023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការគ្រប់គ្រងដោយឈឺឆ្អាល

2020-05-11 08:48:01

(ភ្នំពេញ)៖ ការជួយគ្នាទៅវិញទៅមករវាងអ្នកជិតខាង សាមគ្គីភាពក្នុងសង្គម និងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក មានសារៈសំខាន់ណាស់នៅក្នុងជីវភាពរបស់មនុស្សយើង ។ ប៉ុន្តែយើងដឹងច្បាស់ហើយថា ការជួយគ្នាទៅវិញទៅមកបែបនេះគឺជា ការជ្រៀតជ្រែកចូលក្នុងកិច្ចការអ្នកដទៃ ព្រោះថាជាទូទៅ បុគ្គលមានសេរីភាពខាងឆន្ទៈ កាលណាគ្មានឆន្ទៈ គឺគ្មានកាតព្វកិច្ច ហេតុនេះគ្មាននរណាម្នាក់អាចចាប់បង្ខំបុគ្គលណាមួយឲ្យមានកាតព្វកិច្ចចំពោះអំពើមួយបានឡើយ បើគេគ្មានឆន្ទៈ នេះយោងទៅតាមទ្រឹស្ដីនៃស្វ័យភាពបុគ្គល។ 

ប្រសិនបើយើងអនុវត្តគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនឲ្យជាក់លាក់ទៅ ការជួយគ្នាទៅវិញទៅមកបែបនេះត្រូវបានវាយតម្លៃថា ខុសច្បាប់ ។ ដោយសារតែហេតុផលនេះហើយ ជាករណីលើកលែងចំពោះគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិ្តដែលធ្វើឱ្យ ការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការរបស់អ្នកដទៃ ជាអំពើមិនខុសច្បាប់ ដែលច្បាប់បានកំណត់ថា «ការគ្រប់គ្រងដោយឈឺឆ្អាល»

តើអ្វីទៅជាការគ្រប់គ្រងដោយឈឺឆ្អាល? ដូច្នេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីអត្ថន័យនៃការគ្រប់ គ្រងដោយឈឺឆ្អាល កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការគ្រប់គ្រងដោយឈឺឆ្អាល» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

យោងតាមស្មារតីនៃមាត្រា ៧២៩ នៃក្រមរដ្ឋប្បវេណីបានកំណត់និយមន័យថា៖ ការចាប់ផ្ដើមគ្រប់គ្រងកិច្ចការដើម្បីបុគ្គលដទៃ ឬការជ្រៀតជ្រែកចូលកិច្ចការអ្នកដទៃ តាមរយៈការជួយគ្នាទៅវិញទៅមក ដោយគ្មានសិទ្ធិអំណាច គឺជា «ការគ្រប់គ្រងដោយឈឺឆ្អាល» ។ ចំពោះបុគ្គលដែលធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ហៅថា អ្នកគ្រប់គ្រងដោយឈឺឆ្អាល។ ពោលដើម្បីឲ្យសកម្មភាពនោះជាការគ្រប់គ្រង ដោយឈឺឆ្អាល អ្នកគ្រប់គ្រងចាំបាច់ត្រូវមានឆន្ទៈគ្រប់គ្រងកិច្ចការនោះគឺដើម្បីបុគ្គលដទៃ។

ករណីថា បើបុគ្គលដែលគ្រប់គ្រងដោយឈឺឆ្អាលគ្មានឆន្ទៈក្នុងការគ្រប់គ្រងទេ សកម្មភាពគ្រប់គ្រងនោះមិនត្រូវបានចាត់ទុកជាការគ្រប់គ្រងដោយឈឺឆ្អាលឡើយ ហើយអ្នកគ្រប់គ្រងនោះនឹងមិនអាចទាមទារឲ្យសងវិញនូវសោហ៊ុយដែលបានចំណាយសម្រាប់ការគ្រប់គ្រងនោះទេ។

ឧទាហរណ៍៖ “ក” ជាអ្នកជិតខាង “ខ” ហើយ “ខ” មិនបាននៅផ្ទះនោះទេ ស្រាប់តែនៅថ្ងៃនោះមានភ្លៀង និងខ្យល់បក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យទ្វារបងផ្ទះ “ខ” រលំ ឃើញដូច្នេះ “ក” ខ្លាចថាអាចនឹងមានចោរចូល ដូច្នេះ “ក” ក៏បានហៅជាងឲ្យមកជួសជុលអស់ប្រាក់ចំនួន USD ២០០ (ពីរយដុល្លារអាមរិក)។ ករណីនេះ “ក” អាចទាមទារសោហ៊ុយដែលខ្លួនបានចំណាយនោះពី “ខ” វិញបាន ។

អំពីករណីយកិច្ចជាមូលដ្ឋានរបស់អ្នកគ្រប់គ្រង៖ អ្នកគ្រប់គ្រងដោយឈឺឆ្អាល មានករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតដើម្បីគ្រប់គ្រងកិច្ចការ តាមវិធីសមរម្យជាងគេដើម្បីផលប្រយោជន៍របស់សាមីខ្លួន លក្ខខណ្ឌនេះ គឺជាការការពារដល់សាមីខ្លួនក្នុងការបង់សោហ៊ុយច្រើនហួសហេតុ ដោយការគ្រប់គ្រងដោយឈឺឆ្អាលនោះ ឬ ក៏ជាការធ្វើឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ក្នុងនាមជាអ្នកជួយគ្រប់គ្រងដោយភាពសុចរិត និងឆ្លើយតបទៅនឹងអំពើមនុស្សធម៌ ប្រកបដោយសីលធម៌ និងសមធម៌រវាងបុគ្គលឯកជន។

