023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ប្រទានកម្ម

2020-04-22 14:03:48

(ភ្នំពេញ)៖ អំណោយ គឺជាភាសាសាមញ្ញមួយ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ មានន័យថា​ជាការឱ្យ ឬប្រគល់​នូវវត្ថុ ឬទ្រព្យ​សម្បត្តិ ដោយស្ម័គ្រចិត្តទៅ បុគ្គល​ម្នាក់ទៀត។ ប៉ុន្តែ​ក្នុងន័យ​ច្បាប់ អំណោយត្រូ​វបាន​កំណត់ថា ជាការផ្តល់ឱ្យ​ដោយ​មានឆន្ទៈ​ឯកតោភាគី ចំពោះ​បុគ្គល​ដែលបានកំ​ណត់​ជាក់លាក់ ហៅថា «ប្រទានកម្ម» ។

តើប្រទាន​កម្មជាអ្វី? តើត្រូ​វធ្វើដូច​ម្តេច​ទើបប្រ​ទាន​កម្ម​មាន​អានុ​ភាព​ស្របនឹ​ងច្បាប់? ដូចេ្នះដើ​ម្បី​ឲ្យជ្រាប​ច្បាស់ ក្នុងសប្តា​ហ៍​នេះ កម្មវិធីយ​ល់ដឹងផ្នែក​ច្បាប់រ​បស់​អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធាន​បទ «ប្រទានកម្ម» មកធ្វើ​ការប​ង្ហាញ​ជូន​សាធារណៈ​ជនឲ្យបានយល់​ដឹងដូ​ចខាង​ក្រោម៖

យោងតាមមាត្រា ៥៦៨ នៃក្រម​រដ្ឋប្បវេណី នៃព្រះរា​ណាចក្រ​កម្ពុជា ប្រទា​នកម្ម សំដៅ​ដល់កិច្ចសន្យាមួយ ដែល​ត្រូវមា​នអានុភាព ដោយ​ភាគីម្ខាង​បង្ហាញ​ឆន្ទៈ​ផ្តល់ទៅ​ឱ្យភា​គីម្ខាង​ទៀតនូវទ្រព្យ​សម្បត្តិ ដោយ​មិនយ​កថ្លៃ ហើយភាគី​ម្ខាងទៀត​យល់​ព្រមទទួល។

តាមរយៈនិ​យមន័យ​ខាងលើនេះ ប្រទា​នកម្ម ត្រូវបាន​បង្កើត​ឡើង ដោយ​មាន​ការព្រម​ព្រៀងរ​វាង អ្នកធ្វើ​អំណោយ ហៅថា ទាយក និង អ្នកទទួល​អំណោយ ហៅថា​បដិគ្គាហក តែប៉ុណ្ណោះ។

ប្រទានកម្ម អាច​ត្រូវបាន​ធ្វើឡើង​ដោយផ្ទា​ល់មាត់ ឬជាលា​យល័ក្ខណ៍អក្សរ ហើ​យកម្មវត្ថុ​នៃកិច្ចសន្យា​ប្រទានកម្ម អាច​ជាវត្ថុ ប្រាក់ ប៉ុន្តែ​ចំពោះ អចលនវ​ត្ថុវិញ ប្រទា​នកម្ម​នឹងមានអានុភាព​តាមផ្លូវ​ច្បាប់ លុះត្រា​តែបា​ន​ធ្វើលិ​ខិត​យថា​ភូត។

យោង​តាម​ច្បាប់​ប្រទានក​ម្មត្រូវបានបែ​ងចែ​កជា ៣ ប្រភេទ គឺ ប្រទាន​កម្ម​ដោយមា​នកំណត់​ពេល ប្រទានក​ម្មដោយមានភ្ជាប់បន្ទុក និងប្រ​ទានកម្ម​ដោយមូ​លហេតុម​រណៈភាព៖

ក. ប្រទាន​កម្មដោ​យ​មានកំណត់ពេល៖ គឺជា​ប្រទានកម្ម ដែល​ធ្វើឡើ​ងក្នុងគោ​លបំណង​ផ្តល់តាវកា​លិក​ដោយមា​នកំណត់​ពេល​ជាក់​លាក់មួយ នឹងត្រូ​វបាត់ប​ង់​អា​នុភាព នៅពេល​ដែលទាយ​ក ឬ​បដិគ្គា​ហកបានទទួល​មរណៈ​ភាព។

