023 986 245 |078 272 785

語言 :

យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច

2022-05-24 18:19:16

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទានដីសង្គ មកិច្ចមកធ្វើការបង្ហាញជូន ប៉ុន្តែសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «សម្បទានដីសេដ្ឋកិច្ច»

ក្នុងនោះ អត្ថបទនេះនឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត បានយល់ដឹង តើអ្វីទៅជាសម្បទានដីសេដ្ឋកិច្ច ? តើការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណង និងលក្ខណៈវិនិច្ឆ័យយ៉ាងដូចម្តេច?

មុននឹងធ្វើបង្ហាញជូននូវប្រធានបទខាងលើ យើងត្រូវយល់អំពីទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានបែងចែកជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។

ចំណែក ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សំដៅដល់ទ្រព្យរបស់សង្គមដែលមិនសម្រាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។ គោលនយោបាយផ្តល់សម្បទានដីសេដ្ឋកិច្ច បានកើតទ្បើងតាមរយៈអនុក្រឹត្យលេខ ១៤៦ អនក្រ/បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ដែលសម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយ យ៉ាងជាក់លាក់ទៅឱ្យសម្បទានិក (អ្នកទទួលបានសម្បទាន) ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម។

សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖

* អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំ បូង ក្នុងអត្រា ខ្ព ស់ និងកម្រិតសមស្រប
* សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ
* បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ីចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប
* លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច និង
* បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដីដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង ៥ ដូចខាងក្រោម៖

១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។
៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។
៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។
៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញា ធរ ដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។

យោងតាមមាត្រា ៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ (ហាសិប) ឆ្នាំ ឡើយ។ សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី ១០,០០០ (ដប់ពាន់) ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី ១០,០០០ (ដប់ពាន់) ហិកតា ឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់ខាងលើនេះ។

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើត នូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដី សង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។

សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូនដូចមានចែងក្នុងកិច្ចព្រមព្រៀង ។ ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹង នេះ សម្បទានិក ត្រូ វចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល ១២ (ដប់ពី) ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។

សរុបមក សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ៕

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group.

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11