023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី

2021-12-27 08:42:28

(ភ្នំពេញ)៖ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងទូទៅបានស្គាល់រួចមកហើយថា អ្វីទៅដែលជាវត្ថុ និងទ្រព្យសម្បត្តិ។ ប៉ុន្តែពួកគាត់មួយចំនួន នៅពុំទាន់បានយល់ច្បាស់នូវការកំណត់អំពីវត្ថុតាមខ្លឹមសារច្បាប់នៅឡើយ។ ហេតុដូច្នេះហើយ បានជាមានការលើកយកនូវប្រធានបទ ‹‹អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី›› មកធ្វើការបកស្រាយ។

តើវត្ថុដែលកំណត់ក្នុងក្រមរដ្ឋប្បវេណីមានអត្ថន័យយ៉ាងណា? តើវត្ថុទាំងនោះត្រូវបានបែងចែកយ៉ាងដូចម្ដេច?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ លើកយកប្រធានបទ ‹‹អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី›› មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

អនុលោមតាមក្រមរដ្ឋប្បវេណី វត្ថុ គឺសំដៅទៅលើរបស់ទាំងឡាយណាដែលមានរូបរាង ជាសារធាតុរឹង ឬ ជាសារធាតុរាវ ឬ ជាសារធាតុឧស្ម័ន។ ឧទាហរណ៍ដូចជា ចាន (សារធាតុរឹង), ភេសជ្ជៈ (សារធាតុរាវ) និង អុកស៉ីហ្សែន (សារធាតុឧស្ម័ន)។ លើសពីនេះទៀត វត្ថុត្រូវបានបែងចែកជាពីរប្រភេទដោយឡែកផ្សេងពីគ្នា រួមមានចលនវត្ថុ និងអចលនវត្ថុ។ ចលនវត្ថុ សំដៅទៅលើវត្ថុដែលអាចរំកិល ឬ ផ្លាស់ទីតាំងបាន ដូចជារបស់របរផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិទាំងឡាយដែលអាចបម្លាស់ទីបាន ហើយមិនត្រូវបានចាត់ទុកជាប្រភេទនៃអចលនវត្ថុ។ រីឯអចលនវត្ថុ គឺសំដៅទៅលើវត្ថុដែលនៅជាប់ដី ដីធ្លី ហើយមិនអាចផ្លាស់ប្ដូរទីកន្លែងបាន ដូចជាអគារ សំណង់ រុក្ខជាតិ ជាដើម។

ពិសេសជាងនេះទៅទៀត អចលនវត្ថុ ក៏ត្រូវបានបែងចែក និងចាត់ថ្នាក់ ជាប្រភេទដោយឡែកពីគ្នាផងដែរ គឺមានដូចជា អចលនវត្ថុតាំងពីកំណើត អចលនវត្ថុតាមការកំណត់ដោយច្បាប់ និងអចលនវត្ថុតាមភ័ព្វវាសនា។ អចលនវត្ថុតាំងពីកំណើត គឺរួមមាន ដីធ្លី គេហដ្ឋានដែលសង់លើគ្រឹះ ឬ សង់ដោយបាយអរ និងឥដ្ឋសំណង់ទាំងឡាយ បើរុះរើទៅនោះ នឹងនាំឱ្យបាត់បង់តម្លៃជាសារធាតុ។ លើសពីនេះទៅទៀត ក៏មានដីធម្មជាតិ ដូចជាដីព្រៃឈើ ដីដាំដុះ ដីទុកទំនេរ ឬ ដីដែលមិនអាចដាំដុះបាន ដីលិចទឹក ឬ ការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែងកើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬ ផ្លាស់ទីបាន។

