023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ ការប្រកាសបាត់ខ្លួន

2020-04-22 14:20:32

(ភ្នំពេញ)៖ ក្នុងករណីមានមរណភាពនៃបុគ្គលណាម្នាក់ ដោយសារមូលហេតុជាក់លាក់ណាមួយដែលគេអាចកំណត់បានគឺ វាមានភាពងាយស្រួលសម្រាប់បុគ្គលដែលមាន ផលប្រយោជន៍តាមផ្លូវច្បាប់ក្នុងការទទួលបាន ផលប្រយោជន៍ពីបុគ្គលដែលទទួលមរណភាពនោះ។

ប៉ុន្តែនៅក្នុងករណីមួយចំនួនទៀត ប្រសិនបើបុគ្គលនោះបានបាត់ខ្លួនពីលំនៅឋានក្នុងរយៈពេលដ៏យូរ ឬគ្មានដំណឹងអ្វីសោះពីបុគ្គលនោះ, មិនដឹងថាបុគ្គលនោះបានជួបគ្រោះថ្នាក់ស្លាប់ ឬក៏យ៉ាងណានោះទេ ស្ថានភាពបែបនេះគឺធ្វើឲ្យពិបាកក្នុងការសន្និដ្ឋានថា បុគ្គលនោះប្រាកដជាទទួលបានមរណភាព ឬក៏នៅរស់នោះទេ វាពិតជាបញ្ហាចោទសម្រាប់បុគ្គលមានផលប្រយោជន៍តាមផ្លូវច្បាប់។

ដូចនេះតើបុគ្គលណាខ្លះ? ដែលត្រូវទទួលបានប្រយោជន៍ពីការបាត់ខ្លួន ឬបាត់ដំណឹង ហើយមិនដឹងថាបុគ្គលនោះបានទទួលមរណភាព ឬក៏រស់នៅ? ហើយបុគ្គលទាំងអស់នោះត្រួវធ្វើដូចម្ដេចចំពោះការបាត់ខ្លួននេះ?

ដូចនេះទើប កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការប្រកាសបាត់ខ្លួន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

ការប្រកាសបាត់ខ្លួន គឺជាបញ្ញាត្តិ ដើម្បីសន្មត់ថា បុគ្គលនោះទទួលមរណភាពតាមផ្លូវច្បាប់ ដើម្បីឲ្យបុគ្គលដែលពាក់ព័ន្ធទទួលបានផលប្រយោជន៍ស្របច្បាប់។

យោងតាមមាត្រា ៤១ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញាត្តិអំពីល័ក្ខខ័ណ្ឌដើម្បីធ្វើការប្រកាសអំពីការបាត់ខ្លួនមានដូចខាងក្រោម៖

១៖ ប្រសិនបើពុំមានដំណឹងច្បាស់លាស់ថា អ្នកអវត្តមាននៅរស់ ឬទទួលមរណភាព ក្នុងអំឡុងពេល៥(ប្រាំ)ឆ្នាំ តុលាការអាចប្រកាសបានថា បុគ្គលនោះបានបាត់ខ្លួន តាមពាក្យសុំរបស់សហព័ទ្ធ អ្នកដែលត្រូវបានសន្មតថា ជាសន្តតិជន អច្ច័យលាភី អ្នកទទួលប្រាក់ធានារ៉ាប់រង អ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាល ឪពុកម្តាយ ឬ អ្នកផ្សេងទៀតដែលមានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្នុងការប្រកាសអំពីការបាត់ខ្លួន។

២៖ បញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីបុគ្គលដែលចូលទៅតំបន់ដែលមានសង្គ្រាម បុគ្គលដែលមានវត្តមាននៅក្នុងនាវាដែលបានលិច ឬ បុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឱ្យទទួលមរណភាព ហើយពុំមានដំណឹងច្បាស់លាស់ថា អ្នកអវត្តមាននៅរស់ ឬ ទទួលមរណភាព ក្នុងអំឡុងពេល១ (មួយ) ឆ្នាំ ក្រោយពីចប់សង្គ្រាម ក្រោយពីនាវាបានលិច ឬ ក្រោយពីគ្រោះថ្នាក់ផ្សេងទៀតនោះបានកន្លងផុតទៅ។

ក្នុងនោះផងដែរការប្រកាសបាត់ខ្លួនត្រូវធ្វើឡើងដោយឆ្លងកាត់នីតិវិធី នៃការដាស់តឿនជាសាធារណៈគឺដើម្បីផ្តល់ឱកាស និងអនុញ្ញាតឲ្យបុគ្គលដែលដឹងដំណឹងពីការស្លាប់ ឬរស់ របស់បុគ្គលដែលត្រូវប្រកាសបាត់ខ្លួនរាយការណ៍មកបុគ្គលដែលពាក់ព័ន្ធ នេះបើយោងតាមស្មារតីមាត្រា ៤២ អំពីការដាស់តឿនជាសាធារណៈនៃក្រមរដ្ឋប្បវេណី ។

