023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការទូទាត់

2022-09-12 10:33:39

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គម ការធ្វើទំនាក់ទំនងរវាងបុគ្គលម្នាក់ជាមួយនឹងបុគ្គលម្នាក់ទៀត គឺជាសកម្មភាពមួយដែលត្រូវបានអនុវត្ដជាប្រចាំ ជាពិសេសនៅក្នុងទំនាក់ទំនងផ្នែករដ្ឋប្បវេណី (ទំនាក់ទំនងរបស់បុគ្គលឯកជន) ដែលជាហេតុនាំឱ្យកើតមានចំណងជាប់ពាក់ព័ន្ធរវាងគ្នានឹងគ្នាទៅវិញទៅមក។ ចំណងដែលជាប់ពាក់ព័ន្ធនៅក្នុងទំនាក់ទំនងផ្នែករដ្ឋប្បវេណីនេះ ភាគច្រើន គឺជាចំណងផ្នែកកាតព្វកិច្ច ដែលបង្កើតឡើងតាមរយៈកិច្ចសន្យា អំពើអនីត្យានុកូល សេចក្ដីចម្រើនដោយឥតហេតុ ការគ្រប់គ្រងដោយឈឺឆ្អាល ឬកាតព្វកិច្ចផ្សេងទៀតដែលបានកំណត់ដោយច្បាប់។

ទន្ទឹមនឹងនេះ កាតព្វកិច្ចទាំងនោះ ក៏អាចរលត់ទៅវិញប្រសិនបើមានមូលហេតុដែលច្បាប់បានកំណត់ ដែលនៅក្នុងចំណោមមូលហេតុផ្លូវច្បាប់ទាំងនោះ «ការទូទាត់» គឺជាមូលហេតុមួយនៃការរលត់នូវកាតព្វកិច្ចផងដែរ។ ហេតុដូចនេះ បើតាមផ្លូវច្បាប់ តើការទូទាត់មានល័ក្ខខ័ណ្ឌគតិយុត្ដយ៉ាងដូចម្ដេច? និងមានអានុភាពបែបណាខ្លះ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការទូទាត់» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ។

យោងតាមច្បាប់ ការទូទាត់ គឺជាប្រភេទមួយនៃមូលហេតុដែលនាំឱ្យកាតព្វកិច្ចត្រូវរលត់។ នៅក្នុងនោះ ច្បាប់បានកំណត់នូវលក្ខខណ្ឌនៃការទូទាត់ជាពីររូបភាព គឺលក្ខខណ្ឌតាមច្បាប់ និងលក្ខខណ្ឌតាមកិច្ចសន្យាទូទាត់ (តាមឆន្ទៈ) ដូចខាងក្រោម៖

*១៖ លក្ខខណ្ឌកំណត់ដោយច្បាប់៖ តាមច្បាប់ដើម្បីអាចធ្វើការទូទាត់បាន លុះត្រាតែបានបំពេញនូវល័ក្ខខ័ណ្ឌតម្រូវដូចដែលមានកំណត់ខាងក្រោម៖

ក៖ បុគ្គលពីរនាក់ទទួលបន្ទុកកាតព្វកិច្ចចំពោះគ្នាទៅវិញទៅមក។ មានន័យថា ទោះបីជាគ្មានការព្រមព្រៀង អំពីការទូទាត់រវាងភាគីទាំងពីរក៏ដោយ ក៏ការទូទាត់អាចធ្វើបានដោយការបង្ហាញឆន្ទៈទូទាត់ជាឯកតោភាគី។

ខ៖ កាតព្វកិច្ចទាំងពីរមានគោលបំណងប្រភេទដូចគ្នា គឺការទូទាត់អាចធ្វើបានចំពោះកាតព្វកិច្ច ដែលជាកាតព្វកិច្ចជាប្រាក់ ឬ កាតព្វកិច្ចដែលមានកម្មវត្ថុជំនួសប្រភេទដូចគ្នា (ឧទាហរណ៍៖ ស្រូវ អង្ករ...)។ ក៏ប៉ុន្ដែ ប្រសិនបើកាតព្វកិច្ចជាប្រាក់ គឺត្រូវតែអនុវត្តនូវការទូទាត់ជាប្រាក់។

