023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សញ្ចារកម្ម

2020-08-24 14:49:28

(ភ្នំពេញ)៖ អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសទៅលើស្រ្តី និងកុមារ ត្រូវបានប្រទេសមួយចំនួននៅលើសកលលោកយកចិត្តទុកដាក់ប្រឆាំងយ៉ាងមុតមាំហើយត្រូវបាន គាំពារដោយអនុសញ្ញា និងពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការផ្តន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ ដែលព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័ន។

រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានហាមឃាត់អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីផងដែរ។ ទោះបីជាអំពើទាំងនោះត្រូវបាន ច្បាប់ប្រឆាំងដាច់ខាតក៏ដោយ ក៏នៅមានបុគ្គលមួយចំនួនតូចបានធ្វើសកម្មភាពបង្ខិតបង្ខំ និងអូសទាញជនរងគ្រោះឱ្យធ្វើពេស្យាចារដើម្បីផលប្រយោជន៍របស់ខ្លួនដែលសកម្មភាពនេះ ជាអំពើសញ្ចារកម្ម។

សញ្ចារកម្ម ជាអំពើមួយដែលចូលរួមចំណែក និងជំរុញឱ្យមានការកើតទ្បើងនូវអំពើពេស្យាចារ និងបទល្មើសផងដែរ។ ដើម្បីយល់កាន់តែច្បាស់ថា អ្វីជាសញ្ចារកម្ម ហើយអំពើនេះត្រូវ ផ្តន្ទាទោសកម្រិតណា?

ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សញ្ចារកម្ម» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

យោងតាមមាត្រា ២៨៤,២៨៨,២៨៩,២៩០ នៃក្រមព្រហ្មទណ្ឌ ២០០៩ បានបញ្ញតិ្តថា៖ អំពើសញ្ចារកម្ម គឺជាអំពើ៖ ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤,០០០,០០០ (បួនលាន) រៀល ទៅ១០,០០០,០០០ (ដប់លាន) រៀល។

ស្ថានទម្ងន់ទោសទាក់ទងនឹងចារី៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០(ដប់) ឆ្នាំ ក្នុងករណីដូចខាងក្រោម៖
១៖ កាលបើសញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យាជាបុព្វញាតិ ឬបច្ឆាញាតិ របស់បុគ្គលដែលធ្វើពេស្យាចារ។
២៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ទៅលើបុគ្គលដែលធ្វើពេស្យាចារ។
៣៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា ប្រើហិង្សា ឬបង្ខិតបង្ខំចំពោះបុគ្គលដែលធ្វើពេស្យាចារ។
៤៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
៥៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ។

ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន ។ លើសពីនេះទៀត សញ្ចារកម្មត្រូវផ្តន្ទាទោសពី ១០(ដប់) ឆ្នាំ ដល់ ២០(ម្ភៃ) ឆ្នាំ កាលបើ សញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យា បានប្រើទារុណ កម្ម ឬអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ ។

សរុបមក សញ្ចារកម្មជាអំពើមួយដែលបានជំរុញ និងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសអំពើនេះបានធ្វើ ឱ្យជនរងគ្រោះទទួលរងនូវការឈឺចាប់ លើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច និងកិតិ្តយសគ្រួសារ ដោយសារការកេងយកផលប្រយោជន៍ពីជនល្មើស។ សញ្ចារកម្មត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថា ជាអំពើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើនេះបានបង្កនូវព្យសនកម្មធំធេងដល់សង្គមជាតិ និងជនរងគ្រោះ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោកស្រី នូ ពិសី ជាជំនួយការផ្នែកច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06