023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

2020-06-15 14:46:51

(ភ្នំពេញ)៖ ជាទូទៅស្ថានភាពនៃការរស់នៅរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម មិនដូចគ្នានោះទេ ដូចជាស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាទិ៍ ដែលក្នុងនោះយើងឃើញថា មានបុគ្គលមួយចំនួនមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភមួយចំនួនមានភាពក្រីក្រ និងខ្លះទៀតធ្លាក់ខ្លួនក្លាយជាទុរគត់ជន និងអ្នកសូមទានជាអាទិ៍។

អាស្រ័យដូចនេះ ដោយចិត្ដសប្បុរសធម៌ និងសណ្ដោសប្រណី រវាងគ្នានឹងគ្នា មនុស្សម្នាក់ៗត្រូវចេះចែករំលែក និងជួយយកអាសារគ្នាទៅវិញទៅមក ដូចសុភាសិតខ្មែរ ពោលថា ត្រូវចេះជួយគ្នាក្នុងគ្រាក្រ ជាដើម។ លើសពីនោះវប្បធម៌ដែលមាននៅក្នុងសង្គម ដែលតម្រូវឱ្យឪពុកម្ដាយមានករណីកិច្ចចិញ្ចឹមកូន កូនចិញ្ចឹមឪពុកម្ដាយ បងប្អូនផ្គត់ផ្គង់គ្នាទៅវិញទៅមក គឺជាករណីកិច្ចផ្នែកសីលធម៌មួយដែលត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់តាំងពីដើមរៀងមក។

ទន្ទឹមនឹងនោះ ក៏មានស្ថានភាពមួយចំនួន ដែលកូនរមើលគុណឪពុកម្ដាយ ឪពុកម្ដាយបោះបង់កូនចោល បងប្អូនមិនចេះជួយគ្នាក្នុងគ្រាលំបាក សមាជិកគ្រួសារបែកបាក់សាមគ្គីភាព មិនជួយផ្គត់ផ្គង់គ្នាទៅវិញទៅមក ដែលជាស្ថានភាពមួយបង្ករផលប៉ះពាល់ ផ្នែកសីលធម៍ ប្រពៃណីល្អរបស់សង្គមជាតិផងដែរ។

ដោយហេតុដូចនេះ ច្បាប់បានកំណត់នូវសិទ្ធិ និងករណីកិច្ចដល់បុគ្គលម្នាក់ៗ ក្នុងការទាមទារឱ្យមានការផ្គត់ផ្គង់ និងមានករណីកិច្ចផ្គត់ផ្គង់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងញាតិ ដោយឈលើស្ថានភាពទ្រព្យសម្បត្ដិ អាយុ និងស្ថានភាពផ្លូវកាយ ចិត្ដ ជាដើម ដែលការផ្គត់ផ្គង់នេះ ហៅថា «អាហារកាតព្វកិច្ច»។ តើអាហារកាតព្វកិច្ចតាមផ្លូវច្បាប់មានលក្ខណៈដូចម្ដេច? តើបុគ្គលណាខ្លះដែលត្រូវបានកំណត់ជាអ្នកទទួលបានអាហារកិច្ច និងបុគ្គលណាខ្លះដែលជាប់ករណីកិច្ច ផ្គត់ផ្គង់អាហារកាតព្វកិច្ចនេះ?

ហេតុនេះ ដើម្បីយល់កាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទស្ដីពី «អាហារកាតព្វកិច្ចតាមផ្លូវច្បាប់» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា អាហារកាតព្វកិច្ច គឺជាជំនួយផ្នែកហិរញ្ញវត្ថុដល់បុគ្គលដែលមិនអាចទ្រទ្រង់ជីវភាពដោយសមត្ថភាពផ្ទាល់ខ្លួនបាន។ បុគ្គលដែលត្រូវការអាហារកាតព្វកិច្ច ហៅថាជនដែលមានសិទ្ធិទទួលអាហារកាតព្វកិច្ច ឬឯជនដែល់ផ្ដល់អាហារកាតព្វកិច្ចហៅថាជន ដែលមានករណីកិច្ចផ្ដល់អាហារកាតព្វកិច្ច។

ជាទូទៅអាហារកាតព្វកិច្ចមានប្រភេទដូចជា អាហារកាតព្វកិច្ចផ្គត់ផ្គង់ដោយរដ្ឋ អាហាការព្វកិច្ចដែលកើតចេញពីសេចក្ដីសម្រេចរបស់តុលាការក្នុងករណីលែងលះ (អាហារកាតព្វកិច្ចសហព័ទ្ធ និងអាហារកាតព្វកិច្ចចំពោះកូនជាអនីតិជន) និងអាហារកាតព្វកិច្ចឯកជនដែលកំណត់ដោយច្បាប់។

