023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី

2022-04-25 14:29:31

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវាទតែងតែកើតមានជារឿយៗ ហើយដើម្បីដោះស្រាយវិវាទទាំងអស់នោះ ច្បាប់បានធានាឱ្យបុគ្គលគ្រប់រូបមានសិទ្ធិពឹងពាក់តុលាការចំពោះវិវាទរដ្ឋប្បវេណី។ បណ្ដឹងរដ្ឋប្បវេណី មានគោលបំណងឱ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណីដោយផ្អែកលើច្បាប់ ក្នុងគោលបំណងការពារសិទ្ធិរបស់បុគ្គលឯកជន។

ជាការពិតណាស់នៅក្នុងនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី មានដំណាក់កាលជាច្រើន និងមានលក្ខណៈសំាញុំាជាខ្លាំង ដែលតម្រូវឱ្យមានការស្វែងយល់ឱ្យច្បាស់ ប៉ុន្ដែនៅក្នុងនីតិវិធីទាំងនោះមាននីតិវិធីមួយ ដែលបណ្ដាលឱ្យនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី ត្រូវបានផ្អាក និងបង្អង់ ដោយសារមានមូលហេតុដែលបានកំណត់ដោយច្បាប់ផងដែរ។

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

ការផ្អាកនីតិវិធីនៃបណ្ដឹង សំដៅដល់ស្ថានភាពមួយដែលនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី ត្រូវបានឈប់ដំណើរការជាបណ្ដោះអាសន្ន ដោយសារមានមូលហេតុដែលជះឥទ្ធិពលដល់ឋានៈរបស់ភាគី ដែលមូលហេតុទាំងនោះត្រូវបានច្បាប់កំណត់យ៉ាងច្បាស់លាស់ ហើយមូលហេតុទាំងនោះរួមមាន៖

* ១. មរណភាពរបស់ភាគី៖ ក្នុងដំណើរការនីតិវិធីនៃបណ្ដឹង ប្រសិនបើមានភាគីណាមួយទទួលមរណភាព ភាគីដែលទទួលមរណភាពនោះមិនអាចចូលរួមក្នុងនីតិវិធីនៃបណ្ដឹងតទៅទៀតបានទេ ក្នុងករណីនេះនីតិវិធីត្រូវផ្អាករហូតដល់តុលាការ ទទួលស្គាល់អ្នកតំណាងស្របច្បាប់ថ្មីណាមួយ ប៉ុន្ដែដែលគ្មានអ្នកទទួលសិទ្ធិ និងកាតព្វកិច្ចដែលជាកម្មវត្ថុនៃបណ្ដឹង ឬសិទ្ធិ និងកាតព្វកិច្ចនោះត្រូវបានធ្លាក់លើបុគ្គលតែម្នាក់ នោះតុលាការត្រូវចេញសាលក្រមប្រកាសបញ្ចប់បណ្ដឹងនោះតែម្ដង។

* ២. ការរលត់នីតិបុគ្គលជាភាគី ដោយការរួមបញ្ចូលនីតិបុគ្គល៖ នីតិបុគ្គលក៏អាចដោយសារមូលហេតុណាមួយផងដែរ ហើយក្នុងករណីដែលនីតិបុគ្គលត្រូវបានរលត់ ដោយការរួមបញ្ចូលគ្នាជាមួយនឹងនីតិបុគ្គលផ្សេងទៀត នោះច្បាប់បានកំណត់ថានីតិវិធីនៃបណ្ដឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន មិនខុសពីករណីមុននោះទេក្នុងករណីដែលសិទ្ធិ និងកាតព្វកិច្ចធ្លាក់លើបុគ្គលតែម្នាក់នោះ តុលាការត្រូវចេញសាលក្រមប្រកាសបញ្ចប់បណ្ដឹងនោះ ដូចគ្នានឹងករណីខាងលើផងដែរ។

* ៣. ការបាត់បង់នូវសមត្ថភាពក្នុងការធ្វើបណ្ដឹងរបស់ភាគី ឬមរណភាពរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ឬការរលត់នូវសិទ្ធិតំណាង៖ ដូចមានកំណត់ក្នុងក្រមរដ្ឋប្បវេណី ប្រសិនបើសកម្មភាពបណ្ដឹងត្រូវបានធ្វើឡើងដោយបុគ្គលគ្មានសមត្ថភាពនោះសកម្មភាពបណ្ដឹង នឹងត្រូវចាត់ទុកជាមោឃៈ ហេតុនេះហើយទើបនៅពេលដែលបុគ្គល ដែលធ្លាប់មានសមត្ថភាពធ្វើសកម្មភាពបណ្ដឹងបែរជាបាត់បង់សមត្ថភាពនោះ ឬអ្នកតំណាងដែលច្បាប់បានកំណត់បានទទួលមរណភាព ឬសិទ្ធិតំណាងត្រូវបានរលត់ នោះច្បាប់បានកំណត់ឱ្យនីតិវិធីនៃបណ្ដឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។

