023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

2021-12-16 09:19:02

(ភ្នំពេញ)៖ ប្រជាពលរដ្ឋទូទៅតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាប្រចាំថ្ងៃ លើការជួញដូរទំនិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងនោះបំណុលដែលកើតឡើងពីជំនួញ និងការខ្ចីប្រាក់រវាងកូនបំណុល និងម្ចាស់បំណុល មានជាហូរហែជាកត្កាមួយធ្វើឱ្យមានវិវាទប្រសិនបើភាគីណាមួយមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់។

ដូច្នេះជៀសវាងការធ្វេសប្រហែសបណ្ដាលឱ្យបាត់បង់សិទ្ធិលើបំណុលរបស់ម្ចាស់បំណុល និងខូចប្រយោជន៍កូនបំណុល ក្រមរដ្ឋប្បវេណីបានចែងពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ដើម្បីកាត់បន្ថយនូវបណ្តឹងដែលមិនច្បាស់លាស់ ផុតពេលវេលាប្តឹង និងកំណត់ពេលវេលាជាក់លាក់សម្រាប់ម្ចាស់បំណុលក្នុងការធ្វើបណ្តឹង ជៀសវាងតុលាការចំណាយពេលយូរលើបណ្តឹងទាំងនោះ។

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ថា អ្វីទៅជាអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល, កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

ក្រមរដ្ឋប្បវេណីបានបញ្ញត្តិពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ដូច្នេះសូមធ្វើការបង្ហាញអំពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលទូទៅ និងអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលមានអំឡុងពេលខ្លី។

ចំពោះពេលដែលចាប់ផ្ដើមគិតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល គឺត្រូវគិតចាប់ពីពេលដែលម្ចាស់បំណុលអាចអនុវត្តសិទ្ធិលើបំណុលនោះបាន ពោលគឺ នៅពេលដែលលែងមានឧបសគ្គតាមផ្លូវច្បាប់ ក្នុងការអនុវត្តសិទ្ធិលើបំណុល។ រីឯអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ទូទៅ មានរយៈពេល ០៥ (ប្រាំ) ឆ្នាំ។

ចំណែកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលអំពីថ្លៃទំនិញ ឬ ថ្លៃសេវាដែលផលិតករ ឬ ពាណិជ្ជករលក់ ឬ ផ្ដល់ទៅឱ្យអ្នកដែលមិនមែនជាពាណិជ្ជករនោះ អាជ្ញាយុកាលនៃការរំលត់សិទ្ធិនេះ មានអំឡុងពេលត្រឹមតែ ០២ (ពីរ) ឆ្នាំ ប៉ុណ្ណោះ។ ចំពោះសិទ្ធិលើបំណុលដែលចូលជាស្ថាពរ ដោយសាលក្រម ឬ សាលដីកាស្ថាពរ ឬ ដោយការផ្សះផ្សាតាមផ្លូវតុលាការ ឬ ដោយវិធីផ្សេងដែលមានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរ ទោះបីជាមានបញ្ញត្តិដែលកំណត់អំឡុងពេលនៃអាជ្ញាយុកាលតិចជាង ០៥ (ប្រាំ) ឆ្នាំក៏ដោយ ក៏អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលស្ថាពរនោះ ត្រូវមានអំឡុងពេល ០៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីពេលដែលសិទ្ធិលើបំណុលនោះចូលជាស្ថាពរដែរ។

ប្រសិនបើនិយាយពីអានុភាពនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលវិញ គឺមានអានុភាពប្រតិសកម្ម (អនុភាពនៃលក្ខខណ្ឌគតិយុត្តដែលមានទៅលើសកម្មភាពពីអតីតកាល) ចាប់តាំងពីថ្ងៃដែលចាប់ផ្ដើមគិតអាជ្ញាយុកាល មានន័យថា បើអាជ្ញាយុកាលនោះបានកន្លងផុត ដូច្នេះ សិទ្ធិលើបំណុលត្រូវបានរំលត់ដោយប្រតិសកម្មចាប់ពីថ្ងៃដែលចាប់ផ្ដើមគិតអាជ្ញាយុកាលមកម្ល៉េះ ហើយនឹងនាំឱ្យកូនបំណុលរួចផុតពីកាតព្វកិច្ច ឬ សំណងនៃការខូចខាតផ្សេងៗទៀតដែលបានកើតឡើងនៅក្នុងអំឡុងពេលចាប់ផ្ដើមគិតអាជ្ញាយុកាលនេះ។ អ្នកដែលមានសិទ្ធិអាចលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ គឺមានដូចជាកូនបំណុល ឬ កូនបំណុលដោយសាមគ្គីភាព អ្នកធានាបំណុល អ្នកធានាបំណុលដោយវត្ថុ តតិយជនដែលបានធ្វើលទ្ធកម្ម និងបុគ្គលដែលមានផលប្រយោជន៍ត្រឹមត្រូវតាមផ្លូវច្បាប់។