យោងតាមក្រមរដ្ឋប្បវេណីជនដែលមានករណីកិច្ចត្រូវ ផ្គត់ផ្គង់អាហារកាតព្វកិច្ចត្រូវបានកំណត់នៅក្នុងចំណោម ញាតិជាក់លាក់ជាមួយជនដែលមានសិទ្ធិទទួលបានអាហារកាតព្វកិច្ច។ អាហារកាតព្វកិច្ចដែលកំណត់ដោយច្បាប់នេះ គឺជាអាហារកាតព្វកិច្ចឯកជន ដែលផ្ដល់អត្ថប្រយោជន៍ពិសេសនៅក្នុងទំនាក់ទំនងញាតិរបស់បុគ្គលឯកជនម្នាក់ហើយដោយមិនរាប់បញ្ចូល ទំនាក់ទំនងរវាងសហព័ទ្ធ (ប្ដី ប្រពន្ធ) និងទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនដែលជាអនីតិជនឡើយ។

យោងតាមក្រមរដ្ឋប្បវេណីបានកំណត់ទំហំញាតិ និងលំដាប់នៃជនដែលមានករណីកិច្ចផ្គត់ផ្គង់អាហារកាតព្វកិច្ចដូចជា៖
ទី១៖ គឺញាតិដែលរស់នៅជាមួយគ្នា មានន័យថាជាញាតិ ឬរាប់បញ្ចូលទាំងជនដែលក្រៅពីញាតិ ដែលស្ថិតក្រោមដំបូងផ្ទះតែមួយ។
ទី២៖ គឺញាតិលោហិតខ្សែរផ្ទាល់ ដែលរួមមានប្រាំមួយថ្នាក់ ទាំងបច្ឆាញាតិ(ឪពុកម្ដាយ ជីដូនជីតា ជីទួត ជីលួត ជីលា និងជីប៉ា) និងបុព្វញាតិ (កូនបង្កើត ចៅ ចៅទួត ចៅលួត ចៅលា និងចៅប៉ា ) និងទី៣៖ គឺបងប្អូនបង្កើត។

ការទទួលបន្ទុកអាហារកាតព្វកិច្ច គឺគិតរាប់ចាប់ពីថ្នាក់ទី១ មកមុន បើគ្មានញាតិក្នុងថ្នាក់ទី១ ទេ ត្រូវកំណត់យកញាតិតាមលំដាប់បន្ដបន្ទាប់ដូចមានរៀបរាប់ខាងដើមនេះ។ ក្រៅពីជនដែលបាន កំណត់ខាងលើនេះ តុលាការអាចបង្គាប់ឱ្យញាតិ ឬញាតិពន្ធ (ករណីសហព័ទ្ធស្លាប់) នៅក្នុងថ្នាក់ទី៣ ទទួលបន្ទុកករណីកិច្ចផ្គត់ផ្គង់អាហារកាតព្វកិច្ចបាន បើមានស្ថានភាពពិសេស តាមពាក្យសុំរបស់ជនដែលមានសិទ្ធិទទួលអាហារកាតព្វកិច្ច។

មានន័យថា បុគ្គលដែលត្រូវទទួលអាហារកាតព្វកិច្ចនោះមិនមានសល់ញាតិក្នុងលំដាប់ថ្នាក់ទី១ និងទី២ ឡើយ អាចទាមទារឱ្យញាតិថ្នាក់ទី៣ ជាអ្នកផ្គត់ផ្គង់បាន។ ចំពោះករណីនេះ បើមានការផ្លាស់ប្ដូរស្ថានភាព ដូចជាករណីដែលបុគ្គលនេះបានរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជាអាទិ៍ តុលាការអាចលុបចោលនូវសេចក្ដីសម្រេចនោះបានតាមពាក្យសុំរបស់ជន មានកាតព្វកិច្ចផ្គត់ផ្គង់។ បើក្នុងករណីដែលជនមានករណីកិច្ចត្រូវផ្គត់ផ្គង់មានច្រើននាក់ ជនទាំងនោះត្រូវកំណត់ជាក់លាក់អំពីជនម្នាក់ ឬច្រើននាក់ដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចដោយការពិភាក្សា។

