023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជា

2022-07-10 15:19:49

(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសមួយដែលប្រមូលផ្តុំទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែប។ ប្រជាជនកម្ពុជាមួយចំនួនធំ បានប្រើប្រាស់ធនធានធម្មជាតិទាំងនោះដើម្បីចិញ្ចឹមជីវិត និងដោះស្រាយតាមតម្រូវការផ្សេងៗ។

តួយ៉ាង ប្រសិនបើយើងក្រឡេកទៅមើលពីធនធានធម្មជាតិនៅក្នុងទឹកវិញ ឃើញថាមុខរបរនេសាទមានការពេញនិយមពីសំណាក់បងប្អូនប្រជាជនខ្មែរជាងគេ ពោលគឺអាជីវកម្មនេសាទបានដើរតួយ៉ាងសំខាន់ និងជាប្រភពស្បៀងអាហារដ៏ធំមួយសម្រាប់ប្រជាជនក្នុងប្រទេស ហើយថែមទាំងជាប្រភពចំណូលយ៉ាងទៀងទាត់មួយផងដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ធនធានធម្មជាតិនៅក្នុងទឹកទាំងអស់នេះ ប្រសិនបើមិនមានការគ្រប់គ្រង និងថែរក្សាឱ្យបានល្អទេ នោះនឹងមានការថមថយចុះ ឬបាត់បង់នូវធនធានទាំងអស់នោះជាក់ជាមិនខាន ។ ដូច្នេះតើរដ្ឋមានវិធានការបែបណាក្នុងការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជាមិនឱ្យមានការបាត់បង់ និងថមថយនូវធនធានធម្មជាតិនៅក្នុងទឹកទាំងនោះ?

សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទថ្មីមួយទៀតស្តីពី «ការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានលម្អិត ថាតើការធ្វើអាជីវកម្មនេសាទនៅកម្ពុជា អាចប្រព្រឹត្តទៅបានដោយស្របច្បាប់យ៉ាងដូចម្តេច ហើយមានលក្ខណៈបែបណា។

យោងតាមច្បាប់ស្តីពីជលផលនៅកម្ពុជា បានកំណត់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌនៃឧបករណ៍នេសាទដោយបែងចែកជា ០៣ ប្រភេទធំៗរួមមាន៖ ឧបករណ៍នេសាទគ្រួសារ, ឧបករណ៍នេសាទសិប្បកម្ម និងឧបករណ៍នេសាទឧស្សាហកម្ម។ ឧបករណ៍ទាំងបីខាងលើនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គ្រប់ការធ្វើនេសាទនៅក្នុងដែននេសាទទឹកសាប និងដែននេសាទសមុទ្រ លើកលែងតែការនេសាទ លក្ខណៈគ្រួសារ គឺដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតក្នុងការធ្វើអាជីវកម្មនេសាទ, គោរពតាមបទបញ្ជាដែលមានចែងក្នុងលិខិតអនុញ្ញាតឱ្យធ្វើនេសាទ, មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ។

ចំពោះទីតាំងនៃការធ្វើនេសាទអាចប្រព្រឹត្តទៅបានតែនៅក្នុងទីកន្លែងបម្រុងទុក នៃដែននេសាទទឹកសាប ឬដែននេសាទសមុទ្រ សម្រាប់ឧបករណ៍នេសាទសិប្បកម្ម រីឯការនេសាទឧស្សាហកម្មវិញ អាចប្រព្រឹត្តទៅបានតែក្នុងឡូតិ៍នេសាទនៃដែននេសាទទឹកសាប ឬនៅក្នុងដែននេសាទសមុទ្រតែប៉ុណ្ណោះ ហើយត្រូវប្រើប្រាស់ឧបករណ៍សម្រាប់ឧស្សាហកម្ម។ មួយវិញទៀត ចំពោះទីតាំងនៃឡូតិ៍នេសាទដែលអាចធ្វើការនេសាទ ឬធ្វើអាជីវកម្មបានទាំងនោះ អាចប្រព្រឹត្តទៅបានតាមការ វិនិយោគ តាមការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀងចំពោះឡូត៍នេសាទណាមួយដែលគ្មានអ្នកដេញថ្លៃយក។

