023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ មោឃភាពនៃកិច្ចសន្យា

2020-10-19 15:20:12

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុនកម្មវិធីយល់ដឹងផ្នែកច្បាប់ បានលើកយកប្រធានបទស្តីពីការរំលាយកិច្ចសន្យា មកធ្វើការបង្ហាញជូន ប៉ុន្តែសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី មោឃភាពនៃកិច្ចសន្យា មកធ្វើការបង្ហាញជូនវិញម្តង។

ដូចយើងបានដឹងហើយថា ច្បាប់បានផ្តល់សេរីភាពដល់គូភាគីក្នុងការព្រមព្រៀងបង្កើតកិច្ចសន្យា ប៉ុន្តែកិច្ចសន្យាទាំងទ្បាយណាដែលធ្វើទ្បើងផ្ទុយនឹងច្បាប់ នោះកិច្ចសន្យានឹងទទួលរងនូវមោឃភាព។ តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យកិច្ចសន្យាទទួលរងនូវមោឃភាព?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «មោឃភាពនៃកិច្ចសន្យា» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី មូលហេតុដែលនាំឱ្យកិច្ចសន្យាទទួលរងនូវមោឃភាពមានដូចជា៖ ការបង្ហាញឆន្ទៈមិនពិត; ភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ; ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ និងភាពផ្ទុយនឹងទម្រង់នៃច្បាប់។

*ការបង្ហាញឆន្ទៈមិនពិត៖ សំដៅដល់កិច្ចសន្យាដែលបង្កើតឡើងដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិត ដោយមានការឃុបឃិតជាមួយភាគីម្ខាងទៀត។ ដើម្បីងាយយល់យើងសូមលើកឧទាហរណ៍ដូចតទៅ៖ ភាគី «ក» បានស្នើសុំចុះកិច្ចសន្យាទិញលក់អចលនវត្ថុជាមួយភាគី «ខ» ដើម្បីឱ្យខ្លួនរួចផុតពីការអនុវត្តដោយបង្ខំរបស់ម្ចាស់បំណុល «គ»។

កិច្ចសន្យានេះ បានធ្វើឡើងដោយមានការឃុបឃិតរវាងភាគី «ក» និងភាគី «ខ» លក់ដីក្លែងក្លាយដើម្បីគេចផុតពីការរឹបអូសពីតុលាការ ដើម្បីលក់ទ្បៃទ្បុង សងប្រាក់ដែលជំពាក់ម្ចាស់បំណុល «គ» ។ ដូច្នេះកិច្ចសន្យានេះ ត្រូវចាត់ទុកជាមោឃៈ។

*ភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ៖ សំដៅដល់អត្ថន័យនៃកិច្ចសន្យាដែលបង្កើតទ្បើងផ្ទុយបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ បញ្ញត្តិដែលអនុវត្តដោយបង្ខំ សំដៅដល់បញ្ញត្តិទាំងទ្បាយណាដែលច្បាប់តម្រូវឱ្យអនុវត្តដាច់ខាត បើពុំដូច្នេះទេច្បាប់មិនទទួលស្គាល់នូវអនុភាពគតិយុត្តនៃសកម្មភាពនោះទ្បើយ។ ឧទាហរណ៍ ច្បាប់បានហាមជាដាច់ខាតនូវការបង្កើតកិច្ចសន្យាបញ្ចាំផ្តាច់។

*ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ៖ សំដៅដល់អត្ថន័យកិច្ចសន្យាមានភាពផ្ទុយនឹងរបៀបរៀបរយសាធារណៈ និងទំនៀមទម្លាប់ល្អ ។ អត្ថន័យ ឬខ្លឹមសារដែលគូភាគីបានព្រមព្រៀងគ្នា អាចជាកិច្ចសន្យាជួញដូរគ្រឿងញៀន និងកិច្ចសន្យារួមភេទ ឬកិច្ចសន្យាជួលស្រ្តីពរពោះ ជាដើម។

*ភាពផ្ទុយនឹងទម្រង់នៃច្បាប់៖ សំដៅដល់ករណីដែលសកម្មភាពចាត់ទុកជាមោឃៈ ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបានទាមទារឱ្យមានដោយក្រមរដ្ឋប្បវណី ឬច្បាប់ផេ្សងទៀត។ ភាពផ្ទុយនឹងទម្រង់នៃច្បាប់ អាចជាករណីសិទ្ធិជួលអចិន្ត្រៃយ៍ ដោយក្រមរដ្ឋប្បវេណីមាត្រា២៤៥ កថាខណ្ឌ១ បានបញ្ញត្តិថា ពុំមានអានុភាពឡើយ បើពុំបានធ្វើជាលាយល័ក្ខណ៍អក្សរ ដូច្នេះក្នុងករណីដែលគូភាគីចង់បង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ គឺត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដូចដែលមានចែងក្នុងបញ្ញត្តិច្បាប់។

