023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី

2021-12-21 09:07:17

(ភ្នំពេញ)៖ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ។ ដើម្បីអាចប្រកបវិជ្ជាជីវៈបាន មេធាវី ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវអនុលោមតាមវិធានវិជ្ជាជីវៈមេធាវីឱ្យបានខ្ជាប់ខ្ជួន ដែលក្នុងនោះរួមមាន (១)៖ ច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី, (២)៖ ក្រមសីលធម៌មេធាវី, និង (៣)៖ បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី។

ក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីមានសេរីភាពក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទរឿងក្ដីដែលខ្លួនចង់បំពេញ និងសមាសភាពកូនក្ដីដែលខ្លួនត្រូវការពារ ឬតំណាង ហើយមេធាវីក៏ត្រូវប្រកែក មិនទទួលយកបេសកកម្មទាំងទ្បាយណា ឬអំពើទាំងទ្បាយណាដែលផ្ទុយនឹងច្បាប់ វិធានវិជ្ជាជីវៈ និងសម្បជញ្ញៈរបស់ខ្លួន។ មុននឹងទទួលរឿងក្ដីណាមួយយកមកបំពេញ មេធាវីត្រូវពិចារណាអំពីកត្ដាមួយចំនួនរួមមាន ពេលវេលារបស់ខ្លួនក្នុងការបំពេញបេសកកម្មក្នុងរឿងក្ដីនោះ លទ្ធភាពក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាជូនកូនក្ដី ទិដ្ឋភាពផ្នែកច្បាប់ពាក់ព័ន្ធនឹងសំណុំរឿង និងជាពិសេសគឺបញ្ហាទំនាស់ផលប្រយោជន៍។ ក្នុងករណីដែលមេធាវី បានដឹងថាមានទំនាស់ផលប្រយោជន៍ នៅក្នុងរឿងក្ដី ហើយនៅតែយល់ព្រមទទួលយករឿងក្ដីនោះមកបំពេញទៀត នោះនឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មនានាដែលបានកំណត់ក្នុងវិធានវិជ្ជាជីវៈមេធាវី។

តើកាលៈទេសៈណាខ្លះ ដែលបង្កឱ្យមានទំនាស់ផលប្រយោជន៍? មេធាវីដែលទទួលរឿងក្ដី ដែលមានទំនាស់ផលប្រយោជន៍យកមកបំពេញ នឹងត្រូវប្រឈមជាមួយទណ្ឌកម្មបែបណាខ្លះ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកអំពីប្រធានបទទាក់ទងនឹង «ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី» ជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

ពាក្យថា ទំនាស់ផលប្រយោជន៍ មានកំណត់នៅក្នុងនិយមន័យ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការបស់ខ្លួន។

សម្រាប់ក្រមសីលធម៌ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១២ ត្រង់មាត្រា ២៥ ក៏បានកំណត់អំពីទំនាស់ផលប្រយោជន៍ ដោយហាមមេធាវីមិនត្រូវទទួលរឿងក្ដីទាំងឡាយដូចខាងក្រោម៖

១៖ រឿងក្ដីមួយដែលមានមេធាវីខ្លួនឯង ឬក្រុមមេធាវីរបស់ខ្លួន បានជួយបដិភាគី (ភាគីម្ខាងទៀតនៃរឿងក្ដី) ក្នុងការផ្ដល់យោបល់ ឬបានទទួលយល់ព្រមតំណាងឱ្យបដិភាគីរួចហើយ។ ក្នុងន័យនេះ ក្រុមមេធាវី សំដៅទៅលើមេធាវីជាសហការី បំពេញកិច្ចការផេ្សងៗក្នុងនាម និងក្រោមការទទួលខុសត្រូវរបស់សហភាតា ដែលជាប្រធានក្រុមតាមកិច្ចសន្យានៃកិច្ចសហការ។ ក្នុងករណីសមាជិកនៃក្រុមមេធាវីទទួលបេសកកម្ម ក្នុងនាមខ្លួនផ្ទាល់ក្រៅក្រុម មេធាវីនោះត្រូវតែទទួលខុសត្រូវជាមួយអតិថិជនដោយខ្លួនឯង តែបេសកកម្មនោះមិនត្រូវមានទំនាស់ផលប្រយោជន៍ជាមួយក្រុមខ្លួនទេ។

២៖ នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់ មានទំនាស់ជាមួយផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្ដីដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនកំពុងកាន់។

