023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា

2022-09-12 10:31:07

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ តាមរយៈច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ហើយក៏ជាផ្នែកមួយនៃក្រមរដ្ឋប្បវេណី ដែលត្រូវបានគេស្គាល់ថា ជាទម្រង់នៃការធានាកាតព្វកិច្ចលើបំណុល តាមរយៈការដាក់ទ្រព្យធានា ជាពិសេសផ្តោតលើទ្រព្យធានាដែលជាចលនវត្ថុ ។ មានន័យថា សិទ្ធិប្រាតិភោគ នឹងត្រូវបានព្រមព្រៀងបង្កើតឡើងលើទ្រព្យ ដែលជាកម្មវត្ថុនៃប្រតិបត្តិការដែលមានកិច្ចធានានេះ ។ ប៉ុន្តែបន្ថែមពីលើការព្រមព្រៀងបង្កើតរបស់គូភាគី សិទ្ធិប្រាតិភោគមួយចំនួនអាចមានសុក្រឹតភាព និងមានអានុភាពបាន លុះត្រាតែបានតម្កល់លិខិតជូនដំណឹងតាមច្បាប់ ។

តើអ្វីទៅជាលិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា? តើយើងអាចតម្កល់លិខិតជូនដំណឹងបានដោយវិធីណា?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។

យោងតាមច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា បានកំណត់ថា ប្រតិបត្តិការដែលមានកិច្ចធានា ដែលបានបង្កើតសិទ្ធិបា្រតិភោគលើទ្រព្យមួយចំនួន អាចមានសុក្រឹតភាព និងអានុភាពបាន លុះត្រាតែបានតម្កល់លិខិតជូនដំណឹងតាមច្បាប់ ។ ច្បាប់បានឱ្យនិយមន័យលើ «លិខិតជូនដំណឹង» ត្រង់ចំណុចនេះថា ជាកំណត់ត្រាដែលបានតម្កល់ ឬដាក់ជូនដើម្បីតម្កល់នៅការិយាល័យតម្កល់ ។
មានន័យថា លិខិតជូនដំណឹង ជាឯកសារដែលកត់ត្រានូវរាល់ព័ត៌មានសំខាន់ៗមួយចំនួន ទាក់ទងនឹងការបង្កើតប្រាតិភោគលើទ្រព្យដែលជាកម្មវត្ថុនៃការធានា ដែលអាចមានដូចជា៖

១៖ អត្តសញ្ញាណ និងអាសយដ្ឋានរបស់កូនបំណុល ។
២៖ អត្តសញ្ញាណរបស់ម្ចាស់បំណុលដែលមានកិច្ចធានា ឬភ្នាក់ងាររបស់ម្ចាស់បំណុលដែលមានកិច្ចធានា ក៏ដូចជាអាសយដ្ឋានរបស់ម្ចាស់បំណុល ។
៣៖ ពណ៌នាអំពីទ្រព្យធានាដែលចុះក្នុងលិខិតជូនដំណឹងជាអក្សរខ្មែរ និងអក្សរឡាតាំង និងលេខអារ៉ាប់ ។ ក្រៅពីនេះលិខិតជូនដំណឹងត្រូវតែអធិប្បាយពីអចលនវត្ថុដែលពាក់ព័ន្ធ បើលិខិតជូនដំណឹងនេះ ចែងពីឈើឈរដែលត្រូវកាប់ ឬរ៉ែដែលត្រូវជីកយក ឬបើទ្រព្យធានាជាវត្ថុតាំងភ្ជាប់ ។
កាលបើលិខិតជូនដំណឹងត្រូវបានបំពេញលក្ខខណ្ឌទម្រង់ ដែលច្បាប់បានកំណត់ហើយ យើងអាចចាប់ផ្ដើមតម្កល់លិខិតជូនដំណឹងខាងលើទៅការិយាល័យតម្កល់ ។ ការិយាល័យតម្កល់ លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា គឺជារចនាសម្ព័ន្ធមួយស្ថិតក្រោមក្រសួងពាណិជ្ជកម្ម ដែលជាកន្លែងតម្កល់លិខិតជូនដំណឹង ។ ប៉ុន្តែដើម្បីជាភាពងាយស្រួល ក៏ដូចជាផ្អែកលើស្ថានភាពវិវឌ្ឍន៍នៃបច្ចេកវិទ្យា ម្ចាស់បំណុលអាចស្នើសុំតម្កល់លិខិតជូនដំណឹងខាងលើតាមរយៈគេហទំព័រ នៃការិយាល័យតម្កល់ http://www.setfo.gov.kh/ ហើយការិយាល័យតម្កល់ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងពាណិជ្ជកម្ម នឹងផ្ដោតតែលើកិច្ចការរដ្ឋបាលទូទៅប៉ុណ្ណោះ ។

