023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម

2022-08-22 08:39:06

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន្តរជាតិនោះ ប្រាកដជាធ្លាប់លឺ ឬស្គាល់ពីសោកនាដកម្មដែលបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬហៅកាត់ថា «៩/១១» ដែលពេលនោះក្រុមជ្រុលនិយមអ៉ីស្លាមហៅថា «អាល់កៃដា (Al-Qaeda)» បានប្លន់យន្តហោះចំនួន ០៤ គ្រឿង យកទៅធ្វើការវាយប្រហារនៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ បន្ទាប់ពីការវាយប្រហារមួយនេះរួចមក ជីវិតជនស្លូតត្រង់ជិត ៣.០០០ នាក់ ត្រូវបានបាត់បង់ ដោយប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក George W. Bush បានចាត់ទុកសោកនាដកម្ម ៩/១១ នេះ គឺជាការវាយប្រហារភេរវកម្មដោយផ្ទាល់មកកាន់បូរណភាពដែនដីសហរដ្ឋអាមេរិក មិនធ្លាប់ជួបប្រទះដោយផ្ទាល់ពីមុនមក ហើយបានជំរុញឱ្យមានការផ្តួចផ្តើមគំនិតប្រឆាំងនឹងអំពើភេរវកម្មទូទាំងពិភពលោក ដែលគ្រានោះសហរដ្ឋអាមេរិកបានប្រកាស «សង្គ្រាមលើភេរវកម្ម» ដើម្បីប្រឆាំងនឹងអំពើភេរវកម្មទាំងឡាយ។

ហេតុនេះ តើពាក្យថា «ភេរវកម្ម» មានន័យយ៉ាងដូចម្ដេច ហើយសកម្មភាពណាខ្លះត្រូវបានចាត់ចូលជាអំពើភេរវកម្ម ? តើច្បាប់ អន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រមកម្ពុជា បានផ្តន្ទាទោសទៅលើភេរវជនយ៉ាងដូចម្តេចខ្លះ?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ អំពីភេរវកម្ម ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អំពើភេរវកម្ម» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

បន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ រួចមក វាបានបង្កនូវការភ្ញាក់ផ្អើល និងការគំរាមកំហែងដល់សុវត្ថិភាពពិភពលោកទាំងមូល។ ហេតុដូច្នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចលេខ៖ ១៣៧៣ ដែលអំពាវនាវឱ្យសមាជិកទាំងអស់ នៃក្រុមប្រឹក្សាសន្តិសុខ ធ្វើការរួបរួមគ្នាជាធ្លុងមួយ ដើម្បីស៊ើបអង្កេត និងផ្តន្ទាទោសលើអំពើភេរវកម្ម និងបទល្មើសពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាការកាត់ទោសចំពោះភេរវករ គឺសមស្របទៅនឹងបទល្មើសដែលពួកគេបានប្រព្រឹត្ត ដោយនៅក្នុងសេចក្តីសម្រេចលេខ៖ ១៣៧៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា អំពើភេរវកម្ម គឺជាសកម្មភាពទាំងឡាយណា ដែលបង្កើតបានជា ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយរាល់សកម្មភាព វិធីសាស្រ្ត និងការអនុវត្តអំពើភេរវកម្ម គឺផ្ទុយទៅនឹងគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ។

នៅក្នុងសេចក្តីសម្រេចនេះផងដែរ ក៏បានតម្រូវឱ្យសមាជិក នៃអង្គការសហប្រជាជាតិ ធ្វើការផ្តន្ទាទោសចំពោះអំពើភេរវកម្ម ដាក់ទណ្ឌកម្មទៅលើសកម្មភាពណាដែលគាំទ្រ ឬចូលរួមចំណែកក្នុងការរៀបចំបទល្មើសភេរវកម្ម ផ្តន្ទាទោសទៅលើហិរញ្ញប្បទានភេរវកម្ម ហាមឃាត់ការឃោសនាពីអំពើភេរវកម្ម បង្កកមូលនិធិណាដែលប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តឡើង ដើម្បីគាំទ្រអំពើភេរវកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាផ្នែកព្រហ្មទណ្ឌ។