៣៖ នៅពេលដែលអតិថិជនទាំងពីរ ជាភាគីវិវាទនៅក្នុងរឿងក្ដីតែមួយ។

៥៖ នៅពេលដែលអតិថិជនម្នាក់ចង់ពឹងពាក់មេធាវី ឬក្រុមមេធាវីរបស់ខ្លួន តែមេធាវី ឬក្រុមមេធាវីនេះធ្លាប់បានទទួលជួយបដិភាគីនៅក្នុងរឿងក្ដីដទៃ ឬមេធាវីបានយល់ព្រមផ្ដល់យោបល់ផ្នែកច្បាប់បន្តទៀត លើកលែងតែរឿងក្ដីចុងក្រោយដែលមេធាវី ឬក្រុមមេធាវីដែលធ្លាប់ពាក់ព័ន្ធនោះ បានកន្លងផុតទៅអស់ រយៈពេល ២ (ពីរ) ឆ្នាំ។

៦៖ រឿងក្ដីមួយដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនបានដើរតួជាអាជ្ញាកណ្ដាល អ្នកផ្សះផ្សា ឬអ្នកសម្របសម្រួល ក្នុងទម្រង់នីតិវិធីនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។

៧៖ ករណីដែលមេធាវី ឬក្រុមមេធាវី ជាទីប្រឹក្សា ឬធ្លាប់ជាទីប្រឹក្សារបស់អតិថិជនច្រើនគ្នានោះ មេធាវីនឹងអាចទទួលការពារប្រយោជន៍ភាគីណាមួយបាន លុះត្រាតែត្រូវជម្រាបទៅភាគីឯទៀត និងបន្ទាប់ពីទទួលបានការយល់ព្រមសិន ហើយត្រូវប្រុងប្រយ័ត្នកុំឱ្យបាត់បង់នូវភាពថ្លៃថ្នូរ កិត្តិយស និងការសម្ងាត់វិជ្ជាជីវៈ។

ផ្អែកលើមាត្រា៥៩ មាត្រា៦៣ និងមាត្រា៦៤ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ប្រសិនបើមេធាវីណាប្រព្រឹត្តល្មើសនឹងវិធាននៃវិជ្ជាជីវៈ ឬប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់ដល់សីលធម៌ ឬកិត្តិយសមេធាវី ទោះបីប្រព្រឹត្តក្រៅពីការប្រកបវិជ្ជាជីវៈរបស់ខ្លួនក៏ដោយ មេធាវីនោះនឹងត្រូវទទួលទណ្ឌកម្មជាបទពិន័យ ដែលអាចធ្វើឡើងក្នុងទម្រង់ជា ការព្រមាន ការស្ដីបន្ទោស ការហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈពេល (មិនអាចលើសពី ២ ឆ្នាំ) ការលុបឈ្មោះចោលពីបញ្ជីនៃគណៈមេធាវី ការលុបឈ្មោះចោលពីបញ្ជីនៃមេធាវីកម្មសិក្សា ឬការហូតងារកិត្តិយស។ ចំពោះ ទោសហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈពេល អាចព្យួរបាន ប៉ុន្តែបើក្នុងរយៈពេល ៥ ឆ្នាំ ក្រោយពីបានប្រកាសទោសព្យួរនេះ មេធាវី នោះត្រូវបានផ្តន្ទាទោសវិន័យថ្មីមួយទៀត ក្នុងករណីនេះត្រូវអនុវត្តទោសហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈ ដោយយកទោសថ្មីទៅបូកជាមួយទោសចាស់ដែលបានព្យួរ។

សរុបមក ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី ជាចំណុចសំខាន់មួយដែលមេធាវីគ្រប់រូបគួរពិចារណា ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រេចចិត្តទទួលយកការពឹងពាក់ពីកូនក្ដី។ ការគោរពតាមវិធានវិជ្ជាជីវៈមេធាវី ក៏ដូចជាការបដិសេធមិនទទួលរឿងក្ដីណាមួយ ដែលមានទំនាស់ផលប្រយោជន៍ដូចមានរៀបរាប់ខាងលើ គឺជាវិធីសាស្ត្រដ៏ល្អ ក្នុងការបង្ហាញអំពីសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈនេះ ព្រោះមេធាវីត្រូវគិតពីផលប្រយោជន៍របស់កូនក្ដី ធំជាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងអាចគេចផុតពីទណ្ឌកម្មជាបទពិន័យ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួននៅពេលក្រោយ៕

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

...
យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច...

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទាន...

2022-05-24 18:19:16

...
យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ...

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការ...

2022-05-09 18:33:10

...
យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី...

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវា...

2022-04-25 14:29:31

...
យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ...

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណ...

2022-04-18 08:54:07