លើសពីនេះទៅទៀត រាល់នាវាទាំងអស់ ដែលអាជីវករនេសាទប្រើប្រាស់ក្នុងដែនព្រះរាជាណាចក្រកម្ពុជា ត្រូវសុំចុះបញ្ជីនាវា និងបរិក្ខារបម្រើការងារនេសាទពីរដ្ឋបាលជលផល បន្ទាប់ពីបានត្រួតពិនិត្យតាមគោលការណ៍បច្ចេកទេសរួចរាល់។ គ្រប់សកម្មភាពធ្វើអាជីវកម្មនេសាទ ធ្វើវារីវប្បកម្ម ធ្វើសន្និធិ កែច្នៃ និងទិញ-លក់ផលិតផលជលផល ត្រូវតម្រូវឱ្យមានលិខិតអនុញ្ញាត និងត្រូវមានសៀវភៅសម្រាប់កត់ត្រាស្ថិតិ ដែលចេញដោយរដ្ឋបាលជលផលដែលមានសមត្ថកិច្ច ម្យ៉ាងទៀតសៀវភៅកត់ត្រាស្ថិតិនេះ ចាំបាច់ត្រូវមានការកត់ត្រាស្ថិតិឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ និងត្រូវចុះហត្ថលេខាបញ្ជាក់ពីរដ្ឋបាលដែលមានសមត្ថកិច្ចជារៀងរាល់ខែផងដែរ។ គ្រប់ការបោះទីតាំងនេសាទ ឬដាក់ឧបករណ៍នេសាទគ្រប់ប្រភេទ ដែលលាតសន្ធឹងធ្វើឱ្យរាំងស្ទះផ្លូវជលយានគ្រប់ប្រភេទ ត្រូវបានហាមឃាត់ និងត្រូវបើកមុខទឹកមួយភាគបី (១/៣) ឬយ៉ាងតិចបំផុតពីរភាគបី (២/៣) នៅពេលទឹកនាច ដើម្បីទុកឱ្យជលយានគ្រប់ប្រភេទអាចធ្វើចរាចរណ៍បាន ចំពោះទីតាំងស្ទឹង ព្រែក ឬផ្លូវទឹកនៃតំបន់ឆ្នេរសមុទ្រ។

ច្បាប់ស្តីពីជលផល បានហាមឃាត់ការនេសាទលក្ខណៈសិប្បកម្ម និងឧស្សាហកម្មនៅរដូវបិទនេសាទ, ការធ្វើនេសាទជាលក្ខណៈឧស្សាហកម្មនៅក្នុងកន្លែងនេសាទបម្រុង, ការធ្វើនេសាទក្នុងកន្លែងនេសាទបម្រុង ដោយប្រើឧបករណ៍គ្រប់ប្រភេទ, ការប្រើប្រាស់សាច់មង អួន ឬលួសសំណាញ់ដែលមានក្រឡាតូចជាងបួនសង់ទីម៉ែត្រ ធ្វើជារបាំងរួមផ្សំ ឬជំនួសរបាំងព្រួល និងការនេសាទដោយប្រើប្រាស់ឧបករណ៍ដាយចាប់ត្រី ឬដាយចាប់បង្កងខុសទីតាំងកំណត់របស់ឡូត៍ ដាយចាប់ត្រី ឬដាយចាប់បង្កង ចំពោះនេសាទទឹកសាប ។ ចំពោះការនេសាទសមុទ្រ ត្រូវបានហាមឃាត់ ការធ្វើនេសាទ ឬការធ្វើអាជីវកម្មផ្សេងៗទៀត ដែលប៉ះពាល់ ឬរំខានដល់ការលូតលាស់នៃស្មៅសមុទ្រ ឬផ្កាថ្ម, ការប្រមូលផល ការទិញ ការលក់ ការដឹកជញ្ជូនផ្កាថ្ម, ការចូលសំចត ឬការបោះយុថ្កានៅក្នុងតំបន់ផ្កាថ្ម, ការបំផ្លាញស្មៅសមុទ្រ ឬផ្កាថ្មដោយសកម្មភាពផ្សេងៗទៀត និងហាមដាច់ខាតចំពោះការរៀបចំឧបករណ៍ដែលមានលក្ខណៈត្រៀមនេសាទ នៅក្នុងដែននេសាទសមុទ្រ ចំពោះនាវាទាំងឡាយណាដែលគ្មានលិខិតអនុញ្ញាត។

សរុបមក ដើម្បីការពារ និងថែរក្សាឱ្យបាននូវធនធានធម្មជាតិនៅក្នុងទឹក ចំពោះការនេសាទ ទាំងនេសាទទឹកសាប និងនេសាទសមុទ្រទាំងអស់ តម្រូវឱ្យមានលិខិតអនុញ្ញាត និងមានទីតាំងនេសាទត្រឹមត្រូវច្បាស់លាស់ ពីអាជ្ញាធរដែលមានសមត្ថកិច្ចផ្នែកជលផល ទើបអាចធ្វើសកម្មភាពនេសាទនៅក្នុងដែនព្រះរាជាណាចក្រកម្ពុជាបាន លើកលែងតែការនេសាទលក្ខណៈគ្រួសារតែមួយប៉ុណ្ណោះ ដែលមិនតម្រូវឱ្យសុំការអនុញ្ញាត ប៉ុន្តែការនេសាទលក្ខណៈគ្រួសារត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារដែលច្បាប់បានកំណត់។

ជាងនេះទៅទៀត មិនត្រឹមតែត្រូវមានលិខិតអនុញ្ញាតក្នុងការនេសាទប៉ុណ្ណោះទេ គ្រប់នាវាដែលចេញនេសាទ និងឧបករណ៍ផ្សេងៗក៏ត្រូវតែសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់ និងគោរពទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេស ពីអាជ្ញាធរដែលមានសមត្ថកិច្ចជាមុនសិន ទើបអាចប្រើប្រាស់បាន ។ ដូច្នេះរាល់ការនេសាទសិប្បកម្ម និងនេសាទឧស្សាហកម្ម ដែលស្ថិតក្នុងដែនទឹកសាប និងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ដែលជាអ្នកគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់គ្រប់អាជីវកម្មនេសាទទាំងអស់៕

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06