ចំពោះមោឃភាពនៃកិច្ចសន្យាត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺមោឃភាពដាច់ខាត និងមោឃភាពមិនដាច់ខាត។ មោឃភាពដាច់ខាតប្រៀបបាននឹងកិច្ចសន្យាដែលមានអត្ថន័យផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ទាំងស្រុងតែម្តង ដូចជាករណីគូភាគីចុះកិច្ចសន្យាសម្លាប់មនុស្សជាដើម មានន័យថាផ្នែកទាំងអស់នៃកិច្ចសន្យាត្រូវបានមោឃភាព។

រីឯមោឃភាពមិនដាច់ខាត គឺសំដៅដល់អត្ថន័យនៃកិច្ចសន្យាមានផ្នែកណាមួយផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ដែលជាហេតុនាំឱ្យកិច្ចសន្យានោះត្រូវមោឃៈត្រឹមតែចំណុចដែលផ្ទុយនោះប៉ុណ្ណោះ។

ឧទាហរណ៍ «ក» បានចុះកិច្ចសន្យាខ្ចីបរិភាគជាមួយ «ខ» ដោយភ្ជាប់ជាមួយនូវអត្រាការប្រាក់ចំនួន៣០% (សាមសិបភាគរយ) ក្នុងមួយឆ្នាំ បើអនុលោមតាមប្រកាសលេខៈ ១២៨កយ.ប្រក/១១ ស្តីពីអត្រាការប្រាក់ដែលត្រូវកម្រិត របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលបានកំណត់ថាអត្រាការប្រាក់នៅក្នុងកិច្ចសន្យាខ្ចីបរិភោគមិនតម្រូវឱ្យយកលើសពីចំនួន១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ ដូច្នេះកិច្ចសន្យានេះ គឺត្រូវមោឃភាពចោលត្រឹមផ្នែកដែលលើសគឺចំនួន ១២% (ដប់ពីរភាគរយ) តែប៉ុណ្ណោះ ប៉ុន្តែភាគីអ្នកខ្ចីប្រាក់ នៅតែមានកាតព្វកិច្ចសងប្រាក់ទៅអ្នកឱ្យខ្ចីដដែល។

អ្នកដែលមានសិទ្ធិអះអាងនូវមោឃភាពនៃកិច្ចសន្យា បើយោងតាមមាត្រា៣៥៧ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា ប្រសិនបើអត្ថន័យនៃសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន។

ក្នុងករណីដែលសកម្មភាពត្រូវចាត់ទុកជាមោឃៈ ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបានទាមទារឱ្យមានដោយក្រមនេះ ឬច្បាប់ផ្សេង ជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន។

ប្រសិនបើកិច្ចសន្យាត្រូវបានមោឃភាពចោលដោយមូលហេតុណាមួយ កិច្ចសន្យានោះត្រូវបានចាត់ទុកថាគ្មានអានុភាពតាំងពីដំបូងមកម៉្លេះ (សុពលភាពមិនត្រូវបានទួលស្គាល់តាំងពីដំបូង)។ ក្នុងករណីកិច្ចសន្យាត្រូវបានមោឃភាព ភាគីដែលបានផ្តល់តាវកាលិក អាចទាមទារត្រឡប់មកវិញបាន តាមរយៈសេចក្តីចម្រើនដោយឥតហេតុ ឬប្រើប្រាស់សិទ្ធិទាមទារឱ្យប្រគល់មកវិញដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ។

ប៉ុន្តែចំពោះកិច្ចសន្យាដែលត្រូវបានមោឃភាពដោយមូលហេតុផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ និងច្បាប់ដែលទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ភាគីមិនអាចធ្វើការទាមទារឱ្យប្រគល់តាវកាលិកនោះត្រឡប់មកវិញនោះទេ ដោយហេតុថា តាវកាលិកនៃកិច្ចសន្យានោះ អាចជាតាវកាលិកខុសច្បាប់ ដូចជា កិច្ចសន្យាគ្រឿងញៀន កិច្ចសន្យាជួញដូរផ្លូវភេទជាដើម។

សរុបសេចក្តីមក មោឃភាពនៃកិច្ចសន្យា ត្រូវបានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការមួយប្រើប្រាស់ដើម្បីបញ្ជាក់ថា កិច្ចសន្យាដែលធ្វើឡើងមានអត្ថន័យផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងទម្រង់នៃច្បាប់ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬការបង្ហាញឆន្ទៈមិនពិត គឺត្រូវបានចាត់ទុកជាកិច្ចសន្យាគ្មានអានុភាពតាំងពីដំបូងមកម៉្លេះ ពោលគឺគ្មានកិច្ចសន្យាកើតទ្បើង។

ដូច្នេះដើម្បីឱ្យកិច្ចសន្យាមួយអាចមានអានុភាព ឬមានសុពលភាពតាមផ្លូវច្បាប់ គូភាគីគួរគប្បីសិក្សាពីទិដ្ឋភាពផ្លូវច្បាប់ មុនឈានចូលដល់ការបង្កើតកិច្ចសន្យា ដើម្បីចៀសវាងកិច្ចសន្យាដែលបានបង្កើតហើយត្រូវទទួលរងនូវមោឃភាព។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06