* ៤. មរណភាព ឬការបាត់បង់នូវលក្ខណៈសម្បត្តិដោយមូលហេតុផ្សេងរបស់បុគ្គលដែលមានលក្ខណៈសម្បត្តិ ដែលបានកំណត់ ហើយធ្វើបណ្ដឹងក្នុងនាមផ្ទាល់ខ្លួនជំនួសអ្នកដទៃ៖ ក្នុងករណីដែលតតិយជនមានលក្ខណៈដែលបានកំណត់ ហើយទទួលបន្ទុកបណ្ដឹងតាមច្បាប់ (ឧទាហរណ៍៖ អ្នកអនុវត្តមតកសាសន៍ក្នុងករណីមានមតកសាសន៍) ហើយបុគ្គលនោះបានបាត់បង់នូវលក្ខណៈសម្បត្តិនោះ (ឧទាហរណ៍៖ ករណីដែលអ្នកអនុវត្តមតកសាសន៍បានសុំលាលែង) នោះសកម្មភាពបណ្ដឹងនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។

* ៥. មរណភាព ឬការបាត់បង់នូវលក្ខណៈសម្បត្តិដោយមូលហេតុផ្សេងរបស់បុគ្គល ដែលត្រូវជ្រើសរើសទាំងអស់ដោយបញ្ញត្ដិនៃមាត្រា៤២ (ការជ្រើសរើសភាគី) នៃក្រមនេះ៖ ករណីដែលភាគីត្រូវបានជ្រើសរើសស្របតាមមាត្រា៤២ (ការជ្រើសរើសភាគី) ទាំងអស់បានទទួលមរណភាព ឬបានបាត់បង់លក្ខណៈសម្បត្ដិ នោះសកម្មភាពបណ្ដឹងនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន។

ការបន្ដនីតិវិធីនៃបណ្ដឹង ត្រូវធ្វើឡើងតាមពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹង ដែលអាចធ្វើឡើងដោយបុគ្គលដែលមានបំណងទទួលបន្ដ ឬដោយភាគីម្ខាងទៀត ហើយក្នុងករណីមានពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹងហើយ តុលាការត្រូវធ្វើការជូនដំណឹងទៅភាគីម្ខាងទៀត។ ពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹង តុលាការត្រូវធ្វើការស្រាវជ្រាវដោយឆន្ទានុសិទ្ធិរបស់ខ្លួន ហើយបើយល់ឃើញថាគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចសម្រេចលើកចោលពាក្យសុំនោះដោយដីកាសម្រេច។ គួរបញ្ជាក់ផងដែរថា ដីកាសម្រេចលើកចោលអាចប្ដឹងជំទាស់បាន ហើយក្នុងករណីយល់ឃើញថាត្រឹមត្រូវ តុលាការត្រូវអនុញ្ញាតការទទួលបន្ដនីតិវិធីនៃបណ្ដឹងនោះ ដោយដីកាសម្រេច។

លើសពីនេះទៀត បើទោះបីជាភាគីទាំងសងខាងមិនបានដាក់ពាក្យសុំទទួលបន្តនីតិវិធីនៃបណ្ដឹងក៏ដោយ ក៏តុលាការអាចបង្គាប់ឱ្យទទួលបន្ដនីតិវិធីនៃបណ្ដឹងតាមរយៈដីកាសម្រេចដោយឆន្ទានុសិទ្ធិរបស់ខ្លួនផងដែរ។

ការបង្អង់នីតិវិធីនៃបណ្ដឹង សំដៅភាពចាំបាច់តម្រូវឱ្យនីតិវិធីចប់មួយរយៈពេលសិន ដើម្បីធានានូវសិទ្ធិរបស់ភាគីចំពោះនីតិវិធីនៃបណ្ដឹង នោះនីតិវិធីនៃបណ្ដឹងនឹងត្រូវបានបង្អង់រហូតដល់ហេតុដែលនាំឱ្យបង្អង់នោះត្រូវបានរលត់ ដែលហេតុទាំងអស់នោះរួមមាន៖