ជាគោលការណ៍ ការលើកឡើងពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល អាចត្រូវបានតវ៉ាដោយម្ចាស់បំណុលបាន ដោយយោងលើមូលហេតុដែលរួមមានដូចជា ការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល និង ការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល។

ការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល គឺចង់សំដៅដល់ការមិនបន្តដំណើរការនៃអាជ្ញាយុកាល ក្នុងករណីដែលមានហេតុនៃការផ្អាក ដោយចាត់ទុកថាអំឡុងពេលនៃអាជ្ញាយុកាលដែលមានដំណើរការកន្លងមក គឺពុំមានអានុភាពតាមច្បាប់ ។ រីឯហេតុនៃការផ្អាកអាជ្ញាយុកាល មានដូចជា ការទាមទារតាមផ្លូវតុលាការ ឬ ការចូលរួមក្នុងនីតិវិធីក្ស័យធន ឬ ការអនុវត្តសិទ្ធិដែលមានលក្ខណៈប្រហាក់ប្រហែល ឬ សកម្មភាពអនុវត្តដោយបង្ខំ ឬ សកម្មភាពចាត់ចែងការរក្សាការពារ និង ការទទួលស្គាល់កាតព្វកិច្ច ដោយការសងមួយផ្នែក ការបង់ការប្រាក់ ការដាក់ប្រាតិភោគ ឬ វិធីផ្សេង។

ការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ជាការមិនបន្តដំណើរការនៃអាជ្ញាយុកាល ក្នុងអំឡុងពេលដែលត្រូវបង្អង់ ពោលគឺគ្រាន់តែជាការធ្វើឡើងដើម្បីពន្យារពេលកុំឱ្យអាជ្ញាយុកាលត្រូវបានផុតរលត់មួយរយៈពេលតែប៉ុណ្ណោះ។ ចំណែកឯមូលហេតុនៃការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ រួមមាន ករណីម្ចាស់បំណុលបានធ្វើការដាស់តឿន ករណីអនីតិជន ឬ ជនស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ ដែលគ្មានអ្នកតំណាងដែលច្បាប់បានកំណត់ក្នុងអំឡុងពេល ០៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ករណីបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលរវាងប្តីប្រពន្ធ និង ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដោយមហន្តរាយធម្មជាតិ។

សរុបជារួមមក អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កូនបំណុល ព្រមទាំងតតិយជនផ្សេងទៀត ដែលអាចមានផលប្រយោជន៍ និងមានសារៈសំខាន់សម្រាប់កាត់បន្ថយនូវបញ្ហាលំបាកក្នុងការប្រមូលភស្តុតាង ព្រមទាំងធ្វើឱ្យមានស្ថិរភាព និងរក្សានូវសណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់បំណុលខ្លាំងណាស់ប្រសិនបើអាជ្ញាយុកាលនេះ ត្រូវបានផុតរលត់រយៈពេលដែលច្បាប់បានកំណត់៕

រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងលោក សូត្រ សុវណ្ណរាជ្យ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

 

...
យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព...

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្...

2022-06-29 09:47:22

...
យល់ដឹងផ្នែកច្បាប់៖ បណ្ណការងារ និងសៀវភៅការងារជនបរទេស...

(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារ...

2022-06-22 19:39:23

...
យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក...

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹ...

2022-06-15 22:04:06

...
យល់ដឹងផ្នែកច្បាប់៖ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន...

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនអាចមានការភាន់ច្រលំថា ការរៀបពិធីមង្គលការដ...

2022-05-30 09:11:11