023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បញ្ជីថ្កោលទោស

2020-09-21 09:10:20

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងទំនាក់ទំនងនៃមនុស្សនៅក្នុងសង្គម ការណ៍ដែលបានដឹងអំពីប្រវត្ដិរបស់បុគ្គលម្នាក់ៗ គឺជារឿងមួយចាំបាច់ដែលប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃទៅលើបុគ្គលនោះ មុននឹងសម្រេចបង្កើតនូវទំនាក់ទំនង ការវិនិច្ឆ័យ និងទទួលយក ឬផ្ដល់ឱ្យនូវភារកិច្ចអ្វីមួយ ជាពិសេសអំពីប្រវត្ដិនៃការប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌរបស់បុគ្គលនោះ។

អាស្រ័យដូចនេះ ដើម្បីអាចដឹងថាបុគ្គលម្នាក់ធ្លាប់បានប្រព្រឹត្ដបទល្មើសណាមួយពីមុនមក ឬអត់ចាំបាច់ណាស់ត្រូវតែមានកំណត់ត្រាណាមួយអំពីប្រវត្ដិនៃការផ្ដន្ទាទោសចំពោះបុគ្គលនោះ។ ជាក់ស្ដែងនៅកម្ពុជា ដើម្បីធ្វើការកត់ត្រាអំពីប្រវត្ដិនៃការផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើបុគ្គលណាម្នាក់នោះ យើងបានបង្កើតឱ្យមានឡើងនូវសៀវភៅកំណត់ត្រាមួយដែលត្រូវបានគ្រប់គ្រងដោយ ក្រសួងយុត្ដិធម៌ ដែលហៅថា បញ្ជីថ្កោលទោស។

តើអ្វីទៅជាបញ្ជីថ្កោលទោស? តើបញ្ជីនោះកត់ត្រាអំពីអ្វីខ្លះ? ហើយត្រូវបានគ្រប់គ្រង និងប្រើប្រាស់យ៉ាងម្ដេច?

នៅក្នុងសប្ដាហ៍នេះ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បញ្ជីថ្កោលទោស» មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖

បញ្ជីថ្កោលទោស គឺជាប្រភេទនៃបញ្ជីមួយដែលមានបញ្ញត្ដិ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានកាន់កាប់ដោយអង្គភាពមួយ នៃក្រសួងយុត្ដិធម៍ ដែលជាកំណត់ត្រាទិន្នន័យពិសេសអំពីការផ្ដន្ទាទោសព្រហ្មទណ្ឌស្ថាពរ និងវិធានការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងទោសព្រហ្មទណ្ឌ ព្រមទាំងវិធានការណ៍មួយចំនួនទៀតដែលមាន លក្ខណៈប្រហាក់ប្រហែលនិងទោស ផ្នែករដ្ឋប្បវេណីរបស់ពលរដ្ឋម្នាក់ៗដែលជាទណ្ឌិត ឬធ្លាប់បានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌពីមុនមក ។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ជីថ្កោលទោសត្រូវទទួលសាលកបត្រកំណត់ត្រាអំពី៖
* ការផ្ដន្ទាទោសដែលត្រូវបានប្រកាសដោយតុលាការបរទេស ហើយដែលអនុវត្ដតាមកិច្ចព្រមព្រៀងអន្ដរជាតិ ត្រូវបានជូនដំណឹងមកអាជ្ញាធរកម្ពុជា
* វិធានការលើកលែងទោស និងបន្ធូបន្ថយទោស ដែលប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
* សេចក្ដីសម្រេចក្នុងរឿងដោះលែងដោយមានលក្ខខណ្ឌ
* សេចក្ដីសម្រេចស្ដីពីការបង្ខំដល់រូបកាយ
* សាលក្រម ឬសាលដីកាដែលប្រកាសការក្ស័យធន
* សេចក្ដីសម្រេចឱ្យមានការផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ
* សេចក្ដីសម្រេចបណ្ដេញជនបរទេស។

និទ្ទេសខាងលើនេះនឹងត្រូវចុះនៅក្នុងបញ្ជីថ្កោលទោសកាលណា៖
* ទណ្ឌិតបានទទួលទោសពន្ធនាគារ ឬ ការបង្ខំដល់រូបកាយរួចរាល់ហើយ។
* កាលបរិច្ឆេទនៃការអនុវត្ដទោស ឬ ការបង្ខំដល់រូបកាយនេះ កាលណាទណ្ឌិតបានបង់ប្រាក់ពិន័យ និងប្រាក់ពន្ធនៃនីតិវិធី កាលបរិច្ឆេទនៃការបង់ប្រាក់នេះ។
* ការផ្ដន្ទាទោសណាមួយត្រូវបានទទួលនីតិសម្បទាជាថ្មីដោយពេញលក្ខណៈច្បាប់។