ប្រសិនជាអ្នកគ្រប់គ្រងមិនបានបំពេញករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុច រិតទេ នោះសកម្មភាពគ្រប់គ្រងនោះត្រូវចាត់ទុកថា ខុសច្បាប់ ហើយអ្នកគ្រប់គ្រងត្រូវទទួលខុសត្រូវក្នុងការសងសំណងចំពោះការខូចខាតដែលកើតឡើងពីការខកខាននោះ។ ពោលករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត មានន័យថា ជាការគ្រប់គ្រងកិច្ចការដោយមានការយកចិត្តទុកដាក់ខ្ពស់។

លើសពីនេះប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានដឹង ឬមិនបានដឹងអំពីឆន្ទៈរបស់សាមីខ្លួន ឬប្រសិនបើអាចដឹងអំពីឆន្ទៈនោះបាន ត្រូវធ្វើការគ្រប់គ្រងដោយផ្អែកតាមឆន្ទៈនោះ មានន័យថាចំពោះវិធីដែលសមរម្យជាងគេ ប្រសិនបើអ្នកគ្រប់គ្រងបានដឹង ឬ អាចដឹងអំពីឆន្ទៈរបស់សាមីខ្លួន អ្នកគ្រប់គ្រងនោះត្រូវគ្រប់គ្រងដោយផ្អែកតាមឆន្ទៈ យោងតាមមាត្រា៧២៩ ដដែល ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងមិនអាចដឹងអំពីឆន្ទៈពិតប្រាកដទេ អ្វីដែលសមស្របជាងគេនោះ គឺត្រូវកំណត់ដោយឆន្ទៈរបស់អ្នកគ្រប់គ្រងផ្ទាល់។

ឧទាហរណ៍៖ ភ្ជាប់ទៅនឹងឧទាហរណ៍ខាងលើ ដោយទ្វាររបងផ្ទះខាងលើជារបងឈើ ហើយ “ក” មិនច្បាស់ថា “ខ” មានបំណងធ្វើទ្វាររបងថ្មី ឬយ៉ាងណានោះទេ តែជាក់ស្ដែង “ក” ខ្លាចថាអាចនឹងមានចោរចូល ដូច្នេះ “ក” ក៏សម្រេចតាមឆន្ទៈរបស់ខ្លួនដោយបានហៅជាងឲ្យមកជួសជុលធ្វើទ្វាររបងឈើដដែល។ ដូច្នេះការជួយបែបនេះ គឺត្រូវបានចាត់ទុកថាជាវិធីដែលសមស្របជាងគេ ពីព្រោះការជួយយកអាសារគ្នាបែបនេះជាអំពើល្អ និងសមរម្យជាងគេ។

មួយវិញទៀតគឺ ការគ្រប់គ្រងដោយឈឺឆ្អាលក្នុងភាពបន្ទាន់ ស្របតាមមាត្រា៧៣០ នៃក្រមរដ្ឋប្បវេណីបានបញ្ញតិ្តថា៖ ប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ដើម្បីជៀសវាងគ្រោះថ្នាក់ នៅក្នុងសភាពបន្ទាន់ ចំពោះរូបកាយសាមីខ្លួន កិត្តិយស ឬទ្រព្យសម្បតិ្ត លុះត្រាតែគ្មានគំនិតទុច្ចរិត ឬកំហុសធ្ងន់ធ្ងរ តែប៉ុណ្ណោះទេ ទើបអ្នកគ្រប់គ្រងដោយឈឺឆ្អាល ពុំមានការទទួលខុសត្រូវលើសំណងនៃការខូចខាត ដែលកើតឡើងដោយសារការគ្រប់គ្រងនោះ ពោលក្នុងករណីបន្ទាន់នេះ ទោះបីជាការគ្រប់គ្រងនោះ បណ្ដាលឲ្យមានការខូចខាតក៏ដោយ។

ឧទាហរណ៍៖ នៅថ្ងៃបុណ្យឈប់សម្រាក ក្រុមគ្រួសារលោក “ក” បាននាំគ្នាធ្វើដំណើរកំសាន្តទៅតាមខេត្ត ស្រាប់តែនៅយប់ថ្ងៃនោះ ក៏មានអគ្គីភ័យឆាបឆេះផ្ទះរបស់លោក “ក” ឃើញដូច្នេះលោក “ខ” ដែលជាអ្នកជិតខាងក៏បានទម្លុះទ្វារផ្ទះលោក “ក” ដើម្បីចូលទៅពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះនោះ។ ដូច្នេះក្នុងករណីនេះលោក “ខ” មិនត្រូវទទួលទោសព្រហ្មទណ្ឌ និងទទួលខុសត្រូវលើសំណងដែលបានទម្លុះទ្វារផ្ទះលោក “ក” នោះទេ ព្រោះថា ហេតុការណ៍នេះជាករណីចាំបាច់។

សរុបមកការគ្រប់គ្រងដោយឈឺឆ្អាលគឺ ជាសកម្មភាពរបស់អ្នកដ៏ទៃ ដែលបានជួយគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាពទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ឲ្យតែការជួយ ឬការគ្រប់គ្រងនោះមានភាពសមស្របជាងគេ។ ដោយឡែកចំពោះបុគ្គលដែលធ្វើការប្រតិបត្តិការគ្រប់គ្រងដោយឈឺឆ្អាលត្រូវតែមានឆន្ទៈ សុច្ចរិត និងស្មោះត្រង់។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com (អ៊ីម៉ែល៖president@ciclg.com) គេហទំព័រ៖www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25

...
យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី...

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ ...

2022-08-15 10:44:17

...
យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន...

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ច...

2022-08-15 10:42:49

...
យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម...

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំ...

2022-07-24 17:34:20