គេហទំព័ររបស់ការិយាល័យតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា គឺជាកនែ្លងមួយដែលអ្នកអាចស្វែងរកព័ត៌មាននានាពាក់ព័ន្ធនឹងការិយាល័យតម្កល់ ។ ក្រៅពីការតម្កល់ លិខិតជូនដំណឹង គេហទំព័រនេះក៏ជាកន្លែងដែលយើងអាចកែប្រែ បន្ត ឬបញ្ចប់ការតម្កល់ ក៏ដូចជាស្រាវជ្រាវរកនូវលិខិតជូនដំណឹងដែលបានដាក់តម្កល់ ។

ជាទូទៅប្រសិនបើម្ចាស់បំណុលយល់ព្រមទទួលយកសិទ្ធិប្រាតិភោគ នៃចលនទ្រព្យរបស់នរណាម្នាក់ (កូនបំណុល) ដែលមានចុះកិច្ចសន្យាជាមួយគ្នាថានឹងត្រូវសងវិញជាទឹកប្រាក់ ម្ចាស់បំណុលអាចតម្កល់លិខិតជូនដំណឹងអំពីសិទ្ធិប្រាតិភោគរបស់ខ្លួន នៅក្នុងគេហទំព័រខាងលើ បើមានការយល់ព្រមពីកូនបំណុល ។

យោងតាមប្រកាសអន្តរក្រសួងលេខ ៣១៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម សេវាសាធារណៈពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានកំណត់ដូចខាងក្រោម៖

* តម្កល់លិខិតជូនដំណឹងដំបូង លើសិទ្ធិប្រាតិភោគ ចំនួន ៤០.០០០ រៀល សុពលភាព ៥ ឆ្នាំ
* តម្កល់វិសោធនកម្មលើលិខិតជូនដំណឹង (មួយដង) ចំនួន ៤០.០០០ រៀល សុពលភាព ៥ ឆ្នាំ
* តម្កល់លិខិតសុំបន្ត ចំនួន ៤០.០០០ រៀល សុពលភាព ៥ ឆ្នាំ
* តម្កល់លិខិតសុំកែតម្រូវ (មួយដង) សុពលភាព ៥ ឆ្នាំ
* តម្កល់លិខិតសុំបញ្ចប់ (មួយដង) ៤០.០០០ រៀល
* សេវារៀបចំរបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ ចំនួន ៤០.០០០ រៀល។

តាមរយៈការតម្កល់លិខិតជូនដំណឹង អាចធានាបានថា សិទ្ធិប្រាតិភោគរបស់ម្ចាស់បំណុលនឹងមានអាទិភាពជាងសិទ្ធិប្រាតិភោគរបស់អ្នកដទៃលើទ្រព្យធានា ។ មានន័យថា ម្ចាស់បំណុលនឹងមានអាទិភាពជាងអ្នកដទៃដែលទាមទារសិទ្ធិប្រាតិភោគលើទ្រព្យតែមួយ ទាំងអ្នកដែលមិនបានតម្កល់ រឺបានតម្កល់ក្រោយម្ចាស់បំណុល ។

[Forwarded from Keo (សេម)]
សរុបមក ដើម្បីទទួលបានការធានាសិទ្ធិអាទិភាពលើប្រាតិភោគដែលពាក់ព័ន្ធនឹងប្រតិបត្តិការ ដែលមានកិច្ចធានា ម្ចាស់បំណុលគប្បីដាក់តម្កល់លិខិតជូនដំណឹង លើសិទ្ធិប្រាតិភោគនោះតាមច្បាប់ ដែលគោលការណ៍ការិយាល័យតម្កល់លិខិតជូនដំណឹង គឺជាកន្លែងដែលយើងអាចតម្កល់លិខិតជូនដំណឹងខាងលើបាន ដោយគ្រាន់តែបំពេញទម្រង់ និងគោលការណ៍មួយចំនួនដែលច្បាប់បានកំណត់ និងបង់កម្រៃសេវាសាធារណៈដែលកំណត់ដោយប្រកាស ៕

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ឡេង ពុទ្ធិតារា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

...
យល់ដឹងផ្នែកច្បាប់៖ ការទូទាត់...

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹ...

2022-09-12 10:33:39

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25