023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក

2022-06-15 22:04:06

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងប្តីប្រពន្ធ និងកូន។ ដោយឡែក នៅក្នុងអត្ថបទនេះ នឹងត្រូវបានលើកឡើងអំពីបណ្តាំមត៌កវិញម្តង ដែលផ្តោតសំខាន់ទៅលើសារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក។

តើអ្វីទៅជាបណ្តាំមត៌ក? បណ្តាំមត៌ក សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ជាអាទិ៍ បន្ទាប់ពីមរណភាព។ ប្រសិនបើបុគ្គលម្នាក់បានទទួលមរណភាព ហើយបានបន្សល់ទុកនូវបណ្តាំមត៌ក នោះមានន័យថា បុគ្គលនោះបានកំណត់អំពីការចាត់ចែងនូវទ្រព្យសម្បត្តិរបស់ខ្លួនទុកជាមុនរួចជាស្រេច ហេតុដូច្នេះ ក្រោយបុគ្គលនោះទទួលមរណភាព ការបែងចែកមត៌កត្រូវធ្វើតាមឆន្ទៈចុងក្រោយរបស់បុគ្គលនោះ ដូចមានកំណត់នៅក្នុងបណ្តាំមត៌ក។

ហេតុអ្វីចាំបាច់ធ្វើបណ្តាំមត៌ក? មូលហេតុដែលចាំបាច់ធ្វើបណ្តាំមត៌ក ដោយសារតែវាបានផ្តល់នូវសារប្រយោជន៍មួយចំនួន ដូចខាងក្រោម៖

* មូលហេតុទី១៖ កាត់បន្ថយវិវាទ ឬជម្លោះ ក្នុងកម្រិតអតិបរមា។ មូលហេតុគឺដោយសារតែម្ចាស់បណ្តាំបានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការកំណត់បុគ្គលដែលត្រូវទទួលទ្រព្យសម្បត្តិ និងចំណែកមត៌ក តាមបណ្តាំមត៌ក ហេតុដូចនេះ ត្រូវអនុវត្តតាមឆន្ទៈនោះ។

* មូលហេតុទី២៖ កំណត់បុគ្គលដែលត្រូវទទួលបានមត៌ក និងចំណែកមត៌ក។ ម្ចាស់បណ្តាំអាចកំណត់អំពីការបែងចែកមត៌កដែលផ្ទុយពីការកំណត់របស់ច្បាប់។ មានន័យថា ម្ចាស់បណ្តាំអាចបែងចែក(ប្រគល់)មត៌កទៅទាយាទណាម្នាក់របស់ខ្លួន ឱ្យទទួលបានចំណែកមត៌កច្រើនជាងការកំណត់របស់ច្បាប់ ឬ បែងចែកមត៌កទៅបុគ្គលណាម្នាក់ដែលមិនមែនជាទាយាទ ឬ ញាតិរបស់ខ្លួនបាន។

* មូលហេតុទី៣៖ កំណត់បុគ្គលដែលមិនត្រូវទទួលបានមត៌ក។ ម្ចាស់បណ្តាំអាចបង្ហាញឆន្ទៈមិនបែងចែក(ប្រគល់)មត៌ក ឬកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់តាមបណ្តាំមត៌កបាន។ ការមិនបែងចែក(ប្រគល់)មត៌កដល់ទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានទទួលទ្រព្យសម្បត្តិក្នុងអំឡុងពេលដែលម្ចាស់បណ្តាំនៅរស់រានមានជីវិត ចំណែកឯការកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានធ្វើបាប ឬ ប្រមាថធ្ងន់ធ្ងរដល់ម្ចាស់បណ្តាំ ជាដើម។

* មូលហេតុទី៤៖ ទទួលស្គាល់កូន។ បើម្ចាស់បណ្តាំមិនហ៊ានបង្ហាញឆន្ទៈទទួលស្គាល់កូនពេលខ្លួននៅមានជីវិត ម្ចាស់បណ្តាំដែលជាឪពុករបស់កូននោះ អាចបង្ហាញឆន្ទៈទទួលស្គាល់កូនបាន ប្រសិនបើកូននោះពុំទាន់មានឪពុកស្របច្បាប់នៅឡើយ។ ការទទួលស្គាល់កូន គឺដើម្បីបង្កើតទំនាក់ទំនងញាតិរវាងកូននោះ និងញាតិរបស់ម្ចាស់បណ្តាំ ហើយក៏ដើម្បីផ្តល់សិទ្ធិឱ្យកូននោះទទួលបាននូវចំណែកមត៌កពីម្ចាស់បណ្តាំផងដែរ។

