023 986 245 |078 272 785

Language :

យល់ដឹងផ្នែកច្បាប់៖ គោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ

2021-01-29 08:51:39

(ភ្នំពេញ)៖ ជាគោលការណ៍នៅក្នុងការសម្រេចសេចក្ដីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ចៅក្រមជាបុគ្គលដែលមានអំណាចឆន្ទានុសិទ្ធិ នៅក្នុងការវិនិច្ឆ័យសម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌ ចំពោះបទល្មើសណាមួយលើបុគ្គលណាម្នាក់ ដើម្បីឱ្យមានភាពត្រឹមត្រូវ និងយុត្ដិធម៌ តម្រូវឱ្យចៅក្រមនោះធ្វើការវិនិច្ឆ័យដោយពិចារណាស្របតាមលក្ខខណ្ឌមួយចំនួនដែលកំណត់ដោយច្បាប់។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្ដិនូវគោលការណ៍ពិសេសមួយដើម្បីផ្ដល់ជាមូលដ្ឋានដល់ចៅក្រម ក្នុងការយកមកពិចារណា វិនិច្ឆ័យ ដើម្បីកំណត់អំពីទំហំនៃទោសព្រហ្មទណ្ឌ ដែលនឹងត្រូវប្រកាសចំពោះជនជាប់ចោទ ដែលគោលការណ៍នេះហៅថា «គោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ»

តើអ្វីទៅជាគោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ? តើគោលការណ៍នេះមានកំណត់អំពីលក្ខខណ្ឌអ្វីខ្លះ?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «គោលការណ៍ឯកត្តកម្មនៃទោសព្រហ្មទណ្ឌ» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

ជាគោលការណ៍ធំៗរបបនៃការប្រកាសទោសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងនូវគោលការណ៍សំខាន់ៗចំនួន ០២ គឺគោលការណ៍ឯកត្ដកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ និងគោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ។ គោលការណ៍ឯកត្ដកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ គឺសំដៅដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ មានន័យថាបុគ្គលណាជាអ្នកប្រព្រឹត្តបទល្មើស បុគ្គលនោះជាអ្នកទទួលខុសត្រូវទោសព្រហ្មទណ្ឌ មិនអាចឱ្យអ្នកដទៃ ឬសាច់ញាតិរបស់ខ្លួនទទួលទោសជំនួសទ្បើយ ទោះបីទោសនោះជាប្រភេទទោសអ្វីក៏ដោយ ប៉ុន្តែលើកលែងចំពោះអនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនទទួលខុសត្រូវព្រហ្មទណ្ឌទ្បើយ។ ចំណែកគោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ គឺជាគោលការណ៍ដែលត្រូវបានបង្កើតឡើងទុកជាមូលដ្ឋានគ្រឹះដល់ចៅក្រមជំនុំជម្រះពិចារណាទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗដែលបានប្រព្រឹត្តបទល្មើស ដើម្បីឈាន ទៅដល់ការប្រកាសទោសព្រហ្មទណ្ឌ។

យោងតាមមាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិអំពីគោលការណ៍ឯកត្តកម្មនៃទោស ដែលមានខ្លឹមសារថា «តុលាការប្រកាសទោសដោយផ្អែកទៅលើស្ថានទម្ងន់ និងកាលៈទេសៈនៃបទល្មើស ទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទ ទៅលើសភាពផ្លូវចិត្ត ទៅលើធនធាន និងបន្ទុក ទៅលើមូលហេតុ ព្រមទាំងទៅលើកិរិយាមាយាទរបស់ជនល្មើស ក្រោយពេលប្រព្រឹត្តបទល្មើស ជាអាទិ៍ ចំពោះជនរងគ្រោះ»

ខ្លឹមសារនៃមាត្រានេះ គឺជាគោលការណ៍មូលដ្ឋានដែលមានបញ្ញាតិនៃក្រមព្រហ្មទណ្ឌ សម្រាប់ចៅក្រមយកមកពិចារណាអំពីស្ថានភាពរបស់ជនល្មើស ក្នុងពេលប្រព្រឹត្តបទល្មើស ក្រោយពេលប្រព្រឹត្តបទល្មើស ពិចារណាអំពីចរិតលក្ខណៈ ឬសភាពផ្លូវចិត្តរបស់ជនជាប់ចោទ និងទំហំព្យសនកម្មបង្កដល់ជនរងគ្រោះ និងសង្គមជាតិជាដើម មុននឹងធ្វើការប្រកាសទោសព្រហ្មទណ្ឌ។

ជាការពិតណាស់ មុននឹងធ្វើការសម្រេចអំពីការផ្ដន្ទាទោសលើបទល្មើសនីមួយៗ តុលាការចាំបាច់សិក្សាពីមូលហេតុ និងកត្តាជំរុញដែលនាំឱ្យមានបទល្មើស និងកិរិយាមាយាទក្រោយពេលប្រព្រឹត្តបទល្មើស ដោយគោរពនឹងភាពមិនរើសអើង និងស្មើភាពគ្នា ភាពសមាមាត្រនៃទោស និងគោលការណ៍ដោយឡែកដោយផ្អែកលើស្ថានភាពប្រែប្រួលរបស់ជនល្មើសនីមួយៗ។ ផ្ទុយទៅវិញ បើការប្រកាសទោសពុំបានឆ្លងកាត់ការវិនិច្ឆ័យដោយគោរពតាមគោលការណ៍ឯកត្តកម្មនៃទោសទេ ការជំនុំជម្រះលើទោស នឹងនាំឱ្យមានភាពលម្អៀង និងអយុត្តិធម៌។

លើសពីនេះទៅទៀត គោលការណ៍នេះក៏ជាមូលដ្ឋានសំខាន់ពាក់ព័ន្ធនឹងរបបទូទៅនៃការប្រកាសទោសរបស់តុលាការ ពោលគឺត្រូវប្រកាសទោសដោយគោរពគោលការណ៍ឯកត្តកម្មនៃទោសដែលអាចឱ្យចៅក្រមធ្វើការពិចារណាក្នុងការសម្រេចលើ ការប្រកាសមូលទោស ការប្រកាសទោសជំនួស ការប្រកាសទោសបន្ថែមលើមូលទោស ការប្រកាសទោសការងារសហគមន៍ ការព្យួរទោសធម្មតា ការព្យួរទោសសាកល្បង របបពាក់កណ្ដាលសេរីភាព និងការបែងចែកទោសជាប្រភាគ ជាអាទិ៍។

សរុបមក គោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ គឺជាគោលការណ៍ពិសេសមួយដែលមានបញ្ញត្ដិនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឡើងដើម្បីកំណត់ជាមូលដ្ឋានគ្រឹះមួយសម្រាប់ចៅក្រមជំនុំជម្រះធ្វើការថ្លឹងថ្លែង ពិចារណា និងប្រើប្រាស់អំណាចឆន្ទានុសិទ្ធិដោយគោរពតាមគោលការណ៍នេះ ក្នុងការប្រកាសទោសព្រហ្មទណ្ឌ ទៅតាមកម្រិតនៃអំពើដែលជនជាប់ចោទបានប្រព្រឹត្ត និងទំហំព្យសនកម្មដែលបានបង្កដល់ជនរងគ្រោះ និងសង្គមជាតិ ដើម្បីផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាអនុប្រធានផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...

2021-04-05 11:00:16

...

2021-03-30 08:53:29

...

2021-03-22 14:44:25

...

2021-03-16 10:06:12