023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ

2021-11-08 08:38:44

(ភ្នំពេញ)៖ ជាទូទៅ បទល្មើសឧក្រិដ្ឋកម្មធំៗដែលកើតមានឡើងនៅក្នុងសង្គម យើងតែងតែសង្កេតឃើញថាជនល្មើសភាគច្រើនបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងការសម្រេចនូវបទល្មើសទាំងនោះ ដូចជា អំពើភេរវកម្ម ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើឃាតកម្ម ជាអាទិ៍។ ដោយហេតុថា អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គឺអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់របស់សង្គមជាតិ ហេតុដូចនេះហើយទើបតម្រូវឱ្យមានច្បាប់គ្រប់គ្រង និងកំណត់ឱ្យបានច្បាស់លាស់នូវបុគ្គលដែលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធទាំងនោះ ក៏ដូចជាត្រូវកំណត់ការផ្ដន្ទាទោសឱ្យធ្ងន់ចំពោះជនទាំងឡាយណាដែលបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវផ្ទុយពីការកំណត់របស់ច្បាប់នេះ។

* បើយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើសកម្មភាពណាខ្លះដែលចាត់ជាបទល្មើសក្នុងវិស័យអាវុធ គ្រឿងផ្ទុះ និងមានទោសទណ្ឌដូចម្តេចខ្លះ? ហេតុដូច្នេះដើម្បីឱ្យជ្រាបច្បាស់ នៅក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពីបទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ មកបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

យោងតាមក្រមព្រហ្មណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវនិយមន័យចំពោះអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដូចខាងក្រោម៖

១៖ អាវុធ គឺសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬកែច្នៃដំឡើង និងដែលអាចប្រើប្រាស់ដើម្បីសម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ។

២៖ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៍ ឬសម្ភារៈដែលគេផលិត ឬកែច្នៃ ដែលអាចប្រើប្រាស់សម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ។

៣៖ អាវុធគីមី អាវុធជីវសាស្ត្រគ្រប់ប្រភេទ ឬគ្រាប់ដទៃទៀតដែលផ្ទុកជាតិគីមី ផ្ទុកជីវសាស្ត្រ សំដៅដល់សារធាតុដែលគេផលិត ឬកែច្នៃដំឡើង និងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព អាយុជីវិត ឬទ្រព្យសម្បត្តិ និងបរិស្ថាន។

តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ជនស៊ីវិល (គឺជាជនទាំងឡាយណាដែលមិនមែនមានតួនាទីជាកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រីមុខងារសាធារណៈ មន្ត្រីតុលាការ និងមន្ត្រីនៃស្ថាប័នកំពូលរបស់ជាតិ) គ្មានសិទ្ធិក្នុងការប្រើប្រាស់ កាន់កាប់ យកតាមខ្លួន ទិញ-លក់ ចែកចាយ នាំចេញ-ចូល ជួល ផលិត ដំឡើង កែច្នៃ ដឹកជញ្ជូន រក្សាទុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនោះទេ ពោលគឺជនដែលអាចមានសិទ្ធិកាន់កាប់ យកតាមខ្លួន ប្រើប្រាស់ ដឹកជញ្ជូន រក្សាទុក អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទបាន ត្រូវចាំបាច់មានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាអាទិ៍។ ករណីប្រសិនបើជនណាដែលបានផលិត នាំចេញ-ចូលអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រីឯចំពោះការផលិត ការនាំចេញ-ចូលអាវុធសម្រាប់ប្រហារផ្សេងទៀត ដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ដែលមានចែងនៅមាត្រា ៤៨៨ និង ៤៨៩ នៃក្រមព្រហ្មទណ្ឌ។

ចំពោះគ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន ដោយយកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ឬអាវុធសម្រាប់ប្រហារផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ចំពោះអំពើបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន តុលាការអាចប្រកាសរឹបអូសអាវុធ ឬវត្ថុដែលអាចនាំឱ្យមានគ្រោះថ្នាក់នោះ ព្រមទាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ក្រៅពីទោសដាក់ពន្ធនាគារ និងការពិន័យជាប្រាក់ តុលាការអាចសម្រេចឱ្យមានទោសបន្ថែមដូចជាការដកសិទ្ធិជាពលរដ្ឋរយៈពេល ៥ (ប្រាំ) ឆ្នាំ ការហាមចាកចេញពីព្រះរាជាណាចក្រកម្ពុជា ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿងជាដើម។

សរុបមក ក្នុងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវផ្សេងៗត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីក្រសួងមានសមត្ថកិច្ច ចៀសវាងមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតដែលអាចបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម ក្រៅពីនេះបុគ្គលដែលប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងអាវុធជាតិផ្ទុះ ត្រូវបានអនុវត្តច្បាប់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។ ការកំណត់អំពីសកម្មភាព និងទោសដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ពោលគឺដើម្បីគ្រប់គ្រងចំពោះគ្រប់សកម្មភាពដល់អ្នកដែលពាក់ព័ន្ធ ឬកាន់កាប់អាវុធជាតិផ្ទុះឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការបង្កឱ្យមានភាពអសកម្ម និងបង្កជាបទល្មើសផ្សេងៗក្នុងសង្គមកម្ពុជា៕

រៀបរៀងដោយលោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ អាសយដ្ឋាន៖ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនងលេខ៖ 023 986 245
អ៉ីម៉ែល៖ president@ciclg.com
គេហទំព័រ៖ www.ciclg.com
ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ Cambodia International Cooperation Law Group

...
យល់ដឹងផ្នែកច្បាប់៖ ការបង្កើតហ៉ីប៉ូតែក...

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ ហិរញ្ញវត្ថ...

2021-11-16 08:20:05

...
ពាក្យស្លោក របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ...

ពាក្យស្លោក របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ៖ ស្មោះត្រង់ន...

2021-05-19 09:55:25

...
វគ្គបណ្តុះបណ្តាលលើប្រធានបទ "ការអនុវត្តដោយបង្ខំចំពោះចលនវត្ថុ"...

(English Below) វគ្គបណ្តុះបណ្តាលលើប្រធានបទ "ការអនុវត្តដោយបង្ខំចំពោះចលន...

2021-01-29 09:53:39

...
សកម្មភាពនៃការបណ្តុះបណ្តាលលើប្រធានបទ «ការរៀបចំពាក្យបណ្តឹងរដ្ឋប្បវេណី» ...

សកម្មភាពនៃការបណ្តុះបណ្តាលលើប្រធានបទ «ការរៀបចំពាក្យបណ្តឹងរដ្ឋប្បវេណី» ...

2021-01-29 09:45:34