023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ អ្នកតំណាងដោយអាណត្តិ

2020-12-14 10:38:22

(ភ្នំពេញ)៖ ពាក្យថា «អ្នកតំណាង» ត្រូវបានស្គាល់ថា គឺជាបុគ្គលដែលតំណាងឱ្យនរណាម្នាក់ ឬច្រើននាក់ដើម្បីបំពេញកាតព្វកិច្ច ទៅតាមការព្រមព្រៀងរបស់ពួកគេ។ ដោយឡែក ចំពោះពាក្យថា «អាណត្តិ» ក្នុងក្រមរដ្ឋប្បវេណីបានឱ្យនិយមន័យថា គឺជាកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយក (ជាអ្នកប្រគល់សិទ្ធិអំណាច) ប្រគល់សិទ្ធិអំណាចឱ្យ ភាគីម្ខាងទៀត ហៅថា អាណត្តិគាហក (ជាអ្នកចាត់ចែងកិច្ចការ) ធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក។

ជារួម តើពាក្យថា «អ្នកតំណាងដោយអាណត្តិ» មានន័យដូចម្ដេច ហើយបុគ្គលណាខ្លះដែលអាចមានសិទ្ធិធ្វើជាអ្នកតំណាងដោយអាណត្តិ?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ អំពីអ្នកតំណាងដោយអាណត្តិ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អ្នកតំណាងដោយអាណត្តិ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

ជាគោលការណ៍ ជនដែលអាចក្លាយជាអ្នកតំណាងដោយអាណត្តិមានតែមេធាវីប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សាមីភាគីដែលជាអ្នកពឹងពាក់ ដោយក្នុងបណ្ដឹង សិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិ ត្រូវបង្កើតឡើងតាមរយៈការបង្ហាញឆន្ទៈរបស់ភាគី ដែលបានផ្ដល់នូវសិទ្ធិក្នុងការតំណាងដោយអាណត្តិក្នុងរឿងក្ដីនីមួយៗ។ ចំពោះជនដែលត្រូវធ្វើជាតំណាងត្រូវធ្វើកិច្ចសន្យា ឬលិខិតជាលាយល័ក្ខណ៍អក្សរដើម្បីកំណត់ឱ្យបានច្បាស់អំពីសិទ្ធិរបស់អ្នកតំណាង។

យ៉ាងណាមិញ ក្នុងករណីដែលជននោះមិនមែនជាមេធាវីបានធ្វើសកម្មភាពបណ្ដឹងក្នុងនាមជាអ្នកតំណាងដោយអាណត្តិ នោះគឺជាអំពើខុសច្បាប់ ហើយតុលាការត្រូវបំបាត់ចោលនូវការពាក់ព័ន្ធរបស់អ្នកនោះ ។ ប៉ុន្តែក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា៥៣ ក៏បានទទួលស្គាល់ជនដែលអាចជ្រើសតាំង ក្រៅពីមេធាវីឱ្យធ្វើជាអ្នកតំណាងដោយអាណត្តិបានដូចមានខាងក្រោម៖

ក៖ ករណីដែលក្រមនេះ ឬច្បាប់ដទៃទៀត អនុញ្ញាតឱ្យតតិយជនដែលមិនមែនជាមេធាវី ធ្វើសកម្មភាពបណ្ដឹងជំនួសភាគី។
ខ៖ ករណីដែលភាគីជារដ្ឋ ស្ថាប័ននីតិរដ្ឋបាល ឬស្ថាប័នរដ្ឋដទៃទៀត និង ដែលស្ថាប័ននោះ ឬអ្នកតំណាង នៃស្ថាប័ននោះ តែងតាំងបុគ្គលិកនៃស្ថាប័ននោះជាអ្នកតំណាង។
គ៖ ករណីដែលតុលាការអនុញ្ញាតឱ្យមានការតំណាងដោយតតិយជនដែលមិនមែនជាមេធាវី ក្នុងរឿងក្ដីដែលតម្លៃនៃបណ្ដឹងតិចជាង ១.០០០.០០០ (មួយលាន) រៀល។

បន្ថែមពីនេះសកម្មភាពបណ្ដឹងដែលធ្វើដោយអ្នកតំណាងដោយអាណត្តិ នឹងបង្កើតនូវអានុភាពដូចគ្នានឹងសកម្ម ភាពដែលធ្វើដោយភាគី ប៉ុន្តែអ្នកតំណាងដោយអាណត្តិមិនមែនជាភាគីនោះទេ ដូច្នេះមិនត្រូវទទួលបាននូវអានុភាពនៃសាលក្រម ឬសាលដីកាឡើយ។

