023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ

2022-04-18 08:54:07

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនខ្លាំង ដោយមានការវិនិយោគពីសំណាក់អ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ហើយដើម្បីប្រតិបត្តិការក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួនបានតម្រូវឱ្យនិយោជក ឬម្ចាស់សហគ្រាសនីមួយៗត្រូវទៅចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឱ្យស្របតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះផងដែរ កម្មករនិយោជិត គឺជាចលករមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធានានូវសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ដូចនេះក្នុងនាមជានិយោជក ឬម្ចាស់សហគ្រាស ត្រូវមានតួនាទីផ្ដល់ជាប្រាក់ឈ្នួល និងមានកាតព្វកិច្ចជាច្រើនទៀតចំពោះបុគ្គលិក កម្មករនិយោជិតរបស់ខ្លួន ។ ដើម្បីសម្រួលដល់ការគ្រប់គ្រង ក៏ដូចជាផ្ដល់នូវភាពងាយស្រួលដល់និយោជក ឬម្ចាស់សហគ្រាស ក្នុងការគ្រប់គ្រងកម្មករនិយោជិត ដូចជា ការគ្រប់គ្រងលើអតីតភាពការងាររបស់ពួកគាត់ ក្រសួងការងារបានបង្កើតឱ្យមានសៀវភៅការងារជនជាតិខ្មែរ ដើម្បីគ្រប់គ្រងព័ត៌មានមួយផ្នែកធំរបស់កម្មករនិយោជិតខ្មែរទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ។

តើអ្វីទៅជាសៀវភៅការងារជនជាតិខ្មែរ ហើយតម្រូវឱ្យមានឯកសារ ឬលក្ខខណ្ឌអ្វីខ្លះ ដើម្បីធ្វើសៀវភៅការងារបាន?

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីសៀវភៅការងារជនជាតិខ្មែរ ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សៀវភៅការងារជនជាតិខ្មែរ» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

យោងតាមស្មារតីមាត្រា ៣៤ នៃច្បាប់ស្ដីពីការងារ សៀវភៅការងារជនជាតិខ្មែរ ធ្វើឡើងសំរាប់សំគាល់អត្តសញ្ញាណសាមីខ្លួនរបស់កម្មករនិយោជិត ដោយក្នុងសៀវភៅនេះមានចែងពីប្រភេទការងារដែលកម្មករនិយោជិកបានចុះកិច្ចសន្យាធ្វើ ថិរវេលានៃកិច្ចសន្យា ប្រាក់ឈ្នួលដែលបានព្រមព្រៀងគ្នា និងរបៀបបើកប្រាក់ឈ្នួល ព្រមទាំងការចុះកិច្ចសន្យាថ្មីបន្តទៀត។

សៀវភៅការងារ ត្រូវបានធ្វើឡើងដោយមន្រ្តីអធិការការងារ តាមសេចក្ដីស្នើសុំរបស់កម្មករនិយោជិត ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប៉ុន្តែមុននឹងឈានទៅធ្វើសៀវភៅការងារបាន តម្រូវឱ្យកម្មករនិយោជិតត្រូវទៅពិនិត្យកាយសម្បទានៅពេទ្យការងារជាមុនសិន ឬស្នើសុំឱ្យមានការចុះទៅពិនិត្យដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសក៏បានដែរ។

ក្រោយមកពេទ្យការងារនឹងចេញវិញ្ញាបនបត្រពិនិត្យកាយសម្បទាឱ្យ ដើម្បីយកទៅប្រើប្រាស់ ពីព្រោះថា នៅពេលស្នើសុំសៀវភៅការងារត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះ ហើយឯកសារភ្ជាប់ផ្សេងទៀតមានដូចខាងក្រោម ៖

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/សៀវភៅគ្រួសារ/សំបុត្របញ្ជាក់កំណើត
* រូបថត ជារូបទើបថតថ្មី ០៦ ខែ ចុងក្រោយ, ទំហំ ៤x៦, ផ្ទៃ ស គ្មានស្រមោល
* ព័ត៌មានការងារ (មុខងារ/តួនាទីក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស,កាលបរិច្ឆេទចូលធ្វើការងារ, ប្រាក់ឈ្នួលប្រចាំខែ)
* វិញ្ញាបនបត្រមុខរបរកម្មករនិយោជិតខ្មែរ (មានទម្រង់)
ចំពោះការស្នើសុំសៀវភៅការងារ តម្រូវឱ្យបង់សេវាសាធារណៈចំនួន ២០.០០០ (ពីរម៉ឺន) រៀល យោងតាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយក្នុងប្រព័ន្ធនេះមានដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មករនិយោជិតជនជាតិខ្មែរដែលអាចរកបាននៅគេហទំព័រ www.lacms.mlvt.gov.kh ហើយប្រព័ន្ធនេះបានចាប់ដំណើរការតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ មានន័យថា ការស្នើសុំសៀវភៅការងារជនជាតិខ្មែរ អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌមួយៗដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS។

បន្ទាប់ពីបានស្នើសុំរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ ត្រូវរង់ចាំចំនួន ២០ ថ្ងៃ ក្រោយពីបានស្នើសុំរួចរាល់ ហើយនៅពេលដែលសៀវភៅការងារធ្វើរួចរាល់ អ្នកដាក់ពាក្យស្នើសុំ អាចទៅយកសៀវភៅការងារនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ដោយឡែកសម្រាប់រោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត អាចយកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលបានជួលកម្មករនិយោជិតខ្មែរ ដោយពុំមានសៀវភៅការងារ នោះក្រុមហ៊ុន រោងចក្រ សហគ្រាសនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ។

សរុបសេចក្ដីមក សៀវភៅការងារជនជាតិខ្មែរបង្កើតឡើងក្នុងគោលបំណងសម្រាប់សំគាល់អត្តសញ្ញាណសាមីខ្លួនរបស់កម្មករនិយោជិត និងការពារផលប្រយោជន៍កម្មករនិយោជិត ។ ហើយបច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ក៏ដូចជាធានាបាននូវនិរន្តរភាពការងារ នៅក្នុងបរិបទនៃការរីករាលដាល នៃជម្ងឺកូវីដ-១៩ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសពុំចាំបាច់ទៅស្នើសុំផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់អាចស្នើសុំសៀវភៅការងារជនជាតិខ្មែរតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.lacms.mlvt.gov.kh បានយ៉ាងងាយស្រួល និងឆាប់រហ័ស៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.

...
យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព...

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្...

2022-06-29 09:47:22

...
យល់ដឹងផ្នែកច្បាប់៖ បណ្ណការងារ និងសៀវភៅការងារជនបរទេស...

(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារ...

2022-06-22 19:39:23

...
យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក...

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹ...

2022-06-15 22:04:06

...
យល់ដឹងផ្នែកច្បាប់៖ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន...

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនអាចមានការភាន់ច្រលំថា ការរៀបពិធីមង្គលការដ...

2022-05-30 09:11:11