023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទស្ដាប់ ឬថតពាក្យសំដីឯកជន

2020-07-17 08:35:44

(ភ្នំពេញ)៖ ក្នុងការរស់នៅប្រចាំថ្ងៃ បុគ្គលម្នាក់ៗរមែងមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក តាមរយៈការជួបជជែកដោយផ្ទាល់ ការឆ្លើយឆ្លងតាមទូរស័ព្ទដៃ ការសន្ទនាតាមបណ្ដាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត។ ក្នុងនោះផងដែរ ការសន្ទនាមួយចំនួនអាចពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ ឬការសម្ងាត់ជំនួញ ដែលសាមីខ្លួនមិនអាច ឬមិនចង់ឱ្យជនទីបីដឹងឮ។

ជីវិតរស់នៅឯកជនរបស់បុគ្គលនឹងត្រូវបានរំលោភបំពាន ប្រសិនបើការសន្ទនាទាំងនោះត្រូវបានគេលួចស្ដាប់ ឬថតចម្លងដោយមិនមានការអនុញ្ញាតជាមុន លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ដូច្នេះដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា តើសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការស្ដាប់ ឬថតពាក្យសម្ដីឯកជន? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទស្ដាប់ ឬថតពាក្យសំដីឯកជន» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖

ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិ ក្នុងការសន្ទនារបស់បុគ្គលឯកជន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិត្រង់មាត្រា៣០១ថា៖ «អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថតហើយ បុគ្គលនោះមិនបានជំទាស់ទេនោះ»

យោងតាមបទបញ្ញត្តិខាងលើ បើគ្មានការអនុញ្ញាតពីបុគ្គលពាក់ព័ន្ធ ឬច្បាប់ទេនោះ គ្មានជនណាម្នាក់អាចស្តាប់ ឬថតពាក្យសម្ដីឯកជន ឬការសម្ងាត់ទាំងនោះបានឡើយ។ ការលួចថតនេះទៀតសោត អាចធ្វើឡើងតាមរយៈការលួចបង្កប់ម៉ាស៊ីនថតសម្លេងនៅពេលសន្ទនាដោយផ្ទាល់ ឬលួចថតសម្លេងនៅពេលសន្ទនាតាមរយៈទូរស័ព្ទជាដើម។

យ៉ាងណាមិញ មាត្រាខាងលើក៏បានបញ្ជាក់ផងដែរថា ទោះបីជាភាគីដែលពាក់ព័ន្ធមិនបាន បញ្ជាក់អំពីការអនុញ្ញាតឱ្យ ស្តាប់ ឬថតសម្ដីឯកជនក៏ដោយ ក៏ប៉ុន្ដែបើភាគីបានដឹងថា មានជនទីបីកំពុងស្ដាប់ ឬថតសម្លេង ដោយមិនបានជំទាស់ ឬហាមឃាត់ណាមួយនោះទេ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការព្រមព្រៀងឱ្យស្ដាប់ ឬថតសម្លេងនូវការសន្ទនានោះ។

ឧទាហរណ៍៖ បុគ្គលម្នាក់ត្រូវបានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយគាត់បានឃើញម៉ាស៊ីនថតសម្លេងនៅលើតុសម្ភាសន៍រួចហើយ ហេតុដូចនេះ ប្រសិនបើបុគ្គលនោះមិនបាន ធ្វើការជំទាស់ទេ សកម្មភាពថតសម្លេងរបស់អ្នកសារព័ត៌មានមិនត្រូវបានចាត់ទុកថាជាបទលើ្មសនោះទេ។

សរុបរួមមក ជនទាំងឡាយណាដែលបាន ស្ដាប់ និងថតពាក្យសម្ដីឯកជន ឬការសម្ងាត់ដោយគ្មានការអនុញ្ញាត ត្រូវទទួលការផ្តន្ទាទោសតាមច្បាប់កំណត់ ដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិឯកជនរបស់ខ្លូន ប្រជាពលរដ្ឋគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន មុនពេលជជែកពិភាក្សាអំពីការសម្ងាត់ផ្សេងៗ និងត្រូវបង្ហាញការជំទាស់ភ្លាមៗ ប្រសិនបើខ្លួនមិនចង់ឱ្យមានការលួចស្តាប់ ឬថតពាក្យសម្ដីឯកជនណាមួយនោះទេ ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ឈ្វេងយល់ពី «គំនូរឧស្សាហកម្ម» ដែលជាផ្នែកមួយនៃកម្មសិទ...

(ភ្នំពេញ)៖ គំនូរឧស្សាហកម្ម ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណា...

2022-01-19 08:26:07

...
យល់ដឹងផ្នែកច្បាប់៖ ការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា...

(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្...

2022-01-03 08:49:13

...
យល់ដឹងផ្នែកច្បាប់៖ អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី...

(ភ្នំពេញ)៖ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងទូទៅបានស្គាល់រួចមកហើយថា អ្វីទៅដែល...

2021-12-27 08:42:28

...
យល់ដឹងផ្នែកច្បាប់៖ ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី...

(ភ្នំពេញ)៖ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្...

2021-12-21 09:07:17