គ៖ កាតព្វកិច្ចទាំងពីរត្រូវដល់ពេលកំណត់សង។ ក្នុងករណីនេះ គឺសំដៅដល់ ការដល់ពេលវេលាដែលត្រូវកំណត់សងនូវសិទ្ធិលើបំណុលដែលភាគីម្ខាងបានបង្ហាញឆន្ទៈ អំពីការទូទាត់ ចំពោះភាគីម្ខាងទៀត។ ការទូទាត់ដែលរំលត់សិទ្ធិលើបំណុលចំពោះគា្នទៅវិញទៅមករបស់ភាគីទាំងពីរ ហេតុនេះចំពោះសិទ្ធិលើបំណុលរបស់ភាគីដែលបានធ្វើការទូទាត់ហើយនោះ មានអានុភាពនៃសិទ្ធិលើបំណុលដែលត្រូវបានសង។

* ២៖ លក្ខខណ្ឌតាមកិច្ចសន្យាទូទាត់៖ គូភាគីអាចធ្វើកិច្ចសន្យាទូទាត់ដែលរំលត់កាតព្វកិច្ចទៅវិញទៅមកបាន ទោះបីជាកាតព្វកិច្ចទាំងពីរនោះគ្មានគោលបំណងប្រភេទដូចគ្នាទៅវិញទៅមកក៏ដោយ។ ក៏ប៉ុន្ដែ គូភាគីមិនអាចធ្វើឱ្យខូចខាតផលប្រយោជន៍របស់តតិយជន (ជនទី៣) ឡើយ។ ត្រង់ចំណុចនេះ មានន័យថាច្បាប់បានគោរពដល់គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ហេតុដូចនេះ ច្បាប់បានបើកសិទ្ធិឱ្យគូភាគីអាចធ្វើការព្រមព្រៀងគ្នាដើម្បីធ្វើការទូទាត់ផ្សេងៗដោយមិនគោរពនូវល័ក្ខខ័ណ្ឌនៃការទូទាត់ដែលកំណត់ដោយច្បាប់បាន ក៏ប៉ុន្ដែ ទោះបីជាយ៉ាងនេះក្ដី
គូភាគីមិនអាចធ្វើការព្រមព្រៀងណាមួយដែលប៉ះពាល់ដល់ប្រយោជន៍របស់បុគ្គលផ្សេងទៀតបានឡើយ។ ជាទូទៅសិទ្ធិលើបំណុលចំពោះគ្នាទៅវិញទៅមកនោះ គឺស្ថិតក្នុងស្ថានភាពសមស្របនឹងការទូទាត់ គឺអាចរំលត់ដោយកិច្ចសន្យាទូទាត់។ ទោះបីជាវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចខុសគ្នាក៏ដោយ ដូចជាសិទ្ធិលើបំណុលដែលមានគោលបំណងសងជាប្រាក់ និង សិទ្ធិលើបំណុលទាមទារឱ្យប្រគល់វត្ថុ ដែលមានប្រភេទដូចគ្នាជាអាទិ៍ ក៏ការទូទាត់អាចធ្វើបានតាមកិច្ចសន្យាទូទាត់ដែរ។

មួយវិញទៀត ចំពោះវិធីនៃការទូទាត់វិញ បើយោងតាមច្បាប់អាចធ្វើឡើងតាមពីរវិធី គឺ (១) វិធីនៃការទូទាត់តាមច្បាប់ និង (២) វិធីនៃការទូទាត់តាមកិច្ចសន្យា៖

១៖ វិធីនៃការទូទាត់តាមច្បាប់៖ យោងតាមច្បាប់ការទូទាត់អាចធ្វើឡើងតាមវិធីនៃការបង្ហាញឆន្ទៈទូទាត់ គឺមានន័យថា ការទូទាត់ដោយភាគីម្ខាង ដែលបានបង្ហាញឆន្ទៈធ្វើការទូទាត់ទៅដល់ភាគីម្ខាងទៀត។ ការបង្ហាញឆន្ទៈ អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន តែមិនអាចដាក់ល័ក្ខខ័ណ្ឌរំលាយ ឬកំណត់ពេលបានឡើយ។

