023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ ប្រធានបទការចុះបញ្ជីពាណិជ្ជកម្ម

2020-04-22 13:59:21

(ភ្នំពេញ)៖ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម​របស់ក្រសួង​ពាណិជ្ជកម្មនៃ​ព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នក​ចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ។

តើហេតុអ្វីបានជារាជរដ្ឋាភិបាល តម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្ម? ពីព្រោះការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយ​ជា​អាជីវកម្មស្រប​ច្បាប់ និងទទួលបាន ការការពារ​ដោយ​ច្បាប់​នៅពេលមានជម្លោះ ឬក៏បញ្ហា​ណាមួយ​ដែលកើតឡើង​ជាយ​ថាហេតុ ។

ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពី ផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុង​អាជីវក​ម្មនីមួយៗ ឬនិយាយ​ឱ្យចំគឺ លំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មរបស់ខ្លួនថា អា​ចរក​ប្រាក់ចំណូល និងចំណេញបា​ន​ប៉ុណ្ណា​ដែរ។

ដូច្នេះការចុះបញ្ជី​ពាណិជ្ជកម្ម​ស្រប​ទៅនឹ​ងស្ថានភាពបច្ចុប្បន្ន គឺធ្វើឡើង​ដើម្បីធានាឱ្យ​បាន​នូវភាព​ស្របច្បាប់ រួមមាន​ឈ្មោះក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុនជា (ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូ​វ​មានកម្រិត ក្រុមហ៊ុនសាធា​រណៈទទួលខុ​សត្រូវមានកម្រិត និងក្រុមហ៊ុន​បរទេសជាដើម…) ផលិតផល និងសេ​វាកម្មរបស់ក្រុមហ៊ុនអ្នក ។

បន្ទាប់ពីបានធ្វើការចុះ​បញ្ជី​ពាណិជ្ជកម្ម​រួចមក អាជីវកម្ម​របស់អ្ន​ក​នឹងត្រូវ​ទទួលបា​នលិ​ខិតបញ្ជាក់ ព្រមទាំ​ងទទួល​បានកា​រការ​ពារទៀតផង ប្រសិន​បើមាន​ការច​ម្លងឈ្មោះ ឬផលិតផល​ជាដើម ។

ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ក្នុងសប្តា​ហ៍នេះ កម្មវិធីយល់​ដឹងផ្នែកច្បាប់ ដែល​មានកិច្ចស​ហការរ​វាងអង្គភាព សារព័ត៌មាន Fresh News ជាមួយ​ក្រុមមេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកប្រធានបទ «ការចុះបញ្ជីពាណិជ្ជកម្ម» មកធ្វើការប​ង្ហាញ​ជូនបង​ប្អូនប្រ​ជាពលរដ្ឋ​ទាំងអស់​ដូចខាងក្រោម៖

យោងតាមប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ប្រការ១ របស់​ក្រសួង​ពាណិជ្ជកម្ម ការចុះបញ្ជី​ពាណិជ្ជកម្ម គឺជាកាតព្វកិច្ចដែល​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម ដែលមាន​គ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារ​របស់ខ្លួន ​នៅព្រះ​រាជាណាចក្រកម្ពុជា ត្រូវចុះ​ឈ្មោះក្នុងបញ្ជី​ពាណិជ្ជ​កម្ម នៅក្នុង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិសម្រាប់ ចុះបញ្ជី​ពាណិជ្ជកម្ម​របស់ក្រ​សួងពាណិជ្ជក​ម្ម​តាមរយៈគេ​ហទំព័រៈ www.businessregistration.moc.gov.kh ។

ប៉ុន្ដែ​បើពុំអា​ចធ្វើ​ការ​បំពេញ​ព័ត៌មាន និងបញ្ចូល​លក្ខខណ្ឌ​តម្រូវក្នុង ប្រព័ន្ធស្វ័យ​ប្រវត្តិ​បានដោយ​ខ្លួនឯង​នោះទេ ត្រូវមក ក្រសួ​ងពាណិជ្ជ​កម្មដើ​ម្បីស្នើសុំ​ឱ្យម​ន្ដ្រីចុះ​បញ្ជី​បំពេញជំ​នួស​បាន (ប្រការ២ នៃប្រកាសដដែល) ។

ចំណែកឯ លក្ខខណ្ឌ​ក្នុងការចុះ​បញ្ជីពា​ណិជ្ជកម្ម អ្នកត្រូ​វបំពេញ​នូវសំ​ណុំ​ឯកសារ តាម​បែប​បទ​ដែល​ក្រសួង​បានកំ​ណត់ ហើយប​ន្ទាប់ពី​បំពេញ​រួចរាល់ អ្នក​ត្រូវបង់ថ្លៃ​​សេវាក្នុ​ងការសិក្សាសំណុំ​ឯកសារ​​ចុះបញ្ជី ។

នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្ម បានសម្រេចអ្នកនឹងទទួលបាន លិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ​ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា៖

១៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល

រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះ​បញ្ជីពាណិជ្ជកម្ម​នៅមន្ទីរពាណិជ្ជកម្ម​ខេត្ត/ក្រុង ឬកន្លែង​ផ្សេងទៀត​ដែលក្រសួងពា​ណិជ្ជ​កម្ម​បានកំណត់ នៅកន្លែង​ដែលសាមីជន​នោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេល​បើកដំណើរ​ការអាជីវកម្មរ​បស់ខ្លួន ។

ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម​អាចធ្វើការ​ស្នើសុំដោយ សាមីជ​ននោះ ឬដោយអាណត្តិ​គាហករប​ស់គេ ហើយអាណត្តិគា​ហកត្រូវតែមាន​ លិខិ​តប្រគល់​សិទ្ធិអំណាចដើម្បីតម្កល់​ទុកនៅក្រឡាបញ្ជី​នៃតុលាការ​ពាណិជ្ជកម្ម​ដែលខ្លួនបាន​ស្នើសុំចុះបញ្ជីនោះ ។

មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់​ប្រតិវេទន៍​ដែលមានចុះហត្ថលេខា និងស្នាមម្រាម​ដៃដល់​កន្លែងទ​ទួលពា​ក្យចុះ​បញ្ជីពាណិជ្ជកម្ម ចំនួន ២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១ ២ ៣ នៃច្បាប់​ស្ដីពីវិ​ធានពាណិជ្ជកម្ម និងបញ្ជី​ពាណិជ្ជកម្ម) ។

២៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល

រីឯនីតិបុគ្គលដែលបានបង្កើត​ក្រុមហ៊ុន​ធ្វើពាណិជ្ជកម្ម​នៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបី​ជាបែបបទ នៃការបង្កើត និងថេរវេលា​បែបណាក៏ដោយ គឺត្រូវតែ​ធ្វើការ​ចុះប​ញ្ជីពា​ណិជ្ជកម្ម ហើយការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ត្រូវធ្វើ​ឡើងដោយ​បណ្ណាធិការ ឬអភិបាល​នៃសាមី​ក្រុមហ៊ុន​នៅក្នុង​ខែនៃកា​របង្កើត​ក្រុមហ៊ុន និងមុន​កាលប​រិច្ឆេទ​បើកប្រ​តិបត្តិការ​ពាណិជ្ជកម្ម ១៥ (ដប់ប្រាំ) ថ្ងៃ ។

ចំណែកឯអ្នក​ស្នើសុំចុះប​ញ្ជី ត្រូវប្រគល់​ប្រតិវេទ​ន៍ចំនួន ២ (ពីរ) ច្បាប់ ព្រមទាំ​ងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុន​ដល់​កន្លែង​ទទួល​ពាក្យចុះ​បញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។

៣៖ លក្ខខណ្ឌក្នុង​ការចុះ​បញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជ​ករ​ជានី​តិបុគ្គលបរទេស

ចំណែកឯ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញ​ទំរង់ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។

ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែលមិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាមការបញ្ញត្តិ​របស់ក្រសួ​​ងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោស​ពិន័យ​ជាប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។

ហើយចំពោះករណី ពាណិជ្ជករ ឬរាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយ​ណាដែលប្រើឯក​សារ​ក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។

សរុបមកសម្រាប់​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជ​កម្ម​ទាំងឡាយ​ណាដែលបាន​ធ្វើការ​ចុះប​ញ្ជី​ពាណិជ្ជកម្ម លើអាជីវ​កម្មរប​ស់ខ្លួន ពួកគេនឹ​ងទទួលបាន នូវអាជីវកម្មមួ​យស្រ​បច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស​ ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មក​ពីជន​ទុច្ចរឹត​ធ្វើកា​រក្លែង​បន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។

ចំពោះ​ករណីនេះ ម្ចាស់អា​ជីវកម្ម ក៏អាច​ធ្វើការប្ដឹងទៅ​ក្រសួង​ពាណិជ្ជកម្មដើម្បីធ្វើការរំលាយ អាជីវកម្មរបស់​ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើ​អំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផល​ប្រយោជន៍​ធ្ងន់ធ្ងរ នោះម្ចាស់​អាជីវក​ម្មដែលទ​ទួលរងគ្រោះ​អាចធ្វើកា​រប្ដឹងទាមទារ សំណងតាមផ្លូវ​តុលាការ​ដែ​លមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញាថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2022-06-29 09:47:22

...

2022-06-22 19:39:23

...

2022-06-15 22:04:06

...

2022-05-30 09:11:11