023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អាករលើតម្លៃបន្ថែម

2022-07-04 06:26:48

(ភ្នំពេញ)៖ ជាទូទៅ នៅពេលដែលយើងទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ ឬរបស់របរផ្សេងៗ ជាពិសេសនៅតាមបណ្ដាផ្សារទំនើប ឬភោជនីយដ្ឋានធំៗ គឺយើងតែងតែសង្កេតឃើញថា អ្នកលក់ទាមទារឱ្យអ្នកទិញត្រូវបង់ប្រាក់បន្ថែមចំនួន ១០% នៃប្រាក់ថ្លៃទំនិញដែលបានទិញនោះ។ ប្រាក់បន្ថែមចំនួន ១០% ដែលត្រូវបង់នេះ គឺជាពន្ធដែលត្រូវប្រមូលដោយអ្នកលក់សម្រាប់យកទៅបង់ជូនរដ្ឋ ដែលត្រូវបានហៅថា អាករលើតម្លៃបន្ថែម (Value Added Tax or VAT)។

តើអ្វីទៅជាអាករលើតម្លៃបន្ថែម? ហើយអាករលើតម្លៃបន្ថែមនេះត្រូវបានកំណត់យ៉ាងដូចម្ដេចខ្លះ?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អាករលើតម្លៃបន្ថែម» ដែលហៅកាត់បានថា (អតប) មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម៖

យោងតាមច្បាប់ អាករលើតម្លៃបន្ថែម គឺជាពន្ធលើការចំណាយរបស់អ្នកប្រើប្រាស់ចុងក្រោយ ដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករ។ ការប្រកបអាជីវកម្មភាគច្រើន ទាក់ទិនទៅនឹងការផ្គត់ផ្គង់ទំនិញ ឬ សេវា ហើយការប្រកបអាជីវកម្មទាំងនោះត្រូវជាប់ អតប ប្រសិនបើមានការផ្គត់ផ្គង់។

នៅក្នុងអត្ថបទមួយនេះនឹងយកចំណុចសំខាន់អំពី អតប ចំនួន ៣ ចំណុចយកមកបកស្រាយដោយមិនបូកបញ្ចូល ការស្នើសុំឥណទាន វិធាន និងនីតិវិធីសម្រាប់ អតប នោះទេ។ ចំណុចទាំង៣ នោះមានដូចជា៖ (១)បុគ្គលជាប់អាករ និងកាតព្វកិច្ច (២) ការផ្គត់ផ្គង់ជាប់អាករ និងការផ្គត់ផ្គង់មិនជាប់អាករ (៣) អត្រាអាករ។

១៖ បុគ្គលជាប់អាករ គឺបុគ្គលជាប់ពន្ធតាមរបបស្វ័យប្រកាស និងធ្វើការផ្គត់ផ្គង់ជាប់អាករ។ បុគ្គលជាប់អាករមានដូចជា ក្រុមហ៊ុននីតិបុគ្គលគ្រប់ប្រភេទ សហគ្រាសវិនិយោគទាំងអស់ និងសហគ្រាស នីហរ័ណអាហរ័ណដែលធ្វើការផ្គត់ផ្គង់ជាប់អាករ។ សហគ្រាសដទៃទៀតដែលមាន ៣ចំណាត់ថ្នាក់ ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលមានផលរបរប្រចាំឆ្នាំពីការផ្គត់ផ្គង់ទំនិញ និងសេវាដូចខាងក្រោម៖
ក. អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ មានផលរបរចាប់ពី ២៥០លាន ដល់ ៧០០លាន ក្នុង ១ឆ្នាំ
ខ. អ្នកជាប់ពន្ធមធ្យម មានផលរបរចាប់ពី ៧០០លាន ដល់៤.០០០លាន ក្នុង១ឆ្នាំ
គ. អ្នកជាប់ពន្ធធំ មានផលរបរលើសពី ៤.០០០លាន ក្នុង១ឆ្នាំ។

បន្ថែមពីនេះ សហគ្រាសដទៃទៀតអាចចុះបញ្ជី អតប ដោយស្ម័គ្រចិត្ត ប្រសិនបើវាមានផលប្រយោជន៍ដល់ខ្លួន និងស្ថាប័នរដ្ឋាភិបាលទាំងអស់ដែលធ្វើសកម្មភាពអាជីវកម្ម ត្រូវសុំចុះបញ្ជី អតប និងបុគ្គលដទៃទៀតដែលអគ្គនាយដ្ឋានពន្ធដារ (អនពដ) ចុះបញ្ជីជាឯកតោភាគី។

