023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការលុបចោលកិច្ចសន្យា

2020-10-26 08:44:15

(ភ្នំពេញ)៖ ជាគោលការណ៍ កិច្ចសន្យាត្រូវបានបង្កើតឡើងដោយការបង្ហាញឆន្ទៈរបស់គូភាគីតាមរយៈសំណើ និងស្វីការត្រូវគ្នា ហើយនឹងបង្កើតឱ្យមាននូវសិទ្ធិ និងកាតព្វកិច្ចចំពោះគ្នាទៅវិញទៅមក។ ក៏ប៉ុន្ដែនៅក្នុងករណីភាគីម្ខាងនៃកិច្ចសន្យាបានបង្ហាញឆន្ទៈដោយមានវិការៈ ឬដោយមូលហេតុនៃសមត្ថភាពក្នុងការយល់ដឹងរបស់ខ្លួន ឬដោយអំពើទុច្ចរិតរបស់ភាគីម្ខាងទៀត ដែលបានធ្វើឱ្យខាតបង់នូវផលប្រយោជន៍របស់ភាគីនោះ។

នៅក្នុងករណីបែបនេះ តើភាគីដែលបានបង្ហាញឆន្ទៈដែលមានវិការៈ ឬភាគីដែលបានខាតបង់នូវផលប្រយោជន៍ដោយការចុះកិច្ចសន្យានោះ អាចធ្វើយ៉ាងណាដើម្បីស្រោចស្រង់ស្ថានភាពនេះបាន?

កាលពីសប្តាហ៍មុនៗកម្មវិធីយល់ដឹងផ្នែកច្បាប់ បានលើកយកប្រធានបទស្តីពី ការរំលាយកិច្ចសន្យា និង មោឃភាពនៃកិច្ចសន្យា មកធ្វើការបង្ហាញជូនរួចមកហើយ ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «ការលុបចោលកិច្ចសន្យា» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សិទ្ធិដល់ភាគីម្ខាងទៀតដែលបានខូចខាតនូវផលប្រយោជន៍ពីការចុះកិច្ចសន្យាដោយមានវិការៈ ឬកិច្ចសន្យាដែលបានធ្វើឡើងដោយអសមត្ថជន អាចធ្វើការលុបចោលកិច្ចសន្យានោះវិញបាន។

តាមន័យនេះ មានន័យថាកិច្ចសន្យាមិនអាចមានអានុភាពឡើយប្រសិនបើ ត្រូវបានធ្វើឡើងដោយមិនត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ឬកិច្ចសន្យាដែលនាំឱ្យមានការខាតបង់នូវផលប្រយោជន៍របស់ភាគីណាមួយ ហើយភាគីនោះ ឬបុគ្គលដែលមានប្រយោជន៍ពាក់ព័ន្ធអាចអនុវត្ដសិទ្ធិលុបចោលនូវកិច្ចសន្យានោះបាន។

សកម្មភាពដែលអាចលុបចោលបាន មានសុពលភាពរហូតដល់ពេលដែលអ្នកមានសិទ្ធិលុបចោល លុបចោលសកម្មភាពនោះ ហើយក្រោយពេលលុបចោល សកម្មភាពនោះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង ក៏ប៉ុន្ដែការលុបចោលត្រូវធ្វើឡើងតាមវិធីនៃការជូនដំណឹងទៅភាគីម្ខាងទៀត ហើយនឹងមានអានុភាពគិតចាប់ពីពេលដែលដំណឹងនោះបានទៅដល់ភាគីម្ខាងទៀត។

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា មូលហេតុនៃការលុបចោលកិច្ចសន្យា មាន ០២ (ពីរ)លក្ខខណ្ឌគឺ (១) ក្នុងករណីដែលកិច្ចសន្យាត្រូវបានបង្កើតឡើងដោយអសមត្ថជន (ជនដែលគ្មានសមត្ថភាពខាងឆន្ទៈ ឬខ្វះសមត្ថភាពក្នុងការធ្វើសកម្មភាព) និង (២) ក្នុងករណីដែលកិច្ចសន្យាត្រូវបានបង្កើតឡើងដោយមានវិការៈក្នុងការបង្ហាញឆន្ទៈ។

