023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ ការជំនុំជម្រះសាជាថ្មី

2020-12-30 08:58:22

(ភ្នំពេញ)៖ ជាគោលការណ៍ សាលក្រម ឬសាលដីការដ្ឋប្បវេណីដែលចូលជាស្ថាពររួចហើយ គឺភាគីគ្មានសិទ្ធិប្ដឹងតវ៉ាទៀតឡើយ ក៏ប៉ុន្ដែប្រសិនបើការសម្រេចសេចក្ដីនោះមានចំនុចខ្វះចន្លោះ ក្នុងដំណើរការនីតិវិធីនៃបណ្ដឹង ឬ ឯកសារដែលជាមូលដ្ឋាននៃសេចក្ដីវិនិច្ឆ័យសាលក្រម ឬ សាលដីកានោះមានវិការៈធ្ងន់ធ្ងរ ឬ មានភាពខ្វះខាតមិនប្រក្រតី នោះ គឺជាមូលហេតុនាំឱ្យការសម្រេចសេចក្ដីនេះ មិនបានផ្ដល់ភាពយុត្ដិធម៌ដល់ភាគីម្ខាងទៀតឡើយ ។

តើក្នុងករណីនេះ ភាគីម្ខាងទៀតដែលទទួលរងនូវភាពអយុត្ដិធម៌ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមានការសម្រេចសេចក្ដីម្ដងទៀតបាន?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការជំនុំជម្រះសាជាថ្មី» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

ការជំនុំជម្រះសាជាថ្មី គឺជានីតិវិធីរដ្ឋប្បវេណីមួយដែលអនុញ្ញាតឱ្យភាគីដែលទទួលរងនូវភាពអយុត្ដិធម៌ដោយការសម្រេចសេចក្ដីមានចំនុចខ្វះចន្លោះ ក្នុងដំណើរការនីតិវិធីនៃបណ្ដឹងឬ ឯកសារដែលជាមូលដ្ឋាននៃសេចក្ដីវិនិច្ឆ័យសាលក្រម ឬ សាលដីកានោះមានវិការៈធ្ងន់ធ្ងរ ឬ មានភាពខ្វះខាតមិនប្រក្រតីនោះ ដែលបានចូលជាស្ថាពររួចហើយ អាចធ្វើបណ្ដឹងស្នើសុំឱ្យតុលាការដែលបានចេញសាលក្រម ឬសាលដីកាចុងក្រោយនោះ ធ្វើការពិនិត្យ និងសម្រេចឱ្យលើកយកសំណុំរឿងដែលបានចូលស្ថាពរមកធ្វើការវិនិច្ឆ័យឡើងវិញម្ដងទៀត។

ជាគោលការណ៍ច្បាប់ដើម្បីអាចប្ដឹងសុំជំនុំជម្រះសារជាថ្មីបាន ភាគីត្រូវមានមូលហេតុត្រឹមត្រូវមានមូលហេតុដូចខាងក្រោម៖
* ករណីដែលមានការធ្វើផ្ទុយនឹងនីតិវិធីច្បាប់ធ្ងន់ធ្ងរ។
* បើពុំបានចាត់តាំងតុលាការដែលបានចេញសាលក្រម ឬ សាលដីកា ទៅតាមច្បាប់កំណត់។
* បើចៅក្រមដែលពុំអាចចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកាតាមច្បាប់ បានចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកានោះ។
* បើខ្វះសិទ្ធិតំណាងដែលច្បាប់បានកំណត់ ឬ អ្នកតំណាងដែលច្បាប់បានកំណត់ខ្វះការប្រគល់សិទ្ធិចាំបាច់សម្រាប់ធ្វើសកម្មភាពបណ្ដឹង ឬ ខ្វះសិទ្ធិតំណាងដោយអាណត្ដិ។
* បើចៅក្រមដែលបានចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកា បានប្រព្រឹត្ដអំពើល្មីសដែលពាក់ព័ន្ធនឹងមុខងារបស់ខ្លួនចំពោះរឿងក្ដី។
* បើភាគីបានសារភាព ឬ ត្រូវបានរារាំងក្នុងការដាក់មធ្យោបាយតទល់ ឬ ការពារខ្លួនដែលមានឥទ្ធិពលដល់សាលក្រម ឬ សាលដីកា ដោយសារបទល្មើសរបស់អ្នកដទៃ។
* បើឯកសារ ឬ វត្ថុឯទៀតដែលបានក្លាយជាភស្ដុតាងសម្រាប់សាលក្រម ឬ សាលដីកា ត្រូវបានក្លែង ឬ កែប្រែដោយបន្លំ។
* បើសេចក្ដីថ្លែងការណ៍មិនពិតរបស់សាក្សី អ្នកធ្វើកោសលវិច័យ អ្នកបកប្រែ ភាគីដែលបានធ្វើសម្បថ ឬ របស់អ្នកតំណាងដែលច្បាប់បានកំណត់ដែលបានធ្វើសម្បថ បានក្លាយជាភស្ដុតាងសម្រាប់សាលក្រម ឬ សាលដីកា។
* បើសាលក្រម ឬ សាលដីកា ឬ សេចក្ដីសម្រេចឯទៀត ផ្នែករដ្ឋប្បវេណី ឬ ផ្នែក ព្រហ្មទណ្ឌ ឬ ការចាត់ចែងផ្នែករដ្ឋបាល ដែលជាមូលដ្ឋាននៃសាលក្រម ឬ សាលដីកា ត្រូវ បានផ្លាស់ប្ដូរ ដោយសារសេចក្ដីសម្រេច ឬ ការចាត់ចែងផ្នែករដ្ឋបាលនៅពេលក្រោយ។
* បើមានការភ្លេចបញ្ចូលសេចក្ដីវិនិច្ឆ័យលើចំណុចសំខាន់ៗ ដែលអាចមាន ឥទ្ធិពលទៅលើសាលក្រម ឬ សាលដីកា។
* បើសាលក្រម ឬ សាលដីកា ដែលជាកម្មវត្ថុបណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី មានការប៉ះពាល់ដល់សាលក្រម ឬ សាលដីកាមុនដែលបានចូលជាស្ថាពរហើយ។

