023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ មូលហេតុនៃការរលត់បណ្តឹងអាជ្ញា

2022-07-22 08:34:06

(ភ្នំពេញ)៖ ជាទស្សនៈទូទៅរបស់ប្រជាពលរដ្ឋ យល់ឃើញថា ការផ្ដល់សំណងនៃការខូចខាតទៅឱ្យជនរងគ្រោះ ឬ ជនរងគ្រោះមិនប្ដឹង ឬមានការដកបណ្ដឹងពីជនរងគ្រោះ ជាដើម ជាមូលហេតុដែលអាចធ្វើឱ្យរួចផុតពីការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ឬរលត់បណ្ដឹងអាជ្ញា ។ ការយល់ឃើញបែបនេះ គឺពុំត្រឹមត្រូវនោះទេ ពីព្រោះថាបណ្ដឹងអាជ្ញា គឺត្រូវបានធ្វើឡើងដោយរដ្ឋ ពុំមែនធ្វើឡើងដោយជនរងគ្រោះនោះទេ ហើយមូលហេតុនៃការរលត់បណ្ដឹងអាជ្ញានេះ គឺមានបញ្ញត្ដិជាក់លាក់នៅក្នុងច្បាប់ជាធរមាន ។

បើយោងតាមច្បាប់ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឱ្យបណ្ដឹងអាជ្ញាត្រូវរលត់?

ហេតុដូច្នេះ ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «មូលហេតុនៃការរលត់បណ្ដឹងអាជ្ញា» មកធ្វើការចែករំលែកដូចតទៅ។

តាមគោលការណ៍ច្បាប់ បើទោះបីជាសំណងនៃការខូចខាតត្រូវបានផ្តល់ជូនភាគីរងគ្រោះ និងមានការសម្របសម្រួលដកពាក្យបណ្តឹងពីសំណាក់ភាគីរងគ្រោះ ឬករណីដែលជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងក៏ដោយ ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ ។ មូលហេតុនៃការដកបណ្តឹងរបស់ភាគីរងគ្រោះ គឺមានអានុភាពត្រឹមតែជាការបញ្ចប់នូវការទាមទារ ផ្នែកសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ ពោលគឺមិនមែនជាកត្តាដែលអាចនាំឱ្យបណ្តឹងអាជ្ញាត្រូវរលត់ឡើយ។

យោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មូលហេតុនៃការរលត់បណ្តឹងអាជ្ញា មានដូចខាងក្រោម៖

១៖ មរណភាពនៃជនល្មើស

បណ្ដឹងអាជ្ញានឹងត្រូវរលត់ នៅពេលដែល ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ បានទទួលមរណភាព ។ បើផ្អែកតាមគោលការណ៍ឯកត្ដកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ដែលសំដៅដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺបុគ្គលណាជាអ្នកប្រព្រឹត្តបទល្មើស បុគ្គលនោះជាអ្នកទទួលខុសត្រូវទោសព្រហ្មទណ្ឌ ដោយមិនអាចឱ្យអ្នកដទៃ ឬសាច់ញាតិរបស់ខ្លួនទទួលទោសជំនួសបានទ្បើយ ។ ដូចនេះដំណាក់កាលនីតិវិធីទាំងអស់នៃសំណុំរឿងព្រហ្មទណ្ឌនឹងត្រូវបញ្ចប់ ប្រសិនបើជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ បានទទួលមរណៈភាព ដោយសារតែបណ្ដឹងអាជ្ញាត្រូវបានរលត់។

២៖ ការផុតអាជ្ញាយុកាល

អាជ្ញាយុកាលនៃ បទល្មើស គឺជារយៈពេលដែលកំណត់ដោយច្បាប់ ដែលក្នុងករណីដែលផុតរយៈពេលកំណត់នេះ នោះព្រះរាជអាជ្ញាពុំអាចធ្វើការចោទប្រកាន់បានទេ ។ រយៈពេលនៃអាជ្ញាយុកាលត្រូវប្រែប្រួលទៅតាមប្រភេទនៃបទល្មើសនីមួយៗពោលគឺ ១(មួយ) ឆ្នាំ ចំពោះបទលហុ ៥ (ប្រាំ) ឆ្នាំ ចំពោះបទមជ្ឈិម និង ១៥ (ដប់ប្រាំ) ឆ្នាំ ចំពោះបទ ឧក្រិដ្ឋ ហើយត្រូវរាប់គិតចាប់ពីពេលដែលបទល្មើសត្រូវបានប្រពឹត្ត។

ឧទាហរណ៍៖ លោក (ក) បានបង្កអំពើហិង្សាដោយចេតនា ដែលជាបទមជ្ឈិម លើលោក (ខ) ដែលជាមិត្ភភក្ដិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយធ្វើការរត់គេចខ្លួនទៅក្រៅប្រទេស ។ ក្រោយមកជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ដើម្បីឱ្យមានការស៊ើបអង្កេតស្វែងរក លោក (ក) នោះឡើយដោយយល់ឃើញថាធ្លាប់ជាមិត្តភក្ដិនឹងគ្នា។ ដូចនេះ ប្រសិនបើលោក (ក) ត្រឡប់មកប្រទេសកម្ពុជាវិញនៅរយៈពេល ៥ ឆ្នាំក្រោយ ពោលគឺថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៧ នោះ ខាងស្ថាប័នអយ្យការមិនអាចធ្វើការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនានេះ បានទៀតទេ ដោយសារតែ ការរយៈពេលនៃអាជ្ញាយុកាលត្រូវបានផុតកំណត់។