ចំណែកឯអចលនវត្ថុ តាមការកំណត់ដោយច្បាប់ មានដូចជា សិទ្ធិប្រត្យក្សទាំងឡាយដែលមានលើអចលនវត្ថុ និងចលនវត្ថុដែលត្រូវបានកំណត់តាមច្បាប់ ដោយចាត់ទុកថាជាអចលនវត្ថុ។ ជាឧទាហរណ៍នៃចលនវត្ថុ ដែលច្បាប់ចាត់ទុកថាជាអចលនវត្ថុនោះ គឺមានដូចជា នាវា ឬ ផែ ដែលមានចំណុះទម្ងន់ ៣០ តោនឡើងទៅ។ រីឯអចលនវត្ថុតាមភ័ព្វវាសនា គឺមានភាពជាចលនវត្ថុពីដំបូង តែត្រូវបានចាត់ទុកថាជាអចលនវត្ថុ ពីព្រោះតែវាត្រូវភ្ជាប់ខ្លួនជាបរិវារនៃអចលនវត្ថុតាំងពីកំណើត ដែលគ្រាន់តែជាវត្ថុបន្ទាប់បន្សំប៉ុណ្ណោះ ប៉ុន្តែត្រូវបានចាត់ទុកថាជាអចលនវត្ថុ។ ឧទាហរណ៍ដូចជា កញ្ចក់ភ្ជាប់ជញ្ជាំង ទបង្ហូរទឹក និងពិដាន ជាដើម។ល។

ក្រៅពីអចលនវត្ថុ និងចលនវត្ថុ ក៏មានវត្ថុម្យ៉ាងទៀតផងដែរ ដែលហៅថា វត្ថុអរូបិយ។ វត្ថុនោះ គឺជាវត្ថុដែលគ្មានរូបរាង ប៉ុន្តែអាចគ្រប់គ្រងបានដូចជាវត្ថុដែលមានរូបរាងដែរ ហើយត្រូវបានបទប្បញ្ញត្តិច្បាប់ ចាត់ទុកថាជាចលនវត្ថុ។ វត្ថុអរូបិយ គឺមានដូចជា សិទ្ធិ ថាមពល អគ្គិសនី កម្ដៅ និងពន្លឺ ជាដើម។

ការបែងចែករវាងអចលនវត្ថុ និងចលនវត្ថុ គឺមានភាពចាំបាច់ណាស់ ព្រោះបញ្ញត្តិផ្សេងគ្នា ត្រូវយកមកអនុវត្តចំពោះប្រភេទវត្ថុទាំងពីរនេះ។ ផ្សេងពីវត្ថុ ច្បាប់ក៏បានបញ្ញត្តិពីសមាសភាគនៃវត្ថុផងដែរ ដែលសមាសភាគនៃវត្ថុនោះ គឺសំដៅលើផ្នែកមួយ ឬ ជាសមាសភាគនៃវត្ថុអ្វីមួយ ដែលមិនអាចបែងចែកបានប្រសិនបើមិនបំបែកវត្ថុនោះ ឬ ដោយមិនផ្លាស់ប្ដូរលក្ខណៈដើមនៃវត្ថុនោះទេ។ ម្យ៉ាងទៀត ភាគនៃវត្ថុនោះ មិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ។

លើកលែងតែចំពោះអគារ ឬ សំណង់ផ្សេងទៀត ដែលម្ចាស់សិទ្ធិបានសង់នៅលើដី ឬ រុក្ខជាតិ ឬ ដំណាំដែលម្ចាស់សិទ្ធិបានដាំជាអាទិ៍ ឬ វត្ថុដែលត្រូវបានភ្ជាប់ជាមួយនឹងដី ដោយមានគោលបំណងជាបណ្ដោះអាសន្ន មិនត្រូវក្លាយជាសមាសភាគនៃដីបាននោះទេ។ ឧទាហរណ៍ អំពីសមាសភាគនៃវត្ថុគឺមានដូចជា ជើងកៅអីឈើមួយ គឺគ្រាន់តែជាផ្នែកមួយនៃកៅអីឈើ ដែលគេនឹងយកទៅផ្គុំដើម្បីឱ្យក្លាយជាកៅអីមួយពេញលក្ខណៈតែប៉ុណ្ណោះ មិនអាចក្លាយជាកម្មវត្ថុឯករាជ្យ នៃកម្មសិទ្ធិបានជាដាច់ខាត។

ក្រៅពីការបែងចែកដូចបានរៀបរាប់ខាងលើនេះ វត្ថុក៏អាចត្រូវបានបែងចែករវាងវត្ថុចម្បង និងវត្ថុចំណុះ ឬ អាចបែងចែករវាងវត្ថុដើម និងផល ផងដែរ ដែលការបែងចែកនេះ គឺជាទំនាក់ទំនងពិសេសរវាងវត្ថុ និងវត្ថុ។ វត្ថុចម្បង គឺជាវត្ថុដែលបានបកស្រាយខាងលើរួចមកហើយ។ ចំណែកឯ វត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់វត្ថុនោះទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់នោះ គឺហៅថា វត្ថុចំណុះ។

