023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងដិតចិត្តក្នុងរឿងក្ដីរដ្ឋប្បវេណី

2020-10-19 15:16:53

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រជាពលរដ្ឋតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយពេលខ្លះទំនាក់ទំនងនោះក៏បានបង្កឱ្យមានវិវាទកើតទ្បើង។ វិវាទមួយចំនួនត្រូវបានសម្របសម្រួលតាមរយៈការចរចាក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់វិវាទ ប៉ុន្តែពេលខ្លះភាគីវិវាទជ្រើសរើសយកយន្តការតុលាការដើម្បីធ្វើការដោះស្រាយវិវាទទាំងនោះឱ្យខ្លួន។

ស្ថាប័នតុលាការដែលទទួលពាក្យបណ្តឹងត្រូវចាត់ការបណ្តឹងតាមច្បាប់ ត្រូវផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ និងត្រូវរក្សានូវឯករាជ្យភាពរបស់ខ្លួន ហើយបុគ្គលដែលជាចៅក្រមត្រូវធ្វើការសម្រេចសេចក្តីក្នុងនាមប្រជារាស្រ្តខ្មែរ ដោយគោរពច្បាប់ជាធរមាន និងសតិសម្បជញ្ញៈ ត្រូវគោរពឆន្ទានុសិទ្ធិ ត្រូវចៀសវាងអគតិទាំង៤ និងត្រូវរក្សាអនាគតិជាដាច់ខាត (ភាពមិនលំអៀង)។

ក្នុងករណីចៅក្រមដែលទទួលបន្ទុករឿងក្តីអាចនឹងធ្វើការសម្រេចសេចក្តីដោយមានភាពលំអៀង និងមិនអាចផ្តល់យុត្តិធម៌បាន នោះភាគីណាមួយនៃរឿងក្តីអាចដាក់ពាក្យបណ្តឹងដិតចិត្តចៅក្រម ដើម្បីធ្វើការប្តូរចៅក្រមចេញពីការទទួលបន្ទុករឿងក្តីបាន កាលបើមានមូលហេតុត្រឹមត្រូវតាមច្បាប់កំណត់។

ដើម្បីយល់កាន់តែច្បាស់ថាតើភាគីដែលមានបំណងធើ្វបណ្តឹងដិតចិត្តត្រូវមានមូលហេតុអ្វីខ្លះ? ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្ដឹងដិតចិត្តក្នុងរឿងក្ដីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា ២៨ បណ្តឹងដិតចិត្តចៅក្រមត្រូវផ្អែកលើមូលហេតុដូចខាងក្រោម៖
១៖ ក្នុងករណីដែលមានកាលៈទេសៈដែលបណ្ដាលឱ្យមានការលំអៀងក្នុងការជម្រះក្ដី ចំពោះចៅក្រមណាម្នាក់ នោះភាគីអាចប្ដឹងដិតចិត្តចៅក្រមនោះបាន។
២៖ ក្នុងករណីដែលភាគីបានឆ្លើយទាញហេតុផលចំពោះមុខចៅក្រម ឬបានធ្វើសេចក្ដីដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលចំពោះមុខចៅក្រមរួចហើយ នោះភាគីមិនអាចប្ដឹងដិតចិត្តចៅក្រមនោះបានឡើយ។

ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលភាគីនោះមិនបានដឹងអំពីមូលហេតុដែលអាចប្ដឹងដិតចិត្ត ឬករណីដែលមូលហេតុនៃបណ្ដឹងដិតចិត្តបានកើតឡើងនៅពេលក្រោយ។

ក្រៅពីមូលហេតុនៃបណ្តឹងដិតចិត្តខាងលើ ប្រសិនបើភាគីមានការសង្ស័យថាចៅក្រមមានភាពលំអៀង មិនអាចផ្តល់យុតិ្តធម៌ដល់ភាគីបាន ត្រូវដកចៅក្រមចេញពីការអនុវត្តមុខការរបស់ខ្លួនដូចដែលមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា ២៧ ដូចខាក្រោម៖

១* ចៅក្រមត្រូវដកហូតពីការអនុវត្តមុខការរបស់ខ្លួន ក្នុងករណីដែលបានកំណត់ដូចខាងក្រោមនេះ៖
ក/. កាលណាចៅក្រម ឬ សហព័ទ្ធរបស់ចៅក្រម ឬ អតីតសហព័ទ្ធរបស់ចៅក្រមជាភាគីណាមួយក្នុងរឿងក្ដី។
ខ/. កាលណាចៅក្រមជាញាតិលោហិតក្នុងថ្នាក់ទី ៦ (ប្រាំមួយ) ឬ ញាតិពន្ធក្នុងថ្នាក់ទី ៣ (បី) ឬ អតីតញាតិពន្ធក្នុងថ្នាក់ទី ៣ (បី) របស់ភាគីណាមួយ។
គ/. កាលណាចៅក្រមជាអ្នកអាណាព្យាបាលរបស់ភាគីណាមួយ។
ឃ/. កាលណាចៅក្រមដែលទទួលបន្ទុករឿងក្ដី ធ្លាប់ ឬ កំពុងមានវិវាទនៅតុលាការជាមួយភាគីណាមួយ។
ង/. កាលណាចៅក្រមបានធ្វើជាសាក្សី ឬ ធ្វើជាអ្នកជំនាញក្នុងរឿងក្ដី។
ច/. កាលណាចៅក្រមជាអ្នកតំណាង ឬ ធ្លាប់ជាអ្នកតំណាង ឬ ជាអ្នកជំនួយឲ្យភាគីចំពោះរឿងក្ដី។
ឆ/. កាលណាចៅក្រមបានចូលរួមក្នុងការសម្រេចសេចក្ដីមជ្ឈត្តករចំពោះរឿងក្ដី ឬ បានចូលរួមក្នុងការសម្រេចសេចក្ដីនៅក្នុងការជំនុំជម្រះលើកទី ១ ដែលបានឧបាស្រ័យ ឬ ការជំនុំជម្រះនៃបណ្ដឹងឧទ្ធរណ៍ដែលបានឧបាស្រ័យ ឬ បង្ហាញមតិយោបល់ណែនាំផ្នែកច្បាប់ ចំពោះរឿងក្ដី។