ដោយឡែកយើងត្រូវកត់សម្គាល់ផងដែរថា រយៈពេលនៃអាជ្ញាយុកាលនឹងត្រូវរាប់សារជាថ្មីម្ដងទៀតនៅពេលដែលបញ្ចប់កិច្ចចោទប្រកាន់ ឫកិច្ចស៊ើបសួរនីមួយ មានន័យថា ប្រសិនបើភ្លាមៗ ក្រោយពេលដែលរងរបួស លោក (ខ) បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ទៅកាន់មន្ត្រីនគរបាលយុត្តិធម៌ ដែលឈានដល់មានការចោទប្រកាន់ពីស្ថាប័នអយ្យការ ឬ បើកការស៊ើបសួរពីសំណាក់ចៅក្រមស៊ើបសួរ នោះរយៈពេលនៃអាជ្ញាយុកាលនឹងត្រូវរាប់សារជាថ្មីម្ដង នៅពេលដែលបញ្ចប់ការចោទប្រកាន់ ឬការស៊ើបសួរនោះ។

៣៖ ការលើកលែងទោសទូទៅ

ការលើកលែងទោសទូទៅត្រង់មាត្រា ៧ នេះមិនសំដៅទៅលើ ការលើកលែងទោសដោយជារាជានុសិទ្ធិរបស់ព្រះមហាក្សត្រ ដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យជាតិធំៗនោះទេ ។ ការលើកលែងទោសទូទៅដែលធ្វើឱ្យបណ្តឹងអាជ្ញាមួយរលត់ សំដៅលើការធ្វើច្បាប់ដែលអនុម័តដោយរដ្ឋសភា សម្រាប់លើកលែងទោស ឬ លុបចោលនូវប្រភេទបទល្មើសណាមួយដែលនាំឱ្យបណ្តឹងអាជ្ញាដែលកំពុងដំណើរការក្នុងនីតិវិធីនឹងត្រូវរលត់ ។

៤៖ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ

ដូចបានបញ្ជាក់ជូនខាងលើ ស្ថាប័នអយ្យការអាចធ្វើការចោទប្រកាន់ទៅលើអំពើដែលត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌបាន តាមរយៈបណ្ដឹងអាជ្ញា ប៉ុន្ដែទោះបីជាមានការចោទប្រកាន់ក៏ដោយ ក៏បណ្ដឹងអាជ្ញាអាចត្រូវបានរលត់ផងដែរ ប្រសិនបើបទល្មើសនោះត្រូវបាននិរាករណ៍ ពោលគឺ អំពើដែលបានប្រព្រឹត្តដោយជនល្មើសនោះ លែងត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌតទៅទៀត ។

៥៖ អាជ្ញាអស់ជំនុំ

ប្រសិនបើជនជាប់ចោទត្រូវបានតុលាការសម្រេចឱ្យរួចខ្លួនជាស្ថាពរ តាមរយៈសាលក្រម ឬសាលដីកាណាមួយហើយ ជនជាប់ចោទនោះមិនអាចត្រូវបានចោទប្រកាន់ចំពោះអំពើដដែលទៀតនោះទេ ទោះបីជាការចោទប្រកាន់នោះក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងទៀតក៏ដោយ។

ក្រៅពីមូលហេតុដែលបានរៀបរាប់ខាងលើនេះ មាត្រា៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក៏បានចែងពីមូលហេតុចំនួន៣ ផ្សេងទៀតនៃការរលត់បណ្ដឹងអាជ្ញាផងដែរ៖

ក. ដោយការសម្របសម្រូលជាមួយរដ្ឋ។ ឧទាហរណ៍៖ បទល្មើសពាក់ព័ន្ធជាមួយនឹងពន្ធ ។ល។
ខ. ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។ ឧទាហរណ៍៖ បទល្មើសពាក់ព័ន្ធជាមួយ អំពើផិត ឬ អំពើហឹង្សាក្នុងគ្រួសារដែលជាបទមជ្ឈិមស្រាល ឬបទលហុ ។
គ. ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល។ ឧទាហរណ៍៖ ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍ ។ល។

សរុបមក មូលហេតុនៃការរលត់នៃបណ្ដឹងអាជ្ញា គឺជាមូលហេតុដែលបានកំណត់នៅក្នុងច្បាប់ជាធរមាន ហើយកាលណាបណ្ដឹងអាជ្ញាត្រូវបានរលត់ដោយផ្អែកលើមូលហេតុណាមួយដូចមានរៀបរាប់ខាងលើនេះ នោះរាល់ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្ដើមបានទៀតទេ ឬត្រូវតែបញ្ឈប់ ៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក គន្ធ មូលសក្ដា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

 

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06