២៖ វិធីនៃការទូទាត់តាមកិច្ចសន្យា៖ កិច្ចសន្យាទូទាត់ គឺជាកិច្ចសន្យាដែលរំលត់កាតព្វកិច្ចចំពោះគ្នាទៅវិញទៅមក តាមការព្រមព្រៀងរបស់គូភាគី ទោះបីជាកាតព្វកិច្ចទាំងពីរនោះ គ្មានគោលបំណងប្រភេទដូចគ្នាទៅវិញទៅមកក៏ដោយ ជាគោលការណ៍ ភាគីតែម្ខាងអាចបង្ហាញឆន្ទៈឯកតោភាគីដើម្បីធ្វើការទូទាត់បាន នៅពេលណាដែលល័ក្ខខ័ណ្ឌនៃការទូទាត់ដែលច្បាប់បានកំណត់ត្រូវបានបំពេញ ប៉ុន្តែទោះបីជាល័ក្ខខ័ណ្ឌនៃការទូទាត់ដែលច្បាប់បានកំណត់មិនត្រូវបានបំពេញ ក៏គូភាគីនៃកិច្ចសន្យាទូទាត់អាចព្រមព្រៀងគ្នាធ្វើការរំលត់កាតព្វកិច្ចតាមរយៈការទូទាត់បាន។

នៅក្នុងករណីដែលល័ក្ខខ័ណ្ឌនៃការទូទាត់ត្រូវបានបំពេញ ហើយនៅពេលដែលឆន្ទៈ នៃការទូទាត់ត្រូវបានបង្ហាញ នោះអានុភាពពីរនឹងកើតមានឡើង៖

ក៖ កាតព្វកិច្ចចំពោះគ្នាទៅវិញទៅមក ត្រូវរលត់ត្រឹមកម្រិតដែលចំនួននីមួយៗ មានតម្លៃស្មើគ្នា។
ខ៖ អានុភាពដែលរំលត់កាតព្វកិច្ចដោយការទូទាត់នោះ ត្រូវកើតឡើងដោយមានអានុភាពប្រតិសកម្មតាំងពី ពេលដែលកាតព្វកិច្ចទាំងពីរនោះសមស្របនឹងការទូទាត់ មានន័យថា កាតព្វកិច្ចទាំងពីរនោះនឹងរលត់នៅកាលបរិច្ឆេទ ដែលកាតព្វកិច្ចទាំងពីរដល់កំណត់សង។

ទោះបីជាយ៉ាងនេះក្ដី ក៏ច្បាប់បានកម្រិត និងហាមឃាត់ ចំពោះការទូទាត់លើមូលហេតុមួយចំនួនដូចខាងក្រោម៖

ក៖ ការកម្រិតចំពោះការទូទាត់៖ នៅក្នុងករណីដែលលក្ខណៈនៃសិទ្ធិលើបំណុលណាមួយ ឬទំាងពីរ មិនអនុញ្ញាតឱ្យធ្វើការទូទាត់ទេ គូភាគីមិនអាចធ្វើការទូទាត់បានទេ។ មួយវិញទៀត នៅក្នុងករណីដែលភាគីទាំងសងខាងធ្វើការសន្យាពិសេសមិនធ្វើការទូទាត់ កូនបំណុលនីមួយៗក៏មិនអាចធ្វើការទូទាត់បានទេ។ ក៏ប៉ុន្ដែការសន្យាពិសេសនេះ មិនអាចអះអាងចំពោះសន្ដតិជនសុចរិតបានឡើយ។

ខ៖ សិទ្ធិលើបំណុលរបស់ភាគីម្ខាងទៀតភា្ជប់នឹងសិទ្ធិតវ៉ា៖ ក្នុងករណីដែលភាគីម្ខាងទៀតមានសិទ្ធិតវ៉ានឹងសិទ្ធិលើបំណុលរបស់ភាគីដែលបង្ហាញឆន្ទៈទូទាត់ ទោះបីជាល័ក្ខខ័ណ្ឌសម្រាប់ការទូទាត់ត្រូវបានបំពេញក៏ដោយ ក៏មិនអាចធ្វើការទូទាត់បានដែរ។

