023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ កម្មសិទ្ធិអវិភាគ

2020-04-22 14:32:58

(ភ្នំពេញ)៖ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបែងចែក កម្មសិទ្ធិលើវត្ថុ (ចលនវត្ថុ និងអចលនវត្ថុ) ទៅតាមប្រភេទផ្សេងៗគ្នា និងតាមស្ថានភាពនីមួយៗខុសៗគ្នា។ ក្នុងនោះដែរ កម្មសិទ្ធិអវិភាគ គឺជាសិទ្ធិលើកម្មសិទ្ធិលើវត្ថុ ដែលកម្មសិទ្ធិករច្រើននាក់មាននៅលើវត្ថុតែមួយ ដែលមិនអាចបំបែកបាន។

ដើម្បីយល់កាន់តែច្បាស់ថា តើកម្មសិទ្ធិអវិភាគ មានលក្ខណៈបែបណា? តើម្ចាស់កម្មសិទ្ធិអវិភាគ មានសិទ្ធិនិងកាតព្វកិច្ចយ៉ាងដូចម្តេច? តើគេអាចបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានដែរ ឬទេ?

ហេតុនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទស្ដីពី «កម្មសិទ្ធិអវិភាគ» ជូនប្រជាពលរដ្ឋ ដូចតទៅ៖

យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ២០២ បានឲ្យនិយមន័យថា ស្ថានភាពដែលបុគ្គលច្រើននាក់ មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតតាមចំនួននៅលើទ្រព្យតែមួយ ហៅថា សិទ្ធិអវិភាគ។ ចំពោះភាគចំណែកនៃម្ចាស់កម្មសិទ្ធអវិភាគម្នាក់ៗ ត្រូវបានច្បាប់សន្មត់ថាស្មើគ្នា (មាត្រា ២០៣) ដែលមានន័យថា ប្រសិនបើក្នុងករណីម្ចាស់អវិភាគ មិនបានកំណត់ឱ្យលម្អិត ពីចំនួនចំណែកនៃកម្មសិទ្ធិអវិភាគ ឱ្យបានច្បាស់លាស់នោះទេ ចំណែកនៃកម្មសិទ្ធិករនីមួយៗ គឺស្មើគ្នា។

ក្នុងការគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផលលើវត្ថុអវិភាគ តាមច្បាប់ម្ចាស់កម្មសិទ្ធិករម្នាក់ៗ មានសិទ្ធិអាចធ្វើអនុប្បទាន ឬដាក់ជាប្រោតិភោគនូវចំណែកអវិភាគរបស់ខ្លួន បានដោយមិនចាំបាច់មានការយល់ព្រម ពីកម្មសិទ្ធិករអវិភាគផ្សេងទៀតឡើយ ហើយម្ខាស់បំណុល នៃម្ចាស់កម្មសិទ្ធិអវិភាគនេះ ក៏អាចរឹបអូសចំណែកនោះបានដែល។

សិទ្ធិ និងកាតព្វកិច្ច របស់ម្ចាស់កម្មសិទ្ធិអវិភាគ មាន៤ចំណុច៖
១* ការប្រើប្រាស់វត្ថុកម្មសិទ្ធិអវិភាគ៖ ម្ចាស់កម្មសិទ្ធិករ អាចប្រើប្រាស់វត្ថុជាកម្មសិទ្ធិអវិភាគទាំងមូល តាមសមាមាត្រនៃចំណែករបស់ខ្លួនបាន ។
២* ការថែទាំវត្ថុកម្មសិទ្ធិអវិភាគ៖ ម្ចាស់កម្មសិទ្ធិករអាចធ្វើសកម្មភាពថែទាំ វត្ថុដែលជាកម្មសិទ្ធិអវិភាគ ដោយឯកឯងបាន ។
៣* ការផ្លាស់ប្តូរមុខងារប្រើប្រាស់នៃវត្ថុកម្មសិទ្ធិអវិភាគ៖ លុះណាតែមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិករអវិភាគផ្សេងទៀត។
៤* ការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ៖ កិច្ចការទាំងឡាយដែលទាក់ទងនឹងការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ ត្រូវសម្រចដោយមតិភាគច្រើន តាមតម្លៃនៃចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ។
៥* ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ មានសិទ្ធិទាមទារឲ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានគ្រប់ពេលវេលា។ ប៉ុន្តែម្ចាស់កម្មសិទ្ធិអវិភាគអាចធ្វើកិច្ចសន្យាហាមមិនឲ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគ ក្នុងអំឡុងពេលដែលមិនលើសពី ៥(ប្រាំ) ឆ្នាំ បាន ។

