023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ ការសង

2021-09-27 09:07:57

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងគឺជាកត្ដាចាំបាច់បំផុតដែលមិនអាចខ្វះបាន ហើយការប្រាស្រ័យទាក់ទងទៀតសោត មានបំណងបម្រើផលប្រយោជន៍បុគ្គលរៀងៗខ្លួន។ ការវិវត្តនៃសង្គមបានជំរុញឱ្យទំនាក់ទំនងទាំងនោះបានបង្កើតចំណងគតិយុត្តចងភ្ជាប់រវាងបុគ្គលពីរ ឬច្រើននាក់ដោយទំនាក់ទំនងសិទ្ធិ និងកាតព្វកិច្ច។ កាតព្វកិច្ចកើតឡើងដោយសារ កិច្ចសន្យា អំពើអនីត្យានុកូល សេចក្ដីចម្រើនដោយឥតហេតុ ការគ្រប់គ្រងដោយឈឺឆ្អាល។ ទន្ទឹមនឹងនេះ កាតព្វកិច្ចក៏អាចរលត់ទៅវិញប្រសិនបើមានមូលហេតុដែលច្បាប់បានកំណត់ ក្នុងនោះ ការសង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត។

តើការសងមានសញ្ញាណគតិយុត្តយ៉ាងដូចម្ដេចខ្លះ? ហើយបុគ្គលណាជាអ្នកសង និងបុគ្គលណាជាអ្នកដែលត្រូវទទួលការសង? តើការសងត្រូវធ្វើឡើងយ៉ាងដូចម្ដេចខ្លះ? តើការសងនឹងមានអានុភាពអ្វីខ្លះ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការសង» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

ការសង គឺជាសកម្មភាពដែលកូនបំណុល ឬតតិយជនបានបំពេញ ដើម្បីរំលត់កាតព្វកិច្ចណាមួយ ដោយការសងនឹងមានសុពលភាពលុះត្រាតែបានធ្វើចំពោះម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង។

ការសងដោយកូនបំណុលនឹងក្លាយជាការសងដែលមានអានុភាពផ្នែកច្បាប់ ប៉ុន្ដែជាគោលការណ៍ការសងក៏អាចធ្វើឡើងដោយតតិយជន (ជនដែលមិនមែនជាភាគីក្នុងទំនាក់ទំនងគតិយុត្ត) ផងដែរ។ គួរបញ្ជាក់ថា មិនមែនតតិយជនអាចក្លាយជាអ្នកសងគ្រប់ករណីទាំងអស់នោះទេ មានករណីខ្លះតតិយជនអាចក្លាយជាអ្នកសងបានលុះត្រាតែមានការយល់ព្រមពីម្ចាស់បំណុល ដោយសារគោលបំណងនៃកាតព្វកិច្ចមិនអាចសម្រេចដោយតតិយជន ឧទាហរណ៍៖ កិច្ចសន្យាការងារ ឬកិច្ចសន្យាគូររូប ជាអាទិ៍ ចំពោះករណីផ្សេងពីនេះគឺម្ចាស់បំណុល និងកូនបំណុលបានព្រមព្រៀងគ្នាមិនទទួលស្គាល់ការសងដោយតតិយជន។ ហើយអ្នកទទួលការសងពីអ្នកសងត្រូវតែជាម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង (អ្នកតំណាងដែលទទួលការប្រគល់សិទ្ធិពីម្ចាស់បំណុលឱ្យទទួលការសង ជាដើម)។

ក្នុងករណីអ្នកសង បានសងទៅបុគ្គលដែលគ្មានសិទ្ធិទទួលការសង អ្នកសងត្រូវប្រឈមនឹងការសងសាជាថ្មីម្ដងទៀត តាមការទាមទាររបស់អ្នកដែលត្រូវទទួលការសង ប៉ុន្ដែបើអ្នកសងបានសងទៅបុគ្គលដែលហាក់បីដូចជាអ្នកដែលត្រូវទទួលការសង នោះការសងត្រូវចាត់ទុកថាមានសុពលភាព។ ឧទាហរណ៍៖ ករណីសងទៅប្រពន្ធ ប៉ុន្ដែប្រាក់ដែលបានជំពាក់នោះ គឺជាទ្រព្យដោយឡែករបស់ប្ដី ដូច្នេះការសងត្រូវចាត់ទុកថាមានសុពលភាព ហើយម្ចាស់បំណុលពិតប្រាកដ មិនអាចទាមទារឱ្យកូនបំណុលសងម្ដងទៀតនោះទេ តែម្ចាស់បំណុលអាចទាមទារឱ្យអ្នកទទួលការសងពីកូនបំណុល ប្រគល់ប្រាក់នោះឱ្យមកខ្លួនវិញបាន។