ដើម្បីឱ្យមានតម្លាភាព និងយុត្តិធម៌ចំពោះការជំនុំជម្រះសាជាថ្មី តុលាការដែលមានសមត្ថកិច្ចផ្ដាច់មុខនៃការជំនុំជម្រះនោះគឺ តុលាការដែលបានចេញសាលក្រម ឬ សាលដីកាចុងក្រោយដែលចូលជាស្ថាពរនោះ។ ប៉ុន្តែ សមាសភាពចៅក្រមដែលបានចូលរួមក្នុងការវិនិច្ឆ័យចេញសាលក្រម ឬ សាលដីកាស្ថាពរក្នុងរឿងអង្គសេចក្ដីរួចហើយ ពុំអាចចូលរួមក្នុងការជំនុំជម្រះ និង សម្រេចសេចក្ដីអំពីបណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីនោះបានឡើយ។

បណ្ដឹងទាមទារឱ្យជំនុំជម្រះសារជាថ្មី ត្រូវធ្វើនៅក្នុងអំឡុងពេល ៣០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលភាគីបានដឹងអំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មី ក្រោយពេលសាលក្រម ឬ សាលដីកាចូលជាស្ថាពរហើយ ឬ ៥ ឆ្នាំដោយគិតចាប់ពីសាលក្រម ឬ សាលដីកាចូលជាស្ថាពរ ឬ មូលហេតុនៃការជំនុំជម្រះសាជាថ្មីកើតឡើង។

ម្យ៉ាងវិញទៀត បណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី អាចធ្វើឡើងដោយតតិយជនបាន ក្នុងករណីដែលភាគីដើមចោទ និងចុងចម្លើយរួមគំនិតគ្នាទទួលយកនូវសាលក្រម ឬ សាលដីកា ក្នុងបំណងដែលធ្វើឱ្យតតិយជនបាត់បង់សិទ្ធិ និងផលប្រយោជន៍។ ក្នុងករណីនេះគឺ ដើមចោទ និងចុងចម្លើយក្លាយជាសហចុងចម្លើយ។ ចំពោះនីតិវិធីនៃការជំនុំជម្រះសាជាថ្មី ត្រូវយកនីតិវិធីនៃការជំនុំជម្រះលើកទី១ មកអនុវត្ដដូចគ្នាផងដែរ។

សរុបជារួមមក ការជំនុំជម្រះសាជាថ្មីនីតិវិធីរដ្ឋប្បវេណីដែលផ្ដល់ឱកាសឱ្យ ភាគីដែលយល់ឃើញថាមានមូលហេតុដែលនាំមកនូវភាពអយុត្តិធម៌ ដោយសាលក្រម ឬសាលដីកាស្ថាពរ អាចទាមទារឱ្យធ្វើការជំនុំជម្រះជាថ្មីម្ដងទៀតបាន។ ក៏ប៉ុន្ដែតែការជំនុំជម្រះសាជាថ្មីនេះ មិនអាចឱ្យភាគីក្នុងរឿងក្ដីចេះតែទាមទារឱ្យជំនុំជម្រះបានតាមតែចិត្តចង់ទេ គឺត្រូវតែមានមូលហេតុនៃការជំនុំជម្រះសាជាថ្មីច្បាស់លាស់ ដែលមានកំណត់នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីដូចបានរៀបរាប់ខាងលើ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

 

...

2021-04-05 11:00:16

...

2021-03-30 08:53:29

...

2021-03-22 14:44:25

...

2021-03-16 10:06:12