ម្ចាស់កម្មសិទ្ធិករនៃវត្ថុអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់សោហ៊ុយគ្រប់គ្រង ពន្ធដារ តាមភាគចំណែកដែលខ្លួនមានរៀងៗខ្លូន ហើយបើក្នុងករណី ដែលកម្មសិទ្ធិករណាម្នាក់បានបង់សោហ៊ុយ ដើម្បីថែទាំ គ្រប់គ្រង ឬបន្ទុកផ្សេងទៀតដែលលើសពីបន្ទុកដែលខ្លួនត្រូវបង់ ម្ចាស់កម្មសិទ្ធិករនោះអាចធ្វើការទាមទារ អោយមានម្ចាស់កម្មសិទ្ធិករដទៃទៀត សងប្រាក់ដែលខ្លួនបានបង់លើសនោះ តាមសមាមាត្រ នៃចំណែករៀងៗខ្លួន។

មួយវិញទៀត សិទ្ធិនៃការទាមទារខាងលើនេះ ក៏អាចធ្វើបានដែលចំពោះជនដែលបានទទួលបន្តនូវចំណែកកម្មសិទ្ធិអវិភាគផ្សេង ។ លើសពីនេះទៅទៀត ក្នុងករណីដែលម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ បានបោះបង់នូវចំណែករបស់ខ្លួន ឬបានទទួលមរណៈភាព ហើយគ្មានសន្តតិជនទេនោះ ចំណែករបស់បុគ្គលនោះនឹងត្រូវបានទៅម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀត ។

វិធីបែងចែកវត្ថុកម្មសិទ្ធិអវិភាគ មាន២ ប្រភេទ៖
១* ធ្វើការបែងចែកតាមការព្រមព្រៀង៖ ជាគោលការណ៏ វីធីបែងចែកត្រូវធ្វើឡើងដោយការពិភាក្សាគ្នា ក្នុងចំណោមកម្មសិទ្ធិករអវិភាគទាំងអស់ ។
២* ធ្វើការបែងចែកតាមផ្លូវតុលាការ៖ គឺការបែងចែកវត្ថុតាមរូបដើម ការលក់ដេញថ្លៃ និងចែកប្រាក់តាមចំណែក និងការផ្ទេរចំណែកទៅអោយម្ចាស់កម្មសិទ្ធិករអវិភាគណាម្នាក់ដោយផ្តល់សំណង។

ប្រសិនបើ ម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ មានសិទ្ធិលើបំណុលចំពោះម្ចាស់កម្មសិទ្ធិអវិភាគឯទៀត ដោយ សារការថែទាំ ការគ្រប់គ្រង ឬបន្ទុកផ្សេងទៀតទៅលើកម្មវត្ថុអវិភាគ ម្ចាស់កម្មសិទ្ធិអវិភាគ នោះអាចអោយកូនបំណុលសង ដោយយកចំណែកនៃចំណែក នៃវត្ថុអវិភាគដែលជាចំណែករបស់កូនបំណុលបាន។ មួយវិញទៀត ក្នុងករណីដែលមានភាពចាំបាច់ត្រូវលក់វត្ថុ ដែលជាកម្មសិទ្ធិអវិភាគរបស់កូនបំណុលនោះ ម្ចាស់បំណុលអាចទាមទារការលក់ទៅតុលាការបាន ។

សរុបជារួមមក កម្មសិទ្ធិអវិភាគ ជាសិទ្ធិដែលម្ចាស់កម្មសិទ្ធិករច្រើននាក់មានលើ វត្ថុអវិភាគតែមួយ ដែលមិនអាចបំបែកបានហើយ ត្រូវសន្មត់ថាមានសមាមាត្រស្មើៗគ្នា បើម្ចាស់កម្មសិទ្ធិ ពុំបានធ្វើការកំណត់ឲ្យបានច្បាស់លាស់។ ដូចេ្នះម្ចាស់កម្មសិទ្ធិករម្នាក់ៗត្រូវស្វែងយល់អោយបានច្បាស់ពីសិទ្ធិរបស់ខ្លូននៅក្នុងចំណែកអវិភាគនីមួយៗ ដើម្បីកុំឲ្យកើតមានភាពលំបាកបែងចែកនាពេលមានវិវាទ ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និង អ្នកស្រី នូ ពិសី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ឈ្វេងយល់ពី «គំនូរឧស្សាហកម្ម» ដែលជាផ្នែកមួយនៃកម្មសិទ...

(ភ្នំពេញ)៖ គំនូរឧស្សាហកម្ម ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណា...

2022-01-19 08:26:07

...
យល់ដឹងផ្នែកច្បាប់៖ ការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា...

(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្...

2022-01-03 08:49:13

...
យល់ដឹងផ្នែកច្បាប់៖ អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី...

(ភ្នំពេញ)៖ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងទូទៅបានស្គាល់រួចមកហើយថា អ្វីទៅដែល...

2021-12-27 08:42:28

...
យល់ដឹងផ្នែកច្បាប់៖ ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី...

(ភ្នំពេញ)៖ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្...

2021-12-21 09:07:17