១* ការលុបចោលកិច្ចសន្យាដែលធ្វើឡើងដោយអសមត្ថជន៖ ចំពោះកិច្ចសន្យាទាំងឡាយណាដែលត្រូវបានបង្កើតឡើងដោយជនដែលគ្មានសមត្ថភាពក្នុងការបង្ហាញឆន្ទៈ អនីតិភាព ឬជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព ដូចជាអនីតិជន ជនស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ និងជនដែលស្ថិតក្នុងរបបហិតូបត្ថម្ភជាអាទិ៍។ នៅក្នុងករណីនេះ អ្នកដែលមានសិទ្ធិលុបចោល ឬផ្ដល់សច្ចានុមតិរួមមានដូចជា អ្នកមានអំណាចមេបា (ឪពុក ឬម្ដាយ) អ្នកអាណាព្យាបាល (សម្រាប់អនីតិជន ឬជនដែលស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ) ឬហិតូបត្ថម្ភកៈ ជាអាទិ៍។

២* ការលុបចោលកិច្ចសន្យាដោយមូលហេតុមានវិការៈក្នុងការបង្ហាញឆន្ទៈ៖ នៅក្នុងករណីដែលកិច្ចសន្យាត្រូវបានធ្វើឡើងដោយការបង្ហាញឆន្ទៈមានវិការៈ ភាគីនៃកិច្ចសន្យាអាចលុបចោលកិច្ចសន្យានោះបាន។ វិការៈនៃការបង្ហាញឆន្ទៈមានដូចជា ក្នុងករណីដែលការចុះកិច្ចសន្យាដោយការភាន់ច្រឡំ ការឆបោក ព័ត៌មានមិនពិត ការរំលោភលើស្ថានភាព ការគម្រាមកំហែង និងមូលហេតុនៃអំពើកេងចំណេញហួសហេតុ។

ការភាន់ច្រឡំ៖ ភាគីអាចធ្វើការលុបចោលកិច្ចសន្យាដោយមូលហេតុនៃការភាន់ច្រឡំបាន លុះត្រាណាតែការភាន់ច្រឡំនោះទៅលើចំណុចសំខាន់ៗ ឬចំណុចដែលភាគីគិតថាសំខាន់ក្នុងកិច្ចសន្យា ហើយភាគីម្ខាងទៀតបានដឹង ឬអាចដឹងអំពីការភាន់ច្រឡំនេះ ឬក្នុងករណីដែលភាគីទាំងពីរមានការភាន់ច្រឡំដូចគ្នា។ ក៏ប៉ុន្ដែការលុបចោលកិច្ចសន្យាដោយការភាន់ច្រឡំមិនអាចអះអាងចំពោះតតិយជនបានឡើយប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។

ការឆបោក៖ ភាគីដែលបានបង្កើតកិច្ចសន្យាដោយការឆបោករបស់ភាគីម្ខាងទៀត ឬពីតតិយជន ភាគីនោះអាចលុបចោលកិច្ចសន្យានោះបាន ក៏ប៉ុន្ដែក្នុងករណីដែលការឆបោកធ្វើឡើងដោយតតិយជន អាចលុបចោលកិច្ចសន្យាបាន លុះត្រាណាតែភាគីម្ខាងទៀតបានដឹង ឬអាចដឹងអំពីការឆបោកនោះ។

ព័ត៌មានមិនពិត៖ នៅក្នុងករណីដែលភាគីម្ខាងនៃកិច្ចសន្យាបានបង្ហាញឆន្ទៈដោយជឿជាក់លើព័ត៌មានដែលមានការភូតកុហក់ពីភាគីម្ខាងទៀត ក្រោយពេលបានដឹងថាព័ត៌មាននោះមិនពិតទេ ភាគីនោះអាចលុបចោលកិច្ចសន្យានោះបានដោយមានហេតុការបង្ហាញឆន្ទៈមានវិការៈ។ ក៏ប៉ុន្ដែការលុបចោលកិច្ចសន្យាដោយមូលហេតុព័ត៌មានមិនពិតនេះ មិនអាចអះអាងចំពោះតតិយជនបានឡើយ ប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។

ការរំលោភលើស្ថានភាព៖ នៅពេលចុះកិច្ចសន្យាបើភាគីម្ខាងនៃកិច្ចសន្យាបានប្រើដោយមិនត្រឹមត្រូវនូវឋានៈ ដែលខ្លួនមានអាទិភាពជាងភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬផ្នែកសង្គម ឬបានប្រើដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេភាគីម្ខាងទៀតនោះអាចលុបចោលកិច្ចសន្យាបាន។ ការលុបចោលកិច្ចសន្យាដោយមូលហេតុនៃការរំលោភ លើស្ថានភាពនៃ ភាគីមិនអាចអះអាងចំពោះ តតិយជនបានឡើយ ប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។

