023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម

2022-07-24 17:34:20

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំណោះស្រាយតាមរយៈមធ្យោបាយផ្សេងៗដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ដែលអាចធ្វើឡើងក្នុងនីតិវិធីរបស់តុលាការ ឬក្រៅប្រព័ន្ធតុលាការ។

សម្រាប់ពេលបច្ចុប្បន្ន ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលប្រជាពលរដ្ឋនិយមយកមកអនុវត្តអាចស្ថិតក្នុងរូបភាពជាច្រើនទម្រង់ ដែលក្នុងនោះរួមមាន ការចរចា សន្ធានកម្ម និងមជ្ឈត្តកម្មជាដើម។ ទម្រង់នីមួយៗ សុទ្ធសឹងតែមានអត្ថប្រយោជន៍ និងគុណវិបត្តិផ្សេងៗគ្នា ដែលភាគីនៃវិវាទរមែងយកមកពិចារណា មុននឹងសម្រេចចិត្តថាគួរជ្រើសរើសយកយន្ដការណាមួយមកដោះស្រាយវិវាទរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់។

សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកនូវប្រធានបទស្ដីអំពីយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយ ក្នុងចំណោមយន្ដការជាច្រើនផ្សេងទៀត គឺ «សន្ធានកម្ម» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានស្វែងយល់បន្ថែមដូចតទៅ៖

សន្ធានកម្ម ឬ ការសម្រុះសម្រួល គឺជាដំណើរការដោះស្រាយវិវាទដែលមានការជួយសម្របសម្រួលពីសន្ធានការី ឬភាគីទី៣ ហើយមានលក្ខណៈខុសគ្នាពីការចរចាត្រង់ថា ការចរចាគឺធ្វើឡើងរវាងភាគីនៃវិវាទ ឬមេធាវីតំណាងឱ្យភាគីតែប៉ុណ្ណោះ។ សន្ធានការី គឺជាបុគ្គលដែលមានអព្យាក្រឹតភាព និងមិនមានទំនាក់ទំនងផលប្រយោជន៍ជាមួយភាគីនៃវិវាទឡើយ។

ទន្ទឹមនឹងនេះ សន្ធានការីដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដំណើរការសន្ធានកម្មតាមរយៈ ការព្យាយាមស្ដាប់ និងស្វែងយល់អំពីចំណុចវិវាទជាមុន, ការសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ភាគីទាំងសងខាង, ការជួយឱ្យភាគីបង្កើតជម្រើសក្នុងការដោះស្រាយវិវាទ ជាជាងការផ្ដោតទៅលើតែបញ្ហា, និងការជួយឱ្យភាគីពិចារណាជ្រើសរើសដំណោះស្រាយណាមួយដែលអាចរក្សាផលប្រយោជន៍របស់ភាគីទាំងសងខាង។ អ្នកដែលអាចដើរតួធ្វើជាសន្ធានការីបាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ បុគ្គលឯកជន ឬក្រុមការងារនៃមជ្ឈមណ្ឌលផ្ដល់សេវាកម្មសន្ធានកម្មឯកជនណាមួយជាអាទិ៍។

វិវាទដែលសាកសមសម្រាប់ការដោះស្រាយតាមរយៈសន្ធានកម្ម គឺវិវាទផ្នែករដ្ឋប្បវេណី ដូចជាវិវាទការងារ វិវាទពាណិជ្ជកម្ម វិវាទគ្រួសារ(ជាពិសេសករណីលែងលះ) វិវាទដីធ្លី និងវិវាទដែលកើតចេញពីកិច្ចសន្យាជាដើម ប្រសិនបើយើងពិចារណាទៅលើអត្ថប្រយោជន៍ដែលភាគីអាចទទួលបានពីការធ្វើសន្ធានកម្ម ដែលរួមមានដូចជា៖

* ភាគីនៅតែអាចបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នា ដោយហេតុថាគោលបំណងចម្បងនៃសន្ធានកម្មគឺផ្ដល់ឱកាសឱ្យភាគីស្វែងរកដំណោះស្រាយរួមមួយ ដែលអាចផ្ដល់ផលចំណេញទៅវិញទៅមក។
* សន្ធានកម្មគឺសាកសមបំផុតសម្រាប់ភាគីដែលចង់ដោះស្រាយបញ្ហាជាលក្ខណៈឯកជន និងចង់រក្សាការសម្ងាត់ ព្រោះសន្ធានការីក៏ត្រូវមានកាតព្វកិច្ចក្នុងការរក្សាការសម្ងាត់នៃវិវាទផងដែរ។
* ភាគីអាចចំណេញពេលវេលា និងចំណាយធនធានតិច ដោយសារតែដំណើរការសន្ធានកម្មអាចប្រព្រឹត្តទៅតែមួយលើក (ក្នុងមួយលើកអាចប្រើរយៈពេល ០១ ទៅ ០២ ថ្ងៃ) ឬច្រើនជាងនេះ អាស្រ័យទៅតាមការព្រមពៀងរបស់ភាគី។
* ភាគីជាអ្នកគ្រប់គ្រងលើដំណើរការដោះស្រាយវិវាទ ដោយហេតុថា ភាគីមានសិទ្ធិព្រមព្រៀងក្នុងការធ្វើសន្ធានកម្ម, មានសិទ្ធិជ្រើសរើសសន្ធានការី ដោយផ្អែកទៅលើចំណេះដឹងពាក់ព័ន្ធនឹងវិវាទ អព្យាក្រឹតភាព និងសមត្ថភាពក្នុងការសម្របសម្រួលរបស់សន្ធានការីនោះ, មានសិទ្ធិជ្រើសរើសពេលវេលា និងទីកន្លែងសម្រាប់ធ្វើសន្ធានកម្ម, ហើយជាពិសេសនោះគឺភាគីជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដំណោះស្រាយដែលសមស្របសម្រាប់ខ្លួន ដោយមិនស្ថិតនៅលើការសម្រេចចិត្តរបស់សន្ធានការីនោះឡើយ។

ដោយមើលឃើញពីភាពវិជ្ជមាននៃសន្ធានកម្មបែបនេះហើយ ទើបច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានជម្រុញឱ្យមានការធ្វើសន្ធានកម្មទាំងនៅក្នុងនីតិវិធីតុលាការ និងក្រៅប្រព័ន្ធតុលាការជាលក្ខណៈឯកជន។ ជាក់ស្ដែង មាត្រា ៩៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានចែងថា «តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ទោះបីជាបណ្ដឹងស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ»

បន្ថែមពីលើនេះទៅទៀត មាត្រា ១០៤ នៃក្រមនេះដដែលក៏បានចែងថា «នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល តុលាការត្រូវសាកល្បងផ្សះផ្សាជាដំបូងសិន លើកលែងតែយល់ឃើញថាមិនសមរម្យ»។ នៅក្នុងករណីនេះ ភាគីអាចជ្រើសរើសធ្វើការផ្សះផ្សានៅក្រៅប្រព័ន្ធតុលាការក៏បាន ឬអាចធ្វើសន្ធានកម្មដោយមានការជួយសម្របសម្រួលពីតុលាការក៏បាន។ ប្រសិនបើភាគីអាចឈានរកដំណោះស្រាយក្នុងការសះជា តុលាការអាចធ្វើកំណត់ហេតុស្ដីពីការសះជា តាមមាត្រា ២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលមានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពរដែរ។

បើយើងក្រឡេកទៅមើលនីតិវិធីនៅក្នុងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មវិញ មាត្រា ៣៨ នៃច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានចង្អុលបង្ហាញឱ្យវេទិកាមជ្ឈត្តកម្មព្យាយាមពិភាក្សាជាមួយភាគីវិវាទដើម្បីដោះស្រាយវិវាទដោយស្ម័គ្រចិត្ត ដែលអាចធ្វើឡើងក្នុងទម្រង់ជាសន្ធានកម្ម មុនពេលចាប់ផ្ដើមដំណើរការមជ្ឈត្តការផ្លូវការផងដែរ។ ប្រសិនបើមានការស្នើសុំពីភាគីវិវាទ វេទិកាមជ្ឈត្តកម្មអាចកត់ត្រាទុកការដោះស្រាយនោះ ក្នុងមជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម។

សរុបមកវិញ សន្ធានកម្មគឺជាវិធីសាស្ត្រក្នុងការដោះស្រាយវិវាទមួយដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគី ប៉ុន្តែដំណើរការសន្ធានកម្មអាចទទួលបានលទ្ធផលជោគជ័យកម្រិតណានោះ គឺវាអាស្រ័យទៅលើភាពស្មុគស្មាញនៃវិវាទ សមត្ថភាពក្នុងការសម្របសម្រួលរបស់សន្ធានការី និងឆន្ទៈក្នុងការដោះស្រាយវិវាទដោយសន្តិវិធីរបស់ភាគីខ្លួនឯងផ្ទាល់ផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06