ចំណែកនៅក្នុងបរិបទប្រទេសកម្ពុជាវិញ ក្នុងនាមជាសមាជិក នៃអង្គការសហប្រជាជាតិ បានដើរតាមគន្លងចក្ខុវិស័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយបានអនុម័ត «ច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម» នៅក្នុងឆ្នាំ២០០៧ ដើម្បីផ្តន្ទាទោសចំពោះអំពើភេរវកម្ម និងដាក់ទណ្ឌកម្មលើជនល្មើស ដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ។ ទោះបីជាច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម មិនបានចង្អុលបង្ហាញ ឬផ្តល់និយមន័យជាក់លាក់ទៅលើអំពើភេរវកម្មក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ គោលបំណង នៃច្បាប់នេះ គឺបង្កើតឡើងដើម្បីធ្វើការបកស្រាយពីប្រភេទនៃបទល្មើស ដែលចាត់ទុកថាជាអំពើភេរវកម្ម ហើយចែងពីបទបញ្ញតិ្តនៃរយៈពេលនៃការផ្តន្ទទោសព្រហ្មទណ្ឌ ដោយនៅក្នុងមាត្រា ២ នៃច្បាប់នេះបានបញ្ជាក់ថា រាល់ភាពមិនច្បាស់លាស់ណាមួយក្នុងការបកស្រាយច្បាប់នេះ នឹងត្រូវដោះស្រាយដោយឯកសាររបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ហេតុ ដូច្នេះ នៅក្នុងសេចក្តីសម្រេចលេខ៖ ១៥៦៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរំលេចឡើងនូវនិយមន័យនៃអំពើភេរវកម្ម ថា ជា «បទល្មើសទាំងឡាយណា ដែលប្រព្រឹត្តឡើងដោយចេតនាដើម្បីប្រឆាំងនឹងជនស៉ីវិល ក្នុងចេតនាបណ្តាលឱ្យមានការស្លាប់ ឬមានរបួសរាងកាយធ្ងន់ធ្ងរ ឬមានការចាប់ជាចំណាប់ខ្មាំង ក្រោមគោលបំណងបំផុសបំផុលឱ្យមានការគំរាមកំហែងជាសាធារណៈដល់ប្រទេស ឬក្នុងមហាជន ឬចំពោះបុគ្គលណាមួយ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ឬបង្ខិតបង្ខំរដ្ឋាភិបាល ឬអង្គការអន្តរជាតិ ឱ្យធ្វើ ឬហាមឃាត់មិនឱ្យធ្វើសកម្មភាពណាមួយ»

ដូច្នេះ រាល់ចារី សហចារី អ្នកផ្តើមគំនិត អ្នកសមគំនិត ឬនីតិបុគ្គលទាំងឡាយណា ដែលមានបំណងប៉ុនប៉ងប្រព្រឹត្តបទល្មើស ដែលត្រូវនឹងនិយមន័យខាងលើ ត្រូវតែដាក់ទោសចំពោះបទល្មើសនោះ ហើយពួកគេត្រូវទទួលខុសត្រូវចំពោះការផ្តន្ទាទោសដូចតទៅ៖

*១៖ បទល្មើសដែលត្រូវបានប្រព្រឹត្ត នៅលើអាកាសយាន ឬនៅអាកាសយានដ្ឋាន៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើបទល្មើសនោះបណ្តាលឱ្យមនុស្សស្លាប់។

*២៖ បទឧក្រិដ្ឋកម្មលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០៥ (ប្រាំ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើបទល្មើសនោះបណ្តាលឱ្យមនុស្សស្លាប់។

*៣៖ ការចាប់ចំណាប់ខ្មាំង៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

*៤៖ បទល្មើសពាក់ព័ន្ធនឹងការការពាររូបវន្តលើសារធាតុនុយក្លេអ៊ែរ និងការបង្ក្រាបអំពើភេរវកម្មនុយក្លេអ៊ែរ៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ (ប្រាំ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

*៥៖ អំពើប្រឆាំងនឹងសុវត្ថិភាពនាវាចរណ៍ដែនសមុទ្រ៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ (ប្រាំ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

*៦៖ បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃទីតាំងអចល័តដែលស្ថិតនៅលើខ្ពង់រាបបាតសមុទ្រ៖ ត្រូវផ្តន្ទាទោស ដាក់ពន្ធ នា គា រ ពី ០៥ (ប្រាំ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

*៧៖ ការដាក់សញ្ញាសម្គាល់គ្រឿងផ្ទុះផ្លាស្ទិកសម្រាប់គោលបំណងរកឃើញ៖ ត្រូវផ្ដន្ទាទោលដាក់ពន្ធនាគារពី ០៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។

*៨៖ ការដាក់គ្រាប់បែកភេរវកម្ម៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ដល់ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

*៩៖ ការផ្តល់ហិរញ្ញប្បទាន និងជំនួយសម្រាប់ភេរវកម្ម៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ។

សរុបសេចក្តីមក ក្រោយពីព្រឹត្តិការណ៍ ៩/១១ រួចមក ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តនូវសេចក្តីសម្រេចលេខ៖ ១៣៧៣ ដើម្បីជំរុញឱ្យប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ ធ្វើការអនុវត្តតាមគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការរួបរួមប្រឆាំងនឹងអំពើភេរវកម្មនានា ។ ជាការឆ្លើយតប សម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយរូប ក៏បានធ្វើការឆ្លើយតបទៅនឹងការគំរាមកំហែងនេះ តាមរយៈការអនុម័តឯកសារច្បាប់ជាលាយលក្ខណ៍អក្សរផ្សេងៗ ដើម្បីដាក់ទោសទណ្ឌចំពោះបទល្មើសទាំងឡាយណា ដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម និងធ្វើការផ្តន្ទាទោសលើបុគ្គលទាំងនោះដែលបានប្រព្រឹត្ត ឬមានបំណងប៉ុនប៉ងនឹងប្រព្រឹត្តអំពើបែបនេះ៕

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក អ៉ឹម វិរៈបុត្រ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com (http://www.ciclg.com/), ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25