023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព

2022-06-29 09:47:22

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្យា (កាតព្វកិច្ចដែលច្បាប់បញ្ញត្តិ) ហើយស្របពេលជាមួយគ្នានេះនាំឱ្យកើតមាននូវសិទ្ធិ និងកាតព្វកិច្ចផងដែរ។ ចំណែកឯលក្ខខណ្ឌក្នុងការរំលត់កាតព្វកិច្ចវិញ អាចកើតឡើងតាមច្រើនហេតុដូចជា បានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ចតាមកិច្ចសន្យា ឬសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ឬអលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុល ឬការមិនអនុវត្តកាតព្វកិច្ចរបស់ម្ចាស់បំណុលក្នុងអំឡុងពេលកំណត់ ឬ/និង ដោយការសង ការទូទាត់ ការលើកលែង នវកម្ម ឬព្យាកុលភាព ជាដើម។

ដោយហេតុថា ព្យាកុលភាព គឺជាមូលហេតុមួយដែលជាប់ទាក់ទងយ៉ាងខ្លាំងនឹងការរំលត់កាតព្វកិច្ច ហើយវាមានលក្ខខណ្ឌពិសេសមួយក្នុងការប្រមូលផ្ដុំនូវសិទ្ធិ និងកាតព្វកិច្ច ហេតុនេះយើងនឹងលើកយកតែប្រធានបទនេះមកធ្វើការបកស្រាយតែប៉ុណ្ណោះ។

តើអ្វីទៅជាព្យាកុលភាព? ហើយវាមានអានុភាពបែបណា?

ដើម្បីឱ្យកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ព្យាកុលភាព មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ។

ព្យាកុលភាព សំដៅលើកម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងទៀត ដែលមានលើវត្ថុ តែមួយ ធ្លាក់ទៅលើបុគ្គលតែម្នាក់ឬករណីដែលសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត ដែលមានកម្មវត្ថុជាសិទ្ធិប្រត្យក្សនោះ ធ្លាក់ទៅលើបុគ្គលតែម្នាក់ ។ បើតាមន័យសាមញ្ញ ព្យាកុលភាព ជាមធ្យោបាយមួយដើម្បីរំលត់កាតព្វកិច្ច ដោយជនម្នាក់ប្រមូលឱ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងជាកូនបំណុលផង ។ ប៉ុន្ដែចំពោះកាតព្វកិច្ចមួយចំនួន ដែលមានការជាប់ទាក់ទងនឹងកម្មវត្ថុរបស់តតិយជន ច្បាប់មិនអនុញ្ញាតឱ្យរំលត់ដោយព្យាកុលភាពឡើយ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់តតិយជននោះ ករណីនោះមានដូចជា កម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ឬកម្មវត្ថុនៃការរឹបអូស ឬកម្មវត្ថុនៃសិទ្ធិផ្សេងទៀត។

ឧទាហរណ៍ទី១៖ លោក A ជាកម្មសិទ្ធិករលើដីមួយកន្លែង និងមានបំណងដាក់ជួល បន្ទាប់មកលោក B បានជួលដីនោះពីលោក A ដើម្បីសាងសង់មណ្ឌលកុមារកំព្រា និងបានចុះបញ្ជីអំពីសិទ្ធិជួលអចិន្ត្រៃយ៍រយៈពេល ១៥ឆ្នាំ។ ក្រោយមកលោក A បានបរិច្ចាគដីខាងលើនេះ ឱ្យទៅលោក B ហេតុនេះនាំឱ្យលោក B ក្លាយជាម្ចាស់កម្មសិទ្ធិករផង និងមានសិទ្ធិជួលអចិន្ត្រៃយ៍លើដីខាងលើនេះផងដែរ ។ ដូច្នេះករណីនេះ នាំឱ្យសិទ្ធិ និងកាតព្វកិច្ចរវាងលោក A ជាមួយលោក B ត្រូវបានរំលត់ដោយព្យាកុលភាព ។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។

ឧទាហរណ៍ទី២៖ លោក A ជាម្ចាស់បំណុលហ៊ីប៉ូតែក លើដីមួយកន្លែង ហើយលោក B ជាកម្មសិទ្ធិករលើដីមួយកន្លែងនោះដែលត្រូវជាកូនបំណុលនៃការដាក់ធានាហ៊ីប៉ូតែកខាងលើ ។ ប៉ុន្ដែក្រោយមក លោក B សម្រេចចិត្តលក់ដីខាងលើទៅលោក A ហេតុនេះនាំឱ្យសិទ្ធិលើបំណុលនៃការដាក់ធានាហ៊ីប៉ូតែកត្រូវបានរំលត់ដោយព្យាកុលភាព ហើយលោក A ក្លាយទៅជាម្ចាស់បំណុលហ៊ីប៉ូតែកផង និងជាកម្មសិទ្ធិករផង។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។

ឧទាហរណ៍ទី៣៖ លោក A ជាម្ចាស់រថយន្តមួយគ្រឿង បានដាក់ជួលឱ្យលោក B ដូច្នេះនាំឱ្យលោក A ក្លាយជាម្ចាស់បំណុល ហើយលោក B ក្លាយជាកូនបំណុល។ បន្ទាប់មក លោក A បានប្រគល់កម្មសិទ្ធិលើរថយន្តខាងលើទៅឱ្យលោក B តែម្តង ។ ហេតុនេះ នាំឱ្យលោក B ក្លាយជាម្ចាស់បំណុលផង និងជាកូនបំណុលផង ហេតុនេះមានន័យថា សិទ្ធិ និងកាតព្វកិច្ចត្រូវបានរំលត់ដោយព្យាកុលភាព ឬអាចសន្មតបានថា បំណុលត្រូវបានទូទាត់រួច ។ (ពាក់ព័ន្ធនឹងសិទ្ធិលើបំណុល ដែលមានចែងក្នុងមាត្រា ៤៧៩ នៃក្រមរដ្ឋប្បវេណី)។

សរុបរួមមក យើងសង្កេតឃើងថា ការរំលត់កាតព្វកិច្ចដោយព្យាកុលភាពនេះ ពុំសូវកើតមាននៅព្រះរាជាណាចក្រកម្ពុជានោះទេ ដោយភាគច្រើនការរំលត់កាតព្វកិច្ចច្រើនកើតឡើងដោយការបានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ច ឬដោយការទូទាត់ ឬការរំលត់ដោយការសង ឬដល់ថេរវេលាកំណត់ ជាអាទិ៍។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៧ ៧៧៧ ៣៩៤, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06