ការបង្កើត និងការផ្ទេរសិទ្ធិចំពោះវត្ថុចម្បង ត្រូវមានអានុភាពទៅលើវត្ថុចំណុះផងដែរ លើកលែងតែមានការសន្យាពិសេស។ ចំណែកឯវត្ថុដើម និងផលវិញ គឺច្បាប់បានបញ្ញត្តិយ៉ាងជាក់លាក់ថា អត្ថប្រយោជន៍ដែលកើតពីវត្ថុអ្វីមួយ ហៅថា ផល និងវត្ថុដែលបង្កើតផល ហៅថា វត្ថុដើម។ ផល គឺមានពីរប្រភេទដូចជា ផលធម្មជាតិ និងផលស៊ីវិល។ ផលធម្មជាតិ គឺជាផលដែលបានកើតឡើងតាមសភាពធម្មជាតិ ហើយត្រូវបានធ្វើលទ្ធកម្មតាមវិធីប្រើធម្មជាតិ ដូចជា បន្លែ ផ្លែឈើ ផលដំណាំ ជាដើម។ល។ រីឯផលស៉ីវិល គឺជាថ្នូរចំពោះការប្រើប្រាស់វត្ថុណាមួយដូចជា ប្រាក់ថ្លៃឈ្នួល ការប្រាក់ ភាគលាភ ឬ វត្ថុផ្សេងទៀតដែលទទួលស្គាល់ថាជាថ្នូរចំពោះការប្រើវត្ថុ។

កម្មសិទ្ធិករនៃវត្ថុដើម មានសិទ្ធិទទួលបានផល ទាំងផលធម្មជាតិ និងផលស៉ីវិល។ ផលធម្មជាតិ អាចទទួលបាននៅពេលដែលផលធម្មជាតិនោះបានបំបែកពីវត្ថុដើម។

ចំណែកឯផលស៉ីវិល អាចទទួលយកបានទៅតាមអំឡុងពេលដែលមានសិទ្ធិទទួលផលនេះ ដោយគណនាតាមចំនួនថ្ងៃ។ ក្នុងករណីដែលផលត្រូវបានបង្កើតឡើង ដោយអ្នកដទៃ ហើយម្ចាស់កម្មសិទ្ធិនៃវត្ថុដើមបានទទួលផលនោះ ដូច្នេះអ្នកដទៃដែលបានបង្កើតផល ហើយមានករណីយកិច្ចសងផលឱ្យម្ចាស់ដើមខាងលើ គឺអាចទាមទារឱ្យសងសោហ៊ុយធម្មតាក្នុងការបង្កើតផលបាន។ សោហ៊ុយធម្មតានោះ មិនអាចលើសពីតម្លៃនៃផលដែលត្រូវសងឡើយ។

សរុបជារួមមក ការកំណត់អំពីវត្ថុក្នុងក្រមរដ្ឋប្បវេណីឱ្យបានច្បាស់លាស់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអាចយកបទប្បញ្ញត្តិណាមួយ មកអនុវត្តលើប្រភេទវត្ថុនោះ ឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់។ ពីព្រោះ ប្រសិនបើវត្ថុ មិនត្រូវបានកំណត់ និងបែងចែកជាប្រភេទឱ្យបានជាក់លាក់នោះទេ ការអនុវត្តច្បាប់ចំពោះវត្ថុ គឺប្រាកដជាមានភាពច្របូកច្របល់ ហើយការអនុវត្តសិទ្ធិលើវត្ថុនោះ នឹងគ្មានសណ្ដាប់ធ្នាប់ទៅតាមវិធានគតិយុត្តនោះឡើយ៕

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក សូត្រ សុវណ្ណរាជ្យ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

...
យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច...

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទាន...

2022-05-24 18:19:16

...
យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ...

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការ...

2022-05-09 18:33:10

...
យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី...

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវា...

2022-04-25 14:29:31

...
យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ...

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណ...

2022-04-18 08:54:07