023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ កិច្ចសន្យាម៉ៅការ

2020-06-10 08:30:49

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគម្រោងសាងសង់មានការកើនឡើងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាការសាងសង់៖ ភូមិគ្រឹះ វីឡា អាផាតមិន ខុនដូ សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើបជាដើម។ ក្នុងការសាងសង់នូវសំណង់ធំៗទាំងនោះ គឺគេតែងបង្កើតនូវកិច្ចសន្យារវាងម្ចាស់ការ និងអ្នកម៉ៅការ ដើម្បីចងភ្ជាប់នូវកាតព្វកិច្ចរបស់ភាគីនៃកិច្ចសន្យាដែលនោះហៅថា «កិច្ចសន្យាម៉ៅការ»

ដើម្បីយល់កាន់តែច្បាស់អំពីកិច្ចសន្យាម៉ៅការ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទ «កិច្ចសន្យាម៉ៅការ» ជូនប្រជាពលរដ្ឋដូចតទៅ៖

ដោយយោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៦៥២ បានឲ្យនិយមន័យថា កិច្ចសន្យាម៉ៅការ សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថាអ្នកម៉ៅការ មានករណីយកិច្ចសម្រេចការងារដែលព្រមព្រៀង ហើយភាគីម្ខាងទៀត ហៅថាម្ចាស់ការ មានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ។ ចំពោះកម្រៃ គឺត្រូវបង់ដំណាលគ្នានឹងការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការងារ។ បើពុំចាំបាច់ក្នុងការប្រគល់វត្ថុទេ ក្រោយពីបានសម្រេចការងារហើយ អ្នកម៉ៅការអាចទាមទារឲ្យបង់កម្រៃបាន។

ដោយឡែកអ្នកម៉ៅការមានករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈចំពោះម្ចាស់ការ។ បើការងារពុំមានលក្ខណៈដូចបានព្រមព្រៀងទេ ឬ ក្នុងករណីដែលមិនបានព្រមព្រៀងអំពីលក្ខណៈ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេ ត្រូវចាត់ទុកថា ជាការងារមានវិការៈ។ ប្រសិនបើអ្នកម៉ៅការ បានធ្វើការផ្ទុយនឹងការបញ្ជា ឬ បើការងារដែលបានធ្វើនោះមិនគ្រប់ចំនួនទេ ត្រូវចាត់ទុកថា ជាការងារមានវិការៈ ។ ចំពោះការងារមានវិការៈ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការ ឲ្យអនុវត្តការងារពេញលេញ ដោយកំណត់អំឡុងពេលសមរម្យបាន។

ក្នុងករណីនេះ អ្នកម៉ៅការអាចជួសជុលវិការៈនៃការងារនោះ ឬ អាចធ្វើការងារនោះសាជាថ្មីឡើងវិញ ដោយផ្អែកតាមការជ្រើសរើសបាន។ បើការអនុវត្តការងារឲ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ អ្នកម៉ៅការអាចបដិសេធបាន។ បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារឲ្យម្ចាស់ការសងការងារដែលមានវិការៈមកវិញបាន។

នៅពេលដែលការងារមានវិការៈ ម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងផ្ទាល់ ហើយអាចទាមទារសោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈនោះ ពីអ្នកម៉ៅការបាន ប្រសិនបើអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឲ្យពេញលេញនោះ បានកន្លងផុត ឬ ក្នុងករណីដែលការអនុវត្តការងារឲ្យពេញលេញ មិនបានសម្រេច ឬ ក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឲ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឲ្យមានការខូចខាតប្រយោជន៍ដោយមិនត្រឹមត្រូវ ចំពោះម្ចាស់ការ។

ម្ចាស់ការមានសិទ្ធិរំលាយកិច្ចសន្យា ឬ មានសិទ្ធិទាមទារឲ្យបន្ថយតម្លៃ ឬ មានសិទ្ធិទាមទារសំណងនៃការខូចខាត ដោយយកមូលហេតុវិការៈនៃការងារ ឬក្នុងករណីដែលការអនុវត្តការងារ ឲ្យពេញលេញមិនបានសម្រេច ឬ ក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឲ្យពេញលេញដោយអ្នកម៉ៅការនឹងធ្វើឲ្យមានការខូចខាត ផលប្រយោជន៍ដោយមិនត្រឹមត្រូវ ចំពោះម្ចាស់ការ។ ប៉ុន្តែចំពោះការទាមទារសំណងនៃការខូចខាត ប្រសិនបើការអនុវត្តការងារឲ្យពេញលេញនេះចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាត ផលប្រយោជន៍ដោយវិការៈនោះ ម្ចាស់ការមិនអាចទាមទារចំនួនទឹកប្រាក់ ដែលសមរម្យនឹងសោហ៊ុយដែលចាំបាច់ក្នុងការជួសជុលវិការៈនោះ ថាជាសំណងនៃការខូចខាតនោះទេ។

យ៉ាងណាមិញ ទោះបីជាគូភាគីបានព្រមព្រៀងគ្នាធ្វើនូវកិច្ចសន្យាពិសេសមិនទទួលខុសត្រូវក្នុងការធានាក៏ដោយ ចំពោះហេតុការណ៍ដែលបានដឹងហើយ តែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួលខុសត្រូវ ឬ ការកម្រិតការទទួលខុសត្រូវបានឡើយ។ ម្យ៉ាងទៀតម្ចាស់ការអាចរំលាយកិច្ចសន្យា នៅពេលណាក៏បាន ដោយសងសំណាងនៃការខូចខាត រហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។

សរុបជារួម កិច្ចសន្យាម៉ៅការ ជាកិច្ចសន្យាដែលទាមទារឲ្យមានការសរសេរជាលាយលក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ ដោយកំណត់ឲ្យបានច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ភាគីនីមួយៗ។ ប្រសិនបើមិនបានកំណត់នៅក្នុងកិច្ចសន្យាទេ ភាគីត្រូវតែគោរពទៅតាមបញ្ញត្តិដែលបានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឬ នៅក្នុងច្បាប់ពិសេសប្រសិនបើមាន។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25

...
យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី...

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ ...

2022-08-15 10:44:17

...
យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន...

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ច...

2022-08-15 10:42:49

...
យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម...

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំ...

2022-07-24 17:34:20