023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិខាងរូបភាព

2021-03-16 09:51:45

(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការចូលរួមចំណែកបំពេញនូវរាល់តម្រូវការសង្គម។ នៅក្នុងនោះ ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក (Facebook) ជាដើម មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារជាច្រើនដែលផ្ដល់ឲ្យអ្នកប្រើប្រាស់ ដូចជាការបញ្ចេញនូវមតិ និងចែកចាយព័ត៌មានផ្សេងៗទៅឱ្យអ្នកដទៃបានដឹងផងដែរ។

ទន្ទឹមនឹងនេះ ការចែកចាយនេះអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ជាពិសេសទាក់ទងនឹងសិទ្ធិខាងរូបភាពរបស់បុគ្គល។ រូបភាពមួយចំនួន ដែលបានថត និងចែកចាយដោយមិនមានការអនុញ្ញាតពីម្ចាស់រូប វាអាចធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ក៏ដូចជាភាពឯកជនរបស់អ្នកដទៃ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

ដូចនេះ ដើម្បីបង្ហាញឲ្យបានច្បាស់ ថាតើអ្វីទៅជាសិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ៗ? តើសិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ត្រូវបានការពារដោយច្បាប់យ៉ាងដូចម្ដេច? ហើយថាតើអ្នកដែលធ្វើឲ្យប៉ះពាល់សិទ្ធិខាងរូបភាពរបស់អ្នកដទៃនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «សិទ្ធិខាងរូបភាព» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

សិទ្ធិខាងរូបភាព គឺជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពនានាដែលអាចបង្ហាញពីបុគ្គលនោះ ឬអត្តសញ្ញាណរបស់បុគ្គលនោះ ដែលត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ សិទ្ធិខាងរូបភាព គឺជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលសិទ្ធិនេះ សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល (មាត្រា ១០ នៃក្រមរដ្ឋប្បវេណី)។

ដូចនេះនៅពេលដែលសកម្មភាពណាមួយបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ដែលជាសិទ្ធិខាងរូបភាពរបស់បុគ្គលដទៃជាអាទិ៍ ច្បាប់ក៏បានផ្ដល់សិទ្ធិមួយចំនួនដល់បុគ្គលដែលទទួលរងអំពើបំពាននោះ ដើម្បីទាមទារមកវិញពីបុគ្គលប្រព្រឹត្តអំពើបំពាននោះ ដូចខាងក្រោម៖

១៖ សិទ្ធិទាមទារឲ្យបញ្ឈប់៖ ប្រសិនបើបានដឹងថាអាចមានអំពើណាមួយប៉ះពាល់ដល់សិទ្ធិខាងរូបភាពរបស់ខ្លួន បុគ្គលនោះអាចទាមទារឲ្យអ្នកប្រព្រឹត្តបញ្ឈប់សកម្មភាពខ្លួនបាន (មាត្រា ១១ នៃក្រមរដ្ឋប្បវេណី)។

២៖ សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភ៖ ប្រសិនបើអំពើបំពានសិទ្ធិខាងរូបភាពនោះត្រូវបានប្រព្រឹត្តរួចទៅហើយ និងត្រួវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពណាមួយ បុគ្គលនោះអាចទាមទារឲ្យដកចេញ ឬបញ្ឈប់សកម្មភាពនោះភ្លាមបាន (មាត្រា ១២ នៃក្រមរដ្ឋប្បវេណី)។

៣៖ សិទ្ធិទាមទារសំណងការខូចខាត៖ ប្រសិនបើអំពើបំពានខាងលើធ្វើឲ្យមានការខូចខាតណាមួយ បុគ្គលដែលទទួលរងអំពើបំពាននោះអាចទាមទារសំណងការខូចខាតពីអំពើដែលបានធ្វើនោះបាន (មាត្រា ១៣ នៃក្រមរដ្ឋប្បវេណី)។

ពិសេសពីនេះទៅទៀត ក្នុងករណីបុគ្គលនោះបានធ្វើសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់អ្នកដទៃដែលជាបទល្មើសព្រហ្មទណ្ឌ ដូចជា ការប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលជាអាទិ៍ ដូចនេះបុគ្គលនោះនឹងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ។ ឧទាហរណ៍៖ លោក (ក) បានថតរូបភាពលោក (ខ) នៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីលោក (ខ) ទេ ដូចនេះលោក (ក) ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ ថា «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គល នេះមិនបានជំទាស់ទេនោះ»

សរុបមក សិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ៗ ជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលត្រូវបានគាំពារដោយច្បាប់ ក្នុងគោលបំណងធានាបាននូវការគោរពដល់សិទ្ធិ និងភាពឯកជនរបស់បុគ្គលម្នាក់ៗ។ ផ្ទុយទៅវិញប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់ដល់សិទ្ធិខាងរូបភាពរបស់អ្នកដទៃ បុគ្គលនោះត្រូវទទួលខុសត្រូវផ្នែក រដ្ឋប្បវេណីចំពោះអំពើអនីត្យានុកូលរបស់ខ្លួន និងអាចទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះអំពើដែលកំណត់ថាជាបទល្មើសព្រហ្មទណ្ឌផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ជា សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច...

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទាន...

2022-05-24 18:19:16

...
យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ...

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការ...

2022-05-09 18:33:10

...
យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី...

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវា...

2022-04-25 14:29:31

...
យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ...

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណ...

2022-04-18 08:54:07