023 986 245 |078 272 785

Language :

ស្វែងយល់ពីច្បាប់៖ និយមន័យនៃទោស

2020-04-22 14:22:37

(ភ្នំពេញ)៖ យើងនិយាយនៅក្នុងក្របខណ្ឌនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។ ចំពោះទោស គឺត្រូវបានចែងចែកក្នុងបទប្បញ្ញតិ្ត ព្រហ្មទណ្ឌជាធរមាននៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ។

ដើម្បីយល់កាន់តែច្បាស់ថា តើនិយមន័យ នៃទោសមានន័យយ៉ាងណា? ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «និយមន័យនៃទោស» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមមាត្រា២៤ នៃក្រមព្រហ្មទណ្ឌបានចែងថា៖ បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌ តែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ នេះបង្ហាញថាជាទូទៅ ការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវតែផ្តន្ទាទោសទៅលើតែជនណា ដែលបានប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។

គ្រប់ទោសទាំងអស់ ត្រូវបានចែងយ៉ាងច្បាស់ដោយច្បាប់ ផ្ទុយទៅវិញ ប្រសិនបើពុំមានច្បាប់ចែងនោះទេ ទោសក៏មិនអាចយកមកអនុវត្តបានដែរ។ ការចែងពីទោសពុំមានមូលដ្ឋានណាផ្អែកទៅលើលក្ខខណ្ឌសង្គមនោះទេ មិនថា ( រូបសម្បត្តិ, ឋានៈ និងទ្រព្យធន, អ្នកមាន, ឬអ្នកក្រ, ឬអ្នកដែលមានឋានៈ ឬគ្មានឋានៈនោះទេ សុទ្ធតែត្រូវផ្តន្ទាទោសដូចគ្នា)។

ដូចនេះការផ្តន្ទាទោសព្រហ្មទណ្ឌរបស់នីតិជន គឺមានប្រភេទទោសជាច្រើន ដែលតុលាការយកមកអនុវត្តរួមមាន៖

* មូលទោស គឺជាទោសដែលត្រូវយកមកផ្តន្ទាចំពោះបទល្មើសទាំងអស់ មូលទោសរួមមានទោសដាក់ពន្ធនាគារ និងទោសពិន័យការពិន័យត្រូវគិតជាប្រាក់រៀល។
១៖ ទោសដាក់ពន្ធនាគារ គឺជាទោសដែលលុបបំបាត់ទាំងអស់ នូវសិទ្ធិសេរីភាពជាមូលដ្ឋាន ឬយើងហៅជាសាមញ្ញថា ជាប់គុក ។ ទោសដាក់ពន្ធនាគារនេះ អាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ យោងតាមមាត្រា ៤៦ នៃក្រមព្រហ្មទណ្ឌ។
២៖ ទោសពិន័យជាប្រាក់ គឺតម្រូវឲ្យទណ្ឌិតបង់ប្រាក់តាមច្បាប់កំណត់ ហើយប្រាក់ពិន័យត្រូវទុកចូលជាថវិការដ្ឋ ដែលត្រូវទុកនៅរតនាគារជាតិ ដែលយោងតាមមាត្រា ៥២ នៃក្រមព្រហ្មទណ្ឌ។

* ទោសបន្ថែម ឬអនុទោស គឺជាទោសដែលបន្ថែមទៅលើមូលទោស តាមការកំណត់របស់ច្បាប់ដែលមាន ១៩ចំណុច ដោយយោងតាមមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។ ការប្រកាសទោសបន្ថែមអាចប្រកាសទៅបាន លុះត្រាតែទោសនេះត្រូវបានចែងដោយ ជាក់លាក់ចំពោះបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ដែលត្រូវចោទប្រកាន់។ ទោសបន្ថែមអាចប្រកាសក៏បាន មិនប្រកាសក៏បាន។ ទោសបន្ថែមត្រូវប្រកាសជា កាតព្វកិច្ចប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់ យោងមាត្រា ៥៤ នៃក្រមព្រហ្មទណ្ឌ។

* ទោសជំនួសគឺជាទោសដែលតុលាការយកមកប្រកាសជំនួសឲ្យមូលទោស ។ ក្នុងករណីនេះតុលាការមិនអាចប្រកាសការផ្តន្ទាទោសដាក់ពន្ធនាគារ ឬទោសពិន័យជាប្រាក់បានទេ នេះបើយោងតាមមាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌ ។ ទោសជំនួសមាន ២ ប្រភេទ៖ ការងារសហគមន៍ និង ការស្តីបន្ទោស ។
១៖ ការងារសហគមន៍ គឺជាកាតព្វកិច្ចដែលត្រូវបំពេញក្នុងថិរវេលាចន្លោះពី ៣០ (សាមសិប) ម៉ោង ទៅ២០០ (ពីររយ) ម៉ោង និងមានរយៈពេលមិនអាចលើសពី ១ (មួយ) ឆ្នាំ នូវការងារគ្មានកម្រៃ និងបានជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនីតិបុគ្គល នៃនីតិបុគ្គលសាធារណៈផ្សេងៗទៀត ដល់សហគមន៍ ឬដល់អង្គការមិនមែនរដ្ឋាភិបាល ដែលយោងតាមមាត្រា ៧២ នៃក្រមព្រហ្មទណ្ឌ ។ ទោសការងារសហគមន៍ តុលាការអាចប្រកាសបានលុះត្រាតែជនជាប់ចោទមានវត្តមាននៅពេលសវនាការ ជនជាប់ចោទយល់ព្រមធ្វើការងារនោះផង ។ ការអនុវត្តទោសសហគមន៍ ត្រូវកំណត់ដោយព្រះរាជអាជ្ញា ។ ព្រះរាជអាជ្ញា ជាអ្នកចង្អុលប្រាប់ឈ្មោះ នីតិបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះ ។
២៖ ការស្តីបន្ទោស គឺតុលាការអាចប្រកាសស្តីបន្ទោស កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារដែលមានអតិបរមាតិចជាង ឬស្មើនឹង ៣ ឆ្នាំ ហើយប្រសិនបើបានបំពេញលក្ខខណ្ឌ ៣ យ៉ាង៖
* ភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាលមកពីបទល្មើសបានបញ្ចប់
* ការខូចខាតត្រូវបានជួសជុលរួចហើយ និង
* ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់ក្នុងសង្គមវិញ ។

តុលាការគ្រាន់តែស្តីបន្ទោសដល់ជនល្មើសដែលបានប្រព្រឹត្ត មិនផ្តន្ទាទោសដាក់ពន្ធនាគារ ឬទោសពិន័យជាប្រាក់ឡើយ កាលបើជនល្មើសបានសងការខូចខាតរួចរាល់ហើយ (យោងតាមមាត្រា ៧៦ នៃក្រមព្រហ្មទណ្ឌ)។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2021-05-10 09:01:55

...

2021-05-06 09:24:22

...

2021-05-06 09:20:24

...

2021-05-06 09:15:21