ពីរ) រូប ចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ១ (មួយ) រូបជាប្រធាន និង ១ (មួយ) រូបទៀតជាប្រធានពន្ធនាគារ ឬតំណាងជាសមាជិក។ បន្ទាប់ពីបានពិនិត្យរួច គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បញ្ចេញយោបល់របស់ខ្លួននៅក្នុងរយៈពេលយ៉ាងខ្លីបំផុត។ យោបល់នេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ ត្រូវផ្ញើជូនទៅតុលាការសាលាដំបូងភ្លាម។

* ប្រធានសាលាដំបូង មិនត្រូវជាប់ជំពាក់នឹងយោបល់របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌទេ។ បន្ទាប់ពីបានទទួលយោបល់ ពីគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌរួចមក ប្រធានសាលាដំបូង ត្រូវចេញសេចក្ដីសម្រេចតាមដីកាដោយមានសំអាងហេតុ។

សេចក្ដីសម្រេច របស់ប្រធានតុលាការនេះ អាចត្រូវតវ៉ាទៅប្រធានសាលាឧទ្ធរណ៍បានក្នុងរយៈពេល ៥ ថ្ងៃ។ បណ្ដឹងតវ៉ានេះ អាចធ្វើបានដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញា នៃតុលាការសាមីតែប៉ុណ្ណោះ។ ប្រសិនបើមានការតវ៉ា សេចក្ដីសម្រេចនេះគ្មានអានុភាពអនុវត្តទេ រហូតដល់មានដីការបស់ប្រធានសាលាឧទ្ធរណ៍។ ប្រធានសាលាឧទ្ធរណ៍សម្រេចតាមដីកាដោយមានសំអាងហេតុ និងមិនអាចតវ៉ាបានឡើយ។

សេចក្ដីសម្រេចឱ្យដោះលែងដោយមានលក្ខខណ្ឌ ត្រូវកំណត់បែបបទនៃការអនុវត្ត និងលក្ខខណ្ឌនៃការដោះលែងទណ្ឌិត។ សេចក្ដីសម្រេចនេះ កំណត់រយៈពេលសាកល្បងដែលមិនអាចលើសពីថិរវេលានៃទោស ដែលនៅសល់មិនទាន់បានទទួលរងឡើយ។ លើសពីនេះថ្មីៗនេះ ក្រសួងយុត្តិធម៌បានចេញប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញនៃទណ្ឌិត ដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ លេខ ០៩០ កយប្រក/២១ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ផងដែរ។

ប្រសិនបើទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ បានបំពាននូវលក្ខខណ្ឌដូចដែលមានកំណត់នៅក្នុងសេចក្ដីសម្រេចដោះលែងរបស់ខ្លួន ក្នុងករណីនេះព្រះរាជអាជ្ញានៃតុលាការសាមី អាចបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតដែលបានដោះលែងនោះបាន។ ព្រះរាជអាជ្ញាត្រូវជូនដំណឹងទៅប្រធានសាលាដំបូងភ្លាម ក្នុងករណីដកហូតការដោះលែងដោយមានលក្ខខណ្ឌ ទណ្ឌិតត្រូវទទួលទោសរបស់ខ្លួនដែលនៅសេសសល់។

រយៈពេលសេសសល់ ត្រូវគិតចាប់ពីពេល ដែលទណ្ឌិតទទួលសេចក្ដីសម្រេចឱ្យដោះលែងដោយមានលក្ខខណ្ឌ។ ប្រសិនបើទណ្ឌិតត្រូវបានចាប់ខ្លួនឡើងវិញ រយៈពេលឃុំខ្លួនរហូតទល់នឹងសេចក្ដីសម្រេចដកហូតការដោះលែងដោយមានលក្ខខណ្ឌនេះ ត្រូវយកមកគិតក្នុងថិរវេលានៃទោសដែលនៅសេសសល់។ ប្រសិនបើការដោះលែងដោយមានលក្ខខណ្ឌ មិនត្រូវបានដកហូតក្នុងរយៈពេលសាកល្បងទេ ការដោះលែងក្លាយទៅជាស្ថាពរ។ ក្នុងករណីនេះ ទោសត្រូវចាត់ទុកថាបានទទួលតាំងពីថ្ងៃដោះលែងដោយមានលក្ខខណ្ឌមកម្ល៉េះ។

សរុបមក ការដោះលែងដោយមានលក្ខខណ្ឌ គឺជានីតិវិធីពិសេសមួយដែល មានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា៥១២ ដល់មាត្រា ៥២២, ច្បាប់ស្តីពីពន្ធនាគារ និងប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ លេខ ០៩០ កយប្រក/២១ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានយកមកអនុវត្ដដើម្បីជួយសម្រួលដល់ទណ្ឌិតណា ដែលបានដឹងពីទោសកំហុសរបស់ខ្លួន ហើយមានឆន្ទៈកែប្រែខ្លួនឡើងវិញ ដោយបានអនុវត្ដទោសនៅក្នុងពន្ធនាគារបានមួយរយៈរួចហើយ តាមលក្ខខណ្ឌនៃច្បាប់កំណត់ ឱ្យពួកគាត់បានជួបជុំគ្រួសារ ប្រកបមុខរបរ និងមានសិទ្ធិសេរីភាពអាចចូលរួមក្នុងសង្គមឡើងវិញបាន៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11