023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន

2021-08-23 09:39:20

(ភ្នំពេញ)៖ ជាទូទៅក្នុងសង្គមរស់នៅបច្ចុប្បន្នយើងនេះ តែងតែមានព័ត៌មានថ្មីៗ ប្លែកៗដែលកើតមានឡើងជាហូរហែ និងជារៀងរាល់ថ្ងៃ ក្នុងនោះផងដែរក៏មានអ្នករាយការណ៍អំពីរឿងហេតុដែលកើតឡើងនានា ទៅកាន់អ្នកសារព័ត៌មានឱ្យធ្វើការចុះផ្សាយ ក្នុងន័យចែករំលែកទៅកាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមឱ្យបានដឹងអំពីព្រឹត្តិការណ៍ទាំងនោះ។ ប៉ុន្តែអ្នកសារព័ត៌មាន គឺមានកម្រិតនៃសារព័ត៌មាន សិទ្ធិក្នុងការផ្សាយទាំងនោះគេហៅថា «សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន» ដែលត្រូវបានកំណត់ដោយច្បាប់។ តើអ្នកសារព័ត៌មានទទូលបានសិទ្ធិ និងសេរីភាពអ្វីខ្លះ?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ សម្រាប់សបា្តហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តន៍លើការស៉ើបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៉ីនធឺណេត) ជាដើម។

ច្បាប់ស្តីពីរបបសារព័ត៌មាននៅឆ្នាំ១៩៩៥ មាត្រា ១ ស្តីពីការ «កំណត់តាមរបស់សារព័ត៌មាន និងធានារ៉ាប់រងសេរីភាព សារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឱ្យបានសមស្របតាមមាត្រា៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ និងមាត្រា ៣ ធានាសិទ្ធិមានសេរីភាពពីការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយហើយមាត្រា៤ ចែងថា «ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការ […] មិនអាចត្រូវផ្តន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិត»។ ដូចនេះការរាយការណ៍ និងការផ្សាយព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងក្នុងសង្គមឲ្យប្រជាជន និងរាជរដ្ឋាភិបាលបានដឹង គឺមានគោលបំណងដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ឱ្យទាន់ពេលវេលា ចៀសវាងមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ប្រយោជន៍ជាតិ និងសង្គម។

ការបញ្ចេញព័ត៌មានចំពោះអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខាងសារព័ត៌មានច្បាស់លាស់ ត្រូវមានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោតដល់សាធារណៈជនឡើយ។ សារព័ត៌មានត្រូវផ្សព្វផ្សាយឲ្យបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូទៅ និងមិនបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ។

ការទទួលខុសត្រូវនៃអ្នកសារព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាននីមួយៗត្រូវតាក់តែងក្រមសីលធម៌ដើម្បីអនុវត្តក្នុងសមាគមរបស់ខ្លួន ដែលអ្នកសារព័ត៌មានមានកាតព្វកិច្ចគោលការណ៍ចាំបាច់ជាអាទិ៍ដូចតទៅ៖

១៖ គោរពសច្ចធម៌និងគោរពសិទ្ធិយល់ដឹងនូវសច្ចធម៌របស់សាធារណៈជន។
 ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យត្រឹមត្រូវនិងសមស្របតាមគតិយុត្តិធម៌។
៣៖ ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មាន មិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ។
៤៖ ប្រើវិធីសុច្ចរិតត្រឹមត្រូវដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗ។
៥៖ ត្រូវធ្វើការកែតម្រូវនូវព័ត៌មានណាដែលចេញផ្សាយរួចហើយៗ មានលក្ខណៈមិនជាក់លាក់ និងនាំអោយមានការយល់ច្រឡំ។
៦៖ ត្រូវចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលញុះញង់ អោយមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិ ឬនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត។
៧៖ ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅឯកជនរបស់បុគ្គល។
៨៖ ត្រូវគោរពអោយបានហ្មត់ចត់តាមក្បួនវេយ្យាករណ៍ខ្មែរ ក្នុងការសរសេរអត្ថបទ។
៩៖ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពហិង្សា។
១០៖ ហាមរំលោភលើសិទ្ធិ ដើម្បីមានការជុំនំរះក្តី ដោយយុត្តិធម៌របស់បុគ្គលម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

