023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការឈប់សម្រាកដោយមានប្រាក់ឈ្នួល

2020-10-19 15:15:35

(ភ្នំពេញ)៖ នៅក្នុងដំណើរការបំពេញការងារប្រចាំថ្ងៃ និយោជក និងកម្មករនិយោជិតទាំងអស់ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដាច់ខាតត្រូវគោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ និងប្រកាសនានាដែលពាក់ព័ន្ធ។

ទាក់ទងនឹងបញ្ហាឈប់សម្រាក និយោជិតមានសិទ្ធិក្នុងការឈប់សម្រាកតាមការអនុញ្ញាតដោយច្បាប់ ប៉ុន្តែបែរជាមាននិយោជកមួយចំនួនរំលោភបំពានដោយហាមឃាត់មិនឱ្យកម្មករឈប់សម្រាក តាមរយៈការគម្រាមកាត់ប្រាក់ឈ្នួល ឬយកលេសដើម្បីបញ្ឈប់ពីការងារជាដើម។

កន្លងមក មានកម្មករនិយោជិតជាច្រើនត្រូវទទួលរងការគាបសង្កត់នេះ ដោយហេតុថាពួកគេមិនធ្លាប់បានដឹងអំពីសិទ្ធិក្នុងការឈប់សម្រាករបស់ខ្លួន និងសិទ្ធិទទួលបានប្រាក់ឈ្នួលសម្រាប់ការសម្រាកមួយចំនួនឡើយ។

ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឈប់សម្រាក ដោយមានប្រាក់ឈ្នួល» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងជាពិសេសបងប្អូនកម្មករនិយោជិត ដើម្បីបង្ហាញឱ្យច្បាស់ថា តើការឈប់សម្រាកប្រភេទណាខ្លះ ដែលនិយោជិតនៅតែអាចទទួលបានប្រាក់ឈ្នួល?ហើយសិទ្ធិនេះត្រូវបានកម្រិត និងត្រូវបំពេញលក្ខខណ្ឌដូចម្ដេចខ្លះ?

ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត ច្បាប់ស្ដីពីការងារនៃព្ររាជាណាចក្រកម្ពុជា បានតម្រូវឱ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ការឈប់សម្រាក ០៦ ប្រភេទ រួមមាន ការសម្រាកប្រចាំសប្ដាហ៍ ការឈប់សម្រាកនៅថ្ងៃបុណ្យ ការឈប់ដោយជម្ងឺ ការសម្រាកមាតុភាព ការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកពិសេស។

ការឈប់សម្រាកនីមួយៗ សុទ្ធសឹងតែមានការកំណត់ និងភ្ជាប់ជាមួយនូវលក្ខខណ្ឌដូចខាងក្រោម៖
១៖ ការសម្រាកប្រចាំសប្ដាហ៍ គឺជាការអនុញ្ញាតឱ្យនិយោជិតឈប់សម្រាកយ៉ាងតិច ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយជាគោលការណ៍ គឺគេជ្រើសយកថ្ងៃអាទិត្យ។ ក្នុងករណីដែលមើលឃើញថា ការឈប់សម្រាករបស់បុគ្គលិកទាំងអស់ក្នុងថ្ងៃតែមួយអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់សហគ្រាស គេអាចរៀបចំឱ្យមានការសម្រាកផ្លាស់វេន ឬប្ដូរថ្ងៃគ្នាបាន ប៉ុន្តែត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុនសិន។

២៖ ការឈប់បុណ្យដែលមានប្រាក់ឈ្នួល សំដៅដល់ការអនុញ្ញាតឱ្យនិយោជិតអាចឈប់សម្រាកនៅថ្ងៃបុណ្យ ដោយនៅតែទទួលបានប្រាក់ឈ្នួលពីនិយោជកដដែល។ ជារៀងរាល់ឆ្នាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកទទួលបន្ទុកក្នុងការចេញប្រកាស ដែលកំណត់ពីចំនួនថ្ងៃបុណ្យ ឈ្មោះបុណ្យ និងកាលបរិច្ឆេទច្បាស់លាស់ ដើម្បីឱ្យស្ថាប័ន និងគ្រឹះស្ថាននានាយកទៅអនុវត្ត។ ជាក់ស្ដែងសម្រាប់ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញប្រកាសលេខ ៣៩៩/១៩ក.ប ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ដែលមានថ្ងៃបុណ្យចំនួនដល់ទៅ ២២ ថ្ងៃ ។