ម្យ៉ាងទៀតទោះបីជាធ្វើការជ្រើសតាំងអ្នកតំណាងដោយអាណត្តិក៏ដោយ ក៏ភាគីអាចចូលរួមក្នុងនីតិវិធីនៅតុលាការដោយខ្លួនឯងបាន ដូចមានចែងក្នុងមាត្រា ៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណីដូចខាងក្រោម៖
១៖ ភាគីអាចធ្វើរាល់សកម្មភាពដែលទាក់ទងនឹងបណ្ដឹង ដោយខ្លួនឯងផ្ទាល់ ឬឆ្លងតាមរយៈអ្នកតំណាងដោយអាណត្តិដែលខ្លួនបានជ្រើសតាំង។
២៖ ទោះបីភាគីបានជ្រើសតាំងអ្នកតំណាងដោយអាណត្តិក៏ដោយ ក៏ភាគីនោះអាចចូលរួមទៅតុលាការ និងឆ្លើយទាញហេតុផលដោយខ្លួនឯងបានដែរ។
៣៖ សកម្មភាពបណ្ដឹងដែលជាអ្នកតំណាងដោយអាណត្តិបានធ្វើ ត្រូវបង្កើតអានុភាពដូចគ្នាជាមួយសកម្មភាពបណ្ដឹងដែលភាគីបានធ្វើដោយផ្ទាល់ខ្លួន។

ប៉ុន្តែ ការសារភាព និងចម្លើយដទៃទៀតស្ដីពីអង្គហេតុដែលជាអ្នកតំណាងដោយអាណត្តិបានធ្វើ ពុំមានអានុភាពឡើយប្រសិនបើភាគីលុបចោល ឬកែតម្រូវភ្លាមៗ។ លើសពីនេះក្រៅពីចំណុចខាងលើ អ្នកតំណាងដោយអាណត្តិមានសិទ្ធិ និងទំហំនៃសិទ្ធិអំណាចរបស់ខ្លួនដូចជា៖ ធ្វើរាល់សកម្មភាពបណ្ដឹង ព្រមទាំងការដាក់ពាក្យបណ្ដឹង ការឆ្លើយដោះសាចំពោះបណ្ដឹង ការប្ដឹងតប ការចូលរួមអន្តរាគមន៍បណ្ដឹង ការប្ដឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សា ការលះបង់ការទាមទារ និងការទទួលស្គាល់នូវការទាមទារ ចំពោះរឿងក្ដីដែលខ្លួនបានទទួលអាណត្តិ។

ក្រៅពីនេះ ក្នុងករណីដែលអ្នកតំណាងដោយអាណត្តិជាមេធាវី ភាគីមិនអាចកម្រិតនូវទំហំនៃសិទ្ធិតំណាងនោះបានទេ លើកលែងដែលបានកំណត់ក្នុងមាត្រា ៥៤ ត្រង់ចំណុចទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណីរួមមាន៖ ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងតប ការដកខ្លួនពីបណ្ដឹង ការផ្សះផ្សា ការលះបង់ការទាមទារ ការទទួលស្គាល់នូវការទាមទារ ការដកខ្លួនពីបណ្ដឹង ការដាក់ពាក្យបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ការដកពាក្យបណ្ដឹងឧបាស្រ័យពីតុលាការជាន់ខ្ពស់ និងការជ្រើសតាំងអនុតំណាង។

ដោយឡែកក្នុងករណីដែលអ្នកតំណាងដោយអាណត្តិមិនមែនជាមេធាវី ភាគីអាចក្រមិតនូវទំហំនៃសិទ្ធិជាអ្នកតំណាងដោយអាណត្តិបាន ហើយឱ្យអ្នកតំណាងដោយអាណត្តិនោះធ្វើតំណាង ចំពោះតែសកម្មភាពបណ្ដឹងមួយចំនួនដែលបានកំណត់ដោយឡែកៗដោយភាគីបាន។ ប៉ុន្តែបញ្ញត្តិនៃកថាខណ្ឌខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះអ្នកតំណាងដែលត្រូវបានអនុញ្ញាតដោយច្បាប់ ក្នុងការធ្វើសកម្មភាពបណ្ដឹងជំនួសភាគី។

សរុបមក អ្នកតំណាងដោយអាណត្តិ ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមឆន្ទៈរបស់អាណត្តិទាយក តាមរយៈកិច្ចសន្យា ឬលិខិតជាលាយល័ក្ខណ៍អក្សរ ដែលបានកំណត់អំពីទំហំនៃសិទ្ធិ កាតព្វកិច្ច និងរយៈពេលច្បាស់លាស់ក្នុងការតំណាងជាមួយអាណត្តិទាយក ដើម្បីអនុវត្តសកម្មភាពបណ្ដឹងជំនួសអាណត្តិទាយក។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល​៖ president@ciclg.com គេហ​ទំព័រ​៖​ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

...

2021-04-05 11:00:16

...

2021-03-30 08:53:29

...

2021-03-22 14:44:25

...

2021-03-16 10:06:12