និទ្ទេសខាងលើនេះអាចត្រូវដកចេញពីបញ្ជីថ្កោលទោសនៅក្នុងករណីមួយចំនួន៖
* ការផ្ដន្ទាទោសដែលសម្រេចដោយកំបាំងមុខ កាលណាការផ្ដន្ទាទោសនេះត្រូវទុកជាអាសាបង់នៅពលមានបណ្ដឹងទាស់
* ការផ្ដន្ទាទោសដែលត្រូវបានលុបលាងដោយការលើកលែងទោសជាទូទៅ
* ការផ្ដន្ទាទោសដែលកើតមកដោយការភ័ន្ដច្រឡំអត្ដសញ្ញាណ
* ការផ្ដន្ទាទោសដែលត្រូវបានចាត់ទុកជាអាសារបង់ដោយនីតិវិធីនៃបណ្ដឹងសើរើ។

បញ្ជីថ្កោលទោសក៏ទទួលផងដែរនូវសាលកបត្រដែលទាក់ទងនឹងបុគ្គលកើតនៅឯបរទេស និងបុគ្គលដែលអត្ដសញ្ញាណមិនអាចផ្ទៀងផ្ទាត់មើលបាន ឬ គួរឱ្យសង្ស័យ ហើយនៅក្នុងករណីនេះ ត្រូវចុះនិទ្ទេសពិសេសនៅក្នុងបញ្ជីថ្កោលទោសថាអត្ដសញ្ញាណមិនអាចផ្ទៀងផ្ទាត់មើលបាន ឬអត្ដសញ្ញាណគួរឱ្យសង្ស័យ។

ជាទូទៅព័ត៌មាន និងសាលាកបត្រដែលត្រូវចុះនិទ្ទេសក្នុងបញ្ជីថ្កោលទោស គឺទទួលបានពីនាយដ្ឋានក្រឡាបញ្ជីតុលាការ ប្រធានពន្ធនាគារ និងអង្គភាពរតនាគារដែលពាក់ព័ន្ធនឹង សេចក្ដីសម្រេចផ្ដន្ទាទោស លិខិតជូនដំណឹងអំពីការអនុវត្ដទោស ការបង្ខំដល់រូបកាយ ការបង់ប្រាក់វិន័យ និងព័ត៌មានអំពីវិធានការលើកលែងទោស និងបន្ធូ
បន្ថយទោសដែលប្រទានដោយព្រះមហាក្សត្រ និងសេចក្ដីសម្រេចបណ្ដេញជនបរទេសជាអាទិ៍។

ចំពោះព័ត៌មាននៃបញ្ជីថ្កោលទោសទាក់ទងនឹងនីតិបុគ្គល ត្រូវទទួលចុះសាលកបត្រទាំងឡាយដែលបញ្ជាក់ពីការផ្ដន្ទាទោសគ្រប់ប្រភេទដោយតុលាការព្រហ្មទណ្ឌចំពោះនីតិបុគ្គលនោះ។ អង្គភាពបញ្ជីថ្កោលទោសអាចចេញព្រឹត្ដិបទបញ្ជីថ្កោលទោស ដែលព្រឹត្ដិបត្រនេះ គឺជាសម្រង់នៃនិទ្ទេសទាំងអស់ ឬ មួយផ្នែកដែលមានចុះនៅក្នុងបញ្ជីថ្កោលទោសចំពោះបុគ្គលណាមួយជាកំណត់។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់ព្រឹត្ដិបត្រថ្កោលទោសមាន ៣ លេខគឺ៖
ក៖ ព្រឹត្ដិបត្រលេខ១ នៃបញ្ជីថ្កោលទោស រួមមាននិទ្ទេសទាំងអស់ដែលចុះនៅក្នុងបញ្ជីថ្កោលទោសបុគ្គលនីមួយៗ ដែលព្រឹត្ដិបត្រលេខ១ នេះ អាចចេញឱ្យដល់អាជ្ញាធរតុលាការតែប៉ុណ្ណោះ។