* មូលហេតុទី៥៖ កំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់។ ប្រសិនបើម្ចាស់បណ្តាំមានកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់ ហើយពុំមានប្តីឬប្រពន្ធ (ស្លាប់) នោះម្ចាស់បណ្តាំគួរតែកំណត់បុគ្គលណាម្នាក់ដែលខ្លួនទុកចិត្ត ដើម្បីមានសិទ្ធិថែរក្សា និងគ្រប់គ្រងកូន នៅពេលខ្លួនទទួលមរណភាព។

* មូលហេតុទី៦៖ ចំណេញពេលវេលា និងថវិកាដល់ទាយាទ។ មានន័យថា ក្រោយមរណភាពរបស់ម្ចាស់បណ្តាំ ប្រសិនបើមានបណ្តាំមត៌ក នោះទាយាទរបស់ម្ចាស់បណ្តាំពុំចាំបាច់ចំណាយ ពេលវេលា និងប្រាក់កាស់ច្រើន ព្រមទាំងការគិតពិចារណា ជាដើម ក្នុងការដោះស្រាយការបែងចែកមត៌កដល់ទាយាទដែលច្បាប់បានទទួលស្គាល់ឡើយ ពោលគឺគ្រាន់តែបែងចែកមត៌កទៅតាមឆន្ទៈដែលបានកំណត់នៅក្នុងបណ្តាំមត៌កប៉ុណ្ណោះ ប្រសិនបើបណ្តាំនោះបានកំណត់វិធីបែងចែកមត៌កច្បាស់លាស់រួចរាល់ហើយ។

* មូលហេតុទី៧៖ កំណត់បុគ្គលដែលត្រូវទទួលបន្ទុកក្នុងការបែងចែកមត៌ក (អ្នកប្រតិបត្តិបណ្តាំមត៌ក) ដល់បុគ្គលដែលត្រូវទទួលមត៌ក ស្របទៅតាមខ្លឹមសារនៃបណ្តាំមត៌ក។ ក្នុងករណីនេះ ម្ចាស់បណ្តាំគួរតែកំណត់បុគ្គលដែលជាអ្នកជំនាញផ្លូវច្បាប់ ដើម្បីទទួលបន្ទុកក្នុងការអនុវត្តបណ្តាំមត៌កប្រកបដោយប្រសិទ្ធភាព នៅពេលម្ចាស់បណ្តាំទទួលមរណភាព។

* មូលហេតុទី៨៖ កាត់បន្ថយការបារម្ភ ឬភាពតានតឹង ពាក់ព័ន្ធនឹងការបែងចែកមត៌កដល់ទាយាទ។ នៅពេលខ្លះ ម្ចាស់បណ្តាំមានការបារម្ភថា មិនដឹងថាទ្រព្យសម្បត្តិដែលខ្លួនមាននឹងទៅជាយ៉ាងណាឡើយ ក្រោយមរណភាពរបស់ខ្លួន ដូចនេះ ការធ្វើបណ្តាំមត៌ក អាចធ្វើឱ្យម្ចាស់បណ្តាំធូរស្បើយចិត្តបានមួយកម្រិតដែរ។

* មូលហេតុទី៩៖ ផ្តែផ្តាំពាក្យចុងក្រោយដល់ទាយាទ។ ម្ចាស់បណ្តាំអាចមានបណ្តាំចុងក្រោយ ដល់ទាយាទរបស់ខ្លួន ដូចជា ការផ្តល់ដំបូន្មាន ឬ យោបល់ ដើម្បីឱ្យមានសុខដុមរមនាដល់ក្រុមគ្រួសារ។ ហេតុដូចនេះ បើបានសរសេរបណ្តាំមត៌កទុកជាមុន ម្ចាស់បណ្តាំបានបន្សល់ទុកនូវពាក្យផ្តែផ្តាំចុងក្រោយដល់ទាយាទ ជៀសវាងការទទួលមរណភាពជាយថាហេតុ៕

រៀបរៀងដោយ លោក វ៉ៃ ភីរក្ស អ្នកបណ្តុះបណ្តាលកម្មវិធីវិភាគទានច្បាប់

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06