ខ. ប្រទានកម្មដោយ​មាន​ភ្ជាប់ប​ន្ទុក៖ ប្រទានកម្ម ដែលប​ដិគ្គាហកមា​នករ​ណី​យកិ​ច្ចត្រូវ​បាន​អនុវត្ត ការ​ផ្តល់តាវកាលិ​កជាកំណត់ ដើម្បីទ​ទួលទ្រព្យសម្បត្តិដែល​ជាក​ម្មវត្ថុ​នៃប្រទា​នកម្ម ត្រូវហៅថា ប្រទាន​កម្មដែ​លមាន​ភ្ជាប់បន្ទុក ។ ចំពោះ​ទាយក​ នៃប្រទានកម្ម​ដែល​មាន​ភ្ជាប់បន្ទុក អាចរំ​លាយកិ​ច្ច​សន្យាប្រទាន​កម្មដែ​លមាន​ភ្ជាប់​បន្ទុកនោះ នៅក្នុ​ងករណីដែ​លបដិគ្គាហកមិនបា​​នអនុវ​ត្តបន្ទុក។

គ. ប្រទាន​កម្មដោ​យមូលហេតុ​មរណភាព៖ ប្រទាន​កម្មនេះ​នឹង​មានអានុ​ភាពនៅក្រោ​យពេល​ដែលទាយ​កបាន​ទទួ​ល​មរណៈភាព។

មូលហេតុនៃការលុបចោលប្រទានកម្ម៖

ក. ការលុប​ចោលប្រទានក​ម្មដែលមិនធ្វើ​ជា​លាយល័ក្ខណ៍អក្សរ៖ ភាគី​នៃកិច្ច​សន្យា​អាចលុបចោ​លកិច្ចសន្យា​ប្រទាន​កម្មនេះ​បាន ប្រសិន​បើ​កិច្ចស​ន្យា​នោះមិនបានធ្វើឡើង​ជាលាយលក្ខណ៍​អក្សរ។ ប៉ុន្ដែចំពោះ​ផ្នែក​ដែល​បា​នអនុវត្ដ​រួចហើយ គឺមិន​អាចលុប​ចោលបា​ន​ទេ។

ខ. ការលុប​ចោលប្រទា​នកម្មដោយ​សារ​អំពើ​រំលោភ​លើទំនុក​ចិត្ត៖ ទាយ​កអាច​ធ្វើការ​លុបចោល​ប្រទាន​កម្មបាន​ក្នុងរយៈពេល ៥ ឆ្នាំ ប្រសិន​បើទា​យក​បានដឹងថា បដិគ្គា​ហកបាន​ធ្វើអំពើរំលោភ​លើទំនុក​ចិត្ដធ្ងន់​ធ្ងរចំ​ពោះខ្លួន ។

គ. ការលុបចោល​ប្រទាន​កម្មដោយសា​រភាពទីទ័ល​ក្ររប​ស់ទា​យក៖ ទាយកអា​ចធ្វើ​ការ​លុបចោលប្រទាន​កម្មដែល​បាន​អនុវត្ដ​ហើយបាន ក្នុងរយៈ​ពេល ៥ ឆ្នាំ គិតចាប់ពី​ពេល​ដែល​បាន​អនុវត្ដ ប្រសិន​បើទាយក​នោះ បានធ្លាក់ខ្លួនក្នុង​ស្ថានភាព​ទីទ័ល​ក្រ មិនអាច​រក្សាជីវភា​ពរស់នៅ របស់​ខ្លួន​ដោយផ្ទា​ល់​បាន។

ជារួមមក យើងអាច​ធ្វើការ​សន្និដ្ឋាន​បានថា កិច្ចសន្យា​ប្រទានកម្ម គឺជាកា​រស្ម័គ្រចិត្ត ក្នុងការ​ប្រគល់​នូវ វត្ថុ ឬទ្រព្យ​សម្បត្តិ​របស់ខ្លួន ឱ្យទៅ​ភាគីម្ខា​ងទៀត ដោយមា​នភ្ជាប់ប​ន្ទុក ឬករណីម​រណភាព​របស់ភាគី​ជាដើម។

យ៉ាងណាមិញ​ ប្រទានកម្ម នៅតែអាចកែប្រែបាននៅពេលកិច្ចសន្យាប្រ​ទានកម្មនោះ មិនបាន​ធ្វើឡើង​ជាលាយ​ល័ក្ខណ៍អ​ក្សរ ហើយផ្នែក​មិនទាន់បានកើ​តឡើង ប៉ុន្តែចំ​ពោះផ្នែក​ដែលបា​នអនុវត្ត​ហើយ ទាយកក៏អាច​ធ្វើកា​រទាមទារត្រ​លប់មកវិញ ក្នុងក​រណីមាន​ការរំលោ​ភលើ​ទំនុក​ចិត្តធ្ងន់ធ្ងរ និងភាព​ទីទ័ល​ក្ររ​បស់ទាយក ដែលការ​ទាមទារ​អាចធ្វើបានក្នុ​ងកំឡុង​ពេល ៥ ឆ្នាំ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងអ្នកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច...

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទាន...

2022-05-24 18:19:16

...
យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ...

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការ...

2022-05-09 18:33:10

...
យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី...

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវា...

2022-04-25 14:29:31

...
យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ...

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណ...

2022-04-18 08:54:07