023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅចំណងអាពាហ៍ពិពាហ៍)

2022-08-29 08:27:08

 (ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហែលជាធ្លាប់បានស្វែងយល់រួចមកហើយ អំពីទំនាក់ទំនងប្តីប្រពន្ធស្របច្បាប់ (ចុះបញ្ជីអាពាហ៍ពិពាហ៍) ។ ដោយឡែកសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅចំណងអាពាហ៍ពិពាហ៍) មកធ្វើការបកស្រាយ និងចែករំលែក ជូនប្រិយមិត្តអ្នកអាន។

អត្ថបទនេះ នឹងពន្យល់អំពីទំនាក់ទំនងប្តីប្រពន្ធក្រៅចំណងអាពាហ៍ពិពាហ៍/អនីតិសង្វាស (ទំនាក់ទំនងរវាងបុរស និងនារី ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍/អត់មានអេតាស៉ីវិល) ក្នុងករណីដែលពួកគេមានកូន ថាតើទំនាក់ទំនងរវាងឪពុក ម្តាយ និងកូន ត្រូវបានទទួលស្គាល់ដោយច្បាប់ដែរឬទេ?

* ការកំណត់ភាពជាឪពុក (បិតុភាព) និងភាពជាម្តាយ (មាតុភាព)

ច្បាប់បានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន ហេតុនេះ ទោះបីជាស្ត្រីនោះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ឬមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ក៏ដោយ ក៏ច្បាប់បានទទួលស្គាល់ទំនាក់ទំនងម្តាយ និងកូន ដោយផ្អែកលើអង្គហេតុសម្រាលកូន។ ដោយឡែក ចំពោះភាពជាឪពុក ដោយសារតែពុំមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ នាំឱ្យ មិនអាចកំណត់ថា ជាឪពុករបស់កូនបានទេ (មិនអាចសន្មតបិតុភាព) ទោះបីជាឪពុក និងកូន មានឈាមជ័រជាមួយគ្នាក៏ដោយ ហេតុនេះ ចំពោះទំនាក់ទំនងបុរស និងនារីដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាផលវិបាក កូនដែលកើតមកនោះ ច្បាប់មិនទទួលស្គាល់ថា ជាកូនរបស់ឪពុកទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើ ឪពុកមានបំណងចង់ភ្ជាប់ទំនាក់ទំនងតាមផ្លូវច្បាប់ជាមួយនឹងកូន ឪពុកអាចទទួលស្គាល់កូននោះបាន តាមរយៈការចុះបញ្ជីកំណើត ឬសំបុត្រកំណើតឱ្យកូន ដោយដាក់ឈ្មោះខ្លួនឯងជាឪពុក។ ម្យ៉ាងវិញទៀត ប្រសិនបើ ឪពុកមិនបានធ្វើការទទួលស្គាល់កូនទេ កូនក៏អាចធ្វើបណ្តឹងទាមទារឱ្យឪពុកទទួលស្គាល់ខ្លួនបានដែរ។

* អំណាចមេបាចំពោះកូនជាអនីតិជន

ដោយសារតែ ឪពុកម្តាយ ស្ថិតនៅក្នុងទំនាក់ទំនងនៃបុរស និងនារីដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ នាំឱ្យច្បាប់បានកំណត់ថា អ្នកមានអំណាចមេបាចំពោះកូន គឺម្តាយ ។ ហេតុនេះ ទោះបីជាឪពុកបានទទួលស្គាល់កូន តាមរយៈការចុះសំបុត្រកំណើតក៏ដោយ ក៏ឪពុកពុំមានអំណាចមេបាចំពោះកូនដែរ លើកលែងតែឪពុក និងម្តាយ បានព្រមព្រៀងគ្នាកំណត់ថា យកឪពុកជាអ្នកមានអំណាចមេបាចំពោះកូន មានន័យថា នៅក្នុងទំនាក់ទំនងនេះ អំណាចមេបា ត្រូវអនុវត្តអំណាចមេបាទោល ដែលជាគោលការណ៍ ម្តាយជាអ្នកអនុវត្ត។

ប៉ុន្តែប្រសិនបើឪពុក និងម្តាយ បានព្រមព្រៀងគ្នា កំណត់យកឪពុកជាអ្នកមានអំណាចមេបា ឪពុកនឹងក្លាយជាអ្នកអនុវត្តអំណាចមេបាទោលនោះ។ ផ្ទុយមកវិញ ប្រសិនបើ ឪពុកម្តាយនោះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ពួកគេអាចអនុវត្តអំណាចមេបារួមគ្នាបាន។

* ប្រសិនបើ បុរស និងនារីដែលជាឪពុកម្តាយរបស់កូនមានបំណងចែកផ្លូវគ្នា (ឈប់រស់នៅជាមួយគ្នា បែបអនីតិសង្វាស) តើអំណាចមេបា (សិទ្ធិគ្រប់គ្រងកូន) ត្រូវសម្រេចបែបណា?

ក្នុងករណី ដែលបុរស និងនារីដែលជាឪពុកម្តាយ មានបំណងចែកផ្លូវគ្នា ហើយពួកគេមានវិវាទអំពីសិទ្ធិចិញ្ចឹមកូន ពោលគឺ ម្តាយក៏ចង់បានសិទ្ធិចិញ្ចឹមកូន ហើយឪពុកក៏ចង់បានសិទ្ធិចិញ្ចឹមកូន តើត្រូវធ្វើដូចម្តេច? តាមច្បាប់ចំពោះស្ត្រីជាម្តាយ នឹងទទួលបានអំណាចមេបា (សិទ្ធិចិញ្ចឹមកូន) ចំពោះកូនដោយស្វ័យប្រវត្តិ ហេតុនេះ ស្រ្តីជាម្តាយ មិនចាំបាច់ដាក់ពាក្យសុំទៅតុលាការឱ្យកំណត់ ឬទទួលស្គាល់ខ្លួន ជាអ្នកមានអំណាចមេបា (ទទួលបានសិទ្ធិចិញ្ចឹមកូន) នោះទេ។

ដោយឡែក ចំពោះឪពុកដែលបានចុះឈ្មោះក្នុងបញ្ជីកំណើតរបស់កូនថា ខ្លួនជាឪពុករបស់កូន ប្រសិនបើចង់បានអំណាចមេបា ត្រូវដាក់ពាក្យសុំទៅតុលាការ ឱ្យកំណត់ថា ខ្លួនជាអ្នកមានអំណាចមេបាចំពោះកូន។ ក្នុងករណីនេះ ប្រសិនបើ តុលាការយល់ឃើញថា ឪពុកមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអំណាចមេបា តុលាការនឹងសម្រេចកំណត់យកឪពុកជាអ្នកមានអំណាចមេបា។ ផ្ទុយទៅវិញ បើតុលាការពិនិត្យឃើញថា ឪពុកពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអំណាចមេបាទេ តុលាការនឹងច្រានចោលការទាមទារនោះ ហើយក្នុងករណីនេះ ម្តាយនៅតែជាអ្នកមានអំណាចមេបាចំពោះកូន (ពុំចាំបាច់មានសេចក្តីសម្រេចរបស់តុលាការបញ្ជាក់ថា ម្តាយមានអំណាចមេបាចំពោះកូនទេ)៕

រៀបរៀងដោយ៖ លោកស្រីមេធាវី សែ សុក្រពិសី សមាជិកវិភាគទានច្បាប់

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25