023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ ការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

2021-01-13 09:57:52

(ភ្នំពេញ)៖ ក្នុងរយៈពេលជាច្រើនសម័យកាលមកហើយ ក្រដាសប្រាក់ត្រូវបានប្រជាជនទូទៅនិយមប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់ផ្សេងៗ ដោយហេតុថាវាមានភាពងាយស្រួល និងឆាប់រហ័ស។ ក្រោយពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ហើយទីផ្សារសេដ្ឋកិច្ចកាន់តែរីកចម្រើន យើងឃើញថាប្រជាជនចាប់ផ្ដើមប្រើមធ្យោបាយផ្សេងៗដើម្បីទូទាត់សង ឬផ្ទេរប្រាក់ពីគ្នាទៅវិញទៅមក ដែលក្នុងនោះរួមមានការប្រើប្រាស់មូលប្បទានប័ត្រ (សែក) និងប្រភេទផ្សេងទៀតនៃឧបករណ៍អាចជួញដូរបាន។ ដោយហេតុថា ដំណើរការនៃការទូទាត់ឧបករណ៍ទាំងនេះតម្រូវឱ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ ទើបយើងមាន «ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់» ដើម្បីគ្រប់គ្រង ដែលមានចែងអំពីនីតិវិធីក្នុងការប្រើប្រាស់ កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ រួមទាំងទោសប្បញ្ញត្តិផងដែរ។

អត្ថបទយល់ដឹងផ្នែកច្បាប់មួយនេះ ដើម្បីវែកញែកកាន់តែច្បាស់ថា តើឧបករណ៍អាចជួញដូរបានមានអ្វីខ្លះ? ហើយអ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ច និងការទទួលខុសត្រូវដូចម្ដេច?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖

«ឧបករណ៍អាចជួញដូរបាន» នៅក្នុងន័យនេះ គឺសំដៅទៅលើបញ្ជា ឬការសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីទូទាត់សងប្រាក់តាមចំនួនកំណត់ណាមួយ ដែលអាចផ្ទេរបានតាមរយៈការប្រគល់។ ឧបករណ៍អាចជួញដូរបាន ដែលស្ថិតក្រោមការគេ្រប់គ្រងនៃ «ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់» រួមមានមូលប្បទានប័ត្រ រូបិយាណត្តិ និងប័ណ្ណសងតាមបញ្ជា។ ជាទូទៅ យើងសង្កេតឃើញថា មូលប្បទានប័ត្រមានភាពពេញនិយមជាងគេ ជាពិសេសក្នុងវិស័យជំនួញ និងដំណើរការអាជីវកម្មនាពេលបច្ចុប្បន្ន។

ឧបករណ៍អាចជួញដូរបានទាំងបីប្រភេទនេះ សុទ្ធសឹងតែត្រូវបានប្រើប្រាស់ក្នុងគោលបំណងទូទាត់សងប្រាក់ ប៉ុន្តែក៏មានលក្ខណៈខុសគ្នាមួយចំនួនដូចខាងក្រោម៖

១៖ «មូលប្បទានប័ត្រ (Checks)» គឺជាបញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌទៅកាន់ធនាគារ ដើម្បីឱ្យធនាគារទូទាត់ចំនួនប្រាក់ជាកំណត់ណាមួយឱ្យទៅបុគ្គលមួយទៀត ឬ អ្នកកាន់។ នៅលើមូលប្បទាប័ត្រ ត្រូវមាន បញ្ជាដោយឥតលក្ខខណ្ឌឱ្យទូទាត់ចំនួនទឹកប្រាក់ជាកំណត់មួយ ឈ្មោះអ្នកដែលធនាគារត្រូវទូទាត់សងប្រាក់ កន្លែងដែលត្រូវធ្វើការទូទាត់ប្រាក់ កាលបរិច្ឆេទដែលមូលប្បទាប័ត្រត្រូវបានចេញ និងហត្ថលេខារបស់អ្នកចេញ។ ភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមានបីគឺ អ្នកចេញមូលប្បទានប័ត្រ ធនាគារដែលត្រូវទូទាត់សងប្រាក់ និងអ្នកទទួលប្រាក់ដែលមានឈ្មោះនៅលើមូលប្បទានប័ត្រ។ អ្នកមានសិទ្ធិទទួលប្រាក់ អាចទៅបើកប្រាក់ពីធនាគារក្នុងកំឡុងពេល ០៦ ខែ ចាប់ពីកាលបរិច្ឆេទដែលមូលប្បទាប័ត្រត្រូវបានចេញ។