ការគម្រាមកំហែង៖ ភាគីដែលបានចុះកិច្ចសន្យាដោយការគម្រាមកំហែងពីភាគីម្ខាងទៀត ឬពីសំណាក់តតិយជនអាចលុបចោលកិច្ចសន្យានោះបាន ដោយហេតុថាការបង្ហាញឆន្ទៈមានវិការៈ។

អំពើកេងចំណេញហួសហេតុ៖ ក្នុងករណីដែលភាគីម្ខាងបានចុះកិច្ចសន្យាដោយការឆ្លៀតឱកាសដែលភាគីម្ខាងទៀតកំពុងជួបការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ ឬការខ្វះការពិសោធន៍ ហើយបានកេងចំណេញយ៉ាងសន្ធឹកសន្ធាប់ពីកិច្ចសន្យានោះ ភាគីម្ខាងទៀតអាចលុបចោលនូវកិច្ចសន្យាបាន។ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ភាគីនៃកិច្ចសន្យា ឬបុគ្គលដែលមានសិទ្ធិលុបចោលកិច្ចសន្យាត្រូវអនុវត្ដសិទ្ធិនោះនៅក្នុងអំឡុងពេលដែលកំណត់ដោយច្បាប់ បើមិនដូច្នេះទេ នោះមិនអាចអះអាងអំពីសិទ្ធិនោះជាមួយភាគី ឬតតិយជនបានឡើយ។

យោងតាមក្រមរដ្ឋប្បវេណី សិទ្ធិលុបចោលកិច្ចសន្យានឹងត្រូវរំលត់នៅក្នុងរយៈពេល ៣ ឆ្នាំ គិតចាប់ពីថ្ងៃដែលខ្លួនក្លាយទៅជាអ្នកដែលអាចផ្ដល់សច្ចានុមតិ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដីបើផុតរយៈពេល ១០ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទធ្វើសកម្មភាព សិទ្ធិលុបចោលកិច្ចសន្យានេះក៏ត្រូវបានរំលត់ផងដែរ។

សរុបមកការលុបចោលកិច្ចសន្យា គឺសិទ្ធិពិសេសមួយដែលកំណត់ដោយច្បាប់ ក្នុងការការពារដល់ភាគីម្ខាងទៀតដែលបានបង្ហាញឆន្ទៈដោយមានវិការៈ ឬចំពោះកិច្ចសន្យាដែលបានធ្វើឡើងដោយអសមត្ថជន ដែលនាំឱ្យមានការខាតបង់នូវផលប្រយោជន៍ដល់ភាគី ឬអសមត្ថជននោះ។

ក្នុងករណីនេះ ការលុបចោលត្រូវធ្វើឡើងដោយភាគីដែលបានបង្ហាញឆន្ទៈដែលមានវិការៈនោះ ឬអ្នកដែលមានសិទ្ធិលុបចោលដែលកំណត់ដោយច្បាប់ចំពោះអសមត្ថជន និងអ្នកដែលមានសិទ្ធិលុបចោលផ្សេងទៀត។

ការលុបចោលកិច្ចសន្យានេះ ទៀតសោត ត្រូវធ្វើឡើងនៅក្នុងកំឡុងពេលដែលកំណត់ដោយច្បាប់ ហើយក្រោយពេលដែលភាគីបានអនុវត្ដសិទ្ធិលុបចោលនោះហើយ កិច្ចសន្យានោះត្រូវចាត់ទុកថាមោឃៈតាំងពីដំបូង ហើយរាល់សកម្មភាពនៃកិច្ចសន្យាដែលបានអនុវត្ដហើយ ត្រូវធ្វើបដិទានឡើងវិញ ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ សិទ្ធិកាន់កាប់...

(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗមានសិទ្ធិទៅលើវត្ថុ ទៅតាមស្ថានភាពនៃទំនាក់...

2021-02-15 11:00:34

...
យល់ដឹងផ្នែកច្បាប់៖ អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់...

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ដែ...

2021-02-08 16:09:14

...
យល់ដឹងផ្នែកច្បាប់៖ គោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ...

(ភ្នំពេញ)៖ ជាគោលការណ៍នៅក្នុងការសម្រេចសេចក្ដីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ច...

2021-01-29 08:51:39

...
យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងសើរើក្នុងរឿងព្រហ្មទណ្ឌ...

(ភ្នំពេញ)៖ ប្រទេសនីមួយៗបង្កើតច្បាប់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និ...

2021-01-29 08:49:10