ខ៖ ព្រឹត្ដិបត្រលេខ២ មាននិទ្ទេសទាំងអស់ដែលចុះនៅក្នុងព្រឹត្ដិបត្រលេខ១ លើកលែងតែ៖
* ការផ្ដន្ទាទោសដែលត្រូវបានលុបបំបាត់ដោយការផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ឬដោយពេញលក្ខណៈច្បាប់
* ការផ្ដន្ទាទោសដោយគ្មានការដកហូត
* សាលក្រម ឬសាលដីកាដែលប្រកាសការក្ស័យធនក្នុងករណីដែលទទួលបាននីតិសម្បទាឡើងវិញ។ ព្រឹត្ដិបត្រលេខ២ នេះត្រូវចេញឱ្យដល់អាជ្ញាធរតុលាការអាជ្ញាធរយោធាដែលទទួលពាក្យសុំចូលបំរើក្នុងកងទ័ពភ្នាក់ងារដែលកាន់បញ្ជីពាណិជ្ជកម្ម។ ព្រឹត្ដិបត្រលេខ២ ក៏ត្រូវចេញឱ្យដល់អភិបាលខេត្ដ ក្រុង និងអង្គភាពរដ្ឋផងដែរកាលណាអភិបាលខេត្ដ ក្រុង និងអង្គភាពរដ្ឋបានទទួលពាក្យសុំធ្វើការរដ្ឋ បានទទួលពាក្យស្នើស្ដីពីការងារសាធារណៈ ឬអាបណសញ្ញាសាធារណៈ បានទទួលពាក្យសុំបើកគ្រឹះស្ថានដែលត្រូវតែមានការអនុញ្ញាត ឬនៅក្នុងក្របខណ្ឌនៃនីតិវិធីខាងវិន័យ។

គ៖ ព្រឹត្ដិបត្រលេខ៣ មានចុះតែការផ្ដន្ទា ទោសជាប់ ពន្ធនាគារដោយគ្មានការព្យួរទោសដែលប្រកាសទៅបុគ្គលណាមួយ ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមប៉ុណ្ណោះ។ ក៏ប៉ុន្ដែការផ្ដន្ទាទោសដែលបានទទួល នីតិសម្បទា វិញហើយ គ្មានចុះក្នុង ព្រឹត្ដិបត្រលេខ ៣ទេ។ ព្រឹត្ដិបត្រលេខ ៣ ត្រូវចេញឱ្យដល់សាមីជនដែលពាក់ព័ន្ធ ក្នុងករណីណាក៏ដោយព្រឹត្ដិបត្រលេខ ៣ មិនត្រូវចេញឱ្យដល់តតិយជនទេ។

ប្រកាសរបស់ក្រសួងយុត្ដិធម៍ក៏កំណត់វិធានការណ៍ទាំងឡាយណាដែលចាំបាច់ សម្រាប់ការប្រព្រឹត្ដទៅនៃអង្គភាពបញ្ជីថ្កោលទោស។ ប្រកាសនេះកំណត់ជាអាទិ៍នូវលក្ខខណ្ឌទាំងឡាយដែល សាលកបត្រត្រូវបានបង្កើតឡើង ត្រូវបានត្រួតពិនិត្យ និងត្រូវបានបញ្ជូនដោយក្រឡាបញ្ជីព្រមទាំងលក្ខខណ្ឌទាំងឡាយណានៃការចេញព្រឹត្ដិបត្រ។

កាលណាបុគ្គលណាមួយត្រូវបានផ្ដន្ទាទោសដោយមានភាពខុសអត្ដសញ្ញាណ អយ្យការត្រូវតែសុំឱ្យធ្វើការកែត្រូវបញ្ជីថ្កោលទោសភ្លាម។ ការឱ្យមាននីតិសម្បទាឡើងវិញ លុបលាងចោលទណ្ឌកម្មព្រហ្មទណ្ឌ។ ប៉ុន្ដែទោសនេះនៅតែមានចុះក្នុងបញ្ជីថ្កោលទោសដដែល ដោយមានចុះនិទ្ទេសថា ត្រូវបាននីតិសម្បទាឡើងវិញ។

សរុបមកបញ្ជីថ្កោលទោស គឺជាកំណត់កត់ត្រាដើម្បីឲ្យដឹងថារូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយធ្លាប់មានប្រវត្តអំពីការប្រព្រឹត្តបទល្មើស ឬផ្តន្ទាទោស និងការពិន័យ ជាអាទិ៍ ហើយម្យ៉ាងវិញទៀតវា គឺព្រឹត្ដិបត្របង្ហាញពីភាពស្អាតស្អំដើម្បីឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការងារ មុខរបប និងអាជីវកម្មរបស់ខ្លួន។ល។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី អនុប្រធានផ្នែកសេវាកម្មច្បាប់ និង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06