* ១. គ្រោះមហន្ដរាយ ឬហេតុផ្សេងទៀត៖ អាចជាស្ថានភាពដែលតុលាការមិនអាចបំពេញកិច្ចរបស់ខ្លួនបានដោយសារតំបន់នោះ មានគ្រោះមហន្ដរាយ ដូចជា៖ មហាអគ្គីភ័យ ទឹកជំនន់ រញ្ជួយដី ឬក៏ដោយសារមានសង្រ្គាម កុបកម្ម ជាដើម។

* ២. តំបន់ភាគីរស់នៅមានឧបសគ្គរយៈពេលវែង៖ ប្រសិនបើតំបន់ដែលភាគីរស់នៅ មានឧបសគ្គក្នុងការធ្វើចរាចរណ៍ដោយសារមានគ្រោះមហន្ដរាយ ឬមានជំងឺឆ្លង ជាដើម។

* ៣. ករណីមានសំណុំរឿងព្រហ្មទណ្ឌ៖ ករណីដែលរឿងក្តីព្រហ្មទណ្ឌកំពុងត្រូវបានចាត់ការ ជនរងគ្រោះអាចទាមទារភា្ជប់ការទាមទារសំណងរដ្ឋប្បវេណី ក្នុងរឿងព្រហ្មទណ្ឌបាន ហើយក៏អាចដាក់ពាក្យបណ្ដឹងនោះតាមបណ្តឹងរដ្ឋប្បវេណីធម្មតាបានដែរ។ ប៉ុន្តែក្នុងករណីដាក់ពាក្យបណ្ដឹងនោះ តាមបណ្តឹងរដ្ឋប្បវេណីធម្មតាក៏ដោយ ក៏សាលក្រមព្រហ្មទណ្ឌដែលសម្រេចឱ្យមានទោសនោះ នឹងមានចំណងទៅលើរឿងក្តីរដ្ឋប្បវេណីដែរ ដែលតម្រូវឱ្យយើងគួរចែងថា អាចបង្អង់បាននូវដំណើរការនីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីនោះ។

នៅពេលមានការផ្អាក និងបង្អង់នីតិវិធីនៃបណ្ដឹង ភាគី និងតុលាការ មិនអាចធ្វើសកម្មភាពបណ្តឹងបានឡើយ។ ប៉ុន្តែ តុលាការអាចប្រកាសសាលក្រមបាន ទោះបីជានីតិវិធីនៃបណ្ដឹងនោះត្រូវបានផ្អាកក៏ដោយ។ នៅពេលដែលមានការផ្អាក ឬបង្អង់នីតិវិធីនៃបណ្ដឹង អំឡុងពេលក៏ត្រូវបញ្ឈប់ដំណើរការដែរ។

ក្នុងករណីនេះអំឡុងពេលទាំងអស់នោះត្រូវចាប់ផ្តើមពីដំបូងវិញ ចាប់ពីពេលដែលធ្វើការជូនដំណឹងស្តីពីការទទួលបន្តនីតិវិធីនៃបណ្ដឹង ឬពេលដែលបន្តនីតិវិធីនៃបណ្ដឹងនោះ។

សរុបសេចក្ដីមកការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹង គឺជានីតិវិធីមួយដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់នីតិវិធីនៃបណ្ដឹង ដោយហេតុថា ប្រសិនបើកើតមានមូលហេតុដែលនាំឱ្យមានការផ្អាក ឬការបង្អង់ ហើយបើមិនផ្អាក ឬបង្អង់នីតិវិធីនៃបណ្ដឹងនោះទេ នោះគេមិនអាចធានាដល់ការការពារសិទ្ធិរបស់បុគ្គលឯកជនបានឡើយ។ ជាការពិតណាស់ការផ្អាក ឬការបង្អង់នីតិវិធីនៃបណ្ដឹង គឺមានគោលបំណងការពារសិទ្ធិរបស់បុគ្គលឯកជន ដោយច្បាប់បានកំណត់យ៉ាងច្បាស់អំពីហេតុដែលនាំឱ្យមានការផ្អាក ឬការបង្អង់នីតិវិធីនៃបណ្ដឹង ដើម្បីជៀសវាងការបាត់បង់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្សេងៗរបស់បុគ្គលឯកជនផងដែរ៕

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ប៉ូល គីមសេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតនៅក្នុងភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ទំព័របណ្តាញសង្គមហ្វេសប៊ុក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11