023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ ជនដែលត្រូវកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព

2020-04-22 14:25:45

(ភ្នំពេញ)៖ ជាទូទៅមនុស្សគ្រប់រូបត្រូវបានទទួលស្គាល់យ៉ាងពេញលេញអំពីសិទ្ធិរបស់ខ្លួន ដែលពួកគេអាចប្រើប្រាស់សិទ្ធិនេះ ក្នុងការធ្វើសកម្មភាពផ្សេងៗបានដោយសេរី កុំឱ្យតែប៉ះពាល់ ដល់សិទ្ធិអ្នកដ៏ទៃ និងផ្ទុយនឹងបញ្ញត្ដិច្បាប់ ។

ក៏ប៉ុន្ដែសកម្មភាពដែលបានធ្វើឡើង មានសកម្មភាពមួយចំនួនត្រូវបានច្បាប់ទទួលស្គាល់ និងមានសុពលភាពពេញលេញ ហើយសកម្មភាពដែលបានធ្វើឡើងដោយជនមួយចំនួនទៀតត្រូវបាន ច្បាប់មិនទទួលស្គាល់ថាមានសុពលភាព ឬតម្រូវឱ្យមានការយល់ព្រមដោយជនដែលមានផលប្រយោជន៍ផ្សេងទៀត ដើម្បីឱ្យមានសុពលភាពលើសកម្មភាពទាំងនោះជាអាទិ៍ ។

ការណ៍ដែលសកម្មភាពមួយចំនួនដែលបានធ្វើឡើងហើយមិនត្រូវបានទទួលស្គាល់ ឬមិនមានសុពលភាព គឺដោយហេតុថាជនដែលបានធ្វើសកម្មភាពទាំងនោះត្រូវបានកំណត់ថា ជាជនដែលខ្វះសមត្ថភាព ឬត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព ។ ហេតុដូចនេះហើយយើងគប្បីយល់ថា តើបុគ្គលប្រភេទណាខ្លះដែលច្បាប់បានកំណត់ថា ជាបុគ្គលដែលត្រូវបាន កម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ជនដែលត្រូវកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព សំដៅដល់រូបវន្ដបុគ្គលទាំងឡាយណាដែលខ្វះសមត្ថភាពក្នុងការយល់ដឹងនិងវិនិច្ឆ័យពី សកម្មភាពតាមផ្លូវច្បាប់របស់ខ្លួនបាន ដោយមូលហេតុ អាយុ សតិ និងបញ្ញាស្មារតី របស់ជននោះ ។

ហើយបានកំណត់យកជនដែលត្រូវបានកម្រិតសមត្ថភាពមានចំនួន ០៣ (បី)ប្រភេទ គឺ អនីតិជន, ជននៅក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ ។ ពាក្យថាសកម្មភាពនេះផងដែរ គឺសំដៅការបង្ហាញឆន្ទៈ ជាឯកតោភាគី ឬតាមរយៈកិច្ចសន្យា ។

១* ចំពោះអនីតិជន៖

អនីតិជនសំដៅដល់ជនដែលមានអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ។ ប៉ុន្តែមិនមែនអនីតិជនគ្រប់រូបសុទ្ធតែត្រូវបានកម្រិតសមត្ថភាពនោះទេ ដូចជាអនីតិជនដែលទទួលបានអត្តាធិនភាព គឺមិនត្រូវមានការកម្រិតសមត្ថភាពឡើយ និងត្រូវចាត់ទុកជាថាបានដល់នីតិភាព ។

អ្នកដែលមានអំណាចមេបា (ឪពុក ឬម្តាយ) មានសិទ្ធិ និងករណីយកិច្ចបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជន ។ តែបើក្នុងករណីអនីតិជនគ្មានឪពុក ឬម្តាយនោះទេគេត្រូវបង្កើត របបអាណាព្យាបាល សម្រាប់អនីតិជន ដើម្បីជ្រើសតាំងបុគ្គលណាម្នាក់សម្រាប់គ្រប់គ្រងអនីតិជន ដែលមានសិទ្ធិ និងករណីយកិច្ចដូចអ្នកមានអំណាចមេបាដែរ ។

