023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អំណាចមេបា

2020-12-09 10:34:40

(ភ្នំពេញ)៖ ជាទូទៅអ្នកដែលមានអំណាចមេបាទៅលើអនីតិជនបានគឺ មានតែឪពុកម្ដាយបង្កើតប៉ុណ្ណោះដែលមានករណីយកិច្ច ចិញ្ចឹមបីបាច់ថែរក្សា និងគ្រប់គ្រងកូនបាន។ ក៏ប៉ុន្តែមានករណីខ្លះ អ្នកដែលមានអំណាចមេបាគឺ មិនមែនជាឪពុកម្ដាយបង្កើតនោះទេ គឺអាចជាបុគ្គលផ្សេងទៀត ដូចជា ឪពុកម្ដាយចិញ្ចឹម ក៏អាចមានសិទ្ធិអំណាចមេបាមកលើកូនដែលជា អនីតិជនបានដូចគ្នា។

ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើ «អំណាចមេបា» គឺជាអ្វី? ហើយបុគ្គលណាខ្លះដែលអាចមានសិទ្ធិអំណាចមេបាមកលើអនីតិជនបាន?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំណាចមេបា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

ដោយយោងតាមមាត្រា១០៣៤ នៃក្រមរដ្ឋប្បវេណីបានចែងថា «អំណាចមេបា គឺសំដៅដល់អ្នកដែលមានសិទ្ធិ និង ករណីយកិច្ច ត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជន និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ»

ហេតុនេះបានន័យថា អំណាចមេបា គឺផ្ដើមចេញពីទំនាក់ទំនងរវាងឪពុកម្ដាយ និង កូន ដែលឪពុកម្ដាយមានករណីយកិច្ចចិញ្ចឹមបីបាច់ថែរក្សា និងគ្រប់គ្រងកូន។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងច្បាប់ក៏បានបែងចែកអំពីការកំណត់អំណាចមេបាផងដែរ ដោយការកំណត់នោះមានដូចខាងក្រោម៖

១* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយដែលមានចំណងអាពាហ៍ពិពាហ៍៖
ក្នុងករណីឪពុកម្ដាយដែលមានចំណងអាពាហ៍ពិពាហ៍ ឪពុកម្ដាយត្រូវប្រើប្រាស់អំណាចមេបាដោយសហការគ្នាចំពោះកូនដែលជាអនីតិជន។ ចំណែកឯករណីដែល ឪពុក ឬ ម្ដាយ មិនអាចប្រើប្រាស់អំណាចមេបាដោយសហការគ្នាបាន ដោយសារតែឪពុក ឬក៏ម្ដាយ បាត់បង់សតិ បាត់ខ្លួន ឬមិនអាចទាក់ទងបានទេនោះ ឪពុក ឬម្ដាយ តែម្ខាងទៀតអាចប្រើប្រាស់អំណាចមេបានោះបាន។

២* ការកំណត់អំណាចមេបាលើការស្មុំកូន៖
នៅក្នុងរបបស្មុំកូនមាន ២ប្រភេទគឺ ការស្មុំកូនពេញលេញ និង ការស្មុំកូនធម្មតា។ នៅក្នុងករណីស្មុំកូនពេញលេញ ដោយសារតែទំនាក់ទំនងគតិយុត្តរវាងឪពុកម្ដាយបង្កើត និង កូនសុំត្រូវបានកាត់ផ្ដាច់ ដូច្នេះមានតែឪពុកម្ដាយចិញ្ចឹមទេដែលក្លាយជាអ្នកមានអំណាចមេបាបាន។ ចំណែកឯករណីស្មុំកូនធម្មតាវិញ បើកុំជាកូនសុំជាអនីតិជន កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្ដាយចិញ្ចឹម ឪពុកចិញ្ចឹម ឬ ម្ដាយចិញ្ចឹម។ ប៉ុន្តែក្នុងករណីដែលយកកូនបង្កើតរបស់សហព័ទ្ធ មកធ្វើជាកូនសុំ កូនសុំនោះត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុក ឬ ម្ដាយចិញ្ចឹម និងសហព័ទ្ធនោះ។