១១៖ ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះ ជាការរំលោភដ៏ធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន៖

* ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃមកដាក់ជារបស់ខ្លួន
* បន្លំអោយគេយល់ខុស ដូចជាការសរសេរបញ្ឆិតបញ្ឆៀង ដើម្បីអោយអ្នកអានមានការសង្ស័យដោយ អយុត្តិ ធម៌លើបុគ្គលណាម្នាក់ ក្រុម បក្សណាមួយ
* ការមូលបង្កាច់ បរិហាកេរ្តិ៍ និងការជេរប្រមាថ
* ការទទួលសំណូកក្នុងបែបណាមួយ ឬការជំរិតយកប្រាក់ ដើម្បីជាថ្នូរនឹងការបោះពុម្ពផ្សាយ ឬមិនបោះពុម្ពផ្សាយនូវព័ត៌មានណាមួយ។

សរុបមក សិទ្ធិនិងសេរីភាពខាងសារព័ត៌មាន គឺត្រូវបានកំណត់ដោយច្បាប់ ដើម្បីការពារសិទ្ធិ ក្នុងការរស់នៅជីវិតឯកជន ការពារការប៉ះពាល់ប្រយោជន៍បុគ្គល និងសង្គម។ សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ញុះញង់ ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬច្រើនអ្នកប្រព្រឹត្តហិង្សា និងមិនឱ្យមានការរំលោភបំពានសិទ្ធិលើស្ថាប័នដែលច្បាប់ហាមឃាត់ដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័ននោះក្នុងការអនុវត្ត សិទ្ធិនិងសេរីភាពនេះ គឺត្រូវចុះផ្សាយនូវរាល់ព័ត៌មានដែលមានប្រយោជន៍ និងហេតុការណ៍ ព្រឹត្តការណ៍នានា ពិតៗដែលគោរពសិទ្ធិ ប្រកបដោយសច្ចធម៌ សុចរិត មិនបង្ហាញនូវរូបភាពអាសអាភាស និងមិនត្រូវមានការ ញុះញង់អោយមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិ ឬនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធានឬស្ថានភាព ដទៃទៀត តាមក្រមសីលធម៌របស់អ្នកសារព័ត៌មាន៕

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក វ៉ន វិវត្តន៍ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង ០២៣ ៩៨៦ ២៤៥ អ៉ីមែល៖ president@ciclg៖com គេហទំព័រ៖ www.ciclg.com ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តជាតិ/Cambodia International Cooperation Law Group.

 

...
យល់ដឹងផ្នែកច្បាប់៖ សំណងនៃការខូចខាត...

(ភ្នំពេញ)៖ នៅពេលភាគីព្រមព្រៀងគ្នាបង្កើតកិច្ចសន្យា ភាគីត្រូវអនុវត្តតាមស...

2021-11-30 08:45:45

...
យល់ដឹងផ្នែកច្បាប់៖ ការបន្ធូរបន្ថយទោស និងការលើកលែងទោស...

(ភ្នំពេញ)៖ ជារៀងរាល់ពេលបុណ្យជាតិ និងព្រឹត្ដិការណ៍ជាតិធំៗ យើងសង្កេតឃើញថ...

2021-11-22 08:09:13

...
យល់ដឹងផ្នែកច្បាប់៖ ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ...

(ភ្នំពេញ)៖ នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ហើយមានកូនជាអនីតិជន (អាយុក្រោម១...

2021-11-02 08:58:45

...
យល់ដឹងផ្នែកច្បាប់៖ ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល...

(ភ្នំពេញ)៖ នៅពេលទំនាក់ទំនងគតិយុត្ត រវាងម្ចាស់បំណុល ជាមួយកូនបំណុលកើតឡើង...

2021-10-25 08:57:57