023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទឃាតកម្ម

2020-04-22 14:33:41

(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន» ហេតុដូច្នេះសិទ្ធិរស់រានមានជីវិតនេះ មិនសំដៅតែលើប្រជាពលរដ្ឋគ្រប់រូបទេ សូម្បីតែឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរក៏ទទួលបានការការពារដោយសិទ្ធិនេះផងដែរ។

ក្នុងករណីដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សដោយចេតនាវាគឺជាបទល្មើស «ឃាតកម្ម»។ តើបទល្មើសឃាតកម្មមានន័យដូចម្ដេច? ហើយអ្នកប្រព្រឹត្តនឹងទទួលទោសកម្រិតណា?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទឃាតកម្ម» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

បើយោងតាមវចនានុក្រមរបស់សម្តេចសង្ឈ ជួន ណាត បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់ ឬអំពើបៀតបៀន រីឯសទ្ទានុក្រមពាក្យច្បាប់ ក៏បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនាតាមគ្រប់មធ្យោបាយ ទោះដោយប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី។

ចំពោះក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩ បានបញ្ញត្តិថា៖

«បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ដល់ ១៥(ដប់ប្រាំ)ឆ្នាំ។

«បទឃាតកម្ម» ជាបទល្មើសសកម្ម ដូចនេះការសម្លាប់មនុស្សត្រូវស្តែងឡើងតាមកាយវិការដែលបង្ហាញមកក្រៅ ដោយការប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី និងមានចេតនាក្នុងការធ្វើសកម្មភាពសម្លាប់ ដែលធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ។ ផ្ទុយទៅវិញ ប្រសិនបើការសម្លាប់មនុស្ស កើតចេញពីការរៀបចំគម្រោងសម្លាប់ ឬការសម្លាប់នោះមិនអាចធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ឬការសម្លាប់នោះកើតឡើងក្រៅឆន្ទៈរបស់ជនល្មើស ឬការសម្លាប់កើតឡើងដោយការធ្វើទារុណកម្មផ្សេងៗ ឬការសម្លាប់នោះពុំមែនមានចេតនាសម្លាប់ នោះមិនអាចចាត់ទុកថាជាបទឃាតកម្មនោះទេ ប៉ុន្តែនឹងត្រូវចាត់ទុកជាបទល្មើសផ្សេងដែលមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា។

ឧទាហរណ៍៖ បុរស «ក» បានជេរប្រមាថមើលងាយនារី «ខ» ថាជាស្រីមិនល្អ ដោយសារតែខឹងនឹងសម្តីមើលងាយលើរូបខ្លួនថាជាស្រីមិនល្អ នារី «ខ» បានយកដំបងវាយសំដៅទៅបុរស «ក» ត្រូវចំក្បាលមួយទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ចំពោះករណីខាងលើនេះវាគឺជាបទល្មើស «បទឃាតកម្ម»

សរុបជារួម បទឃាតកម្ម ជាអំពើផ្ដាច់ហូតយកជីវិត និងប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត ព្រមទាំងបង្កឲ្យមានភាពវឹកវរដល់សង្គម ដែលត្រូវបានគេចាត់ទុកជាប្រភេទបទឧក្រិដ្ឋដែលត្រូវ ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាស័យដ្ឋាននៅអគារលេខ ៤៥៣៥ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25

...
យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី...

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ ...

2022-08-15 10:44:17

...
យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន...

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ច...

2022-08-15 10:42:49

...
យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម...

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំ...

2022-07-24 17:34:20