៣៖ ការឈប់ដោយជម្ងឺ គឺជាការផ្ដល់សិទ្ធិឱ្យនិយោជិតសុំច្បាប់ឈប់សម្រាកនៅពេលដែលឈឺ ដោយមិនមានការកាត់ប្រាក់ឈ្នួលឡើយ។ ក្នុងករណីដែលឈប់លើសពី ០២ថ្ងៃ និយោជិតត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ ភា្ជប់មកជាមួយនឹងពាក្យសុំច្បាប់។ ការឈប់សម្រាកពេលមានជម្ងឺ មិនត្រូវរាប់បញ្ជូលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំឡើយ (មាត្រា ១៦៦ កថាខណ្ឌ ៥ នៃច្បាប់ស្ដីពីការងារ)។

៤៖ ការសម្រាកមាតុភាព គឺជាការផ្ដល់សិទ្ធិឱ្យស្ត្រីឈប់សម្រាកចំនួន កៅសិបថ្ងៃ ដើម្បីសម្រាលកូន ដោយទទួលបានប្រាក់ឈ្នួលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង (មាត្រា ១៨២ កថាខណ្ឌ ១ និងមាត្រា ១៨៣ កថាខណ្ឌ ១ នៃច្បាប់ស្ដីពីការងារ) ។ យ៉ាងណាមិញប្រាក់ឈ្នួលក្នុងអំឡុងពេលសម្រាកមាតុភាពនេះ អាចទទួលបានសម្រាប់តែស្ត្រីដែលបានបំពេញការងារក្នុងសហគ្រាស យ៉ាងតិចមួយឆ្នាំរៀងមកតែប៉ុណ្ណោះ។ ការផ្ដល់អត្ថប្រយោជន៍បែបនេះបានជំរុញឱ្យស្ដ្រីមានទឹកចិត្តចូលរួមក្នុងវិស័យការងារ និងហាមឃាត់មិនឱ្យនិយោជកយកលេសបញ្ឈប់ស្ត្រីពីការងារ នៅពេលឈប់សម្រាកសម្រាលកូនឡើយ។

៥៖ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល សំដៅដល់ការឈប់សម្រាកនៅថ្ងៃការងារធម្មតា ដែលមិនមែនជាថ្ងៃបុណ្យជាតិផ្សេងៗ ដោយមិនត្រូវបានកាត់ប្រាក់ឈ្នួល។ ជាទូទៅ កម្មករនិយោជិតមានសិទ្ធិឈប់សម្រាកចំនួន ១ថ្ងៃកន្លះ ក្នុងមួយខែ ឬ ១៨ថ្ងៃ ក្នុងមួយឆ្នាំ ដោយផ្អែកតាមមាត្រា ១៦៦ នៃច្បាប់ស្ដីពីការងារ។

គួរបញ្ជាក់ផងដែរថា ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលនេះ អាចយកមកអនុវត្តបានលុះត្រាតែនិយោជិតបានបំពេញការងារគ្រប់មួយឆ្នាំរួចមកហើយ។ ថិរវេលានៃថ្ងៃឈប់សម្រាកនេះ ត្រូវបន្ថែមតាមអតីតភាពការងាររបស់និយោជិតក្នុងសហគ្រាស ដោយត្រូវបន្ថែមមួយថ្ងៃ ក្នុងរយៈពេលធ្វើការបានបីឆ្នាំ។

៦៖ ការឈប់សម្រាកពិសេស អាចអនុញ្ញាតឱ្យនិយោជិតសម្រាកមិនលើសពីប្រាំពីរថ្ងៃដោយមានប្រាក់ឈ្នួល ក្នុងឱកាសមានព្រឹត្តការណ៍ដែលប៉ះពាល់ផ្ទាល់ដល់គ្រួសារនៃនិយោជិត ដូចថាការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន ប្រពន្ធសំរាលកូន រៀបអាពាហ៍ពិពាហ៍កូន ឳពុកម្តាយមានជម្ងឺ ឬទទួលមរណភាពជាដើម។ ការឈប់សម្រាកពិសេសនេះអាចកាត់កងជាមួយ ថ្ងៃឈប់សម្រាកប្រចាំឆ្នាំបាន ប៉ុន្តែប្រសិនបើនិយោជិតបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនរួចអស់ហើយ និយោជកអាចតម្រូវឱ្យនិយោជិតធ្វើការសងវិញនៅពលក្រោយ។

សរុបមកវិញ និយោជកដែលជាម្ចាស់គ្រឹះស្ថាន ឬសហគ្រាសទាំងអស់ គប្បីត្រូវអនុវត្តតាមគោលការណ៍នៃការបើកប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកដែលបានរៀបរាប់ខាងលើឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងពីការរំលោភបំពានលើសិទ្ធិកម្មករនិយោជិតដែលជាសកម្មភាពផ្ទុយនឹងច្បាប់។ ទន្ទឹមនឹងនេះផងដែរ បងប្អូនកម្មករនិយោជិតក៏ត្រូវយល់ដឹងពីសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួន ហើយប្រើប្រាស់វាឱ្យស្ថិតក្នុងក្របខណ្ឌដែលច្បាប់កំណត់ផងដែរ។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06