ការសងត្រូវធ្វើឡើងតាមខ្លឹមសារនៃកាតព្វកិច្ច និងតាមគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់។ ជាទូទៅការសងត្រូវតែគ្រប់ចំនួន ហើយម្ចាស់បំណុលមិនមានករណីយកិច្ចទទួលការសងមួយភាគនោះទេ តែបើមានការសន្យាពិសេសអំពីការសងបន្ដិចម្ដងៗ ការសងមួយភាគអាចធ្វើទៅបាន ក្នុងករណីម្ចាស់បំណុលទទួលការសងមួយភាគនោះការសងត្រូវមានសុពលភាពត្រឹមទំហំដែលបានសងប៉ុណ្ណោះ។

លើសពីនេះទៀត កូនបំណុលក៏អាចផ្តល់តាវកាលិកផ្សេងជំនួសតាវកាលិកដើមវិញបាន ដោយទទួលការយល់ព្រមពីម្ចាស់បំណុល ហើយតាវកាលិកនោះនឹងមានអានុភាពដូចការសងដែរ។ ឧទាហរណ៍៖ កូនបំណុលជំពាក់ប្រាក់ម្ចាស់បំណុល ក្រោយមកកូនបំណុលយកអចលនវត្ថុ (ដី) មកសងជំនួសវិញ ការសងបែបនេះមិនអាចសម្រេចលើឆន្ទៈកូនបំណុលតែម្នាក់ឯងនោះទេ ពោលកូនបំណុលអាចយកអចលនវត្ថុមកសងជំនួសបាន លុះត្រាតែម្ចាស់បំណុលយល់ព្រមទើបការសងអាចមានសុពលភាព។ ដោយសារការកំណត់ពេលសងជាប្រយោជន៍របស់កូនបំណុល ហើយកូនបំណុលត្រូវសងនៅពេលកំណត់ត្រូវអនុវត្តកាតព្វកិច្ចបានមកដល់ប៉ុណ្ណោះ ដូច្នេះម្ចាស់បំណុលមិនអាចទាមទារឱ្យកូនបំណុលសងមុនការកំណត់ពេលមកដល់នោះទេ។

ការសង ត្រូវធ្វើឡើងនៅក្នុងម៉ោងធ្វើការធម្មតា តាមទំនៀមទំលាប់ និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ការកំណត់នេះដើម្បីឱ្យភាគីមានភាពងាយស្រួលក្នុងការកំណត់ម៉ោងសង ជៀសវាងការកំណត់ម៉ោងសងមិនត្រឹមត្រូវ។ ឧទាហរណ៍៖ កំណត់សងថ្ងៃអាទិត្យ ម៉ោង ០១៖០០នាទីព្រឹកនៅក្នុងរង្គសាល ជាដើម។ ម្យ៉ាងវិញទៀតកូនបំណុលក៏អាចសងមុនពេលកំណត់បាន ប្រសិនបើការសងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ម្ចាស់បំណុល ប៉ុន្ដែបើការសងមុនពេលកំណត់នាំឱ្យប៉ះពាល់ផលប្រយោជន៍របស់ម្ចាស់បំណុល នោះកូនបំណុលត្រូវសងសំណងការខូចខាតដល់ម្ចាស់បំណុលផងដែរ។

ហើយទីកន្លែងដែលត្រូវសងប្រសិនបើគ្មានការព្រមព្រៀងគ្នានោះទេ ការសងវត្ថុជាក់លាក់ដូចជា ម៉ូតូ ឡាន វត្ថុបុរាណ ត្រូវធ្វើឡើងនៅកន្លែងដែលវត្ថុទាំងនោះស្ថិតនៅពេលធ្វើកិច្ចសន្យា តែបើមានការព្រមព្រៀងគ្នាផ្សេង នោះការប្រគល់វត្ថុអាចធ្វើឡើងនៅទីកន្លែងដែលបានព្រមព្រៀងគ្នាវិញ។ ចំពោះកាតព្វកិច្ចក្រៅពីនេះ រួមមាន កាតព្វកិច្ចប្រគល់វត្ថុមិនជាក់លាក់ កាតព្វកិច្ចត្រូវធ្វើសកម្មភាព ឬមិនត្រូវធ្វើសកម្មភាព ឬកាតព្វកិច្ចត្រូវសងជាប្រាក់ ជាអាទិ៍ ការសងត្រូវធ្វើឡើងនៅលំនៅឋានរបស់ម្ចាស់បំណុល (ប្រសិនបើគ្មានការព្រមព្រៀង)។

