023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ យន្ដការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា

2020-04-22 13:58:17

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដ​ទុកដា​ក់ខ្ពស់ក្នុង​ការគោរព​នូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ​ឯកជន​ភាពរបស់​បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅអំឡុងឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិ​បាលមួយ ដែលច្បា​ប់នេះបានបញ្ជាក់ពីការទទួលបាននូវ សិទ្ធិកម្មសិទ្ធិនៅលើ​ដីធ្លី​តា​មរ​យៈសន្តតិកម្ម កិច្ចស​ន្យា ឬ ដោយការ​ផ្លាស់ប្ដូរពី «ការកាន់​កាប់បណ្តោះ​អាសន្ន» ទៅជា «កម្មសិ​ទ្ធិពេញលេញ» ជាអាទិ៍។

ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិ​បាលបច្ចុ​ប្បន្នត្រូវបានប្រកាស​ឱ្យប្រើ ដែល​ច្បាប់​នេះអ​នុញ្ញាត​ឱ្យមា​នកម្មសិទ្ធិឯ​កជនលើ​ដីធ្លីពេ​ញលេ​ញនៅកម្ពុជា ព្រមទាំ​ងបាន​បង្កើតឱ្យមាន នូវប្រព័ន្ធ​បញ្ជីឈ្មោះដីធ្លី និងមា​នប័ណ្ណកម្ម​សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ទន្ទឹម​នឹងនោះ កម្ពុជា​បាន​ទទួលជំនួយពី​ធនាគា​រពិភពលោក ក្នុងការរៀបចំការចុះបញ្ជីដីធ្លីលក្ខណៈ ​ជាប្រព័​ន្ធដើ​ម្បីចេ​ញប័ណ្ណ​កម្មសិ​ទ្ធិជូនប្រ​ជាពល​រដ្ឋផងដែរ។ នៅក្នុងអំ​ឡុង​ពេលចុះ​បញ្ជី​ដីធ្លីនេះ យើងបាន​ប្រឈ​មនឹង​បញ្ហាច​ម្បង​ធំ គឺវិវាទដីធ្លី ដែលទា​មទារចាំបា​ច់ឱ្យ​មានកា​រដោះ​ស្រាយជាបន្ទាន់ជូនបង​ប្អូនប្រជាព​លរដ្ឋ ផងដែរ។ តើកម្ពុជា​មានយ​ន្ដការ​អ្វីខ្លះក្នុងការ​ដោះ​ស្រា​យវិវា​ទដី​ធ្លី?​

ដើម្បីស្វែង​យល់ឱ្យកា​ន់តែច្បាស់អំពី «យន្ដការ​ដោះស្រាយ​វិវាទដីធ្លីនៅកម្ពុជា» កម្មវិធីយ​ល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុម​មេធាវីកម្ពុជាសហ​ប្រតិបត្ដិការ​អន្ដរជាតិ សូម​លើកយ​កប្រធាន​បទនេះ​មកធ្វើ​ការប​ក​ស្រាយជូនប​ងប្អូនប្រជាពលរដ្ឋ​ដូចខាងក្រោម ៖​

អនុលោមតាមស្មារតី​ប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារ​កិច្ចរ​បស់តុលា​ការ និងគណៈក​ម្មការ​សុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ) ប្រភេទគឺ ១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លី​ដែលមានប័​ណ្ណសម្គាល់សិទ្ធិគ្រប់ប្រ​ភេទចេញដោយរ​ដ្ឋបាល​សុ​រិយោដី ត្រូវស្ថិត​ក្រោមសមត្ថ​កិច្ចរបស់តុលាការ និង ២៖ វិវាទដីធ្លីដែ​លមិនទាន់បាន​ចុះបញ្ជីសុរិយោដី គឺដីធ្លីដែ​លពុំទាន់មា​នប័ណ្ណសម្គាល់សិ​ទ្ធិគ្រប់ប្រ​ភេទ​ចេញ​ដោយ​រដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។

