023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ ការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូននៅពេលប្តីប្រពន្ធលែងលះគ្នា

2021-10-06 17:28:57

(ភ្នំពេញ)៖ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប្តីប្រពន្ធដែលមានបំណងលែងលះគ្នា ត្រូវធ្វើការលែងលះតាមផ្លូវតុលាការដោយដាក់ពាក្យបណ្តឹង ឬ ពាក្យសុំ ហើយក្នុងករណី ប្តីប្រពន្ធមានកូនជាអនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ) តុលាការត្រូវសម្រេចអំពីអ្នកមានសិទ្ធិគ្រប់គ្រងកូន ភាសាច្បាប់ហៅថា «អ្នកមានអំណាចមេបា»។ ហេតុដូច្នេះ ដើម្បីអាចកំណត់បានថាប្ដី ឬ ប្រពន្ធជាអ្នកគួរតែមានសិទ្ធិគ្រប់គ្រងកូន តើតុលាការត្រូវសម្រេចដោយវិធីណា? តើការសម្រេចនោះ ផ្អែកទៅលើមូលដ្ឋានអ្វីខ្លះក្នុងការពិចារណា?

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការកំណត់នូវអ្នកដែលមានសិទ្ធិគ្រប់គ្រងកូន សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូននៅពេលប្តីប្រពន្ធលែងលះគ្នា» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

ក្នុងករណីប្តីប្រពន្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ការប្រើប្រាស់អំណាចមេបា (សិទ្ធិគ្រប់គ្រងកូន) ត្រូវធ្វើដោយសហការគ្នា ប៉ុន្តែប្រសិនបើ ពួកគេលែងលះគ្នា ការអនុវត្តអំណាចមេបាដោយសហការ មិនអាចធ្វើបានទេ ក្នុងករណីនេះ ត្រូវអនុវត្តអំណាចមេបាទោល (ប្តី ឬ ប្រពន្ធជាអ្នកមានអំណាចមេបា)។

នៅពេលលែងលះគ្នា តើ ប្តី ឬ ប្រពន្ធ ជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងកូន? តុលាការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកតាមការព្រមព្រៀងរបស់ប្តីប្រពន្ធ ដូចជា ប្តីប្រពន្ធ ព្រមព្រៀងគ្នា ឱ្យប្រពន្ធជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងកូន ប៉ុន្តែប្រសិនបើ ប្តីប្រពន្ធមិនអាចព្រមព្រៀងគ្នាបានទេ តុលាការនឹងកំណត់យកប្តី ឬ ប្រពន្ធជាអ្នកមានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកលើផលប្រយោជន៍របស់កូន (កូនរស់នៅជាមួយនរណាល្អជាង)។

តើមានមូលដ្ឋានអ្វីខ្លះ ក្នុងការពិចារណាអំពីផលប្រយោជន៍របស់កូន ? ដើម្បីកំណត់យកឪពុក ឬ ម្តាយ ដែលអាចធានាផលប្រយោជន៍របស់កូនបាន តុលាការត្រូវធ្វើការវាយតម្លៃចំពោះស្ថានភាពរបស់ឪពុកម្តាយ ដូចជាសមត្ថភាពក្នុងការគ្រប់គ្រង (អាយុ និងស្ថានភាពសុខភាពរបស់ឪពុកម្តាយ) ស្ថានភាពសេដ្ឋកិច្ច (ប្រាក់ចំណូល មុខរបរ ចំណេះដឹង និងលំនៅឋាន) ទំនាក់ទំនងនាពេលកន្លងមក (កូននៅជាមួយនរណាច្រើនជាង នរណាដឹងពីការៀនសូត្រ និងស្ថានភាពសុខភាពរបស់កូនច្រើនជាង ជាអាទិ៍)។ ក្រៅពីនេះតុលាការក៏ត្រូវវាយតម្លៃអំពីស្ថានភាពរបស់កូនផងដែរ ដូចជា អាយុរបស់កូន ស្ថានភាពនៃការលូតលាស់ ចិត្តគំនិត ឆន្ទៈរបស់កូន (កូនចង់រស់នៅជាមួយនរណា) និងភាពជាបងប្អូន (មិនមែនបំបែកបងប្អូនដោយ ម្នាក់ឱ្យទៅម្តាយ និងម្នាក់ទៀតឱ្យទៅឪពុក) ជាអាទិ៍។