២៖ «រូបិយាណត្តិ (Bills of Exchange)» គឺជាបញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌ ចេញដោយភាគីទីមួយឱ្យទៅភាគីទីពីរ ដែលតម្រូវឱ្យភាគីទីពីរដែលទទួលបញ្ជានោះ ទូទាត់ចំនួនប្រាក់ជាកំណត់ណាមួយឱ្យទៅភាគីទីបី។ នៅលើរូបិយាណត្តិត្រូវមាន បញ្ជាដោយឥតលក្ខខណ្ឌឱ្យទូទាត់ចំនួនទឹកប្រាក់ជាកំណត់មួយ ឈ្មោះបុគ្គលត្រូវទូទាត់សងប្រាក់ រយៈពេលកំណត់ដែលត្រូវទូទាត់ កន្លែងត្រូវទូទាត់ ឈ្មោះបុគ្គលដែលត្រូវទទួលប្រាក់ កាលបរិច្ឆេទ និងកន្លែងដែលរូបិយាណត្តិត្រូវបានចេញផ្សាយ និងហត្ថលេខារបស់អ្នកចេញបញ្ជា។ ភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមានបីគឺ អ្នកចេញបញ្ជាលើរូបិយាណត្តិ អ្នកទទួលបញ្ជាដែលត្រូវទូទាត់សងប្រាក់ និងអ្នកទទួលប្រាក់។ អ្នកចេញបញ្ជា និងអ្នកទទួលប្រាក់អាចជាបុគ្គលតែមូយ។ អ្នកទទួលបញ្ជាត្រូវធានាលើស្វីការ (ការយល់ព្រមលើការអនុវត្តតាមបញ្ជា) និងការទទួលទាត់ប្រាក់ទៅតាមចំនួន កាលបរិច្ឆេទ និងទីតាំងកំណត់។

៣៖ «ប័ណ្ណសងតាមបញ្ជា (Promissory Notes)» គឺជាការសន្យាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌ ដែលធ្វើឡើង និងចុះហត្ថលេខាដោយបុគ្គលជាអ្នកចេញប័ណ្ណ ដែលសន្យាសងចំនួនប្រាក់ជាកំណត់មួយឱ្យទៅបុគ្គលមួយទៀត ឬ អ្នកកាន់។ ជាទូទៅប័ណ្ណប្រភេទនេះ ត្រូវបានចេញដោយកូនបំណុល ដែលសន្យាសងប្រាក់ទៅឱ្យម្ចាស់បំណុល។ នៅលើប័ណ្ណសងតាមបញ្ជាត្រូវមាន ការសន្យាទូទាត់សងនូវចំនួនកំណត់ណាមួយ រយៈពេលកំណត់និងកន្លែងត្រូវទូទាត់សងប្រាក់ ឈ្មោះរបស់បុគ្គលដែលត្រូវទទួលប្រាក់ កាលបរិច្ឆេទនិងកន្លែងដែលប័ណ្ណត្រូវចេញផ្សាយ និងហត្ថលេខារបស់អ្នកចេញប័ណ្ណដែលសន្យាថាសងប្រាក់នោះ។ ភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមានតែពីរប៉ុណ្ណោះគឺ អ្នកសន្យាថាសងប្រាក់ (អ្នកចេញប័ណ្ណ) និងអ្នកទទួលប្រាក់ ហើយភាគីទាំងពីរនេះមិនអាចជាបុគ្គលតែមួយនោះទេ។

ទន្ទឹមនឹងការបំពេញលក្ខខណ្ឌតាមទម្រង់របស់ឧបករណ៍អាចជួញដូរបានខាងលើនេះ ភាគីពាក់ព័ន្ធក៏ត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួនទៅតាមការកំណត់ ដែលមានចែងនៅច្បាប់ពាក់ព័ន្ធផងដែរ បើមិនដូច្នោះទេ ភាគីអាចនឹងត្រូវទទួលទោសផ្នែករដ្ឋបាល ឬទោសព្រហ្មទណ្ឌជាធរមាន។ ជាក់ស្ដែង មាត្រា ២៣០ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានផ្ដល់សិទ្ធិឱ្យធនាគារជាតិផ្ដន្ទាទោសខាងវិន័យ ចំពោះបុគ្គលណាដែលមិនទូទាត់សងបំណុលរបស់ខ្លួន ពាក់ព័ន្ធជាមួយឧបករណ៍អាចជួញដូរបាន រួមមានការព្រមាន ការស្ដីបន្ទោស ការហាមឃាត់ ឬដាក់កំហិតក្នុងការចេញផ្សាយឧបករណ៍អាចជួញដូរបាន និងការបង់ការប្រាក់នានា។

លើសពីនេះទៅទៀត ក្នុងករណីដែលដល់ថ្ងៃកំណត់ទូទាត់សងប្រាក់ហើយ បុគ្គលដែលមានកាតព្វកិច្ចសងនោះបែរជាមិនសង បុគ្គលនោះត្រូវទទួលទោសព្រហ្មទណ្ឌតាម មាត្រា ២៣១ នៃច្បាប់ខាងលើ ត្រង់កថាខណ្ឌទី៣ ចំនុចទី៣ ដែលចែងថា៖ «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី ពីរ (០២)លាន ដល់ប្រាំមួយ (០៦)លានរៀល និងត្រូវផ្តនា្ទទោសជាប់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅ បី (៣)ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»

សរុបមកវិញ នៅពេលដែលការប្រើប្រាស់ឧបករណ៍អាចជួញដូរបានកាន់តែមានការកើនឡើង បុគ្គលពាក់ព័ន្ធគួរគប្បីស្វែងយល់ពីលក្ខខណ្ឌទម្រង់ ព្រមទាំងកាតព្វកិច្ចដែលកំណត់ដោយច្បាប់ និងត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀងវាងការទទួលទោសទណ្ឌ ឬបង្កការប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2021-04-05 11:00:16

...

2021-03-30 08:53:29

...

2021-03-22 14:44:25

...

2021-03-16 10:06:12