ចំណែកឯកាតព្វកិច្ច មានដូចជាកាតព្វកិច្ចក្នុងការចុះបញ្ជី ប្រសិនបើស្ថិតក្នុង និងធ្វើការផ្គត់ផ្គង់ជាប់ អតប និងត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជី អតប នៅទីកន្លែងអាជីវកម្ម។ បុគ្គលជាប់ អតប ត្រូវគិត អតប លើអតិថិជនទាំងអស់ចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធិភាព និងចេញវិក្កយបត្រ អតប ដល់អតិថិជនដែលជាបុគ្គលជាប់អាករ ចេញវិក្កយបត្រធម្មតាដល់អតិថិជនដែលជាបុគ្គលមិនជាប់អាករ។

ការចុះបញ្ជី អតប ត្រូវធ្វើមុនពេលអ្នកជាប់ពន្ធអាចនាំចូល និងនាំចេញសម្រាប់គោលដៅអាជីវកម្ម។ ត្រូវរក្សាកំណត់ត្រា និងគណនីទាក់ទិននឹង អតប សម្រាប់រយៈពេល ១០ ឆ្នាំ និងដាក់លិខិតប្រកាស អតប និងបង់ប្រាក់ពន្ធដែលប្រកាសប្រចាំខែ ត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែជាប់ពន្ធ។ ហើយធ្វើការជូនដំណឹងដល់អគ្គនាយកដ្ឋានពន្ធដារ អំពីការប្រែប្រួលស្ថានភាព អាជីវកម្មរួមមាន ការផ្ទេរអាជីវកម្ម ឬការស្នើសុំលុបចោលការចុះបញ្ជី អតប។ អនុញ្ញាតឱ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធដារពិនិត្យមើលកំណត់ ឯកសារ និងទីតាំងអាជីវកម្មសហគ្រាស។

២៖ ការផ្គត់ផ្គង់ជាប់អាករ មានដូចជា ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់ អតប នៅកម្ពុជា និងការដកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់ អតប។ ការផ្តល់ជាអំណោយ ឬផ្គត់ផ្គង់ក្រោមតម្លៃពិតនូវទំនិញ និងសេវាដោយបុគ្គលជាប់ អតប និងការនាំចូលទំនិញចូលមកក្នុងតំបន់ត្រួតពិនិត្យគយកម្ពុជា។ ការផ្គត់ផ្គង់មិនជាប់អាករ មានដូចជា៖
* សេវាប្រៃសណីយ៍សាធារណៈ
* សេវាមន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត ដែលទាក់ទិននឹងការបំពេញសេវាកម្មទាំងនេះ
* សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
* សេវាធានារ៉ាប់រង
* សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* ការនាំចូល ឬផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
* សេវាសិក្សាអប់រំ
* ថាមពលអគ្គីសនី និងទឹកស្អាត
* សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ
* ការនាំចូលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ
* សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីប្រយោជន៍សាធារណៈ
* ការនាំចូល ឬទិញទំនិញសម្រាប់យកមកបំពេញមុខងារជាផ្លូវការរបស់បេសកកម្មការទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

៣៖ អត្រាអាករ នៃ អតប ក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់អត្រា ១០% ទៅលើការផ្គត់ផ្គង់លើអាករដែលមានដូចជា ការផ្គត់ផ្គង់ក្នុងស្រុក និងទំនិញនាំចូល។ ចំពោះការនាំទំនិញ ចេញពីព្រះរាជាណាចក្រកម្ពុជា ការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានធ្វើនៅក្រៅព្រះរាជាណាចក្រកម្ពុជា និងការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរជាអន្តរជាតិ ព្រមទាំងទំនិញ និងសេវាដែលទាក់ទិននឹងការនាំចេញ និងការដឹកជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រា០%។

សរុបមក អតប គឺជាកាតព្វកិច្ច របស់គ្រប់សមាសភាពដូចបានកំណត់ដោយច្បាប់ ដើម្បីជាការរួមចំណែកដល់ប្រទេសជាតិហើយរាល់ការអនុវត្ត អតប ត្រូវអនុវត្តតាមការកំណត់ក្នុងច្បាប់ស្ដីពីសារពើពន្ធ និងប្រកាសស្ដីពីអាករលើតម្លៃបន្ថែម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06