ជាគោលការណ៍សកម្មភាពដែលអនីតិជនបានធ្វើ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ សកម្មភាពនោះនឹងត្រូវបានលុបចោលដោយ ឪពុកម្តាយរបស់អនីតិជន ។ ប៉ុន្តែសកម្មភាពខ្លះគឺ មិនអាចលុបចោលបានទេដូចជា ការទទួលយកប្រទានកម្ម, ការចុះកិច្ចសន្យាដោយរួចផុតពីកាតព្វកិច្ច, ការទិញលក់របស់ប្រើប្រាស់ប្រចាំថ្ងៃ, ការចាត់ចែងទ្រព្យសម្បត្តិដោយមាន ការអនុញ្ញាតពីឪពុកម្តាយ, ការប្រកបអាជីវកម្មត្រឹមការអនុញ្ញាតរបស់ឪពុកម្តាយ ។

២* ចំពោះជនក្រោមអាណាព្យាបាលទូទៅ៖

ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ហើយខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យជាអចិន្ត្រៃយ៍ ដោយខ្លួនមានបញ្ហាស្មារតី តុលាការអាចប្រកាសចាប់ផ្តើមរបបអាណាព្យាបាលទូទៅ តាមរយៈពាក្យសុំរបស់សាមីខ្លួន, សហព័ទ្ធ, ញាតិដែលស្ថិតក្នុង ៤ ថ្នាក់, អ្នកអាណាព្យាបាលសម្រាប់អនីតិជន, អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន, ហិតូបត្ថម្ភកៈ, មេឃុំ ឬចៅសង្កាត់, ឬតំណាងអយ្យការ ។ មុនពេលប្រកាសរបបនេះ តុលាការត្រូវស្តាប់មតិយោបល់របស់វេជ្ជបណ្ឌិត និងផ្តល់ឱកាសឲ្យសាមីខ្លួនធ្វើសេចក្តីថ្លែងការណ៍ ដើម្បីពិចារណាថាសាមីខ្លួន ពិតជាមានបញ្ហាផ្នែកស្មារតីពិតប្រាកដមែន ។

អ្នកអាណាព្យាបាលទូទៅ ជាអ្នកគ្រប់គ្រងត្រួតពិនិត្យលើជននៅក្រោមអាណាព្យាបាលទូទៅ ហើយតុលាការជ្រើសតាំងអ្នកអាណាព្យាបាលដោយឆន្ទានុសិទ្ធិ និងត្រូវធ្វើឡើងតាមរយៈការទាមទាររបស់ អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលទូទៅ, ជនក្រោមអាណាព្យាបាលទូទៅ, សហព័ទ្ធ, ញាតិនៅក្នុង ៤ ថ្នាក់, មេឃុំ, ចៅសង្កាត់, តំណាងអយ្យការ ឬបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍។

ជាគោលការណ៍សកម្មភាពរបស់ជនក្រោមអាណាព្យាបាលទូទៅ អាចលុបចោលបាន លុះត្រាតែសកម្មភាពនោះជាសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការទិញបាយ,ម្ហូប,របស់ប្រើប្រាស់ប្រចាំថ្ងៃជាដើម ។

៣* ចំពោះហិតូបត្ថម្ភ៖

ចំពោះបុគ្គលដែលមានសមត្ថភាពតិចតួចពេក ក្នុងការយល់ដឹង និងវិនិច្ឆ័យ ដោយសារបញ្ហាស្មារតី តុលាការអាចប្រកាសចាប់ផ្តើមហិតូបត្ថម្ភតាមរយៈពាក្យសុំរបស់សាមីខ្លួន, សហព័ទ្ធ, ញាតិដែលស្ថិតក្នុង ៤ ថ្នាក់, អ្នកអាណាព្យាបាល, អ្នកត្រួតពិនិត្យអាណាព្យាបាលទូទៅ, មេឃុំ ឬចៅសង្កាត់ ឬតំណាងអយ្យការ ។ មុនពេលប្រកាសរបបនេះ តុលាការត្រូវស្តាប់ មតិយោបល់របស់វេជ្ជបណ្ឌិត និងផ្តល់ឱកាសឲ្យសាមីខ្លួនធ្វើសេចក្តីថ្លែងការណ៍ ដើម្បីពិចារណាថាសាមីខ្លួន ពិតជាមានបញ្ហាផ្នែកស្មារតី និងមានការយល់ដឹងតិចតួចពិតប្រាកដមែន ។