កូនបំណុលត្រូវទទួលបន្ទុកនូវសោហ៊ុយនៃការសង បើមិនមានការព្រមព្រៀងគ្នាកន្លងមកទេ ប៉ុន្ដែបើសោហ៊ុយនៃការសងកើតឡើងដោយសារការផ្លាស់ប្ដូរលំនៅឋាន ឬអំពើផ្សេងរបស់ម្ចាស់បំណុល នោះម្ចាស់បំណុលត្រូវទទួលបន្ទុកនូវចំនួនកំណើននៃសោហ៊ុយទាំងនោះ។ ឧទាហរណ៍៖ កូនបំណុល និងម្ចាស់បំណុលរស់នៅរាជធានីភ្នំពេញ ក្រោយមកទៀតម្ចាស់បំណុលបានផ្លាស់លំនៅឋានទៅខេត្តសៀមរាប ហេតុនេះកូនបំណុលត្រូវធ្វើដំណើរទៅខេត្តសៀមរាបដើម្បីសងម្ចាស់បំណុល ដូច្នេះសោហ៊ុយធ្វើដំណើរត្រូវជាបន្ទុករបស់ម្ចាស់បំណុលអ្នកចំណាយ។ ពេលសង អ្នកសងអាចទាមទារឱ្យអ្នកដែលត្រូវទទួលការសងចេញលិខិតបញ្ជាក់នូវការទទួលការសង ដោយការចេញលិខិតបញ្ជាក់នូវការទទួលការសងដោយម្ចាស់បំណុល និងការសងដោយកូនបំណុលត្រូវអនុវត្តព្រមជាមួយគ្នា លើសពីនេះទៀតកូនបំណុលអាចបដិសេធមិនសង រហូតដល់ម្ចាស់បំណុលចេញលិខិតបញ្ជាក់នូវការទទួលការសង។

បន្ទាប់ពីការសងបានបញ្ចប់សព្វគ្រប់ រាល់លិខិតបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុល ត្រូវប្រគល់មកឱ្យកូនបំណុលវិញតាមការទាមទាររបស់កូនបំណុល ដោយសារបើមិនព្រមប្រគល់មកវិញនូវលិខិតបញ្ជាក់នោះទេ អាចមានការសន្មតថាកាតព្វកិច្ចនៅតែមានអត្ថិភាព ហើយនេះធ្វើឱ្យមានការខូចខាតចំពោះកូនបំណុលដែលបានសងកាតព្វកិច្ចរួចម្ដង។ លិខិតបញ្ជាក់អំពីសិទ្ធិលើបំណុល ត្រូវប្រគល់ជូនកូនបំណុលវិញ ក្នុងករណីដែលកាតព្វកិច្ចទាំងមូលត្រូវបានសងប៉ុណ្ណោះ ប៉ុន្ដែក្នុងករណីសងមួយភាគ លិខិតបញ្ជាក់អំពីសិទ្ធិលើបំណុលមិនត្រូវបានប្រគល់ជូនកូនបំណុលវិញឡើយ។

នៅពេលកូនបំណុល ឬតតិយជនបានសងទៅកាន់ម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង នោះអានុភាពនៃការសងនឹងកើតឡើង ដោយកាតព្វកិច្ចដើមនឹងត្រូវរលត់ ប៉ុន្ដែការសងដោយតតិយជននឹងក្លាយទៅជាសេចក្ដីចម្រើនដោយឥតហេតុ ហើយតតិយជនអាចទាមទារឱ្យកូនបំណុលសងត្រឡប់វិញចំពោះការសងដែលតតិយជននោះបានសងទៅកាន់ម្ចាស់បំណុល។

ជាចុងក្រោយអាចសង្កេតឃើញថា ការសង គឺជារបបគតិយុត្តមួយដែលបានបញ្ញត្តិក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ដែលត្រូវបានប្រើប្រាស់ដោយកូនបំណុល ឬតតិយជន ដើម្បីរំលត់កាតព្វកិច្ចជាមួយនឹងម្ចាស់បំណុល លើសពីនេះទៀតច្បាប់ក៏បានចែងពីរបៀបដែលកូនបំណុលត្រូវសងរួមមាន ពេលវេលា ទីកន្លែង សោហ៊ុយនៃការសង ព្រមទាំងការចេញលិខិតបញ្ជាក់នូវការទទួលការសង និងការប្រគល់លិខិតបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុលផងដែរ ដូច្នេះម្ចាស់បំណុល និងកូនបំណុលគួរតែប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីជៀសវាងមានវិវាទនាពេលក្រោយ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group ៕

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11