៣* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយលែងលះគ្នា៖
នៅពេលដែលឪពុកម្ដាយលែងលះគ្នា ជាធម្មតាឪពុកម្ដាយនឹងរស់នៅបែកគ្នា ដូច្នេះកូនត្រូវរស់នៅជាមួយឪពុកម្ដាយណាម្ខាង។ ចំពោះអំណាចមេបាក្រោយការលែងលះ អាចចែកចេញជាពីរ គឺ អំណាចមេបាទោលដែលសម្រេចឲ្យឪពុក ឬ ម្ដាយម្ខាង និង អំណាចមេបារួមដែលឪពុក និង ម្ដាយ នៅបន្តមានអំណាចមេបារួមគ្នា។

៤* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍៖
នៅក្នុងករណីដែលឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ គឺមានតែម្ដាយទេដែលមានអំណាចមេបានេះបើយោងទៅតាមក្រមរដ្ឋប្បវេណីបានបញ្ញត្តិ ។ ប៉ុន្តែក្នុងករណីដែលឪពុកមានការទទួលស្គាល់កូន និងចង់មានអំណាចមេបាមកលើកូនដែលជាអនីតិជន ឪពុកនោះត្រូវតែមានការពិភាក្សាគ្នាជាមួយម្ដាយ ហើយបើសិនជានៅក្នុងការពិភាក្សានោះ មិនមានការយល់ព្រមពីខាងម្ដាយទេ ឪពុកនោះអាចទាមទារអោយតុលាការកំណត់នូវអ្នកដែលមានអំណាចមេបាបាន។

៥* ការព្យួរ និង ការដកហូតអំណាចមេបា៖
ក្នុងករណីដែលអ្នកមានអំណាចមេបា បានបំពានសិទ្ធិអំណាច ឬ ធ្វេសប្រហែសក្នុងការបំពេញករណីយកិច្ចក្នុងនាមជាអ្នកមានអំណាចមេបាដូចជា ការប្រើអំពើហិង្សាដែលបណ្ដាលឲ្យកូនដែលជា អនីតិជនមានរបួសធ្ងន់ធ្ងរ ឬ ក្នុងករណីធ្វើឲ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់កូន នោះតុលាការអាចប្រកាសព្យួរ ឬ ដកហូតអំណាចមេបា តាមការទាមទាររបស់ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូន មេឃុំ ឬចៅសង្កាត់ នាយកមជ្ឍមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬ តំណាងអយ្យការបាន។

សរុបមកអំណាចមេបា គឺជាចំណងគតិយុត្តរវាងឪពុកម្ដាយ និងកូនជាអនីតិជន ដែលចងភ្ជាប់សិទ្ធិ និងកាតព្វកិច្ចរបស់ឪពុកម្ដាយ ចំពោះកូនជាអនីតិជន ក្នុងការអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និង គ្រប់គ្រងកូន។ ប៉ុន្តែក្នុងករណីមួយចំនួនដែលឪពុកម្ដាយបានប្រើប្រាស់សិទ្ធិអំណាចមេបានោះហួសហេតុ ឬ ករណីដើម្បីការពារផលប្រយោជន៍របស់កូន សិទ្ធិអំណាចមេបានេះអាចត្រូវព្យួរ ឬដកហូតបាន។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ សិទ្ធិកាន់កាប់...

(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗមានសិទ្ធិទៅលើវត្ថុ ទៅតាមស្ថានភាពនៃទំនាក់...

2021-02-15 11:00:34

...
យល់ដឹងផ្នែកច្បាប់៖ អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់...

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ដែ...

2021-02-08 16:09:14

...
យល់ដឹងផ្នែកច្បាប់៖ គោលការណ៍ឯកត្ដកម្មនៃទោសព្រហ្មទណ្ឌ...

(ភ្នំពេញ)៖ ជាគោលការណ៍នៅក្នុងការសម្រេចសេចក្ដីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ច...

2021-01-29 08:51:39

...
យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងសើរើក្នុងរឿងព្រហ្មទណ្ឌ...

(ភ្នំពេញ)៖ ប្រទេសនីមួយៗបង្កើតច្បាប់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និ...

2021-01-29 08:49:10