ហិតូបត្ថម្ភកៈ ជាអ្នកមានតួនាទីត្រួតពិនិត្យ និងថែរក្សាជនស្ថិតក្រោមហិតូបត្ថម្ភ។ តុលាការត្រូវជ្រើសតាំងហិតូបត្ថម្ភកៈដោយឆន្ទានុសិទ្ធិ ចំណែកឯនីតិវិធីនៃការជ្រើសតាំង ហិតូបត្ថម្ភកៈត្រូវអនុវត្តដូចការជ្រើសតាំងអ្នកអាណាព្យាបាលទូទៅ ។

ជាគោលការណ៍ សកម្មភាពរបស់ជននៅក្រោមហិតូបត្ថម្ភ ដែលមិនបានការយល់ព្រមពីហិតូបត្ថម្ភកៈត្រូវមានការលុបចោល លុះត្រាតែសកម្មភាពនោះជាសកម្មភាពដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ ។ ប៉ុន្តែក្នុងករណីមានការយល់ព្រមពី ហិតូបត្ថម្ភកៈសាមីខ្លួន អាចធ្វើសកម្មភាពដូចជាៈ ការទទួល ឬការប្រើប្រាស់ទុន, ការខ្ចីទ្រព្យ ឬការធានា, ការធ្វើសកម្មភាពដែលមានគោលបំណងទទួលបាន ឬធ្វើឲ្យបាត់បង់សិទ្ធិដែលទាក់ទងនឹងអចលវត្ថុ ឬទ្រព្យសម្បត្តិដែលមានសារៈសំខាន់ផ្សេងទៀត, ការធ្វើសកម្មភាពបណ្តឹង, ការធ្វើប្រទានកម្ម ឬធ្វើកិច្ចសន្យាស្រុះស្រួល ឬកិច្ចសន្យាមជ្ឈត្តកម្ម, ការទទួលស្គាល់នូវសន្តតិកម្ម ឬការបោះបង់ចោលនូវសន្តតិកម្ម ឬការបែងចែកមត៌ក, ការប្រកែកមិនទទួលប្រទានកម្ម ឬអច័្ចយទាន ឬការយល់ព្រមទទួលនូវប្រទានកម្ម ឬអច័្ចយទានដែលភ្ជាប់បន្ទុក, ការសាងសង់ថ្មី ការសង់ឡើងវិញ ការសង់បន្ថែម ឬការជួសជុលធំ, ការធ្វើភតិសន្យា ដែលមានអំឡុងពេលលើសពី ៣ (បី) ឆ្នាំ ចំពោះដីធ្លីលើសពី ២ (ពីរ) ឆ្នាំ ចំពោះអាគារ លើសពី ៦ (ប្រាំមួយ) ខែចំពោះអចលនវត្ថុ និងសកម្មភាពដែលតុលាការប្រកាសជាពិសេសថា ចំាបាច់ត្រូវមានការយល់ព្រមពីហតូបត្ថម្ភកៈ ។

សរុបសេចក្តីមក ជនដែលត្រូវកម្រិតសមត្ថភាព ដែលមានដូចជា អនីតិជន, អាណាព្យាបាលទូទៅ និងហិតូបត្ថម្ភ សកម្មភាពរបស់បុគ្គលទាំងនេះ មួយចំនួនត្រូវបានច្បាប់ហាមឃាត់ និងត្រូវបានលុបចោលដោយអ្នកមានសិទ្ធិ ។ ប៉ុន្តែក៏មានសកម្មភាពមួយចំនួន ក៏ច្បាប់អនុញ្ញាតផងដែរ ដូចជាសកម្មភាពដែលរស់នៅប្រចាំថ្ងៃ និងសកម្មភាពមួយចំនួនទៀត ដែលត្រូវច្បាប់កំណត់ថាត្រូវមានការអនុញ្ញាតពីបុគ្គលដែលគ្រប់គ្រងរបបនោះ ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2021-05-10 09:01:55

...

2021-05-06 09:24:22

...

2021-05-06 09:20:24

...

2021-05-06 09:15:21