២* ក្នុងករណីដូចមានមូលហេតុនៃការដកហូត ដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះ តុលាការត្រូវសម្រេចសេចក្ដីអំពីការដកហូតនោះ តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន

ចំពោះការសម្រចសេចក្ដីអំពីពាក្យសុំដកហូត ឬបណ្ដឹងដិតចិត្ត យោងតាមក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា៣០ បានបញ្ញតិថា៖
១៖ ចំពោះការដកហូតចៅក្រម ឬបណ្ដឹងដិតចិត្តចំពោះចៅក្រម ក្រុមប្រឹក្សាជំនុំជម្រះនៅតុលាការដែលចៅក្រមនោះស្ថិតនៅក្រោម ត្រូវសម្រេចសេចក្ដីដោយដីកាសម្រេច។
២៖ ចៅក្រមមិនអាចចូលរួមក្នុងការសម្រេចសេចក្ដីអំពីការដកហូត ឬបណ្ដឹងដិតចិត្តចំពោះខ្លួនបានទេ។ ប៉ុន្តែ ចៅក្រមនោះអាចបញ្ចេញមតិយោបល់អំពីពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្តបាន។
៣៖ ពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្ត ត្រូវបានធ្វើឡើងដោយធ្វើសេចក្ដីបញ្ជាក់ដំបូងជាលាយល័ក្ខណ៍អក្សរនូវមូលហេតុ។
៤៖ ពេលដែលមានពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្ត នីតិវិធីនៃបណ្ដឹងត្រូវបានផ្អាករហូតដល់ពេលដែលដីកាសម្រេចអំពីបណ្ដឹងដិតចិត្តនេះ ចូលជាស្ថាពរ ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសកម្មភាពដែលត្រូវការជាបន្ទាន់ ដូចជាការថែរក្សាការពារភស្តុតាង ជាអាទិ៍។
៥៖ ចំពោះដីកាសម្រេចដែលសម្រេចថា ការដកហូត ឬបណ្ដឹងដិតចិត្តមានមូលហេតុត្រឹមត្រូវនោះ មិនអាចប្ដឹងឧបាស្រ័យបានឡើយ។
៦៖ ចំពោះដីកាសម្រចដែលសម្រេចថា ការដកហូត ឬបណ្ដឹងដិតចិត្តពុំត្រឹមត្រូវនោះ អាចប្ដឹងជំទាស់បាន។

លើសពីនេះមាត្រា៣១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ការអនុវត្តដូចគ្នាចំពោះក្រឡាបញ្ជី៖ បញ្ញត្តិនៃផ្នែកនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះក្រឡាបញ្ចី។ ក្នុងករណីនេះ ការសម្រេចសេចក្ដីអំពីពាក្យសុំ និងការដកហូត ឬបណ្ដឹងដិតចិត្តត្រូវធ្វើដោយតុលាការដែលក្រឡាបញ្ជីនោះស្ថិតក្រោម។

ពោលគឺបើទោះបីជាក្រឡាបញ្ជីពុំមានសិទ្ធិសម្រេចសេចក្តីក៏ដោយក្នុងករណីដែលក្រឡាបញ្ជីមានភាពស្និតស្នាល ជាមួយភាគីណាមួយ រឺធ្លាប់មានវិវាទជាមួយភាគីណាមួយ ឬមានទំនាក់ទំនងផលប្រយោជន៍នៅក្នុងសំណុំរឿងនោះ ដោយហេតុថាក្រឡាបញ្ជីមានមុខងារទទួលបន្ទុក និងមានតួនាទីសំខាន់សម្រាប់ធានាភាពមិនលំអៀងក្នុងចំណាត់ការសំណុំរឿង។

សរុបមកប្រសិនបើគូភាគីនៃវិវាទយល់ឃើញថាចៅក្រម ឬក្រឡាបញ្ជីជំនុំជម្រះក្ដីរបស់ខ្លួន មានភាពលំអៀង វិនិច្ឆ័យដោយអយុត្តិធម៌ នោះភាគីអាចដាក់ពាក្យបណ្តឹងប្ដឹងដិតចិត្តចៅក្រម ឬក្រឡាបញ្ជីដែលទទួលបន្ទុកសំណុំរឿងនោះនៅតុលាការដែលចៅក្រមស្ថិតនៅ។

ពេលនីតិវិធីបណ្តឹងដិតចិត្តត្រូវបានដំណើរការនោះបណ្តឹងអង្គសេចក្តីត្រូវបានផ្អាកសិន រងចាំលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះសម្រេចសេចក្តីអំពីបណ្តឹងដិតចិត្តចៅក្រម ឬក្រឡាបញ្ជីថាផ្លាស់ប្តូរ ឬទុកទទួលបន្ទុកសំណុំរឿងបន្តទៀត។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ president@ciclg.com  គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06