023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ តួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ

2020-04-22 14:31:37

(ភ្នំពេញ)៖ នៅក្នុងតុលាការកម្ពុជាយុត្តាធិការព្រហ្មទណ្ឌ គឺជាយុត្តាធិការមួយដែលជ្រើសរើសប្រព័ន្ធនៃការស៊ើបសួរ ដើម្បីធានាការការពារសិទ្ធិ និងផលប្រយោជន៍ទាំងជនរងគ្រោះ និងជនត្រូវចោទឲ្យស្ថិតនៅក្នុងសមភាពមួយចំពោះមុខច្បាប់។

ហេតុដូចនេះ ដំណាក់កាលចៅក្រមស៊ើបសួរ គឺជានីតិវិធីមួយដ៏សំខាន់នៅក្នុងនីតិវិធីព្រហ្មទណ្ឌ ព្រោះដំណាក់កាលនេះត្រូវបានធ្វើឡើងដោយគោរពសិទ្ធិរបស់ភាគី ទោះជាជនរងគ្រោះ ឬជនត្រូវចោទក៏ដោយ ពោលគឺចៅក្រមស៊ើបសួរ ជាអ្នកស្វែងរកប្រមូលភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសមភាពរវាងគូភាគី និងស្វែងរកឱ្យឃើញនូវការពិត មុននឹងសម្រេចចិត្តឃុំខ្លួន ឬមិនឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ។

ហេតុដូច្នេះ ដើម្បីឱ្យចៅក្រមស៊ើបសួររកការពិតបាន ក្រមនីតិវិធីព្រហ្មទណ្ឌបានផ្ដល់សិទ្ធិអំណាចក៏ដូចជាតួនាទីយ៉ាងសំខាន់ ដល់ចៅក្រមស៊ើបសួរក្នុងវិធានការនៃការស្រាវជ្រាវ ក្នុងដំណាក់កាលស៊ើបសួររបស់ខ្លួន។

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «តួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

១* តួនាទីរបស់ចៅក្រមស៊ើបសួរ៖

ការស៊ើបសួរ គឺជាសិទ្ធិ និងតួនាទីក្នុងការបំពេញកិច្ចរបស់ចៅក្រមស៊ើបសួរ ក្នុងការស្រាវជ្រាវចំពោះអង្គហេតុនៃបទល្មើសព្រហ្មទណ្ឌក្រោយពីទទួលបាន ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ។ ចំពោះកិច្ចស៊ើបសួរទាំងអស់ ត្រូវបានអនុវត្ត និងដឹកនាំផ្ទាល់ដោយចៅក្រមស៊ើបសួរ ដើម្បីប្រមូលភស្តុតាងទាំងអស់ដែលពាក់ព័ន្ធ និងបញ្ជាក់ពីការពិតនៃអង្គហេតុព្រហ្មទណ្ឌចាប់តាំងពីការចាប់ផ្តើមស្រាវជ្រាវរហូតដល់បញ្ចប់ការស៊ើបសួរ។ ការស៊ើបសួរត្រូវធ្វើដោយខានមិនបានចំពោះបទឧក្រិដ្ឋ រីឯចំពោះបទមជ្ឈិម ការស៊ើបសួរអាចធ្វើក៏បាន ឬ មិនធ្វើក៏បាន។

កិច្ចស៊ើបសួររបស់ចៅក្រមស៊ើបសួរ ត្រូវបានគេកំណត់ដូចជា ការដាក់ឱ្យស្ថិតក្រោមការពិនិត្យ ការសួរចម្លើយជនត្រូវចោទ ការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ ការស្ដាប់ចម្លើយសាក្សី ការឆែកឆេរ ការចាប់យកវត្ថុតាង កោសលវិច័យ ការស្តាប់ទូរស័ព្ទ ការចាត់ឱ្យស៊ើបសួរជំនួស និងវិធានការនិរន្តរាយ (ជាវិធានការសំដៅដល់ការចេញដីកាផ្សេងៗដោយចៅក្រមស៊ើបសួរ ដែលក្នុងនោះមានដីកាបង្គាប់ឱ្យចូលខ្លួន ដីកាបង្គាប់ឱ្យនាំខ្លួន ដីកាបង្គាប់ឱ្យចាប់ខ្លួន ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន និងដីកាសម្រេចដាក់ជនត្រូវចោទឱ្យនៅក្រោមការពិនិត្យតាមផ្លូវតុលាការ)។

ចៅក្រមស៊ើបសួរក៏មានតួនាទីបំពេញកិច្ចស៊ើបសួរ តាមការស្នើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់តំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ និងមេធាវី។ ក្នុងករណីមានការស្នើសុំឱ្យបំពេញកិច្ចណាមួយ ចៅក្រមស៊ើបសួរមិនជាប់កាតព្វកិច្ចត្រូវតែស៊ើបសួរតាមការស្នើសុំនោះទេ ដោយចៅក្រមស៊ើបសួរអាចបដិសេធសំណើរបានដោយតម្រូវឱ្យ ជូនដំណឹងដល់អ្នកស្នើសុំ ។ ប្រសិនបើគ្មានការជូនដំណឹងអំពីការបដិសេធដល់អ្នកស្នើសុំទេ នោះអ្នកស្នើសុំអាចប្តឹងឧទ្ធរណ៍ទៅសភាស៊ើបសួរបាន។