១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី

គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។

ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។

ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែល​មិនអាច​សម្រុះ​សម្រួលបានដោយគណៈកម្មការ​រដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។

គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ ៖

ក/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ
ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹង៖ បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ។ បន្ទាប់មក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយៈពេល៣០ ថ្ងៃ បន្ទាប់ពីទ​​ទួលបា​នសេចក្តីជូនដំណឹង។

ការស៊ើបអង្កេតបន្ទាប់ពីទទួ​​លពាក្យបណ្តឹង៖ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់។

បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិតក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ ។

ករណី​ភាគី​វិវាទ​មិនពេ​ញចិត្តចំ​ពោះការច្រាន​ចោលនោះ ភាគីវិ​វាទ​នោះអាចប្តឹង​ទៅគណៈ​កម្មការសុរិយោដី ថ្នាក់​លើបន្ទាប់ក្នុងរយៈពេ​ល ៣០ ថ្ងៃ បន្ទាប់ពីភាគីទ​ទួលបាន​សេចក្តីជូ​នដំណឹង ឬទម្រង់បែ​បបទច្រា​នចោលពាក្យ​បណ្តឹង​នោះ។

អំពីកិច្ចប្រ​​ជុំរដ្ឋបាល៖ គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវអ​ញ្ជើញគូ​ភាគីវិវាទចូលរួម​ប្រជុំរដ្ឋបាល ដើម្បីណែនាំអំពីដំណើរការ និងនីតិវិ​ធីនៃការដោះស្រាយវិវាទ។

ភាគីត្រូវធ្វើការ​ជ្រើសរើស​អ្នកស​ម្រុះសម្រួល ៣ រូប និងទទួលព័ត៌មាន​អំពី​សិទ្ធិរ​បស់ខ្លួន​ក្នុងការជ្រើសរើស បុគ្គល​ណាម្នាក់​ដែលភា​គីជឿជាក់​ថា អាចជួយខ្លួន​បានក្នុងនាម​ជាជំនួយ​ការភា​គី។ ទន្ទឹម​នោះគូ​ភា​គីត្រូវ​កំណត់ពេលវេលាទីកន្លែងដោះ​ស្រា​យជា​មួយនឹងអ្ន​សម្រុះ​ស​ម្រួល ឬគូភាគី​អាចជូ​នដំណឹងអំពីការសុំ​ជំទាស់ពី វិវាទ​ផលប្រយោជន៍​រវាងភាគីណា​មួយ​ជាមួយ​គណៈ​កម្មការ​សុរិយោដី។​

ការសម្រុះសម្រួល៖ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្ដឹង គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវបើក​កិច្ច​ប្រជុំដើ​ម្បី​ស​ម្រេ​ចលើ ដំណើ​រការសម្រុះ​សម្រួល​វិវាទ ហើ​យកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ​ ឬនៅ​កន្លែងដែលជិតនឹងទីតាំងវិវាទ​នោះ។

ការសម្រុះសម្រួល និង/ឬ ការស​ម្រេចរបស់គណៈកម្មការសុរិយោដី ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មានន័យថាជាការដោះស្រាយមួយដោយ យកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈ​របស់គូភាគីវិវាទ​ ដែលសុខចិត្តចែករំលែក​ផលប្រយោជន៍ឱ្យគ្នា​ទៅវិញ​ទៅមក ក្រោមការខិតខំ​ប្រឹងប្រែង​រកវិធី​ដោះ​ស្រាយពីអ្នក​សម្រុះស​ម្រួល។ ភា​គីវិវាទ និងអ្នក​ជំនួយ​ការភាគីត្រូ​វ​ចូលរួម​ក្នុងកិច្ចប្រជុំស​ម្រុះសម្រួ​លនេះ ​ហើយដំ​ណើរការប្រជុំស​ម្រុះសម្រួល ត្រូវស្ថិត​ក្រោមវិធា​ននៃការស​ម្រុះសម្រួលមួ​យ។

ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើ​ករណីវិវាទ ​មិនអាចធ្វើកា​រ​ដោះ​ស្រាយដោយ​ការសម្រុះ​ សម្រួលបានទេ​នោះ គណៈកម្ម​ការសុរិយោ​ដីថ្នាក់​ស្រុក ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោ​ដីថ្នាក់​រាជធានី ​ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។

ការវាស់វែងត្រៀមចេញប័ណ្ណ៖ ក្រោយពេលវិវាទត្រូវបានដោះស្រាយ បញ្ចប់ដោយជោគជ័យទាំងការសម្រុះ សម្រួល ឬសម្រេច គ​ណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចុះធ្វើការវាស់វែ​ងកំណ​ត់ទំហំដី និងព្រំប្រទ​ល់​តាម​ការព្រមព្រៀងរប​ស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទា​ប់មកមន្ទីរៀ​បចំដែនដី នគ​រូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើ​មនីតិវិធី​ចុះប​ញ្ជី​ក្បា​លដី​តាមកា​រស្នើសុំ​រប​ស់ភា​គីវិ​វាទ ។

ខ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីរាជធានី ខេត្ដ
បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ គណៈកម្មការ​សុរិយោដី​ថ្នាក់រាជធានី​ ខេត្ត នឹងព្យាយាម​ធ្វើការ​សម្រុះស​ម្រួលបន្តទៀតតា​ម​នីតិវិធី​ដែល​នកំណត់។ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹងវិវាទ គណៈកម្មការសុរិយោដីរាជធានី ខេត្ដ ត្រូវរៀបចំកិច្ចប្រជុំ​រដ្ឋបា​លរវាងគណៈកម្មការសុរិយោដីខេត្ដ ក្រុង និងភាគីវិវាទ។

បើការសម្រុះសម្រួលមិន​អាចទទួ​លបាន​ជោគជ័​យទេនោះ ​គណៈកម្មកា​រសុរិយោ​ដីថ្នាក់រាជ​ធានី ខេត្ត ត្រូវធ្វើនី​តិវិធីដោយឡែកផ្សេងទៀត គឺ​ការធ្វើសេចក្តី​សម្រេច។ បើភាគីណាមួយមិនសុខចិត្ត ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងសុំឱ្យ គណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន។

គ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ
គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ដ និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល។

ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថ្នាក់រាជធានីខេត្ដ ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាម ធ្វើការសម្រុះសម្រួលបន្ត តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេចនេះ។

២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ

តុលាការមានសមត្ថកិច្ចដោះស្រាយលើទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេខ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះ​បណ្ដឹងតវ៉ានឹ​ងសេចក្ដីសម្រេចរ​បស់គណៈកម្មធិការសុរិយោដី​ថ្នាក់ជាតិ។ ក្រៅពី​នោះតុលាការក៏មានសមត្ថកិ​ច្ចផង​ដែរ ពាក់ព័ន្ធនឹងដីមិនទា​ន់ចុះបញ្ជី (មិនទាន់ចេញប័​ណ្ណកម្មសិទ្ធិ) ដូចជាករណី​បណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និ​ងការអនុវ​ត្ដសិទ្ធិប្រា​តិភោគលើអចលនវត្ថុជាអាទិ៍។ ​ចំពោះវិវាទដីធ្លី​ គឺជាប្រភេទរឿ​ងក្ដីរដ្ឋប្បវេណី ដូចនេះ​ភាគី និងតុលាការត្រូវអនុវត្ដតាមគោ​លការណ៍​នៃនីតិវិធីផ្នែករដ្ឋប្បវេ​ណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។

សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដីដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។ ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

...
យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច...

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទាន...

2022-05-24 18:19:16

...
យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ...

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការ...

2022-05-09 18:33:10

...
យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី...

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវា...

2022-04-25 14:29:31

...
យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ...

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណ...

2022-04-18 08:54:07