គ៖ កាតព្វកិច្ចកើតឡើងដោយអំពើអនីត្យានុកូល៖ គឺជាការកម្រិតនូវការទូទាត់ ទៅលើចារីនៃអំពើអនីត្យានុកូល។ ឧទារហណ៍៖ ក្នុងករណីដែល ក មានសិទ្ធិលើបំណុលចំពោះ ខ ហើយ ខ មានសិទ្ធិលើបំណុលចំពោះសំណងការខូចខាតដែលកើតឡើង ដោយសារអំពើអនីត្យានុកូលរបស់ ក នោះ ក មិនអាចអះអាងអំពីការរលត់កាតព្វកិច្ចចំពោះសំណងការខូចខាត ដែលកើតឡើងដោយសារអំពើអនីត្យានុកូលនោះ តាមការអះអាងអំពីការទូទាត់បានឡើយ។

ឃ៖ ករណីមានការសន្យាថាហាមមិនឱ្យធ្វើការទូទាត់៖ គូភាគីមានសិទ្ធិក្នុងការកំណត់នូវល័ក្ខខ័ណ្ឌសម្រាប់អនុវត្តបាន។ ដូចនេះ ចំពោះការទូទាត់ ភាគីក៏អាចចែងហាមមិនឱ្យធ្វើការទូទាត់បានដូចគ្នា ប៉ុន្តែមិនមានអានុភាពអះអាងចំពោះតតិយជនដែលសុចរិតបានឡើយ។

ង៖ សិទ្ធិលើបំណុលត្រូវបានហាមឃាត់មិនឱ្យរឹបអូស៖ ច្បាប់បានហាមមិនឱ្យធ្វើការទូទាត់នូវសិទ្ធិលើបំណុលដែលច្បាប់បានហាមមិនឱ្យរឹបអូស។ មូលហេតុមិនឱ្យធ្វើការទូទាត់ ដោយសារថាមានភាពចាំបាច់ដល់ការទ្រទ្រង់ជីវភាពរស់នៅ។

សរុបមក ការទូទាត់ គឺជាល័ក្ខខ័ណ្ឌច្បាប់មួយ ដែលអាចឱ្យបុគ្គលម្នាក់ៗយកទៅប្រើប្រាស់ ដើម្បីរំលត់នៅកាតព្វកិច្ចរបស់ខ្លួន ដោយនៅក្នុងនោះ គូភាគីអាចប្រើប្រាស់នូវវិធីនៃការទូទាត់តាមផ្លូវច្បាប់ ឬតាមកិច្ចសន្យា ក៏ប៉ុន្ដែមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍របស់តតិយជន ឬចំណុចមួយចំនួន ដែលច្បាប់បានកម្រិតចំពោះការទូទាត់ ឬបានហាមឃាត់មិនអាចធ្វើការទូទាត់នោះទេ៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក រ៉ាត់ ចាន់ធី ជាប្រធានផ្នែកសេវាកម្មច្បាប់ស្ដីទី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

...
យល់ដឹងផ្នែកច្បាប់៖ ការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធាន...

(ភ្នំពេញ)៖ របបគតិយុត្តស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ត្រូវបានបង្កើ...

2022-09-12 10:31:07

...
យល់ដឹងផ្នែកច្បាប់៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន (ករណីប្តីប្រពន្ធក្រៅ...

(ភ្នំពេញ)៖ នៅក្នុងអត្ថបទចុះផ្សាយមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហ...

2022-08-29 08:27:08

...
យល់ដឹងផ្នែកច្បាប់៖ អំពើភេរវកម្ម...

(ភ្នំពេញ)៖ ប្រសិនបើប្រជាពលរដ្ឋ សិស្ស និស្សិត និយមតាមដានព្រឹត្តិការណ៍អន...

2022-08-22 08:39:06

...
យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍...

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយស...

2022-08-15 10:45:25