កាលណាចៅក្រមស៊ើបសួរយល់ឃើញថាការស៊ើបសួរបានបញ្ចប់ហើយ ចៅក្រមស៊ើបសួរនឹងមានចំណាត់ការដូចតទៅ៖
* ជូនព័ត៌មានពីការបិទការស៊ើបសួរនេះទៅតំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ មេធាវី (ដោយចេញលិខិតជូនដំណឹង ឬ ជូនព័ត៌មាន)។
* បញ្ជូនសំណុំរឿងទៅតំណាងអយ្យការ ២ ថ្ងៃក្រោយជូនដំណឹងអំពីការបិទការស៊ើបសួរ។ ក្នុងរយៈពេលនេះ ប្រសិនបើតំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ មេធាវី ស្នើសុំឱ្យបំពេញកិច្ចស៊ើបសួរបន្ថែម ចៅក្រមស៊ើបសួរត្រូវសម្រេចអំពីបញ្ហានេះ។ ក្រោយពីបានស៊ើបសួរបន្ថែមចប់សព្វគ្រប់ហើយចៅក្រមស៊ើបសួរត្រូវជូនដំណឹងពីការបិទការស៊ើបសួរម្តងទៀត។
* តំណាងអយ្យការបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរភ្ជាប់មកជាមួយ ក្នុងរយៈពេល ១៥ ថ្ងៃ បើជនត្រូវចោទត្រូវឃុំខ្លួន និង ១ ខែ បើជនត្រូវចោទនៅក្រៅឃុំ គិតចាប់ពីថ្ងៃដែលតំណាងអយ្យការបានទទួលសំណុំរឿង។ ដីកាសន្និដ្ឋានស្ថាពរត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ នៅក្នុងដីកាសន្និដ្ឋានស្ថាពរ តំណាងអយ្យការអាចប្តឹងសុំឱ្យចៅក្រមស៊ើបសួរ បញ្ជូនខ្លួនជនត្រូវចោទទៅកាន់តុលាការជំនុំជម្រះ ឬក៏លើកលែងចោទប្រកាន់។
* ចៅក្រមស៊ើបសួរចេញដីកាដំណោះស្រាយដែលមានសំអាងហេតុ និងជូនដំណឹងជាបន្ទាន់ដល់តំណាងអយ្យការ ជនត្រូវចោទដើមបណ្តឹងរដ្ឋប្បវេណីមេធាវី។ ដីកាដំណោះស្រាយអាចជា ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ និងដីកាលើកលែងចោទប្រកាន់។

២* សមត្ថកិច្ចដែនដីរបស់ចៅក្រមស៊ើបសួរ៖

ក្នុងនីតិវិធីនៃការស៊ើបសួរ ចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចដែនដីដើម្បីបំពេញតួនាទីរបស់ខ្លួន ជាទូទៅគេកំណត់តាមវិធីដូចខាងក្រោម៖
* សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីកន្លែងប្រព្រឹត្តបទល្មើស។
* សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬ ទីសំណាក់របស់បុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស។
* សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស។

ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូប នៅសាលាដំបូងខុសៗគ្នា ហើយទទួលបានបណ្តឹងទាំងអស់គ្នា អំពីរឿងក្តីព្រហ្មទណ្ឌតែមួយដូចគ្នា ទំនាស់នេះត្រូវបានបញ្ជូនទៅ ប្រធានសភាស៊ើបសួរ ដើម្បីសម្រេច។ វិវាទសមត្ថកិច្ចដែនដី រវាងសភាស៊ើបសួរច្រើន ត្រូវសម្រេចដោយប្រធានតុលាការកំពូល ដោយការសម្រេចនេះបិទផ្លូវតវ៉ា។

សរុបជារួមក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានធ្វើការបញ្ញត្តិអំពីតួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរយ៉ាងលំអិត ដោយហេតុថាដំណាក់កាលចៅក្រមស៊ើបសួរ គឺជាដំណាក់កាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌ ក្នុងការស៊ើបសួរទៅលើបទល្មើសដែលត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការមកលើជនត្រូវចោទ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដែលអាចកំណត់ថាជនត្រូវចោទបានប្រព្រឹត្ត ឬ មិនបានប្រព្រឹត្តបទល្មើស។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25

...
យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី...

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ ...

2022-08-15 10:44:17

...
យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន...

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ច...

2022-08-15 10:42:49

...
យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម...

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំ...

2022-07-24 17:34:20