023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងសើរើក្នុងរឿងព្រហ្មទណ្ឌ

2021-01-29 08:49:10

(ភ្នំពេញ)៖ ប្រទេសនីមួយៗបង្កើតច្បាប់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជៀសវាងបុគ្គលដែលមានគំនិតទុច្ចរិតបង្កបទល្មើស ឬបង្កគ្រោះថ្នាក់ដល់បុគ្គលណាម្នាក់។ ច្បាប់បានបញ្ញតិ្តយ៉ាងម៉ត់ចត់នូវពិរុទ្ធភាពរបស់ជនល្មើស និងផ្តន្ទាទោសទៅតាមការប្រព្រឹត្តិរបស់ជននោះ ប៉ុន្តែច្បាប់ក៏បានទុកសិទ្ធិដល់ជនល្មើសក្នុងការប្តឹងតវ៉ាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការបានគ្រប់ដំណាក់កាលនីតិវិធី ទាំងតុលាការជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត និងតុលាការយោធា) និងតុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និងតុលាការកំពូល)។

លើសពីនេះ ទោះបីជាសាលក្រម ឬ សាលដីកា បានចូលជាស្ថាពររួចហើយក៏ដោយ ក៏ទណ្ឌិតអាចធ្វើការតវ៉ាចំពោះការផ្តន្ទាទោសនេះបានដែរ ក្នុងករណីមានលេចចេញនូវតម្រុយថ្មី ដូចមានបញ្ញតិ្តក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីយល់កាន់តែច្បាស់ដូច្នេះក្នុងសប្តាហ៍នេះ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្តឹងសើរើក្នុងរឿងក្តីព្រហ្មទណ្ឌ» មកធ្វើការបកស្រាយជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

បណ្ដឹងសើរើអាចធ្វើទៅបានក្នុងរឿងក្ដីព្រហ្មទណ្ឌ គ្រប់ទោសដែលបានប្រកាសរួចចូលជាស្ថាពរ និងគ្រប់សេចក្ដីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់ ជាសមត្ថកិច្ចរបស់សភាពេញអង្គនៃតុលាការកំពូល។ បណ្ដឹងសើរើ ជាផ្លូវតវ៉ាមួយប្រឆាំងនឹងសាលក្រម ឬសាលដីកាដែលស្ថាពរ ហើយដែលមានអាជ្ញាអស់ជំនុំ (អាជ្ញាអស់ជំនុំ ជាគោលការណ៍មួយដែលតុលាការសម្រេចឲ្យជនណារួចខ្លួនជាស្ថាពរហើយ ជននោះមិនអាចត្រូវចោទប្រកាន់ទៀតទេចំពោះអំពើដដែល ទោះបីជាក្រោមការកំណត់ឈ្មោះ បទល្មើសថ្មីផ្សេងក៏ដោយ)។

ចំពោះករណីអាចបើកបណ្ដឹងសើរើ៖

១៖ កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាត មានលេចតម្រុយយ៉ាងគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យគិតថា ជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ។

២៖ កាលណាជនជាប់ចោទពីរនាក់ត្រូវផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះ ដោយការផ្តន្ទាទោសទាំងពីរនេះមិនចុះសម្រុងគ្នាទេ។
៣៖ កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស ធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។
៤៖ កាលណាមានអង្គហេតុថ្មី ឬ លិខិត ឬ ភស្ដុតាងថ្មីដែលនាំឲ្យគេសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិត។

ចំពោះសិទ្ធិរបស់បុគ្គលដែលអាចប្ដឹងសុំឲ្យសើរើរឿងក្ដី៖

១៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
២៖ ទណ្ឌិត ឬ អ្នកតំណាងស្របច្បាប់ ប្រសិនបើទណ្ឌិតនោះជាអសមត្ថជន
៣៖ សហព័ទ្ធ ឪពុក ម្ដាយ កូន និងជាទូទៅជនណាដែលមានផលប្រយោជន៍ខាងសម្ភារៈ ឬខាងផ្លូវចិត្តក្នុងការលប់បំបាត់ទណ្ឌកម្មនេះ ក្នុងករណីដែលទណ្ឌិតបានទទួលមរណភាព ឬ បាត់ខ្លួន។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មុននឹងទៅប្តឹងតុលាការកំពូល អាចសុំដល់អគ្គព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដីឲ្យធ្វើការស្រាវជ្រាវបន្ថែមបាន។

ពាក្យបណ្តឹងសើរើត្រូវធ្វើនៅចំពោះមុខក្រឡាបញ្ជីនៃតុលាការកំពូល ហើយក្រឡាបញ្ជីផ្តល់ដំណឹងក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីឲ្យដើមបណ្តឹងបំពេញពាក្យបណ្តឹងរបស់ខ្លួន ប៉ុន្តែប្រធានតុលាការកំពូលអាចធ្វើការពន្យារពេលនេះបាន។ ប្រសិនបើសភាព្រហ្មទណ្ឌបានសម្រេចថាអាចទទួលបណ្តឹងសើរើ នោះសភាពេញអង្គរបស់តុលាការកំពូលនឹងត្រូវជំនុំជម្រះលើអង្គហេតុ និងអង្គច្បាប់។ ចំពោះសវនាការលើបណ្តឹងសើរើត្រូវប្រព្រឹត្តទៅជាសាធារណៈ។

សរុបមក បណ្ដឹងសើរើ អាចព្យួរការអនុវត្តទោសបានដោយមានមូលហេតុច្បាស់លាស់ និងអាចលើកលែងទោស តាមការបើកផ្លូវឲ្យទណ្ឌិត ឬបុគ្គលដែលអាចប្តឹងសើរើបាន តវ៉ានឹងសាលក្រម ឬសាលដីកាស្ថាពរ ហើយសេចក្ដីសម្រេចនៃបណ្ដឹងនេះ ជាសេចក្ដីសម្រេចចុងក្រោយ និងមិនអាចធ្វើការប្ដឹងសើរើបានទៀតឡើយ៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.

...

2021-04-05 11:00:16

...

2021-03-30 08:53:29

...

2021-03-22 14:44:25

...

2021-03-16 10:06:12