023 986 245 |078 272 785

ភាសា :

យល់ដឹងអំពីច្បាប់៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈ

2020-04-27 08:55:18

(ភ្នំពេញ)៖ អ្នករាជការសាធារណៈ ត្រូវបានគេស្គាល់ជាទូទៅថាជាបុគ្គលដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ នៅក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន អ្នករាជការសាធារណៈតែងតែជួបនូវឧបសគ្គនានា ដោយពេលខ្លះមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់នូវអំពើហិង្សា និងសកម្មភាពទុច្ចរិតផ្សេងៗដើម្បីធ្វើការតទល់ និងរារាំងកុំឱ្យការអនុវត្តច្បាប់ ទទួលបានជោគជ័យ។

អំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បទបញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ។ ដើម្បីយល់កាន់តែច្បាស់ថាតើ «បទប្រឆាំងនឹងអ្នករាជការសាធារណៈ» មានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៌នេះសូមធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

បទប្រឆាំងនឹងអ្នករាជការសាធារណៈ បញ្ញត្តិទ្បើងក្នុងគោលបំណងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយទៅលើអ្នករាជការសាធារណៈ ក្នុងពេលបំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ។ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥០៣ បានបញ្ញត្តិថា «ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការតទល់ដោយប្រើហិង្សានឹងអ្នករាជការ សាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចតុលាការ»

តាមខ្លឹមសារនេះគឺសំដៅលើរាល់សកម្មភាពទាំងឡាយណាដែលធ្វើការប្រឆាំងតទល់នឹងអ្នករាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខណ្ឌ តួនាទីរបស់ខ្លួន ហើយការប្រឆាំងក្នុងសញ្ញាណនៃបទល្មើសនេះ គឺផ្ដោតលើសកម្មភាពប្រឆាំងទាំងឡាយណាស្ដែងឡើងមានលក្ខណៈជាហិង្សា ដែលធ្វើឱ្យមានការរំខាន ឬប៉ះពាល់ដល់ការបំពេញតួនាទីរបស់អ្នករាជការសាធារណៈ។ ពាក្យថាហិង្សាត្រង់ចំណុចនេះសំដៅលើសកម្មភាពមួយចំនួនដូចជា ការប្រើកម្លាំងដោយមានសកម្មភាពវាយតប់ ទាត់ធាក់ ប្រើអាវុធ ឬការគប់ដុំថ្ម និងសកម្មភាពហិង្សាក្រោមរូបភាពផ្សេងៗទៀតទៅលើអ្នករាជការសាធារណៈ ដែលជនបង្កបានដឹងយ៉ាងជាក់លាក់ថាជាអ្នករាជការសាធារណៈដែលកំពុងបំពេញបេសកកម្មការងាររបស់ខ្លួន។

សកម្មភាពដែលស្ដែងឡើងក្នុងរូបភាពដូចបានរៀបរាប់ខាងលើ ត្រូវបានកំណត់ថាជាបទប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ លើសពីនេះ យោងតាមមាត្រា ៥០៤ ពាក់ព័ន្ធនឹងស្ថានទម្ងន់នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល នៅក្នុងករណីដូចតទៅ៖

១-ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកផ្សំគំនិត។
២- ចារីមានអាវុធ។

សរុបមកបទប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវបានបញ្ញត្តិទ្បើងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយ ទៅលើអ្នករាជការសាធារណៈក្នុងពេល បំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ ព្រមទាំងដាក់ទោសទណ្ឌទៅលើជនបង្កដែលបានប្រើហិង្សាគ្រប់រូបភាព ទៅលើអ្នករាជសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ទ្បេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25

...
យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី...

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ ...

2022-08-15 10:44:17

...
យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន...

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ច...

2022-08-15 10:42:49

...
យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម...

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំ...

2022-07-24 17:34:20