ការដាស់តឿនជាសាធារណៈដែលបានបញ្ញត្តិក្នុងមាត្រា ៥៤ នៃច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីមិនមែនជាបណ្តឹង បានចែងដូចខាងក្រោម៖

១* ត្រូវធ្វើឡើងតាមវិធីផ្សាយជាសាធារណៈ។
២* ដោយការបិទប្រកាសនៅកន្លែងសម្រាប់បិទប្រកាសរបស់តុលាការ និងចុះផ្សាយក្នុងព្រឹត្តិបត្ររបស់ក្រសួងយុត្តិធម៌។
៣* តាមរយៈការចុះផ្សាយក្នុងសារព័ត៌មានប្រចំាថ្ងៃ ឬតាមវិធីផ្សេងទៀត បន្ថែមពីលើការកំណត់ក្នុងចំណុច(២)ខាងលើ។
៤* ការផ្សាយជាសាធារណៈត្រូវបញ្ជាក់ពី៖
ក. ឈ្មោះ និងអាសយដ្ឋានអ្នកដាក់ពាក្យសុំ ។
ខ. ឈ្មោះ និងអាសយដ្ឋានចុងក្រោយ និង ថ្ងៃ ខែ ឆ្នាំ កំណើតរបស់អ្នកអវត្តមាន។
គ. ថ្ងៃចប់អំឡុងពេលនៃការដាស់តឿនជាសាធារណៈ។
ឃ. អ្នកអវត្តមានត្រូវផ្តល់ដំណឹងពីការរស់នៅរបស់ខ្លួន នៅមុនពេលចប់អំឡុងពេលនៃការដាស់តឿនជាសាធារណៈ បើមិនដូច្នេះទេ អ្នកអវត្តមានត្រូវទទួលយកការប្រកាសបាត់ខ្លួន។
ង. ជនដែលដឹងពីព័ត៌មាននៃការរស់នៅ ឬមរណភាពរបស់អ្នកអវត្តមាន ត្រូវផ្តល់ព័ត៌មានមុនពេលចប់ អំឡុងពេលនៃការដាស់តឿនជាសាធារណៈ។
ច.អំឡុងពេលនៃការដាស់តឿនជាសាធារណៈ ត្រូវមានរយៈពេលមិនតិចជាង៦(ប្រាំមួយ)ខែ សម្រាប់ល័ក្ខខ័ណ្ឌទី១ និងមានរយៈពេលមិនតិចជាង ២ (ពីរ) ខែ សម្រាប់ល័ក្ខខ័ណ្ឌទី២ នៃបញ្ញាត្តិមាត្រា ៤១ ក្រមរដ្ឋប្បវេណី។

បន្ទាប់ពីមានការដាក់ពាក្យសុំត្រឹមត្រូវ និងមានការដាស់តឿនជាសាធារណៈ រហូតដល់ដីការសម្រេចចូលជាស្ថាពរពេលនោះ អានុភាពនៃការប្រកាសបាត់ខ្លួនមានដូចតទៅ៖

១៖ បុគ្គលដែលត្រូវបានប្រកាសបាត់ខ្លួនត្រូវសន្មតថា បានទទួលមរណភាព (មាត្រា៤៣ អំពីអានុភាពនៃការប្រកាសអំពីការបាត់ខ្លួន នៃក្រមរដ្ឋប្បវេណី)។
២៖ ដោយការសន្មតថាបានទទួលមរណភាពនៃបុគ្គលអវត្តមាននោះសន្តតិកម្មត្រូវបានផ្តើម (មាត្រា១១៤៥ កថាខណ្ឌ១ អំពីមូលហេតុនៃការចាបើផ្តើមធ្វើសន្តតិកម្ម នៃក្រមរដ្ឋប្បវេណី)។
៣៖ អំណាចមេបាចំពោះអនីតិជនត្រូវបានអនុវត្តដោយសហព័ន្ធម្ខាងទៀត ប្រសិនបើការប្រកាសបាត់ខ្លួន បានធ្វើឲ្យអនីតិជនគ្មានអ្នកអនុវត្តអំណាចមេបានោះ អាណាព្យាបាលចំពោះអនីតិជនត្រូវចាប់ផ្តើម (មាត្រា១០៦៧ អំពីមូលហេតុនៃការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន នៃក្រមរដ្ឋប្បវេណី)។
៤៖ ចំណងអាពាហ៍ពិពាហ៍ត្រូវបានរលាយ ដោយសារការប្រកាសបាត់។

សរុបមកការប្រកាសអំពីការបាត់ខ្លួន គឺជាការផ្ដល់ផលប្រយោជន៍ជូនទៅ សហព័ន្ធ សន្តតិជន អ្នកមានអំណាចមេបា និងបុគ្គលដែលពាក់ព័ន្ធតាមផ្លូវច្បាប់។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុ-ជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2021-05-10 09:01:55

...

2021-05-06 09:24:22

...

2021-05-06 09:20:24

...

2021-05-06 09:15:21