ឧទាហរណ៍៖ លោក «ក» ជាឪពុក ហើយលោកស្រី «ខ» ជាម្តាយ ពួកគេមានកូន ២ នាក់ អាយុ ៥ ឆ្នាំ ជាកូនភ្លោះ។ លោកស្រី «ខ» ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជន តាំងពីមានកូនទាំងពីរនេះ លោកស្រី «ខ» បានឈប់សម្រាកពីការងារ ហើយមកលក់ផលិតផលតាមអនឡាញ ក្នុងមួយខែអាចរកចំណូលបាន ២.០០០ ដុល្លារអាមេរិក ចំណែកឯ លោក «ក» ជាប្រធានក្រុមហ៊ុន ដែលអាចរកចំណូលបានក្នុងមួយខែ ៣០.០០០ ដុល្លារអាមេរិក។ ប៉ុន្តែ លោក «ក» រវល់ខ្លាំងជាមួយការងារ និងចេញទៅធ្វើការនៅបរទេសញឹកញាប់ ហើយជាក់ស្តែងកូនទាំងពីរនេះ តាមម្តាយជាងឪពុក ហើយទំនាក់ទំនងរវាងកូនទាំងពីរនេះ មិនអាចបែកគ្នាបានទេ។ ក្នុងករណីនេះ តុលាការអាចកំណត់ឱ្យ លោកស្រី «ខ» ជាម្តាយ មានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកលើកត្តាជាច្រើនដូចជា លោកស្រី «ខ» មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំកូន ការងាររបស់លោកស្រី «ខ» មិនប៉ះពាល់ដល់ការមើលថែកូន កូនមានភាពស្និតស្នាលជាមួយម្តាយច្រើនជាងឪពុក កូនភ្លោះមិនគួររស់នៅបែកពីគ្នា ហើយលោកស្រី «ខ» ក៏មានប្រាក់ចំណូលខ្ពស់ ដែលអាចធានាបានចំពោះការរស់នៅ។

ក្នុងករណី ប្តីប្រពន្ធលែងលះគ្នា មុនពេលកូនកើត តើតុលាការសម្រេចអំពីសិទ្ធិគ្រប់គ្រងកូនបែបណា? ចំពោះប្តីប្រពន្ធលែងលះគ្នាមុនកំណើតកូន (លែងលះខណៈពេលកូននៅក្នុងផ្ទៃ) តុលាការមិនអាចសម្រេចកំណត់អំពីអ្នកមានសិទ្ធិគ្រប់គ្រងកូនបានទេ (មិនអាចកំណត់យកឪពុក ឬ ម្តាយជាអ្នកមានអំណាចមេបាចំពោះកូនដែលមិនទាន់កើតបានឡើយ)។ ក្នុងករណីនេះ ច្បាប់បានកំណត់ដោយស្វ័យប្រវត្តិថា ម្តាយដែលកំពុងពរពោះកូននោះ គឺជាអ្នកមានអំណាចមេបា ដោយមិនចាំបាច់មានការសម្រេចរបស់តុលាការ មានន័យថា នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ខណៈពេលដែលកូននៅក្នុងផ្ទៃ ម្តាយជាអ្នកមានអំណាចមេបាចំពោះកូនដែលកើតមកនោះ ប៉ុន្តែក្រោយពេលកូនកើតមក តុលាការអាចកំណត់យកឪពុក ឬ ម្ដាយជាអ្នកមានអំណាចមេបា (អ្នកមានសិទ្ធិអំណាចគ្រប់គ្រងកូន) ផ្អែកតាមការព្រមព្រៀង ឬ ការពិភាក្សារបស់ឪពុកម្តាយបាន ប្រសិនបើមិនអាចពិភាក្សាគ្នា ឬ ការពិភាក្សាមិនទទួលបានលទ្ធផលជាវិជ្ជមាន តុលាការត្រូវកំណត់អ្នកមានអំណាចមេបា ដោយពិចារណាទៅលើផលប្រយោជន៍របស់កូន៕

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11