បើការពិភាក្សាមិនបានសម្រេច ឬបើពុំមានការពិភាក្សាទេ នោះតុលាការ គឺជាអ្នកកំណត់អ្នកដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចជាក់លាក់ ដោយពិចារណាទៅលើលទ្ធភាពទ្រព្យធន អាយុ ស្ថានភាពផ្លូវកាយ និងផ្លូវចិត្ដ របស់ជនដែលមានករណីកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច ទំនាក់ទំនងបុគ្គលរបស់ភាគី និងស្ថានភាពផ្សេងទៀតទាំងអស់។ ចំណុចខាងលើនេះ ក៏ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលមានបុគ្គលដែលត្រូវទទួលការផ្គត់ផ្គង់អាហារកាតព្វកិច្ចមានច្រើននាក់ ហើយដែលទ្រព្យធនរបស់ជនដែលមានករណីកិច្ចផ្គត់ផ្គង់ ពុំគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ចំពោះជនទាំងអស់នោះ។

ចំពោះកម្រិត និងរបៀបនៃការផ្គត់ផ្គង់ត្រូវបានសម្រេចដោយការពិភាក្សាគ្នារបស់ជនដែលមានករណីកិច្ចផ្គត់ផ្គង់ ឬតាមការកំណត់របស់តុលាការដោយគិតពិចារណាទៅលើសេចក្ដី ត្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ជនទាំងនោះ លទ្ធភាពទ្រព្យធនរបស់ជនដែលមានករណីកិច្ច និងស្ថានភាពផ្សេងទៀតទាំងអស់។

ទំនាក់ទំនងនៃអាហារកាតព្វកិច្ចកិច្ចអាចនឹងត្រូវបានផ្លាស់ប្ដូរ និងលុបចោលទៅវិញ ដោយមូលហេតុដូចខាងក្រោម៖
១៖ ប្រសិនបើមានការផ្លាស់ប្ដូរស្ថានភាព ក្រោយពីបានពិភាក្សា ឬក្រោយពីមានការសម្រេចសេចក្ដីចំពោះជនដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចជាក់លាក់ ឬ ជនទទួលអាហារកាតព្វកិច្ចជាក់លាក់ ឬ កម្រិត ឬ របៀបនៃការផ្គត់ផ្គង់អាហារកាតព្វកិច្ច ភាគីអាចផ្លាស់ប្ដូរទំនាក់ទំនងអាហារកាតព្វកិច្ចដោយការពិភាក្សាបាន។
២៖ បើការពិភាក្សាមិនបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ ភាគីអាចទាមទារទៅតុលាការឱ្យលុបចោល ឬផ្លាស់ប្ដូរការពិភាក្សា ឬការសម្រេចសេចក្ដីដែលធ្វើមុនបាន។
៣៖ ចំពោះករណីស្ដីពីការកំណត់ជាក់លាក់អំពីជនដែលត្រូវបានផ្គត់ផ្គង់អាហារកាតព្វកិច្ច និងជនដែលទទួលអាហារកាតព្វកិច្ច ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលតុលាការ បង្គាប់ឱ្យលុបចោល ឬផ្លាស់ប្ដូរទំនាក់ទំនងនៃអាហារកាតព្វកិច្ចនេះ។

សិទ្ធិទាមទារអាហារកាតព្វកិច្ចត្រូវបានហាមឃាត់ដោយច្បាប់មិនឱ្យមានការចាត់ចែងបានឡើយ ដោយហេតុថាសិទ្ធិនេះ គឺជាសិទ្ធិផ្ដាច់មុខរបស់បុគ្គលត្រូវការចាំបាច់នូវអាហារកាព្វកិច្ច ដែលពុំអាចយកមកធ្វើជាកម្មវត្ថុនៃអនុប្បទាន ប្រទានកម្ម ឬ ការបង្កើតសិទ្ធិប្រាតិភោគសម្រាប់តតិយជន ឬជំនួញផ្សេងៗទៀតបានឡើយ។

សរុបមក យើងឃើញថា អាហារកាតព្វកិច្ច គឺជាសិទ្ធិ និងករណីកិច្ចផ្នែករដ្ឋប្បវេណីមួយប្រភេទដែលកំណត់ចំពោះទំនាក់ទំនងញាតិ ដែលផ្ដោតសំខាន់លើការផ្គត់ផ្គង់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះញាតិ ឬជនដែលបានកំណត់ជាក់លាក់ម្នាក់ ឬច្រើននាក់ ដែលមានតម្រូវការចាំបាច់ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ទៅតាមការកំណត់របស់ច្បាប់។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព...

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្...

2022-06-29 09:47:22

...
យល់ដឹងផ្នែកច្បាប់៖ បណ្ណការងារ និងសៀវភៅការងារជនបរទេស...

(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារ...

2022-06-22 19:39:23

...
យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក...

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹ...

2022-06-15 22:04:06

...
យល់ដឹងផ្នែកច្បាប់៖ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន...

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនអាចមានការភាន់ច្រលំថា ការរៀបពិធីមង្គលការដ...

2022-05-30 09:11:11